ក្រសួងអប់រំកម្ពុជាដាក់ចេញកម្មវិធី «កុមាររៀន កុមារចេះ» សម្រាប់កុមារនៅកម្រិតថ្នាក់ដំបូងចំនួនជិត៤សែននាក់ បន្ទាប់ពីរកឃើញថា សិស្សថា្នក់ទី៧ ជាង៣០ភាគរយ នៃចំនួនជាង១សែននាក់ មិនចេះអាន និងមិនចេះសរសេរភាសាខ្មែរច្បាស់។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំថ្លែងក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តកម្មវិធី «កុមាររៀន កុមារចេះ» ជាផ្លូវការ នៅថ្ងៃទី២៤ ខែកុម្ភៈ នេះថា កុមាររៀននៅថ្នាក់ទី៣ ប្រមាណជា៥០ភាគរយនៃចំនួនជិត៤សែននាក់ មិនចេះអានបានត្រឹមត្រូវ និងជាង៥០ភាគរយមានពិន្ទុគណិតវិទ្យាទាប។ ចំណែកសិស្សអនុវិទ្យាល័យថា្នក់ទី៧ ចំនួន៣០ ទៅ៤០ភាគរយ នៃចំនួនជាង១សែននាក់មិនចេះអាន និងមិនចេះសរសេរភាសាខ្មែរច្បាស់ ជាហេតុធ្វើឲ្យការរៀនរបស់ពួកគេមិនមានប្រសិទ្ធភាពនិងប្រឈមនឹងការបោះបង់ការសិក្សាខ្ពស់។
រដ្ឋមន្រ្តីក្រសួងអប់រំរូបនេះបន្ថែមថា មូលហេតុដែលសិស្សថ្នាក់ទី៣និងថ្នាក់ទី៧ក្នុងចំនួនដ៏ច្រើននេះមិនចេះអាននិងសរសេរបានច្បាស់ គឺដោយសារការសិក្សារបស់ពួកគេនៅថ្នាក់ទី១ និងថ្នាក់ទី២ មិនមានប្រសិទ្ធភាព។ លោកថា កម្មវិធី«កុមាររៀន កុមារចេះ» នេះនឹងជួយឲ្យកុមារនៅថ្នាក់កម្រិតដំបូងទទួលបានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សា។
លោកឆ្លើយនឹងសំណួររបស់ VOA ថា៖ «នៅពេលដែលក្មេងអានមិនច្បាស់ គឺគាត់ប្រឈមនឹងការបោះបង់ចោលការសិក្សា រៀនអត់ទាន់គេ។ អញ្ចឹងដើម្បីដោះស្រាយ ដើម្បីឲ្យកុមារទាំងអស់អាចចូលរៀនបាន ឡើងបញ្ចប់ការសិក្សាដល់មធ្យមសិក្សាទាំងអស់គ្នា គឺត្រូវតែពង្រឹងពីមត្តេយ្យសិក្សា ពីការថែទាំកុមារពីតូច ហើយឲ្យសិស្សហ្នឹងបានចូលរៀនមត្តេយ្យទាំងអស់គ្នា ហើយនៅថ្នាក់ទី១ គឺរៀនអានឲ្យចេះច្បាស់ភាសាខ្មែរ»។
កម្មវិធី «កុមាររៀន កុមារចេះ» ផ្តោតលើមុខវិជ្ជាចំនួនពីរសំខាន់ គឺភាសាខ្មែរនិងគណិតវិទ្យា តាមរយៈការផលិតជាកញ្ចប់សម្ភារៈក្នុងការដាក់ឲ្យអនុវត្ត ដោយមានការឧបត្ថម្ភមូលនិធិរបស់សហរដ្ឋអាមេរិក សហការជាមួយអង្គការអន្តរជាតិមួយចំនួន។
អ្នកស្រី Natascha Paddison នាយិការងប្រចាំប្រទេសរបស់អង្គការយូនីសេហ្វ លើកឡើងក្នុងកម្មវិធីនោះថា ការពង្រឹងការសិក្សាថ្នាក់ដំបូងរបស់កុមារ គឺមានសារៈសំខាន់ខ្លាំងក្នុងការអភិវឌ្ឍជំនាញការគិតរបស់កុមារ។ អ្នកស្រីបន្ថែមថា គ្រូបង្រៀនជាតួអង្គសំខាន់បំផុតក្នុងការអនុវត្តកម្មវិធី «កុមាររៀន កុមារចេះ» នេះឲ្យមានប្រសិទ្ធភាព។
