ប្រទេសចិនបានបង្កើនសម្ពាធការទូតលើកោះតៃវ៉ាន់ចាប់តាំងពីគណបក្ស Democratic Progressive Party (DPP) ដែលជាគណបក្សកាន់អំណាចនៅតៃវ៉ាន់ បានឈ្នះការបោះឆ្នោតប្រធានាធិបតីសម្រាប់អាណត្តិទី ៣ ជាបន្តទៀតកាលពីថ្ងៃទី ១៣ ខែមករាកន្លងទៅនេះ។ ចិនបានបង្កើនសម្ពាធដូច្នេះតាមរយៈការព្យាយាមដណ្តើមយកសម្ព័ន្ធមិត្តការទូតពីតៃវ៉ាន់និងរិះគន់បណ្តាប្រទេសដែលអបអរសាទរប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់តៃវ៉ាន់។
អ្នកវិភាគមួយចំនួនបានថ្លែងថា យុទ្ធនាការដាក់សម្ពាធថ្មីចុងក្រោយបង្អស់របស់ចិនលើតៃវ៉ាន់នេះគឺជាផ្នែកមួយនៃការប្រកួតប្រជែងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកដើម្បីដណ្តើមឥទ្ធិពលនៅតំបន់ប៉ាស៊ីហ្វិក និងជាការប៉ុនប៉ងដើម្បីចោទប្រកាន់គណបក្ស DPP ដែលគាំទ្រការរក្សាអធិបតេយ្យភាពរបស់តៃវ៉ាន់ថាជាគណបក្សអសមត្ថភាព។
លោក Marcin Jerzewski អ្នកវិភាគអំពីទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងតៃវ៉ាន់នៅអង្គការ European Values Center for Security Policy ដែលមានមូលដ្ឋាននៅទីក្រុងប្រាកនៃប្រទេសឆែកបានប្រាប់ VOA នៅក្នុងទីក្រុងតៃប៉ិថា៖ «រដ្ឋាភិបាលចិនកំពុងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនតៃវ៉ាន់យល់ថាគណបក្ស DPP គ្មានសមត្ថភាពការពារលំហអន្តរជាតិរបស់តៃវ៉ាន់»។
ទោះបីជាចិនទទួលបានជោគជ័យក្នុងការទាក់ទាញប្រទេសណូរូដែលជាសម្ព័ន្ធមិត្តការទូតមួយរបស់តៃវ៉ាន់ក៏ដោយ លោក Jerzewski បានថ្លែងថា លោកគិតថាកិច្ចខិតខំប្រឹងប្រែងទាំងនេះមិនមានឥទ្ធិពលខ្លាំងលើប្រជាជនតៃវ៉ាន់នោះទេ។
លោកនិយាយដូច្នេះថា៖ «ប្រជាជនតៃវ៉ាន់មិនខ្វល់ខ្វាយខ្លាំងនោះទេអំពីការរក្សាទំនាក់ទំនងរបស់រដ្ឋាភិបាលតៃវ៉ាន់ជាមួយសម្ព័ន្ធមិត្តការទូតផ្លូវការរបស់ខ្លួន»។
នៅក្នុងសារលើបណ្តាញសង្គមអនឡាញ Facebook របស់ក្រសួងការបរទេសតៃវ៉ាន់អំពីសេចក្តីសម្រេចរបស់រដ្ឋាភិបាលតៃវ៉ាន់ក្នុងការបញ្ចប់ទំនាក់ទំនងការទូតជាមួយប្រទេសណូរូ ប្រជាជនតៃវ៉ាន់មួយចំនួនបានសរសេរថា តៃវ៉ាន់មិនត្រូវការសម្ព័ន្ធមិត្តការទូតដែលសុំតែជំនួយហិរញ្ញវត្ថុនោះទេ រីឯអ្នកខ្លះទៀតថា តៃវ៉ាន់គួរតែផ្តោតលើការពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅជាមួយដៃគូត្រឹមត្រូវ។
ក្នុងអំឡុងសន្និសីទកាសែតកាលពីថ្ងៃទី ១៥ ខែមករា ក្រសួងការបរទេសតៃវ៉ាន់បានប្រកាសអំពីការសម្រេចបញ្ចប់ទំនាក់ទំនងការទូតជាមួយប្រទេសណូរូ ដោយលើកឡើងអំពីកិច្ចប្រឹងប្រែងជាបន្តរបស់ចិនក្នុងការជំរុញឱ្យប្រទេសដីកោះប៉ាស៊ីហ្វិកនេះផ្លាស់ប្តូរទំនាក់ទំនងការទូតរបស់ខ្លួនតាមរយៈការសន្យាផ្តល់ជំនួយហិរញ្ញវត្ថុ។
