សភាតៃវ៉ាន់បានបោះឆ្នោតឱ្យលោក Han Kuo-yu ដែលជាអ្នកនយោបាយមកពីគណបក្សគួមីងតាង (Kuomintang (KMT)) ដែលជាគណបក្សប្រឆាំងមានភាពរាក់ទាក់ជាមួយចិន ធ្វើជាប្រធានសភាថ្មីកាលពីថ្ងៃទី ១ ខែកុម្ភៈកន្លងទៅនេះ។ អ្នកវិភាគមើលឃើញថា ការបោះឆ្នោតជ្រើសរើសនេះអាចនាំទៅរកការជាប់គាំងក្នុងអង្គនីតិបញ្ញត្តិ និងអាចឈានទៅដល់ការបង្កើតច្រកមួយសម្រាប់ឱ្យរដ្ឋាភិបាលចិនមានឥទ្ធិពលលើនយោបាយនៅតៃវ៉ាន់។
ការបោះឆ្នោតជ្រើសរើសប្រធានសភាថ្មីរបស់តៃវ៉ាន់នេះបានធ្វើឡើងក្នុងពេលជិត ៣ សប្ដាហ៍ក្រោយមក បន្ទាប់ពីគណបក្ស Democratic Progressive Party (DPP) ដែលជាគណបក្សកាន់អំណាច បានឈ្នះការបោះឆ្នោតសម្រាប់អាណត្តិទី ៣ ជាបន្តទៀតដែលមិនធ្លាប់មានពីមុនមក ដោយបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី ប៉ុន្តែបានបាត់បង់សំឡេងភាគច្រើនរបស់ខ្លួននៅក្នុងសភា។
ថ្ងៃទី ១ ខែកុម្ភៈកន្លងទៅនេះគឺជាថ្ងៃទីមួយនៃសភាថ្មីរបស់តៃវ៉ាន់ ដោយលោក Han ទទួលបានការគាំទ្រចំនួន ៥៤ សំឡេង រីឯលោក You Si-kun ដែលជាបេក្ខជនមកពីគណបក្ស DPP វិញ ទទួលបានការគាំទ្រចំនួន ៥១ សំឡេង។
បន្ទាប់ពីការបោះឆ្នោតនេះ លោក Han បានថ្លែងថា ដោយសារតែមនុស្សគ្រប់រូបរំពឹងចង់ឱ្យសភារួបរួមគ្នានិងផ្ដល់អាទិភាពទៅលើផលប្រយោជន៍របស់ប្រជាជន លោកសង្ឃឹមថា គណបក្សនយោបាយទាំង ៣ អាចស្វែងរកលទ្ធភាពធ្វើការជាមួយគ្នាលើបញ្ហាសង្គមនិងបញ្ហាសេដ្ឋកិច្ចសំខាន់ៗ។
លោកបានថ្លែងប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅសភាបន្ទាប់ពីការបោះឆ្នោតនេះដូច្នេះថា៖ «សាធារណជនទូទៅរំពឹងថា សភាថ្មីដែលបានធ្វើកំណែទម្រង់នេះមានភាពរឹងមាំនិងផ្ដោតលើការប្រតិបត្តិជាក់ស្ដែងនៅក្នុងការបង្កើតសុភមង្គលសម្រាប់មនុស្សទូទៅ ហើយនេះគឺជាការទទួលខុសត្រូវដែលខ្ញុំត្រូវធ្វើ»។
លោក Chen Chien-jen ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់តៃវ៉ាន់ ដែលជាធម្មតាធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាលើរបៀបវារៈគោលនយោបាយសំខាន់ៗ បានអបអរសាទរលោក Han ដែលបានក្លាយជាប្រធានសភាថ្មី និងបាននិយាយថា ការិយាល័យរបស់លោកប្ដេជ្ញាធ្វើទំនាក់ទំនងជាមួយសភាថ្មីនិងឆ្លើយតបទៅនឹងការផ្ដល់មតិយោបល់នានាពីសង្គមស៊ីវិល។
