ប្រទេសចិនគ្រោងនឹងបង្កើតប៉ុស្តិ៍យោធានៅក្រៅប្រទេសជាលើកដំបូង នៅក្នុងប្រទេសជីប៊ូទី (Djibouti) ដែលស្ថិតក្នុងទ្វីបអាហ្រ្វិកភាគខាងកើត។ ក្រុមអ្នកវិភាគនិយាយថា ការវិវត្តនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តសេដ្ឋកិច្ចពិភពលោកទូលំទូលាយ និងឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ស្អិតរមួតជាមួយនឹងទ្វីបអាហ្វ្រិក។
ប្រទេសចិននិយាយថា មូលដ្ឋានកងទ័ពជើងទឹកក្នុងប្រទេសជីប៊ូទី (Djibouti) នឹងក្លាយជាមណ្ឌលសម្រាប់ទុកគ្រឿងភស្តុភា និងសម្ភារៈផ្គត់ផ្គង់ផ្សេងៗ។ វាគឺជាមូលដ្ឋានយោធានៅក្រៅប្រទេសជាលើកដំបូងរបស់ប្រទេសចិន។
សហរដ្ឋអាមេរិក បារាំង និងជប៉ុន ក៏មានមូលដ្ឋានរបស់ខ្លួននៅក្នុងប្រទេសជីប៊ូទីផងដែរ។ ប្រទេសដ៏តូចនៅអាហ្រ្វិកខាងកើតមួយនេះ ស្ថិតនៅជិតចំណុចក្តៅហែងនៃតំបន់អាហ្រ្វិក ដូចជាប្រទេសសូម៉ាលី និងតំបន់វាលខ្សាច់ Sahel ហើយប្រទេសនេះស្ថិតនៅក្បែរឈូងសមុទ្រ Aden នៅតាមបណ្តោយផ្លូវពាណិជ្ជកម្មពិភពលោកសំខាន់មួយ ដែលតភ្ជាប់ពីសមុទ្រក្រហមទៅមហាសមុទ្រឥណ្ឌា។
លោក Wang Dong សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យប៉ិគីង (Peking University) បាននិយាយថា មជ្ឈមណ្ឌលនេះនឹងក្លាយជាកន្លែងការពារផ្លូវនាវាចរណ៍យ៉ាងសំខាន់របស់រដ្ឋាភិបាលក្រុងប៉េកាំង។
«វាមិនមែនជាមូលដ្ឋានយោធាទេ វាជាការដំណើរតភ្ជាប់បណ្តាញ និងការផ្គត់ផ្គង់ច្រើនជាង។ នេះក៏ដោយសារតែប្រទេសចិនកំពុងបំពេញបេសកកម្មជាច្រើនដើម្បីប្រឆាំងនឹងចោរកម្មតាមឈូងសមុទ្រAden នោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយការងារនេះមានតម្រូវការលើសម្ភារៈសម្រាប់ផ្គង់ផ្គង់បន្តទៀត»។
ប្រទេសចិន បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅកាន់ប្រទេសស៊ូដង់ខាងត្បូងនៅក្នុងឆ្នាំ២០១៥នេះ និងបានចូលរួមបរិច្ចាគនាវាល្បាតប្រឆាំងនឹងចោរកម្មសមុទ្រនៅក្នុងឈូងសមុទ្រ Aden តាំងពីឆ្នាំ ២០០៨។ ក៏ប៉ុន្តែ គោលនយោបាយការបរទេសរបស់ប្រទេសនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត។
លោក Alex Vines ប្រធានកម្មវិធីសម្រាប់ទ្វីបអាហ្វ្រិករបស់អង្គការ Chatham House មានមូលដ្ឋាននៅទីក្រុងឡុងដ៍ បាននិយាយថា ចិនកំពុងធ្វើការពិសោធន៍ជាមួយនឹងមូលដ្ឋានថ្មីនេះ។
«ពួកគេនៅតែចង់បញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិនគឺខុសពីប្រទេសមហាអំណាចផ្សេងទៀតនៅក្នុងទ្វីបអាហ្រ្វិក គឺមិនដូចជាប្រទេសបារាំងដែលមានមូលដ្ឋានយោធាច្រើនកន្លែង ឬមិនដូចសហរដ្ឋអាមេរិកដែលមានមូលដ្ឋានយោធានៅ Camp Lemonnier ទេ។ ដូច្នេះ ពួកគេចាត់ទុកមូលដ្ឋាននេះ ត្រឹមតែជាទីកន្លែងសម្រាប់កងទ័ពជើងទឹកប៉ុណ្ណោះ។ ជាលទ្ធផល ទោះបីនេះគឺគ្រាន់តែជាការពិសោធន៍របស់ប្រទេសចិនក្នុងរយៈពេលយូរក៏ដោយ តើបណ្តារដ្ឋាភិបាលប្រទេសនានានៅអាហ្រ្វិកនឹងមានប្រតិកម្មយ៉ាងដូចម្តេច?»
