លោក Kenny Chiu សមាជិកនៃគណបក្សអភិរក្សនិយមរបស់ប្រទេសកាណាដាត្រូវបានជ្រើសរើសជាសមាជិកសភាសម្រាប់មណ្ឌលបោះឆ្នោតសហព័ន្ធ Steveston Richmond-East ក្នុងខេត្ត British Columbia ក្នុងឆ្នាំ២០១៩។ សង្កាត់របស់លោកដែលនៅជាយក្រុង Vancouver មានប្រជាជនដែលមានដើមកំណើតចិនជាង៥០ ភាគរយ។ នៅក្នុងការបោះឆ្នោតបន្ទាប់ក្នុងរយៈពេល២២ខែក្រោយមក លោកបានចាញ់បេក្ខជនមកពីគណបក្សសេរីនិយម ដែលបច្ចុប្បន្នជាសមាជិកសភាសម្រាប់មណ្ឌលបោះឆ្នោតដែលលោកបានឈរឈ្មោះ។
នៅក្នុងការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឆ្នាំ២០២១ គេឃើញថា គណបក្សសេរីនិយមបានទទួលសន្លឹកឆ្នោតច្រើនជាងមុនក្នុងចំនួនប្រហែល១.៨០០ សំឡេងធៀបទៅនឹងការបោះឆ្នោតនៅឆ្នាំ២០១៩។ ផ្ទុយទៅវិញការបោះឆ្នោតឱ្យលោក Chiu បានធ្លាក់ចុះជាង ៤.៤០០ សំឡេងបើប្រៀបធៀបទៅនឹងការបោះឆ្នោតលើកមុន។
ក្រៅពីចំនួនសន្លឹកឆ្នោតនេះ លោក Chiu បានកត់សម្គាល់ពីភាពខុសគ្នានៃរបៀបដែលលោកត្រូវបានទទួលស្វាគមន៍ដោយអ្នកបោះឆ្នោតនៅពេលលោកធ្វើយុទ្ធនាការរកសំឡេងឆ្នោតនៅឆ្នាំ២០២១។ លោកនិយាយថា នៅឆ្នាំ២០១៩ ប្រជាជនបានស្វាគមន៍លោកយ៉ាងកក់ក្តៅ និងបានចូលរួមសន្ទនាជាមួយលោក។ នៅឆ្នាំ២០២១ គឺមិនដូច្នេះទេ។
លោក Kenny Chiu ថ្លែងថា៖ «ពួកគេខ្លះ មើលទៅដឹងច្បាស់ថា ពួកគេមានការរំខានចិត្ត អន្ទះសារក្នុងចិត្ត ហើយពួកគេខ្លះថែមទាំងបង្ហាញការខឹងសម្បាទៀតផង។ ហើយនៅពេលនោះ ខ្ញុំមានការងឿងឆ្ងល់ជាខ្លាំង។ តើការរំខានចិត្តទាំងអស់នោះ បណ្តាលមកពីអ្វី? ខ្ញុំចង់និយាយថា វាមានរយៈពេលត្រឹមតែ២២ ខែប៉ុណ្ណោះ ហើយវាជាអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ទៅទៀត»។
លោក Chiu ដែលបានកើតនៅទីក្រុងហុងកុង និងបានធ្វើអន្តោប្រវេសន៍ទៅរស់នៅក្នុងប្រទេសកាណាដា បាននិយាយថា មួយរយៈពេលក្រោយមកទើបលោកបានដឹងអំពីមូលហេតុតាមរយៈគេហទំព័រ Disinfo Watch សាកលវិទ្យាល័យ McGill ដែលមានមូលដ្ឋាននៅខេត្ត Quebec និងក្រុមប្រឹក្សា Atlantic ថា លោកត្រូវបានគេលាបពណ៌ដោយយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដែលព្យាយាមមានឥទ្ធិពលលើអ្នកបោះឆ្នោតដែលមានដើមកំណើតចិន។ លោកនិយាយថា ពាក្យចចាមអារ៉ាមមិនពិតបានចាប់ផ្តើមរីករាលដាលនៅលើអ៊ីនធឺណិត និងនៅលើកម្មវិធីផ្ញើសាររបស់ចិន WeChat ដែលថា គណបក្សអភិរក្សនិយម និងលោក Chiu ខ្លួនឯងផ្ទាល់នឹងហាមឃាត់មិនឱ្យប្រើប្រាស់កម្មវិធីផ្ញើសារ WeChat នេះ នៅក្នុងប្រទេសកាណាដា។
WeChat គឺជាកម្មវិធីផ្ញើសារតែមួយគត់ដែលមនុស្សជាច្រើននៅក្នុងសហគមន៍ចិននៅក្នុងប្រទេសកាណាដាអាចប្រើប្រាស់ដើម្បីទាក់ទងជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្លួននៅក្នុងប្រទេសចិន។
