ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក Bush ថា លោក Xi Jinping មើល​ឃើញ​លោក​ខាងលិច​កំពុង​«ធ្លាក់ចុះ»


រូបឯកសារ៖ លោក Stephen Hadley នៅ​ពេល​ដែល​លោក​នៅ​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០៧។
រូបឯកសារ៖ លោក Stephen Hadley នៅ​ពេល​ដែល​លោក​នៅ​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០៧។

លោក Stephen Hadley ដែល​បាន​បម្រើ​ការ​ជា​ទីប្រឹក្សា​សន្តិសុខជាតិ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក George W. Bush ក្នុង​អាណត្តិ​ទី​ពីរ​របស់​លោក​បាន​និយាយ​ថា ប្រទេស​ចិន​បាន​ផ្លាស់​ប្តូរ​ពី​ចង់​ចូលជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធអន្តរជាតិ​នៅ​ចុង​បញ្ចប់​នៃ​រដ្ឋបាល​លោក Bush ទៅ​ជា​ព្យាយាម​កែប្រែ​ប្រព័ន្ធអន្តរជាតិ​នេះ ក្នុងពេលបច្ចុប្បន្ន។

កាលពីខែកុម្ភៈ លោក Hadley ​បាន​បោះពុម្ព​សៀវភៅ​របស់​លោកដែល​មានចំណង​ជើង​ថា «Hand-Off» ស្តី​ពី​គោល​នយោបាយ​ការ​បរទេស​ដែលលោក George W. Bush បាន​ប្រគល់​ជូនលោក Barack Obama។ ហើយ​នៅ​ថ្ងៃ​អង្គារ ទី២៣ ខែឧសភាកន្លងទៅនេះ លោក Hadley ចូល​ផ្តល់​ការអត្ថាធិប្បាយ​ស្តី​អំពីគោលនយោបាយ​ការ​បរទេស​របស់​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ប្រទេសចិន នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​និងអន្តរជាតិ ឬ​ Center for Strategic and International Studies (CSIS) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក​ Hadley បាន​និយាយ​ថា រដ្ឋបាលលោក Bush បាន​ប្រឈម​មុខ​នឹង​ប្រទេស​ចិន​ដែល​មាន​លក្ខណៈ​ទន់ភ្លន់ច្រើន​ជាង​ពេល​បច្ចុប្បន្ន។

លោក Hadley ដែល​ជា​អ្នកឯកទេសជាន់​ខ្ពស់បំផុត​ម្នាក់​នៃ​គោលនយោបាយ​ការបរទេស​អាមេរិក​ក្នុង​រយៈពេល ២៥ឆ្នាំកន្លងមកនេះ បាននិយាយថា៖

«ប្រទេសចិន​ដែល​យើង​ប្រឈមមុខ​ជាមួយ​ពេល​នោះគឺ​ជា​ប្រទេសចិន​ដែល​ចង់​បាន​បរិយាកាស​អន្តរជាតិ​ដ៏​ទន់​ភ្លន់​មួយ ដែល​អនុញ្ញាតិឱ្យ​ខ្លួន​អាច​ផ្តោត​លើ​ការអភិវឌ្ឍ​ក្នុង​ស្រុក​របស់​ខ្លួន»។

លោក Hadley បន្តថា៖ «ពេល​នោះ​ចិន​មិន​ចង់​ផ្តួលរំលំ​ប្រព័ន្ធ​អន្តរជាតិ​នោះទេ​ ប៉ុន្តែបាន​បញ្ជាក់​យ៉ាង​ច្បាស់ថា​ខ្លួន​ចង់​ក្លាយ​ជា​ផ្នែក​មួយ​នៃប្រព័ន្ធ​អន្តរជាតិ​នោះ។ ពេលនោះ ចិនចង់​បាន​ទំនាក់​ទំនង​បែប​ស្ថាបនា​ជាមួយ​សហរដ្ឋ​អាមេរិក។ ហើយ​យើង​បាន​ព្យាយាម​បង្កើត​ទំនាក់​ទំនង​នោះជាមួយ​ប្រទេស​ចិន​»។