លទ្ធផលនៃការបោះឆ្នោតសភាកាលពីថ្ងៃទី ១ ខែកុម្ភៈនោះក៏បានសរបញ្ជាក់ផងដែរថា សម្រាប់រយៈពេល ៤ ឆ្នាំខាងមុខ រដ្ឋាភិបាលតៃវ៉ាន់នឹងត្រូវបែកបាក់ ដោយគណបក្ស DPP ដែលជាគណបក្សគាំទ្រឱ្យមានឯករាជ្យភាពសម្រាប់កោះតៃវ៉ាន់ គឺជាអ្នកគ្រប់គ្រងអង្គនីតិប្រតិបត្តិ ហើយគណបក្សគួមីងតាង ដែលជាគណបក្សប្រឆាំងចម្បង គឺជាអ្នកគ្រប់គ្រងអាសនៈភាគច្រើននៅក្នុងសភានិងតំណែងប្រធានសភា។
គ្មានគណបក្សណាមួយក្នុងចំណោមគណបក្សទាំងពីរនេះអាចមានលទ្ធភាពទទួលបានសំឡេងគាំទ្រក្នុងចំនួនត្រូវការចាំបាច់ដើម្បីអនុម័តលើច្បាប់ណាមួយដោយគ្មានការគាំទ្រពីសមាជិកសភាខាងគណបក្ស Taiwan's People Party (TPP) នោះទេ។ កន្លងមក គណបក្ស TPP ប្រកាន់ជំហរកណ្ដាលនិយមពេលនិយាយអំពីទំនាក់ទំនងជាមួយចិន ដោយគណបក្សនេះបានតស៊ូមតិឱ្យមានទំនាក់ទំនងជាមួយចិន ប៉ុន្តែក៏បានប្រកាន់ខ្ជាប់នូវអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ផងដែរ។
អ្នកជំនាញមួយចំនួនបាននិយាយថា ច្បាប់ពាក់ព័ន្ធនឹងវិស័យការពារជាតិ ការទិញសព្វាវុធ គោលនយោបាយការបរទេស និងទំនាក់ទំនងជាមួយចិន ទំនងជានឹងជួបបញ្ហាប្រឈមធ្ងន់ធ្ងរនៅក្នុងសភាថ្មីនេះ។
លោក Yeh Yao-yuan អ្នកជំនាញនយោបាយតៃវ៉ាន់នៅសាកលវិទ្យាល័យ St. Thomas ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក បានប្រាប់ VOA តាមទូរស័ព្ទថា៖ «ខ្ញុំយល់ថា សំណើគោលនយោបាយថ្មីទាក់ទិននឹងវិស័យការពារជាតិ គោលនយោបាយការបរទេស ឬទំនាក់ទនងជាមួយចិន នឹងជួបឧបសគ្គបន្ថែមទៀតនៅក្នុងសភាថ្មីនេះ»។
ខណៈដែលច្បាប់ពាក់ព័ន្ធនឹងវិស័យការពារជាតិនិងទំនាក់ទំនងជាមួយចិនចាំបាច់ត្រូវមានការចរចាបន្ថែមទៀតក្នុងចំណោមគណបក្សនយោបាយនានា លោក Yeh បាននិយាយថា សំណើគោលនយោបាយខ្លះដែលនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាជនតៃវ៉ាន់ភាគច្រើន ដូចជាក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលជាដើម អាចនឹងងាយស្រួលក្នុងការធ្វើកិច្ចសហប្រតិបត្តិការ។
ការចរចានិងការងាករកគ្នាបន្ថែមទៀតក៏ជាការចាំបាច់ផងដែររវាងសភានិងរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្ស DPP។ លោក Lai Ching-te ដែលជាប្រធានាធិបតីទើបជាប់ឆ្នោត នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែឧសភាខាងមុខ។
លោក Chen Fang-yu អ្នកជំនាញនយោបាយតៃវ៉ាន់នៅសាកលវិទ្យាល័យ Soochow នៅកោះតៃវ៉ាន់បានប្រាប់ VOA តាមទូរស័ព្ទថា៖ «ការធ្វើគោលនយោបាយនឹងជាប់គាំងខ្លាំងឬក៏យ៉ាងណានោះនៅកោះតៃវ៉ាន់ក្នុងរយៈពេល ៤ ឆ្នាំខាងមុខគឺអាស្រ័យទៅលើថាតើរដ្ឋាភិបាលដែលនឹងឡើងកាន់អំណាចខាងមុខនេះចរចាជាមួយគណបក្សប្រឆាំងតាមរបៀបណា»។
