ប្រទេសចិនបានពង្រឹងទំនាក់ទំនងជាមួយនឹងសហភាពអឺរ៉ុបនៅក្នុងសប្ដាហ៍នេះ ដោយមានទីផ្សារធំៗបន្ថែមទៀតកំពុងដំណើរការដើម្បីរក្សាការនាំចេញរបស់ខ្លួនឲ្យបានរឹងមាំ ស្របពេលដែលសហរដ្ឋអាមេរិកដាក់កំហិតពន្ធគយលើទំនិញរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគនានា។
នៅឯកិច្ចប្រជុំរវាងមេដឹកនាំចិន និងមេដឹកនាំសហភាពអឺរ៉ុបលើកទី ២០ នៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទកន្លងទៅនេះ ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយថា ប្រទេសរបស់លោកត្រៀមខ្លួនរួចរាល់ហើយដើម្បីជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចទ្វេភាគី។
ចំណែកឯនាយករដ្ឋមន្ត្រីចិនលោក Li Keqiang វិញ បានបញ្ជាក់នៅឯកិច្ចប្រជុំនោះថា នាពេលថ្មីៗនេះ ប្រទេសចិនបានកាត់ពន្ធគយលើការនាំចូលរថយន្ត ថ្នាំពេទ្យ និងផលិតផលប្រើប្រាស់ផ្សេងៗពីសហភាពអឺរ៉ុប។
សហភាពអឺរ៉ុប ដែលមានប្រទេសចំនួន ២៨ ជាសមាជិក ដែលក្នុងនោះមានទាំងប្រទេសអ្នកមានបំផុតមួយចំនួនផងដែរនៅលើពិភពលោក បានទទួលទឹកប្រាក់ចំនួន ៤៣៧ ពាន់លានដុល្លារអាមេរិកនៅក្នុងការនាំចេញជាមួយនឹងប្រទេសចិនកាលពីឆ្នាំមុន ដែលស្មើនឹងចំនួន ២០ ភាគរយនៃការធ្វើពាណិជ្ជកម្មសរុបរបស់ខ្លួនដែលទទួលបានពីបរទេស។
មន្ត្រីរដ្ឋាភិបាលចិនក៏បានសន្យាផងដែរដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយនឹងប្រទេសឥណ្ឌានៅក្នុងឆ្នាំនេះ។
លោក Felix Yang អ្នកវិភាគមួយរូបនៃក្រុមហ៊ុនផ្ដល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុ Kapronasia នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន បាននិយាយថា៖ «សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំបំផុតទីពីររបស់ប្រទេសចិន។ ស្របពេលដែលការយកពន្ធគយរបស់លោក Trump ប៉ះពាល់ដល់ក្ដីរំពឹងទុកនៃសេដ្ឋកិច្ចចិន សហភាពអឺរ៉ុបកំពុងក្លាយទៅជាទីផ្សារដ៏សំខាន់ជាងមុនមួយសម្រាប់ប្រទេសចិន»៕