នៅ​ក្នុង​ទសវត្សរ៍១៩៧០ លោក Deng Xiaoping (តេង ស៊ាវពីង) ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ស្ថាប និកនៃ​ប្រទេស​ចិន​សម័យ​ទំនើប​ បាន​ចាប់ផ្តើម​កំណែ​ទម្រង់​សេដ្ឋកិច្ច​ប្រទេស​ចិន​ដោយ​ទទួល​យកគំរូ​សេដ្ឋកិច្ច​ទីផ្សារ​សេរី ខណៈ​ដែល​នៅ​រក្សា​គំរូ​នយោបាយ​របបផ្តាច់ការ​ឯកបក្ស។ កំណែ​ទម្រង់​នេះ បាន​នាំ​ឱ្យ​ប្រទេស​ចិន​បើក​ទូលាយ​ទៅកាន់​ពិភពលោក​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ហើយ​សម្រេច​បាន​នូវ​អត្រា​កំណើន GDP ពីរ​ខ្ទង់​ក្នុង​រយៈពេល​ជាង៣០ឆ្នាំ ដោយ​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ធំបំផុតរបស់​ពិភពលោក។ សព្វ​ថ្ងៃ​នេះ ចិន​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​ពីរ​ក្នុង​ពិភពលោក។

លោក Hadley បាន​និយាយ​ថា យុទ្ធសាស្ត្រ «​ពួន​និង​រង់ចាំ» ឬ «Hide and Bide» របស់​លោក Deng Xiaoping ដែល​ដឹកនាំ​ប្រទេស​ចិន​ឱ្យ​កសាង​អំណាច​របស់​ខ្លួន​ ខណៈ​ពេល​ដែល​លាក់​ខ្លួន​ពី​ការទទួល​ខុសត្រូវ​ដឹកនាំ​អន្តរជាតិ ត្រូវ​បាន​បន្តអនុវត្តក្នុង​ជួរ​ថ្នាក់​ដឹកនាំ​ចិន​រហូត​ដល់លោក Xi Jinping ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ ២០១២។

លោក Hadley និយាយ​ថា លោក Xi មាន​ទស្សនៈ​ថា «លោក​ខាង​លិច​កំពុង​ធ្លាក់ចុះ» ហើយ«សហ រដ្ឋ​អាមេរិក​ក៏​កំពុង​ធ្លាក់ចុះ​យ៉ាងខ្លាំង​ដែរ»។

លោក Hadley បាន​បន្ថែម​ទៀត​ថា៖ «លោក Xi បាន​ត្រៀម​ខ្លួន​ដាក់​បង្ហាញ​អំណាច​របស់​លោក​ជា​អន្តរជាតិ ហើយ​បន្ទាប់​មក​ប្រើអំណាច​នោះ​ដើម្បី​បំភិត​បំភ័យ​ប្រទេស​ជិត​ខាង និង​ប្រទេស​ផ្សេង​ទៀត ដោយវិស័យ​ការទូត​ស៊ី​ជម្រៅ​ កម្លាំង​សេដ្ឋកិច្ច និង​សមត្ថភាព​យោធា»។

ស្ថានទូតចិន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បានបដិសេធ​លើ​ការ​លើកឡើង​របស់​លោក Hadley។ លោក Liu Pengyu អ្នក​នាំ​ពាក្យ​ស្ថានទូត​ចិន​បាន​ប្រាប់​ VOA តាម​សារអ៊ីមែល​កាល​ពី​ថ្ងៃ​សៅរ៍​ថា៖ «ចិន​ជា​អ្នក​ការពារ​សណ្តាប់ធ្នាប់​អន្តរជាតិ។ យើង​តែងតែ​ការពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​ប្រព័ន្ធ​អន្តរជាតិដែល​ផ្តោត​លើ​អង្គការ​សហប្រជាជាតិ សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង​បទដ្ឋាននៃ​ទំនាក់ទំនង​អន្តរជាតិ​ដែល​គាំទ្រ​ដោយ​គោលបំណងនិង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ»។

