ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសចិន​ថ្កោលទោស​បាតុកម្ម​សម្រុក​ចូល​ក្នុង​អាគារ​សភា​ហុងកុង


ប៉ូលិស​បំបែក​បាតុករ​ចេញ​ពី​អគារ​សភា នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩។
ប៉ូលិស​បំបែក​បាតុករ​ចេញ​ពី​អគារ​សភា នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩។

ប្រទេស​ចិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​បាតុកម្ម​ហិង្សា​នៅក្នុង​ទីក្រុង​ហុងកុង​កាល​ពី​ថ្ងៃចន្ទ​ម្សិលមិញ។

បាតុករ​រាប់ពាន់នាក់​បាន​យក​ថ្ងៃខួបទី២២នៃ​ការបង្រួបបង្រួម​ទឹកដី​ហុងកុង​ជាមួយ​នឹង​ប្រទេសចិន​ ដើម្បី​សម្រុក​ចូល​ទៅក្នុង​អាគារ​រដ្ឋសភា​ទីក្រុង​ហុងកុង។ ពេលក្រុម​បាតុករ​ទាំងនោះ​ចូល​ទៅក្នុង​អាគារ​ ពួកគេ​បាន​ស្រែក​នៅ​តាម​ច្រកនានា​ បាញ់​ថ្នាំ​ទៅ​លើ​ជញ្ជាំង​ និង​គូរ​រូប​គំនូរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ការ​សម្រុក​ចូល​ទៅក្នុង​អាគារ​នេះ​ត្រូវ​បាន​បញ្ចប់​ បន្ទាប់​ពី​ក្រុម​ប៉ូលិស​បង្ក្រាប​កុបកម្ម​បាន​មក​ដល់​កន្លែង​កើតហេតុ​ និង​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ទៅលើ​ហ្វូង​បាតុករ។

សេចក្តីថ្លែងការណ៍​មួយ​របស់​ការិយាល័យ​កិច្ចការ​ក្រុងហុងកុង​របស់​រដ្ឋាភិបាល​ចិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋ​ដែល​បាន​និយាយ​ថា «បាតុកម្ម​ទាំងនេះ​បាន​ជាន់ឈ្លី​លើ​និតីរដ្ឋ​ និង​បាន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម​ហុងកុង​ និង​ធ្វើ​ឲ្យ​ខូចខាត​ដល់​ផលប្រយោជន៍​ជាមូលដ្ឋាន​គ្រឹះ​របស់​ទីក្រុងហុងកុង»។

ហេតុការណ៍​សម្រុក​ចូល​ក្នុង​អាគារ​សភា​នេះ​ បាន​កើត​ឡើង​ភ្លាមៗ​មួយ​រំពេច​ ដែល​ហាក់​ដូចជា​មាន​ស្ថានភាព​ខុស​ពី​ពេលព្រឹក​នៅ​ពេល​ដែល​អ្នក​ស្រុក​ហុងកុង​រាប់​សែន​នាក់​បាន​ធ្វើ​បាតុកម្ម​សន្តិវិធី​នៅ​លើ​ផ្លូវ​សំខាន់ៗ​នៅ​ទូទាំង​ទីក្រុង​ហុងកុង។

បាតុកម្ម​នេះ​បាន​ធ្វើ​ឡើង​ជាន់​គ្នា​ជាមួយ​នឹង​ខួបទី២២នៃ​ការ​ប្រគល់​ទឹក​ដី​ហុងកុង​ឲ្យ​ទៅ​ប្រទេសចិន​វិញ ​ក៏​ដូចជា​ការប្រឆាំង​ទៅ​នឹង​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​មួយ ដែល​អនុញ្ញាត​ឲ្យ​បញ្ជូន​ឧក្រិដ្ឋជន​ទៅ​ប្រទេស​ចិនផងដែរ។

ក្តីបារម្ភ​កំពុង​កើនឡើង​កាន់​តែ​ខ្លាំង​នៅក្នុង​ទីក្រុងហុងកុង​ ពាក់ព័ន្ធ​ទៅនឹង​ការ​បាត់បង់​ស្វ័យភាព​របស់​ខ្លួន​ទៅ​ឲ្យ​ប្រទេសចិន​នៅ​ឆ្នាំ២០៤៧​ ដូច​ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​ប្រគល់​ទឹកដី​ហុងកុង​ទៅ​ឲ្យ​ប្រទេសចិនវិញ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ជា​មួយ​នឹង​ប្រទេស​អង់គ្លេស​ដែល​បាន​ដាក់​អាណានិគម​លើ​ទឹកដី​ហុងកុង​នៅ​ពេល​នោះ៕

XS
SM
MD
LG