អ្នកស្រី Paddison ថ្លែងថា៖«ការរៀនថ្នាក់ដំបូងប្រកបដោយគុណភាព គឺជាមូលដ្ឋានគ្រឹះនៃការរៀនសូត្ររបស់កុមារ។ គ្រប់ដំណាក់កាលនៃការអប់រំបន្ទាប់ពីនោះគឺពឹងផ្អែកលើជោគជ័យរបស់វា។ នៅពេលដែលកុមារទទួលបានឱកាសអប់រំកម្រិតបឋមប្រកបដោយគុណភាព ពួកគេនឹងអភិវឌ្ឍជំនាញក្នុងការគិតប្រកបដោយភាពត្រឹមត្រូវ ដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យនៅសាលា ហើយជាការពិត គឺមិនសូវងាយនឹងរៀនត្រួតថ្នាក់ ឬបោះបង់ចោលសាលារៀននោះទេ»។
កញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាសម្រាប់កម្រិតថ្នាក់ដំបូងនៅបឋមសិក្សានៃកម្មវិធី «កុមាររៀន កុមារចេះ» រួមមានសៀវភៅណែនាំសម្រាប់គ្រូ និងឯកសារបង្រៀន និងរៀន សម្រាប់សិស្សថ្នាក់ទី១ និងទី២ ដែលឯកសារទាំងនោះនឹងបំពេញបន្ថែមទៅលើសៀវភៅសិក្សាគោលដែលមានស្រាប់។
គ្រូបង្រៀនថ្នាក់ទី១និងទី២ទាំងអស់ នឹងទទួលបានការបណ្តុះបណ្តាល និងការណែនាំអំពីវិធីសាស្រ្តថ្មី ក្នុងការបង្រៀនកុមារតូចៗទាំងនោះ។
អ្នកស្រី អឿ កេសនី គ្រូបង្រៀនថ្នាក់ទី១ នៃសាលាបឋមសិក្សាមុខនាគ ក្នុងខេត្តសៀមរាប លើកឡើងថា អ្នកស្រីបានបង្រៀនកម្មវិធីថ្មីនេះមួយឆ្នាំកន្លងមកហើយក្នុងពេលដែលក្រសួងដាក់ដំណើរការសាកល្បងរយៈពេល១ឆ្នាំ។ អ្នកស្រីបន្ថែមថា សិស្សដែលបានឆ្លងកាត់ការអនុវត្តការបង្រៀនតាមកម្មវិធីថ្មីនេះ ការអាន និងការសរសេររបស់ពួកគេមានភាពប្រសើរជាងក្មេងៗដែលរៀនតាមកម្មវិធីចាស់។
អ្នកស្រី អឿ កេសនី ថ្លែងថា៖«នៅពេលដែលគាត់រៀនកម្មវិធីថ្មី គាត់ចងចាំបានយូរ។ ព្រោះនៅក្នុងការប្រើប្រាស់សម្ភារៈ ឧទាហរណ៍ថា បណ្ណអក្សររូបភាពហ្នឹងវាបានភ្ជាប់ជាមួយនឹងភាសាកាយវិការ ឧទាហរណ៍ថា ក អញ្ចឹង ដូចពាក្យកង្កែបអញ្ចឹង សិស្សបានឃើញភាសាកាយវិការហើយ សិស្សនឹងបានឃើញរូបតួអក្សរហើយគាត់ចាំ។ ដូច្នេះបើសិនជាយើងថា ក មួយអញ្ចឹង បើគាត់ភ្លេច យើងគ្រាន់តែថា ក ដូចជាពាក្យកង្កែបណាកូនណា៎ ហើយធ្វើភាសាកាយវិការទៅគាត់នឹងយល់ បានន័យថាគាត់ចាំបានយូរ គាត់មិនងាយភ្លេច»។
ការប្រកាសដាក់ឲ្យអនុវត្តកម្មវិធី «កុមាររៀន កុមារចេះ» ជាផ្លូវការនៅទូទាំងប្រទេសនេះ ធ្វើឡើងបន្ទាប់ពីក្រសួងបានដាក់ឲ្យអនុវត្តសាកល្បងអស់រយៈពេលមួយឆ្នាំ នៅតាមសាលាមួយចំនួនក្នុងខេត្តចំនួន៤ គឺខេត្តសៀមរាប កំពង់ធំ កំពង់ស្ពឺ និងកំពង់ឆ្នាំង ដោយមានកុមារចំនួន១សែន៥ម៉ឺននាក់ចូលរួមសិក្សាក្នុងកម្មវិធីសាកល្បងនេះ។
បើតាមរដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ការអនុវត្តកម្មវិធីថ្មីនេះកាន់តែមានប្រសិទ្ធភាព លុះត្រាតែមានការចូលរួមពីគ្រប់ភាគី រួមមានគ្រូបង្រៀន និងក្រុមគ្រួសារជាដើម ហើយកត្តាអាហារូបត្ថម្ភនិងការថែទាំកុមារត្រូវតែមានគុណភាព៕