លោក Dennis Wilder ដែល​ជា​សហការី​ជាន់ខ្ពស់​នៃគម្រោង​កិច្ច​សន្ទនា​អាមេរិក-ចិន​លើ​បញ្ហា​សកល​នៅ​សាកលវិទ្យាល័យ Georgetown ធ្លាប់​បាន​បម្រើ​ការ​ជា​ជំនួយការ​ពិសេស​សន្តិសុខជាតិ​របស់​លោក​ប្រធានាធិបតី George W. Bush។ លោក Wilder បាន​និយាយ​នៅ​ក្នុង​កិច្ចពិភាក្សា​មួយ​បន្ទាប់​ពី​ការអត្ថាធិប្បាយ​របស់ Stephen Hadley ថា រដ្ឋបាល​លោក Bush «បាន​ព្យាយាម​ស្វែង​យល់​ពីលោក Xi Jinping» ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​ជាមួយ ​លោក Xi Jinping។

លោក Wilder និយាយថា៖ «នៅ​ពេល​ដែល​យើង​ទៅ​ចូល​រូម​កម្មវិធី​អូឡាំពិក​ឆ្នាំ ២០០៨ លោក Xi Jinping ពេលនោះ​ជា​អ្នក​ទទួល​បន្ទុក​ដឹកនាំ​កីឡា​អូឡាំពិក... វា​គឺ​ជា​កិច្ច​ប្រជុំ​ដ៏​គួរ​ឱ្យ​ធុញ​បំផុត​មួយ​ដែល​ខ្ញុំ​បាន​ចូលរួម។ លោក Xi Jinping មិន​បាន​បង្ហាញ​អ្វី​ទាំងអស់។ គាត់មិន​បញ្ចេញ​ចរិត​ពិត​ទេ។គាត់​មិនប្រាប់​យើង​អ្វី​ទាំងអស់​អំពី​ខ្លួនគាត់។ គាត់​មិន​បង្ហាញ​គោល​បំណង​របស់​គាត់ទេ។ ហើយ​នេះ​ជា​របៀប​ដែល​គាត់​បាន​ឈាន​ឡើង​ដល់​កំពូល​នៃ​ប្រព័ន្ធ​នយោបាយ​ចិន។ គឺ​គាត់​លាក់​សន្លឹក​បៀ​របស់​គាត់»។

លោក Wilder បាន​បន្ថែម​ថា មនុស្ស​ជាច្រើន​បាន​គិត​ថា លោក Xi Jinping គឺ គ្រាន់​តែ​ជា «មេដឹកនាំ​ចិន​ដែលចង់​បន្តឲ្យ​មានកំណែ​ទម្រង់» ម្នាក់ទៀត​ប៉ុណ្នោះ ប៉ុន្តែ​គ្រប់គ្នា​បាន​ភ្ញាក់ផ្អើល​ដោយ​សារ​ លោក Xi។

ចិន​ក្រោមការ​ដឹកនាំ​របស់​លោក Xi Jinping ត្រូវ​បាន​សហរដ្ឋ​អាមេរិក​មើល​ឃើញ​ថា​ ជា​បញ្ហា​ប្រឈម​យុទ្ធសាស្ត្រ និង​ភូមិសាស្ត្រ​នយោបាយ​ដ៏​សំខាន់​របស់​ខ្លួន។ យុទ្ធសាស្ត្រសន្តិសុខជាតិអាមេរិក ដែល​បាន​បោះពុម្ពផ្សាយ​នៅខែតុលា ឆ្នាំ ២០២២ ចែង​ថា៖ «សាធារណរដ្ឋ​ប្រជាមានិត​ចិន​រក្សា​នូវ​ចេតនា និង​សមត្ថភាពកាន់តែខ្លាំងឡើង​ក្នុងការ​កែ​ប្រែ​សណ្តាប់​ធ្នាប់​អន្តរជាតិ​ឡើងវិញ ដើម្បី​ជាប្រយោជន៍ដល់​ខ្លួន»។

