អង់គ្លេសនិងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ជាង៦០ពាន់លានដុល្លា នៅពេលដែលប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) បានជួបជាមួយនាយករដ្ឋមន្រ្តី ដេវិដ ខាមេរ៉ុន (David Cameron) ក្នុងអំឡុងថ្ងៃទី២នៃដំណើរបំពេញទស្សនៈកិច្ចជាផ្លូវរដ្ឋរបស់មេដឹកនាំចិនទៅកាន់ចក្រភពអង់គ្លេស។
ថ្លែងទៅកាន់ពួកអ្នកយកព័ត៌មាននៅក្នុងទីក្រុងឡុងដ៍បន្ទាប់ពីជំនួបនោះ លោកនាយករដ្ឋមន្រ្តីអង់គ្លេស ខាមេរ៉ុន បានមានប្រសាសន៍ថា លោកចង់ធ្វើឲ្យអង់គ្លេសក្លាយជាដៃគូរបស់ចិន។
លោកនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖ «យើងត្រូវតែធ្វើឲ្យមានការរីកចម្រើនខាងពាណិជ្ជកម្មនិងការវិនិយោគទុន មិនត្រឹមតែចិនធ្វើការវិនិយោគទុនក្នុងចក្រភពអង់គ្លេសទេ ក៏ប៉ុន្តែ ពាណិជ្ជករអង់គ្លេសត្រូវតែពង្រីកពាណិជ្ជកម្មក្នុងប្រទេសចិនដែរ។យើងត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការខាងហិរញ្ញវត្ថុនិងសេដ្ឋកិច្ចរបស់យើងដោយធ្វើឲ្យចក្រភពអង់គ្លេសក្លាយជាដៃគូជ្រើសរើសរបស់ចិននៅក្នុងប្រទេសលោកខាងលិច ហើយ យើងត្រូវតែធ្វើកិច្ចការជាច្រើនទៀតក្នុងភាពជាដៃគូលើបញ្ហាសាកលលោកដែលប៉ះពាល់យើង រាប់ចាប់តាំងពីការផ្លាស់ប្តូរអាកាសធាតុរហូតដល់ការដោះស្រាយបញ្ហាភាពក្រីក្រនិងសុខភាពសាកលលោក ដោយធ្វើការជាមួយគ្នាដើម្បីប្រយុទ្ធប្រឆាំងអស្ថិរភាពនិងលទ្ធិជ្រុលនិយម»។
លោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តទៀតថា អង់គ្លេសមិនអាចមានការពិភាក្សាដ៏ស្មោះត្រង់ជាមួយចិនអំពីបញ្ហានានាដូចជាសិទ្ធិមនុស្សបានទេ ប្រសិនបើ អង់គ្លេសមិនមានទំនាក់ទំនងដ៏ខ្លាំងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិននោះ។
លោកនាយករដ្ឋមន្រ្តីអង់គ្លេស មានប្រសាសន៍ទៀតថា៖ «ខ្ញុំច្រានចោលគំនិតនេះទាំងស្រុង។ លោកអ្នក មានការសន្ទនាពីសិទ្ធិមនុស្សនិងដែកថែប ឬលោកអ្នកមានទំនាក់ទំនងដ៏ខ្លាំងជាមួយចិន។ ខ្ញុំចង់បានទាំង២។ ហើយនៅពេលដែល លោកអ្នក មានទំនាក់ទំនងដ៏ខ្លាំងនេះជាមួយដៃគូដ៏ខ្លាំងដែលយើងមាន អស់លោកអ្នក អាចពិភាក្សាបញ្ហាទាំងអស់នេះ»។
ថ្លែងនៅជាប់លោកនាយករដ្ឋមន្រ្តី ខាមេរ៉ុន ប្រធានាធិបតីស៊ី បានឆ្លើយតបពីប្រវត្តិសិទ្ធិមនុស្សរបស់ប្រទេសលោក ដោយនិយាយថា ចិនបានស្វែងរកឃើញហើយនូវមាគារនៃការអភិវឌ្ឍសិទ្ធិមនុស្ស សាកសម្យទៅនឹងស្ថានភាពប្រពៃណីជាតិរបស់ខ្លួន៕