គណៈប្រតិភូរាប់ពាន់នាក់មកពីតំបន់នានានៅទូទាំងប្រទេសចិន បានជួបប្រជុំគ្នានៅក្នុងការប្រជុំប្រចាំឆ្នាំរបស់រដ្ឋសភា នៅឯវិមានរដ្ឋសភា នៅក្នុងទីក្រុងប៉េកាំង ដែលនឹងចាប់ផ្ដើមពីថ្ងៃអាទិត្យនេះតទៅ។
លោកនាយករដ្ឋមន្ត្រី Li Keqiang បានប្រាប់គណៈប្រតិភូដែលបានចូលរួមថា ប្រទេសចិនចង់ពង្រីកការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួនឲ្យបានចំនួន ៦,៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុប GDP នៅក្នុងឆ្នាំ ២០១៧ នេះ។
កាលពីឆ្នាំមុន ការរីកចម្រើនសេដ្ឋកិច្ចរំពឹងទុករបស់ប្រទេសចិនគឺចន្លោះពី ៦, ៥ ភាគរយ និង ៧ ភាគរយ ហើយការរីកចម្រើនពិតប្រាកដដែលចិនទទួលបានគឺ ៦,៧ ភាគរយ ដែលនេះជាការរីកចម្រើនដែលទាបជាងគេបំផុតនៅក្នុងរយៈពេល ២៦ ឆ្នាំកន្លងមកនេះ។
ការរំពឹងទុកចំពោះការរីកចម្រើនសេដ្ឋកិច្ចមិនសូវខ្ពស់ដូចនេះ ត្រូវបានមេដឹកនាំនានាគិតថា ជាវិធីមួយដើម្បីដោះស្រាយជាមួយនឹងការព្រួយបារម្ភអំពីកម្រិតបំណុលខ្ពស់។
លោកនាយករដ្ឋមន្ត្រីចិនក៏បានសន្យាថានឹងប្រយុទ្ធប្រឆាំងនឹងបញ្ហាដែលមើលឃើញជាក់ស្ដែងនៅក្នុងប្រទេសមួយ គឺបញ្ហាបំពុលខ្យល់អាកាស។
លោកបាននិយាយយ៉ាងដូច្នេះថា៖ «យើងនឹងធ្វើឲ្យផ្ទៃមេឃរបស់យើងមានពណ៌ខៀវឡើងវិញ។ យើងនឹងពង្រឹងការស្រាវជ្រាវលើមូលហេតុនៃការផ្សែងអាប់នេះ ដើម្បីជួយដល់មូលដ្ឋានវិទ្យាសាស្ត្រ និងវិធានការដែលត្រូវធ្វើ»។
លោក Li Keqiang បានបន្ថែមទៀតថា មនុស្សគ្រប់គ្នាមានការទទួលខុសត្រូវចំពោះភាពជោគជ័យនៃការដោះស្រាយជាមួយនឹងបញ្ហានេះ៕