ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន និង​ចិន​សម្រេច​បាន​អត្ថបទ​សំខាន់​មួយ​ដើម្បី​ជា​មូលដ្ឋាន​នៃ​ការ​ចរចា​អំពី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង


រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ចិនលោក Wang Yi ចូល​រួម​កិច្ច​ប្រជុំ​ទ្វេភាគីជាមួយ​នឹង​មន្រ្តី​​ក្រសួង​ការ​បរទេសហ្វីលីពីន​លោក Alan Cayetano នៅប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃទី​០២ សីហា ២០១៨។
រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ចិនលោក Wang Yi ចូល​រួម​កិច្ច​ប្រជុំ​ទ្វេភាគីជាមួយ​នឹង​មន្រ្តី​​ក្រសួង​ការ​បរទេសហ្វីលីពីន​លោក Alan Cayetano នៅប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃទី​០២ សីហា ២០១៨។

បណ្ដា​ប្រទេស​អាស៊ាន និង​ប្រទេស​ចិន បាន​ឈាន​ដល់ «ដំណាក់កាល​សំខាន់» មួយ នៅ​ក្នុង​ការ​ពិភាក្សា​ទាក់ទិន​នឹង​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​ពួកគេ​សម្រេច​បាន​នូវ​ការ​ឯកភាព​គ្នា​លើ​សេចក្ដី​ព្រាង​មួយ​ដែល​នឹង​ត្រូវ​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ការ​ចរចា​នៅ​ពេល​អនាគត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ប្រទេស​នៃ​សមាគម​អាស៊ាន​មួយ​ចំនួន និង​ប្រទេស​ចិន​មាន​ជម្លោះ​ជាមួយ​គ្នា​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​កាន់កាប់​ដែន​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​ផ្លូវ​ទឹក​ដ៏​មមាញឹក​មួយ​នៅ​លើ​ពិភពលោក។

រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​លោក Vivian Balakrishnan បាន​និយាយ​នៅ​ពេល​ចាប់ផ្ដើម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៅ​ក្នុង​តំបន់​ជាមួយ​នឹង​ប្រទេស​ចិន​ថា៖ «ខ្ញុំ​សូម​ប្រកាស​អំពី​ដំណាក់កាល​សំខាន់​មួយ​នៅ​ក្នុង​ដំណើរការ​ពិភាក្សា​អំពី​ក្រម​ប្រតិបត្តិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ សមាជិក​អាស៊ាន និង​ចិន​បាន​ឯកភាព​គ្នា​លើ​សេចក្ដី​ព្រាង​រួម​គ្នា​មួយ​ដែល​នឹង​ក្លាយជា​ឯកសារ​រស់ និង​ជា​មូលដ្ឋាន​សម្រាប់​ការ​ចរចា​អំពី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ពេល​អនាគត»។

លោក​បាន​បន្ថែម​ទៀត​ថា «សេចក្ដី​ព្រាង​រួម​គ្នា​សម្រាប់​ការ​ចរចា​អំពី​ក្រម​ប្រតិបត្តិ​នេះ» ត្រូវ​បាន​ឯកភាព​គ្នា​នៅ​ក្នុង​កិច្ច​ពិភាក្សា​កម្រិត​ខ្ពស់​កាល​ពី​ខែ​មិថុនា ប៉ុន្តែ​ទើបតែ​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​ហៅ​សេចក្ដី​ព្រាង​នោះ​ថា​ជា «ដំណឹង​ល្អ» និង​ជា «ដំណើរ​វិវឌ្ឍ​ទៅ​មុខ​ដ៏​អស្ចារ្យ»។

អ្នក​រិះគន់​ថា ការ​សម្រេច​បាន​រួម​គ្នា​នូវ​សេចក្ដី​ព្រាង​នេះ​មាន​ន័យ​ថា កិច្ច​ព្រមព្រៀង​ចុង​ក្រោយ​ពិត​ប្រាកដ​គឺ​នៅ​ត្រូវការ​ពេល​ជា​ច្រើន​ឆ្នាំ​ទៀត​ដើម្បី​សម្រេច​បាន ហើយ​នេះ​គឺ​ជា​យុទ្ធសាស្ត្រ​ពន្យារពេល​របស់​ចិន​ដើម្បី​កុំ​ឲ្យ​ប្រទេស​នៅ​ក្នុង​តំបន់​ចាប់​អារម្មណ៍​អំពី​ការ​ពង្រីក​ឥទ្ធិពល​យោធា​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង៕

XS
SM
MD
LG