ការប្រកាសរបស់រដ្ឋាភិបាលរបស់លោកអូបាម៉ាកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកគ្រោងនឹងលក់សព្វាវុធក្នុងតម្លៃទឹកប្រាក់ជាង១ពាន់៨រយលានដុល្លារអាមេរិកទៅឲ្យកោះតៃវ៉ាន់នោះបាននាំឲ្យមានការតវ៉ាជាផ្លូវការពីប្រទេសចិន ដោយប្រទេសចិនបានគំរាមដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតអាវុធទាំងនោះ។
អនុរដ្ឋមន្ត្រីការបរទេសចិន លោក Zheng Zeguang បានកោះហៅ ឧបការីអាមេរិកគឺ លោកស្រី Kaye Lee ដែលជាអ្នកការទូតអាមេរិកកម្រិតខ្ពស់បំផុតទី២ប្រចាំនៅទីក្រុងប៉េកាំង។ ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា លោក Zheng បាននិយាយថា «ប្រទេសចិននឹងចាត់វិធានការដែលចាំបាច់នានា ដោយរួមទាំងការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនដែលចួលរួមនៅក្នុងការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ផងដែរ»។
ក្រសួងការបរទេសអាមេរិកបានជូនដំណឹងជាផ្លូវការដល់សភាអាមេរិកកាលពីថ្ងៃពុធអំពីផែនការរបស់ខ្លួនក្នុងការលក់នាវាចម្បាំងពីរគ្រឿង មីស៊ីលប្រឆាំងរថក្រោះ រថយន្តចម្បាំងដែលអាចបើកក្នុងទឹកបាន ហើយនិងប្រព័ន្ធមីស៊ីល Stinger ដែលអាចបាញ់ពីផ្ទៃរាបទៅអាកាសបាន។ នេះគឺជាការលក់សព្វាវុធអាមេរិកលើកដំបូងទៅឲ្យកោះតៃវ៉ាន់ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។
ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ថាជាផ្នែកមួយនៃដែនដីរបស់ខ្លួន ហើយបានគំរាមឈ្លានពានកោះនោះ ប្រសិនបើកោះនោះប្រកាសឯករាជ្យភាពរបស់ខ្លួននោះ។
អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសចិនបានជំរុញរដ្ឋាភិបាលលោកអូបាម៉ាឲ្យលុបចោលការលក់សព្វាវុធទាំងនោះ ហើយ «ធ្វើអ្វីមួយដែលមានលក្ខណៈអំណោយផលជាងនេះ ដល់ទំនាក់ទំនងអាមេរិក ចិន និងការអភិវឌ្ឍដោយសន្តិវិធីនៃទំនាក់ទំនងនេះ»។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក David McKeeby បាននិយាយថា ការលក់អាវុធនេះ អនុលោមទៅតាមការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការផ្តល់សព្វាវុធគ្រប់គ្រាន់ដើម្បីធ្វើឲ្យកោះតៃវ៉ាន់ មានសមត្ថភាពការពារខ្លួនបាន៕