អ្នកវិភាគយល់ឃើញថា ដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) ទៅកាន់មជ្ឈឹមបូព៌ា នៅសប្តាហ៍ក្រោយនេះ គឺជាសញ្ញានៃគោលបំណងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងការដើរតួនាទីសំខាន់មួយក្នុងកិច្ចការរបស់បណ្តាប្រទេសនៅមជ្ឈឹមបូព៌ា។
រដ្ឋាភិបាលចិនមិនទាន់ប្រកាសអំពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់មជ្ឈឹមបូព៌ាឲ្យបានជាក់លាក់នៅឡើយទេ។ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានផ្លូវការក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសអេហ្ស៊ីបបានឲ្យដឹងថា លោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់នេះ នៅថ្ងៃទី២០ ខែមករាសប្តាហ៍ក្រោយនេះ។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់ក្នុងរយៈពេល១២ឆ្នាំរបស់លោក ស៊ី ជីនពីង ទៅកាន់ប្រទេសទាំង២នេះ។ គេរំពឹងថា លោក ស៊ី ជីនពីង ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។
ប្រទេសចិនបានបញ្ចេញចំណាប់អារម្មណ៍កាន់តែច្រើនក្នុងការដោះស្រាយបញ្ហាស្មុគស្មាញនៅមជ្ឈឹមបូព៌ា។ រដ្ឋាភិបាលទីក្រុងប៉េកាំងបានចេញផ្សាយឯកសារគោលនយោបាយរបស់ខ្លួនលើកដំបូងបង្អស់អំពីពិភពអារ៉ាប់កាលពីថ្ងៃពុធទី១៣ ខែមករា ដោយសន្យាថានឹងគាំទ្ររដ្ឋាភិបាលអារ៉ាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម តាមរយៈសហប្រតិបត្តិការសន្តិសុខរយៈពេលវែង ការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ និងសហប្រតិបត្តិការបច្ចេកទេសផងដែរ។ កាលពីខែធ្នូ ចិនបានទទួលស្វាគមន៍ឧបនាយករដ្ឋមន្រ្តីស៊ីរី គឺលោក Walid al-Moallem និងអ្នកតំណាងរបស់អ្នកប្រឆាំងនឹងរដ្ឋាភិបាលស៊ីរីផងដែរ។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ជូនអនុរដ្ឋមន្រ្តីក្រសួងការបរទេសរបស់ខ្លួនគឺលោក Zhang Ming ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអ៊ីរ៉ង់ ដើម្បីជួយបន្ធូរបន្ថយភាពតានតឹងដែលបណ្តាលមកពីការកាត់ទោសប្រហារជីវិតបព្វជិតកាន់សាសនាឥស្លាមនិកាយ Shi'ite ដ៏សំខាន់មួយរូប និងការវាយប្រហារទៅលើស្ថានទូតរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងរដ្ឋធានីតេហេរ៉ង់នោះ៕