បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេល៦ខែមក ប្រទេសចិនបានសន្និដ្ឋានថា ការលិចនាវាកំសាន្ត Eastern Star នៅទន្លេ Yantze កាលពីដើមខែមិថុនាដែលបានសម្លាប់មនុស្សចំនួន៤៤២នាក់គឺបណ្តាលមកពីខ្យល់ព្យុះដ៏ខ្លាំងមួយ។
តែទោះយ៉ាងណាក៏ដោយ អាជ្ញាធរបានកំណត់មនុស្សចំនួន៤៥នាក់នៃក្រុមហ៊ុនដឹកជញ្ជូននិងអាជ្ញាធរក្នុងតំបន់ឲ្យទទួលខុសត្រូវ ដោយដាក់ពិន័យដែលមានចាប់ពីការផ្ទេរការងារ រហូតដល់ការទម្លាក់តំណែងជាដើម ចំពោះកំហុសក្នុងការត្រួតពិនិត្យនិងការគ្រប់គ្រងប្រចាំថ្ងៃរបស់ពួកគេ។
ក្រុមគណៈស៊ើបអង្កេតបានរកឃើញថា ខ្យល់កន្រ្តាក់ដែលមានភ្លៀងមួយមានសន្ទុះអតិបរមារហូតដល់៣៨ម៉ែត្រក្នុងមួយវិនាទី គឺខ្លាំងជាងកម្លាំងដែលនាវាអាចទប់ទល់បានដល់ទៅ២ដង បានធ្វើឲ្យ នាវា Eastern Star ក្រឡាប់មុននឹងលិចបាត់នៅលា្ងចថ្ងៃទី១ ខែមិថុនា កាលពីឆ្នាំមុន។
សមាជិកនៃក្រុមស៊ើបអង្កេតបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយដោយសង្ខេបកាលពីពេលថ្មីៗនេះថា ក្រុមអាជ្ញាធរបានសន្និដ្ឋានថា គ្រោះមហន្តរាយនេះបណ្តាលមកពី «ធាតុអាកាសបញ្ជូនខ្យល់ក្តៅឡើងទៅបរិយាកាសហើយទាញសម្ពាធខ្យល់ត្រជាក់ឲ្យធ្លាក់មកវិញយ៉ាងរហ័សនិងដ៏កម្រមួយ ទោះបីជាប្រធានក្រុមនាវិកបានចាត់វិធានការដើម្បីធ្វើឲ្យនាវានោះមានលំនឹងហើយក៏ដោយ»។
មានការសន្មតមួយថា ការជួសជុលកែនាវាដោយការធ្វើឲ្យនាវានោះកាន់តែខ្ពស់ជាងទ្រង់ទ្រាយដើមបានប៉ះពាល់ដល់សមត្ថភាពរបស់វាក្នុងការទប់លំនឹងខ្លួនពេលជួបនឹងព្យុះ ប៉ុន្តែអាជ្ញាធរបានសន្និដ្ឋានថា ការកែប្រែទាំងនេះមានផលប៉ះពាល់បន្តិចបន្តួចប៉ុណ្ណោះដល់លំនឹងរបស់នាវានោះ។
មិនមែនជាករណីព្រហ្មទណ្ឌឬ?
ក្នុងចំណោមមនុស្សដែលកំណត់ឲ្យទទួលខុសត្រូវទាំងនោះ គឺប្រធានក្រុមអ្នកបើកនាវា លោក Zhang Shuwen និងប្រធានក្រុមបុគ្គលិកនាវាដែលមានវត្តមាននៅលើនាវាពេលកើតហេតុ។ ក៏ប៉ុន្តែប្រធានក្រុមបុគ្គលិកត្រូវបានរកឃើញថាបានលង់ទឹកស្លាប់។
ថ្វីបើពួកគេទាំងពីរមានបទពិសោធន៍ការងារយូរឆ្នាំក៏ដោយ ភាពខ្វះចន្លោះចំណេះដឹងរបស់ក្រុមនាវិកអំពីអាកាសធាតុប្រែប្រួលខ្លាំង ធ្វើឲ្យនាវិកទាំងនោះមិនដឹងថាត្រូវធ្វើយ៉ាងណាពេលជួបអាកាសធាតុបែបនោះ។ ហេតុដូច្នេះហើយ បានជាពួកគេមិនបានប្រកាសស្វែងរកជំនួយពីខាងក្រៅ ឬក៏ផ្តល់ដំណឹងដល់អ្នកធ្វើដំណើរដែលភាគច្រើននៅក្នុងបន្ទប់នាវា។ ហើយធ្វើឲ្យអាជ្ញាធរដែនសមុទ្រដែលនៅជិតនោះក្នុងក្រុង Yueyang នៃខេត្ត Hunan ប្រើពេលជិត២ម៉ោងដើម្បីបញ្ជាក់ពីហេតុការណ៍នោះបាន។ នេះបើយោងតាមរបាយការណ៍របស់ក្រុមអ្នកស៊ើបអង្កេត។