រដ្ឋាភិបាលតៃវ៉ាន់បានចាត់ទុកកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិននេះថាជាការសងសឹកប្រឆាំងនឹងលទ្ធផលបោះឆ្នោតប្រធានាធិបតីថ្ងៃទី ១៣ ខែមករារបស់ខ្លួន និងបានបញ្ជាក់ថានេះជាការប្រឆាំងយ៉ាងជាក់ច្បាស់នឹងរបៀបរៀបរយអន្តរជាតិ។
នៅក្នុងការឆ្លើយតបទៅនឹងការរិះគន់របស់តៃវ៉ាន់ អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បានថ្លែងកាលពីថ្ងៃទី ១៥ ខែមករាថា ការសម្រេចរបស់ប្រទេសណូរូក្នុងការបង្កើតទំនាក់ទំនងការទូតឡើងវិញជាមួយប្រទេសចិនបានបង្ហាញថា «មតិសាកលលោកនិងរបត់ប្រវត្តិសាស្ត្រកំពុងងាកទៅរកគោលការណ៍ចិនតែមួយ»។
ក្រោយពីមានការសម្រេចរបស់ប្រទេសណូរូកាលពីថ្ងៃទី ១៥ ខែមករាមក វិទ្យាស្ថានអាមេរិកាំងនៅតៃវ៉ាន់ (American Institute in Taiwan (AIT)) ដែលតាមជាក់ស្ដែងគឺជាស្ថានទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅទីក្រុងតៃប៉ិ បានចេញសេចក្តីថ្លែងការណ៍មួយដោយហៅការវិវត្តនេះថាជាការសម្រេចអំពីអធិបតេយ្យភាព «ដ៏ខកចិត្ត»។
វិទ្យាស្ថានអាមេរិកាំងនៅតៃវ៉ាន់នេះបានព្រមានថា រដ្ឋាភិបាលចិនជារឿយៗ «ធ្វើការសន្យាជាថ្នូរនឹងទំនាក់ទំនងការទូតដែលនៅទីបំផុតមិនអាចសម្រេចបាន» ហើយវិទ្យាស្ថាននេះបានលើកទឹកចិត្តប្រទេសទាំងអស់ឱ្យបង្កើនការប្រឡូកជាមួយតៃវ៉ាន់។
ការវិវត្តនេះបានកាត់បន្ថយចំនួនសម្ព័ន្ធមិត្តការទូតផ្លូវការរបស់តៃវ៉ាន់មកនៅត្រឹម ១២ និងនាំឱ្យមានការចោទជាសំណួរថាតើតៃវ៉ាន់គួររក្សាទំនាក់ទំនងការទូតជាមួយសម្ព័ន្ធមិត្តដែលសុទ្ធតែជាប្រទេសតូចៗស្វែងរកជំនួយហិរញ្ញវត្ថុដ៏ច្រើនក្រាស់ក្រែលទាំងនេះដែរឬទេ។
អ្នកវិភាគម្នាក់បានប្រាប់ VOA ថា វានឹងពិបាកសម្រាប់តៃវ៉ាន់ក្នុងការឈ្នះ «ល្បែងការទូតប្រាក់ដុល្លារ» ដោយសារតែចិនតែងតែអាចយកឈ្នះលើតៃវ៉ាន់នៅក្នុងល្បែងនេះ។
បើយោងតាមទីភ្នាក់ងារព័ត៌មានកណ្តាលរបស់តៃវ៉ាន់ ប្រភពការទូតតៃវ៉ាន់មួយបានថ្លែងថា ប្រទេសណូរូបានស្នើសុំតៃវ៉ាន់នូវកញ្ចប់ជំនួយប្រហែល ៨៣,២៣ លានដុល្លារដើម្បីរក្សាប្រតិបត្តិការមន្ទីរឃុំឃាំងមួយកន្លែង។ ប៉ុន្តែតៃវ៉ាន់មិនអាចរែកបន្ទុកជំនួយដ៏ច្រើននេះដោយខ្លួនឯងបាន ហើយប្រទេសណូរូបានប្ដូរការទទួលស្គាល់ការទូតទៅរកចិនវិញ មុនពេលតៃវ៉ាន់ផ្តល់ចម្លើយចុងក្រោយដល់ប្រទេសណូរូ។
ខណៈដែលប្រទេសចិនដណ្តើមយកសម្ព័ន្ធមិត្តការទូតរបស់ខ្លួន តៃវ៉ាន់ស្វែងរកវិធីដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅជាងមុនជាមួយនឹងបណ្ដាប្រទេសប្រជាធិបតេយ្យដែលមានគំនិតដូចគ្នា។ បន្ទាប់ពីគណបក្ស DPP ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត សហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភពអង់គ្លេស ជប៉ុន សិង្ហបុរី និងហ្វីលីពីនបានអបអរសាទរប្រធានាធិបតីទើបជាប់ឆ្នោតរបស់តៃវ៉ាន់លោក Lai Ching-te។