លោក Kenny Chiu ថ្លែងទៀតថា៖ «លោកប្រឆាំងនឹងចិន។ លោកស្អប់ជនជាតិចិន។ លោកគឺជាជនក្បត់ជាតិ។ ពាក្យសម្តីទាំងអស់នេះ ត្រូវបានគេប្រើមកលើរូបខ្ញុំ។ ហើយក៏មានអត្ថបទសរសេរថា អ្នកអភិរក្សនិយមប្រឆាំងចិន ហើយថាលោក Erin O'Toole ដែលជាមេដឹកនាំអភិរក្សនិយមនៅពេលនោះ នឹងហាមឃាត់មិនឱ្យប្រើប្រាស់កម្មវិធីផ្ញើសារ WeChat»។
មិនមែនមនុស្សគ្រប់គ្នាយល់ពីការសមគំនិតនោះទេ។ លោក Mark Marissen សកម្មជនដែលគាំទ្រគណបក្សសេរីនិយមជាយូរឆ្នាំមកហើយ ហើយដែលបានដំណើរការយុទ្ធនាការរកសំឡេងឆ្នោតជាច្រើននៅថ្នាក់សហព័ន្ធ ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន បានចង្អុលបង្ហាញអំពីយុទ្ធនាការរបស់គណបក្សអភិរក្សនិយមឆ្នាំ ២០២១ ហើយលោក Erin O'Toole ដែលកាលពីពេលនោះគឺជាមេដឹកនាំគណបក្សសេរីនិយមបានប្រឆាំងនឹងប្រទេសចិនយ៉ាងខ្លាំងក្លា។
លោក Mark Marissen ថ្លែងថា៖ «មានការប្រឆាំងយ៉ាងពិតប្រាកដក្នុងចំណោមមនុស្សជាច្រើននៅក្នុងសហគមន៍ទៅនឹងវិធីដែលលោក O'Toole ធ្វើយុទ្ធនាការអំពីប្រទេសចិន»។
លោក Kareem Allam ដែលបានធ្វើយុទ្ធនាការរកសំឡេងឆ្នោតជាច្រើនសម្រាប់បេក្ខជនមកពីគណបក្សអភិរក្សនិយមបាននិយាយថា តទៅអនាគតគួរតែមានការត្រួតពិនិត្យបន្ថែមទៀតដោយអង្គភាពនានាដូចជា ទីភ្នាក់ងារស៊ើបការណ៍សន្តិសុខកាណាដា CSIS ទៅលើការជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតដែលអាចធ្វើទៅបានពីបរទេស។
លោក Kareem Allam ថ្លែងថា៖ «ក៏ប៉ុន្តែ ប្រសិនបើខ្ញុំមានការព្រួយបារម្ភអំពីបេក្ខជនម្នាក់ ដែលអាចទាក់ទងនឹងបញ្ហាពាក់ព័ន្ធនឹងការជ្រៀតជ្រែកពីបរទេសនោះ ទីភ្នាក់ងារ CSIS មានកាតព្វកិច្ចស្របច្បាប់ក្នុងការមិនរាយការណ៍អំពីជនដែលមានសញ្ជាតិកាណាដាណាម្នាក់ឡើយ។ ហើយប្រសិនបើអ្នកកំពុងឈរឈ្មោះសម្រាប់តំណែងក្នុងការិយាល័យនៅកាណាដា អ្នកត្រូវតែជាពលរដ្ឋកាណាដា។ ដូច្នេះខ្ញុំគ្មានផ្លូវដើម្បីបញ្ជាក់ឱ្យច្បាស់ថាតើបុគ្គលម្នាក់នេះ ដែលអាចក្លាយជាសមាជិកសភា ដែលអាចក្លាយជា រដ្ឋមន្ត្រីនោះ [មានជាប់ពាក់ព័ន្ធនៅក្នុងការជ្រៀតជ្រែកពីបរទេសនៅក្នុងការបោះឆ្នោតនៅកាណាដា]នោះឡើយ»។
លោកនាយករដ្ឋមន្ត្រី Justin Trudeau ដែលដឹកនាំគណបក្សសេរីនិយមនៅប្រទេសកាណាដាបានតែងតាំងអតីតអគ្គទេសាភិបាលលោក David Johnston ជា«អ្នករាយការណ៍ពិសេស» ដើម្បីស៊ើបអង្កេតថាតើត្រូវការការស៊ើបអង្កេតជាផ្លូវការលើការជ្រៀតជ្រែកក្នុងការបោះឆ្នោតដែរឬទេ។ របាយការណ៍របស់លោកត្រូវដល់ពេលចេញនៅចុងខែឧសភាខាងមុខនេះ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់