លោក Alexander Neil គឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសម្រាប់ការសិក្សាយុទ្ធសាស្រ្តប្រចាំការិយាល័យតំបន់អាស៊ីក្នុងប្រទេសសិង្ហបុរី។ លោកបាននិយាយថា ប្រទេសចិនកំពុងពង្រីកការបោះជំហានរបស់ខ្លួននៅក្នុងទ្វីបអាហ្វ្រិក នៅក្នុងវិធីមួយផ្សេងទៀត នោះគឺយុទ្ធសាស្រ្តពាណិជ្ជកម្ម និងការវិនិយោគបរទេស ដែលគេស្គាល់ថាជា «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ»។ យុទ្ធសាស្ត្រនេះ សំដៅទៅលើការកំណត់ផ្លូវពាណិជ្ជកម្មឆ្លងកាត់ដែនដីនិងដែនសមុទ្រ ដែលជាចក្ខុវិស័យប្រភេទថ្មីមួយជាប្រវត្តិសាស្រ្ត គឺ«វិថីសូត្រ»។
«ដូច្នេះ ខ្ញុំគិតថា ការផ្លាស់ប្តូរធំនេះ បានកើតមានឡើងត្រាប់តាមអ្វីដែលយើងបានឃើញជាមួយនឹងគម្រោង «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ដែលជាការផ្លាស់ប្តូរឆ្ពោះទៅរកការនាំយកនូវសមត្ថភាពដែលមានលើសនៅចិនទៅកាន់ទ្វីបអាហ្រ្វិក ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្តល់នូវប្រាក់កម្ចីដែលមានលក្ខខណ្ឌតិចតួច ប្រាក់កម្ចីដោយឥតការប្រាក់ និងដើម្បីជំរុញពាណិជ្ជកម្មនៅក្នុងទ្វីបអាហ្វ្រិក ជាមួយនឹងដៃគូចិន។ ទាំងនេះ គឺផ្ទុយពីយុទ្ធសាស្រ្តរបស់ប្រទេសចិនកាលពីមុន ដែលត្រូវគេមើលឃើញថាធ្វើឡើងដើម្បីទាញយកផលប្រយោជន៍ច្រើនជាង នៅអំឡុងទសវត្សរ៍ចុងក្រោយនេះ»។
ជារៀងរាល់បីឆ្នាំម្តង រដ្ឋាភិបាលក្រុងប៉េកាំងបានបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ទ្វីបអាហ្រ្វិកទ្វេដង ដែលមានទឹកប្រាក់ចាប់ពី ៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០០៦ ទៅ១០ពាន់លានដុល្លារនៅឆ្នាំ២០០៩ ហើយបន្ទាប់មកកើនដល់ទៅ២០ពាន់លានដុល្លារក្នុងឆ្នាំ២០១២ ។
បច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើនតួលេខនេះដល់បីដង។ លោកប្រធានាធិបតី ស៊ី ជីងពីង (Xi Jinping) បានស្ថិតនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងនៅដើមខែធ្នូនេះ ហើយនៅទីនោះ លោកបានសន្យាផ្តល់ប្រាក់កម្ចី និងប្រាក់ជំនួយដល់ទ្វីបអាហ្វ្រិក ក្នុងទឹកប្រាក់៦០ពាន់លានដុល្លារ។
ការសន្យានេះ មានឡើងក្រោយពីមានសេចក្តីប្រកាសផ្តល់ជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់ក្នុងទឹកប្រាក់១៥៦លានដុល្លារ សម្រាប់ប្រទេសជួបគ្រោះរាំងស្ងួត និងទឹកប្រាក់ចំនួន៦០លានដុល្លារបន្ថែមទៀត សម្រាប់កងកម្លាំងឆ្លើយតបឆាប់រហ័សបែបយោធារបស់សហភាពអាហ្វ្រិក៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង