យោងតាមក្រុមសកម្មជនប្រឆាំងអំពើពុករលួយ លុយរាប់ពាន់លានដុល្លារដែលគេហៅថាជា «លុយកខ្វក់» បានមកពីការប្រព្រឹត្តបទល្មើស ជាពិសេសលុយមកពីប្រទេសរុស្ស៊ី កំពុងត្រូវបានលាងតាមរយៈទីផ្សារអចលនទ្រព្យនៅទីក្រុងឡុងដ៍។
ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ តម្លៃអចលនទ្រព្យធំៗនៅទីក្រុងឡុងដ៍បានកើនឡើងដល់ទៅ៤២ភាគរយ ហើយក្រុមអ្នកធ្វើយុទ្ធនាការនិយាយថា ការឡើងថ្លៃនេះ មួយចំណែកបណ្តាលមកពីលុយ «កខ្វក់» ដែលបានពីការប្រព្រឹត្តបទល្មើស។
នៅក្នុងកម្មវិធីទូរទស្សន៍របស់អង់គ្លេសនាពេលថ្មីៗនេះ ដែលមានចំណងជើងថា «ពីរុស្ស៊ីជាមួយនឹងសាច់ប្រាក់ From Russia With Cash» សកម្មជនប្រឆាំងអំពើពុករលួយម្នាក់ឈ្មោះ Roman Borisovich បានដើរតួជារដ្ឋមន្រ្តីរុស៊្សីម្នាក់ ហើយកំពុងរកទិញអចលនទ្រព្យនៅពេលទៅជួបជាមួយភ្នាក់ងារទិញលក់អចលនវត្ថុមួយចំនួននៅកណ្តាលទីក្រុងឡុងដ៍ ដោយប្រើប្រាស់លុយបានពីការលួចប្លន់។ លោកបានពិពណ៌នានូវអ្វីដែលបានកើតឡើង ប្រាប់ VOA តាមរយៈប្រព័ន្ធ Skype។
«ពួកគេពិតជាចង់បានលុយនោះណាស់។ ទោះបីជានៅពេលខ្ញុំបានប្រាប់ពួកគេថា លុយទាំងនោះគឺជាលុយសម្រាប់ទិញថ្នាំ (ឱសថ) ហើយខ្ញុំបានលួចលុយទាំងនោះក៏ដោយ ហើយជាក់ស្តែង អ្នកដែលឈឺ មិនទទួលបានការថែទាំសុខភាពនោះទេ»។
គ្រប់ភ្នាក់ងារទាំងអស់បានផ្តល់យោបល់ឲ្យទិញអចលនវត្ថុតាមរយៈក្រុមហ៊ុននៅក្រៅប្រទេស ដើម្បីបិទបាំងអត្តសញ្ញាណរបស់អ្នកទិញ។ មានភ្នាក់ងារមួយបានផ្តល់យោបល់ឲ្យយកចំណេញពីការហូតពន្ធនៅប្រទេសស៊ីប (Cyprus) និងទឹកដីនៅកោះ Jersey ដែលពឹងផ្អែកលើចក្រភពអង់គ្លេស ឲ្យមានការបង្កើតក្រុមហ៊ុនមួយដែលហៅថា «ក្រុមហ៊ុនមិនធ្វើជំនួញផ្ទាល់»។
«ហើយភ្នាក់ងារមួយនេះ ស្ម័គ្រចិត្តឲ្យយើងជួបជាមួយហិរញ្ញិកជាច្រើននៅកោះ Jersey ដើម្បីបង្កើតបង្កើតក្រុមហ៊ុនមួយជាមួយគ្នា ហើយមេធាវីប្រទេសជនជាតិស៊ីបម្នាក់ នឹងចាត់ចែងរឿងគ្រប់យ៉ាងផ្សេងទៀតនៅក្នុងក្រុមហ៊ុននេះ»។
តួលេខរបស់រដ្ឋាភិបាលបង្ហាញថា ទ្រព្យសម្បត្តិមានតម្លៃ១៩១ពាន់លានដុល្លារនៅក្នុងប្រទេសអង់គ្លេស គ្រប់គ្រងដោយក្រុមហ៊ុននៅក្រៅប្រទេស។ នៅពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីលោកនាយករដ្ឋមន្រ្តី David Cameron បាននិយាយថា ភាគច្រើនជាជំនួញស្របច្បាប់ ប៉ុន្តែលោកទទួលស្គាល់ថា នៅមានបញ្ហាមួយចំនួន។
«យើងត្រូវតែបញ្ឈប់មន្រ្តីពុករលួយឬក្រុមជនឧក្រិដ្ឋ ដែលប្រើប្រាស់ក្រុមហ៊ុនមិនធ្វើជំនួញដោយផ្ទាល់ដែលបានវិនិយោគលុយកខ្វក់របស់ពួកគេទៅលើអចលនទ្រព្យក្នុងទីក្រុងឡុងដ៍ដោយគ្មានការតាមដាន»។
លោក Justin Urquhart Stewart បម្រើការឲ្យក្រុមហ៊ុន Seven Investment Management មានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍បាននិយាយថា រដ្ឋាភិបាលបានដឹងពីការចោទប្រកាន់អំពីករណីលាងលុយនេះជាយូរណាស់មកហើយ។
«នេះជាលុយកខ្វក់ ដែលបានមកពីការប្រព្រឹត្តបទល្មើស ប្រហែលបានពីអំពើភេរវកម្ម ដូច្នេះ បញ្ហានេះត្រូវតែដោះស្រាយឥឡូវនេះ»។
នៅក្រោមច្បាប់របស់ចក្រភពអង់គ្លេស ភ្នាក់ងារអចលនទ្រព្យត្រូវរាយការណ៍ការមន្ទិលសង្ស័យណាមួយដែលគេយកលុយប្រើសម្រាប់ទិញអចលនទ្រព្យ ដែលលុយនោះទទួលបានតាមរយៈការប្រព្រឹត្តបទល្មើស ប៉ុន្តែ ភ្នាក់ងារជាច្រើននិយាយថា ពួកគេមិនមែនជាអ្នកស៊ើបអង្កេតការក្លែងបន្លំដែលមានភាពស្មុគស្មាញនោះទេ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