រដ្ឋមន្រ្តីការបរទេសចិនបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញអំពីការចាប់ផ្តើមអនុវត្តកម្មវិធីផ្តួចផ្តើមសន្តិសុខទិន្នន័យសាកល ដែលបង្ហាញអំពីគោលការណ៍ដែលត្រូវអនុវត្តតាមនៅក្នុងផ្នែកមួយចំនួន ដែលមានតាំងពីបញ្ហាព័ត៌មានផ្ទាល់ខ្លួនរហូតដល់បញ្ហាចារកម្ម។
រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានប្រកាសកិច្ចផ្តួចផ្តើមនេះនៅក្នុងវីដេអូមួយ ដែលជាផ្នែកមួយនៃសន្និសីទអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កិច្ចផ្តួចផ្តើមនេះកើតមានឡើងស្របពេលដែលសហរដ្ឋអាមេរិកបន្តដាក់សម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន និងព្យាយាមជំរុញប្រទេសនានានៅជុំវិញពិភពលោកឲ្យរារាំងក្រុមហ៊ុនទាំងនោះ។
កិច្ចផ្តួចផ្តើមរបស់ចិននេះមាន ៨ ចំណុចសំខាន់ៗដូចជា ការមិនប្រើបច្ចេកវិទ្យាដើម្បីធ្វើឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសដទៃ ឬដើម្បីលួចទិន្នន័យ និងដើម្បីធ្វើឲ្យប្រាកដថា ក្រុមហ៊ុនផ្តល់សេវាកម្មមិនធ្វើសកម្មភាពខុសច្បាប់ដើម្បីទទួលបានទិន្នន័យពីអ្នកប្រើប្រាស់ជាដើម។
លោក Wang Yi ដែលបានថ្លែងនៅក្នុងទីក្រុងប៉េកាំង ក៏បាននិយាយផងដែរថា កិច្ចផ្តួចផ្តើមនេះមានបំណងបញ្ចប់សកម្មភាពដែល «ប៉ះពាល់ដល់ព័ត៌មានឯកជន» និងប្រឆាំងទៅនឹងការប្រើបច្ចេកវិទ្យាដើម្បីស៊ើបយកការណ៍ប្រឆាំងនឹងរដ្ឋផ្សេងទៀត។
កិច្ចផ្តួចផ្តើមនេះបានបញ្ជាក់ថា បណ្តាក្រុមហ៊ុននានាត្រូវគោរពច្បាប់របស់ប្រទេសដែលខ្លួនធ្វើអាជីវកម្ម ហើយឈប់បង្ខំក្រុមហ៊ុនក្នុងស្រុកឲ្យផ្ទុកទិន្នន័យដែលប្រមូលបានពីបរទេសនៅក្នុងដែនគ្រប់គ្រងរបស់ខ្លួន។
ចំណែកឯរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo វិញ កាលពីខែមុន បានបង្ហាញកម្មវិធី «បណ្តាញស្អាតស្អំ ឬ Clean network» ដោយនិយាយថា កម្មវិធីនេះមានគោលបំណងការពារសិទ្ធិឯកជននិងព័ត៌មានសំខាន់ៗកុំឲ្យធ្លាក់ចូលក្នុងដៃ «តួអង្គអាក្រក់ដូចជាគណបក្សកុម្មុយនីស្តចិនជាដើម»៕