អាជ្ញាធរបានសម្រេចចិត្តដកអាជ្ញាប័ណ្ណរបស់លោក Zhang។ លោកនឹងប្រឈមមុខជាមួយនឹងការស៊ើបអង្កេតដោយតុលាការបន្តទៀត។ ក៏ប៉ុន្តែមេធាវីម្នាក់បាននិយាយថា លោក Zhang ប្រហែលជាអាចគេចផុតពីការចោទប្រកាន់កម្រិតព្រហ្មទណ្ឌ ព្រោះពេលនេះកំហុសត្រូវបានទម្លាក់លើបញ្ហាអាកាសធាតុ។
លោក Liang Shuguan មេធាវីជំនាញកិច្ចការដែនសមុទ្រពីខេត្ត Guangxi និយាយថា៖ «បើសិនជាមហន្តរាយនេះបណ្តាលមកពីខ្យល់ខ្លាំងនិងរលក ហើយគ្មានអ្វីពាក់ព័ន្ធនឹងការបញ្ជានាវារបស់គាត់ទេ ក្រុមហ៊ុនធានារ៉ាប់រងគួរតែទទួលខុសត្រូវលើការសងជំងឺចិត្តទាំងអស់»។ លោកបានបន្ថែមថា ក្រុមហ៊ុនដឹកជញ្ជូននឹងមិនអាចជៀសផុតពីបណ្តឹងរដ្ឋប្បវេណីនៅតុលាការបានឡើយ។
ការសង្ស័យតាមបណ្តាញអ៊ីនធឺណិត
ការទម្លាក់កំហុសលើអាកាសធាតុបានធ្វើឲ្យមានការមន្ទិលសង្ស័យពីសំណាក់ក្រុមអ្នកដែលមានការសង្ស័យលើក្រុមនាវិកដែលមិនបានប្រកាសស្វែងរកជំនួយ ឬជួយជម្លៀសអ្នកធ្វើដំណើរ។ មានអ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានបញ្ចេញមតិសង្ស័យរបស់ពួកគេ។
អ្នកប្រើប្រាស់បណ្តាញសង្គម Weibo ម្នាក់បានសរសេរថា៖ «ដើម្បីបញ្ចៀសការទទួលខុសត្រូវ អ្នកស៊ើបអង្កេតបានអស់មតិយោបល់ (ដើម្បីធ្វើជាលេស)»។
អ្នកប្រើប្រាស់ផ្សេងទៀតបានសួរថា៖ «ហេតុអ្វីបានជានាវាត្រូវតែធ្វើដំណើរកាត់ភ្លៀងយ៉ាងខ្លាំងដូច្នេះ? តើអ្នកណាអាចឆ្លើយនឹងពួកយើងបាន?»
អ្នកស៊ើបអង្កេតក៏បានបញ្ជាឲ្យបិទក្រុមហ៊ុនដឹកជញ្ជូនដើម្បីធ្វើការរុះរើត្រួតពិនិត្យមួយផងដែរ។
វិធានការសុវត្ថិភាពត្រូវរឹតបន្តឹង
ដើម្បីទប់ស្កាត់សោកនាដកម្មស្រដៀងនេះម្តងទៀត ក្រុមស៊ើបអង្កេតបានបន្តស្នើសុំឲ្យនិយតករនៃការដឹកជញ្ជូន គួរតែរារាំងនាវាកំសាន្តមិនឲ្យចាកចេញពីកំពង់ផែ ប្រសិនបើសន្ទុះខ្យល់ត្រូវបានព្យាករណ៍ថាបានកើនដល់ល្បឿនអតិបរមា៥២គីឡូម៉ែត្រក្នុងមួយម៉ោង ឬរយៈចម្ងាយដែលអាចមើលឃើញតិចជាង១.០០០ម៉ែត្រ។
ក៏ប៉ុន្តែ សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តដែនសមុទ្រម្នាក់បានអះអាងថា ករណីកើនឡើងនៃអាកាសធាតុខុសប្រក្រតី គួរតែជំរុញឲ្យអាជ្ញាធរពិនិត្យមើលឡើងវិញនូវបទបញ្ញត្តិសុវត្ថិភាពទាំងឡាយ។
លោក Zhu Yuzhu សាស្រ្តាចារ្យមួយរូបពីសាកលវិទ្យាល័យដែនសមុទ្រ Dalain ហើយក៏ជាអ្នកដែលបានចោទសួរពីសុវត្ថិភាពនៃការកែប្រែរចនាសម្ព័ន្ធរបស់នាវា Eastern Starបានមានប្រសាសន៍ថា៖ «បើសិនជាអាកាសធាតុខុសប្រក្រតីនេះពិបាកនឹងព្យាករណ៍ ឬកើតឡើងយ៉ាងឆាប់រហ័សពេក ហានិភ័យនឹងកើនឡើង»។
លោកសាស្រ្តាចារ្យក៏បានសង្កត់ធ្ងន់លើភាពចាំបាច់បន្ទាន់ក្នុងការបង្កើតប្រព័ន្ធផ្តល់ដំណឹងទុកជាមុន ដែលមានជំនាញព្យាករណ៍អាកាសធាតុខុសប្រក្រតី ដើម្បីជួយសម្រួលដល់ការបញ្ជានាវា៕
ប្រែសម្រួលដោយ ទុំ ម្លិះ