អ្នកស្រី Bonny Lin នាយក​គម្រោង​អំណាច​ចិននៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ បាននិយាយនៅ​កិច្ចពិភាក្សា​ដដែល​ថា សហរដ្ឋ​អាមេរិក​ឥឡូវនេះ​មិនអាច​ទាក់ទង​ជាមួយ​ប្រទេសចិន ដូច​ក្នុង​អំឡុង​ពេល​រដ្ឋបាល ​លោក Bush បាន​នោះទេ។ ប៉ុន្តែអ្នកស្រី​បាន​បន្ថែម​ថា ​មាន «ការ​បន្ត​សង្កត់ធ្ងន់​ឲ្យ​លោក​ប្រធានាធិបតី Biden អាចនិយាយ​ដោយ​ផ្ទាល់​ជាមួយ​លោក Xi»។
អ្នកស្រី Lin ថ្លែង​ថា៖

«ដោយ​មើល​ឃើញថា ​ចិន​មាន​អំណាច​ក្តាប់​ខ្លាំង​ប៉ុនណា​នៅ​ក្រោម​លោក Xi ខុស​ពី​ពេល​ក្រោម​ការ​ដឹកនាំ​របស់​លោក Hu Jintao ដែល​ដើរ​ក្នុង​ទិសដៅ​ផ្ទុយដោយ​ស្វាគម​ការ​ដឹកនាំ​សមូហភាព​ក្នុង​ប្រព័ន្ធ​អន្តរជាតិ ការ​រក្សា​ចំណង​ទំនាក់​ទំនង​ផ្ទាល់ខ្លួន​រវាង​លោក Biden និង លោក Xi គឺ​មាន​សារៈ​សំខាន់​យ៉ាងខ្លាំង។

លោក Hadley បាន​និយាយ​ថា គោលនយោបាយ​ការបរទេស​របស់រដ្ឋបាល លោក Bush ដែល​បន្ទាប់​មក​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​រដ្ឋបាល លោក Obama គឺ​ព្យាយាម​សហការ និង​ធ្វើការជាមួយ​ប្រទេសចិន និង«នាំ​ប្រទេស​ចិន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អន្តរជាតិ» ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​របស់​ចិន​ទៅ​កែប្រែ​ប្រព័ន្ធនេះ មិនមែន​ជា​អ្វីដែល​សហរដ្ឋអាមេរិក​អាច​គ្រប់​គ្រង​បាននោះទេ។

លោក Hadley និយាយ​ថា៖ «អ្នក​ណា​ដឹកនាំ​ប្រទេស​ពិត​ជា​សំខាន់។ ហើយ​ខ្ញុំ​គិត​ថា​ ប្រសិន​បើ​ប្រទេស​ចិន​បាន​សម្រេច​ចិត្ត​ក្នុង​ឆ្នាំ ២០១២ ជ្រើសរើស​មេដឹកនាំ​ប្រភេទ លោក Jiang Zemin ឬ លោក Hu Jintao ហើយ​យើង​មាន​មេដឹកនាំ​ចិននោះ​សម្រាប់​ឆ្នាំ ២០១២ ដល់ឆ្នាំ ២០២២ ខ្ញុំ​គិត​ថា ប្រទេស​ចិន​នឹង​ស្ថិត​នៅ​ក្នុង​ជំហរ​ខុស​គ្នា​ខ្លាំង​ពី​ពេល​បច្ចុប្បន្ន​នេះ។ ហើយ​ទំនាក់​ទំនង​របស់​អាមេរិក​ជាមួយ​ចិន​នឹង​មាន​ភាព​ខុសគ្នា​ខ្លាំងពី​ពេល​បច្ចុប្បន្ន​នេះ»៕

កំណត់សម្គាល់៖ អត្ថបទ​នេះ​ត្រូវបាន​បន្ថែម​ត្រង់​កថាខណ្ឌទី១០ ក្រោយពីវី​អូអេ​ខេមរភាសា​បាន​ទទួល​ការឆ្លើយតប​ពី​ស្ថានទូត​ចិន​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក។

XS
SM
MD
LG