លោកបានបន្តថា គណបក្ស DPP គួរតែផ្ដោតអាទិភាពលើសំណើគោលនយោបាយដែលអាចមានការប្រឈមតិចតួចពីគណបក្សប្រឆាំង និងព្យាយាមធ្វើយ៉ាងណាឱ្យគណបក្សគួមីងតាងនិងគណបក្ស TPP ប្រឡូកនៅក្នុងរឿងទាំងនេះ។
លោកបញ្ជាក់ដូច្នេះថា៖ «គោលនយោបាយទាក់ទិននឹងសុខុមាលភាពសង្គមនិងការថែទាំរយៈពេលវែងទំនងជាមិនសូវត្រូវបានគណបក្សប្រឆាំងជំទាស់ប៉ុន្មានទេ។ ដូច្នេះ ទាំងនេះគឺជាផ្នែកដែលរដ្ឋាភិបាលថ្មីអាចយកជាអាទិភាព»។
ដោយសារតែលោក Han មានប្រវត្តិរក្សាទំនាក់ទំនងដ៏រាក់ទាក់ជាមួយរដ្ឋាភិបាលចិន រួមទាំងធ្លាប់បានជួបប្រជុំជាមួយមន្ត្រីចិនក្នុងពេលលោកធ្វើដំណើរទៅកាន់ទីក្រុងហុងកុងកាលពីឆ្នាំ ២០១៩ ក្នុងនាមជាអភិបាលក្រុង Kaohsiung ផងដែរ លោក Chen យល់ថា រដ្ឋាភិបាលចិនអាចនឹងព្យាយាមជះឥទ្ធិពលទៅលើនយោបាយផ្ទៃក្នុងរបស់តៃវ៉ាន់តាមរយៈសភាតៃវ៉ាន់។
លោក Chen ថ្លែងដូច្នេះថា៖ «ការវិវត្តមួយដែលអាចទៅរួចនោះគឺថា រដ្ឋាភិបាលចិនអាចអញ្ជើញលោក Han ឱ្យទៅធ្វើទស្សនកិច្ចនៅប្រទេសចិន»។
នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ៣១ ខែមករា អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃគណបក្សកុម្មុយនីស្តចិនបានជំរុញឱ្យគណបក្សប្រឆាំងទាំងពីរនៅតៃវ៉ាន់អនុវត្តនូវ «ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនិងប្រព័ន្ធតុល្យភាពនិងត្រួតពិនិត្យអំណាចដ៏ខ្លាំងក្លា» លើគណបក្សកាន់អំណាច DPP ដើម្បី «បំពេញតាមការរំពឹងទុករបស់សាធារណជន»។
លោក Lev Nachman អ្នកវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យជាតិ Chengchi ក្នុងទីក្រុងតៃប៉ិនៃកោះតៃវ៉ាន់បានប្រាប់ VOA ថា វោហារសាស្ត្ររបស់រដ្ឋាភិបាលចិនបានបញ្ជាក់ឱ្យឃើញថា ចិនទំនងជាសប្បាយចិត្តដែលលោក Han បានជាប់ជាប្រធានសភាថ្មីរបស់តៃវ៉ាន់។
បើតាមទស្សនៈរបស់លោក លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានសភាថ្មីរបស់តៃវ៉ាន់នេះអាចបង្កើតបាននូវការលើកទឹកចិត្តសម្រាប់រដ្ឋាភិបាលចិនក្នុងការកែសម្រួលវិធីសាស្ត្ររបស់ខ្លួនសម្រាប់កោះតៃវ៉ាន់ ដោយមិនដាក់ការពិន័យបន្ថែមទៀត ប៉ុន្តែក៏មិន «អនុញ្ញាតឱ្យតៃវ៉ាន់រួចខ្លួន» ទាំងស្រុងនោះដែរ៕
ប្រែសម្រួលដោយលោក នៀម ឆេង
វេទិកាបញ្ចេញមតិ