ចិនបានបដិសេធនៅថ្ងៃសុក្រនេះថា ខ្លួនមិនបានបង្កើតតំបន់គ្មានការហោះហើរលើសមុទ្រខាងជើង នៃកោះតៃវ៉ាន់សម្រាប់ថ្ងៃអាទិត្យនោះឡើយ បើទោះបីជារដ្ឋាភិបាលតៃវ៉ាន់និយាយថារដ្ឋាភិបាលក្រុងប៉េកាំងបានប្រាប់ខ្លួនថាចិនដីគោកនឹងធ្វើដូចនេះក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងដឹកជញ្ជូនតៃវ៉ាន់បានបញ្ជាក់ថារដ្ឋាភិបាលក្រុងប៉េកាំងពីដំបូងបានប្រាប់រដ្ឋាភិ បាលក្រុងតៃប៉ិថាខ្លួននឹងបង្កើតតំបន់គ្មានការហោះហើរមួយចាប់ពីថ្ងៃ១៦ដល់ថ្ងៃទី១៨ ខែមេសាខាងមុខនេះ ប៉ុន្តែក្រោយមកបានបន្ថយរយៈពេលនៃតំបន់គ្មានការហោះហើរនោះមកនៅត្រឹម២៧នាទីវិញនៅព្រឹកថ្ងៃអាទិត្យ ក្រោយពីតៃវ៉ាន់បានជំទាស់ប្រឆាំង។
បើទោះបីជាយ៉ាងនេះក្តី ក៏អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin ហាក់ដូចជាបានលើកឡើងផ្ទុយពីនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ។
លោកបាននិយាយថា«ខ្ញុំបានឃើញរបាយការណ៍ព័ត៌មានផ្សេងៗដែលនិយាយថាចិនបង្កើតតំបន់គ្មានការហោះហើរដែលនេះជាព័ត៌មានមិនពិតទេ។ អាជ្ញាធរពាក់ព័ន្ធ នឹងអនុវត្តន៍វិធានការដើម្បីធានាឱ្យមានការហោះហើរដោយសុវត្ថិភាព។
លោកបន្ថែមទៀតថាអាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន នឹងចេញសេចក្តីព្រមាននិងជូនដំណឹងជាមុន ប្រសិនបើមានសកម្មភាពដែនអាកាសណាមួយនោះ។
បើទោះបីជាយ៉ាងនេះក្តី ក៏តៃវ៉ាន់បានចេញលិខិតជូនដំណឹងមួយទៅឱ្យក្រុមអ្នកបើក បរយន្តហោះរបស់ខ្លួនឱ្យដឹងរឿងនេះសម្រាប់ព្រឹកថ្ងៃអាទិត្យដោយប្រើពាក្យ«ការបិទខ្ទប់ផ្លូវអាកាស ដោយសារសកម្មភាពហោះហើររបស់យន្តហោះ»។
តំបន់ដែននេះជាផ្លូវហោះហើរដ៏មមាញឹកមួយរវាងតៃវ៉ាន់និងចិនដីគោកនិងពីតៃវ៉ាន់ទៅកូរ៉េខាងត្បូងក៏ដូចជាទៅគោលដៅផ្សេងៗទៀតផងដែរ៕
ចិនបដិសេធន៍ការបង្កើតតំបន់គ្មានការហោះហើរនៅភាគខាងជើងកោះតៃវ៉ាន់
- Reuters

ប៉េកាំង —