ដើម្បីជាការឆ្លើយតប ចិនបានចេញការជំទាស់យ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសទាំងនោះ និងបានកោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅប្រទេសចិនឱ្យព្រមានរដ្ឋាភិបាលហ្វីលីពីន «កុំឱ្យលេងជាមួយភ្លើង»។
លោក Timothy Rich សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Western Kentucky បានថ្លែងថា ការគាំទ្រដែលតៃវ៉ាន់បានទទួលបានបង្ហាញឱ្យឃើញថាកិច្ចប្រឹងប្រែងរបស់ចិនក្នុងការធ្វើឱ្យតៃវ៉ាន់នៅឯកោបានបរាជ័យ ហើយវាក៏ឆ្លុះបញ្ចាំងឱ្យឃើញអំពីទំនាក់ទំនងដ៏តានតឹងរវាងប្រទេសទាំងប៉ុន្មានដែលបានលើកឡើងខាងលើជាមួយនឹងប្រទេសចិនផងដែរ។
លោកបានប្រាប់ VOA ថា៖ «តៃវ៉ាន់បានទទួលជោគជ័យគួរឱ្យកត់សម្គាល់ក្នុងការពង្រីកទំនាក់ទំនងក្រៅផ្លូវការ ដែលក្នុងនោះរួមមានទាំងនៅក្នុងតំបន់ផងដែរ ចំណែកឯប្រទេសចិនមិនអាចធ្វើអ្វីបានទេ បានត្រឹមតែកត់សម្គាល់មើលប៉ុណ្ណោះ»។
លោក Jerzewski បានថ្លែងថា ប្រទេសផ្សេងទៀតនឹងចាត់ទុកការឆ្លើយតបបែបខឹងសម្បារបស់ចិនថា ជាសញ្ញាមួយបង្ហាញថាចិន «មិនមែនជាប្រទេសដែលមានហេតុផលនិងគួរឱ្យទុកចិត្តក្នុងកិច្ចការអន្តរជាតិនោះទេ»។ លើសពីនេះទៀត វានឹងធ្វើឱ្យមានការយល់ឃើញថា «ចិនគឺជាអ្នកសម្លុតគំរាមកំហែង»។
អ្នកជំនាញមួយចំនួនបាននិយាយថា បើប្រៀបធៀបទៅនឹងទំនាក់ទំនងការទូតរបស់ខ្លួនជាមួយសម្ព័ន្ធមិត្តផ្លូវការ ទំនាក់ទំនងក្រៅផ្លូវការរបស់តៃវ៉ាន់ជាមួយនឹងបណ្ដាប្រទេសប្រជាធិបតេយ្យដែលមានគំនិតដូចគ្នាមានសារៈសំខាន់ខ្លាំងជាងនេះច្រើនសម្រាប់តៃវ៉ាន់ ដោយសារប្រទេសទាំងនោះអាចផ្តល់ឱ្យតៃវ៉ាន់នូវអត្ថប្រយោជន៍ជាក់ស្តែង។
លោក Chen Yu-hua អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Akita International University បានប្រាប់ VOA ក្នុងបទសម្ភាសន៍ជាវីដេអូថា៖ «សម្រាប់ថ្នាក់ដឹកនាំនៅតៃវ៉ាន់ អ្វីដែលសំខាន់ចំពោះផលប្រយោជន៍ជាតិរបស់តៃវ៉ាន់គឺសន្តិសុខនិងវិបុលភាព»។
តាមទស្សនៈរបស់លោក បើប្រៀបធៀបទៅនឹងទំនាក់ទំនងការទូតផ្លូវការជាមួយប្រទេសតូចៗ ទំនាក់ទំនងក្រៅផ្លូវការរបស់តៃវ៉ាន់ជាមួយសហរដ្ឋអាមេរិកនិងជប៉ុនមានសារៈសំខាន់ចំពោះផលប្រយោជន៍ជាតិរបស់តៃវ៉ាន់។
លោកបានថ្លែងថា៖ «ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនិងជប៉ុនអាចផ្តល់នូវសន្តិសុខនិងវិបុលភាពដល់តៃវ៉ាន់»។ លោកបានបន្ថែមថា រដ្ឋាភិបាលថ្មីរបស់តៃវ៉ាន់នេះគួរតែបន្តពង្រីកទំនាក់ទំនងជាមួយប្រទេសប្រជាធិបតេយ្យផ្សេងទៀតដែលមិនងាយនឹងរងឥទ្ធិពលរបស់ចិន៕
វេទិកាបញ្ចេញមតិ