មានទីតាំងស្ថិតនៅទល់មុខរមណីយដ្ឋានទន្លេបាទីក្នុងឃុំព្រែករកា ខេត្តតាកែវ សាលាសេអាមេត្រីមានសភាពអ៊ូអរដោយសារសកម្មភាពរបស់ក្មេងរាប់សិបនាក់កំពុងលេងនៅក្នុងអាងហែលទឹក កន្លែងកម្សាន្ត លេងកីឡា និងអានលឺៗពីក្នុងថ្នាក់រៀន។
នៅជាន់ខាងលើក្នុងផ្ទះឈើមួយដែលមានលឺសំឡេងរំភើបរីករាយរបស់ក្មេងៗដែលកំពុងលេងខាងក្រោម ស្ថាបនិកនៃអង្គការនេះគឺលោកស្រី ស្វាយ មួយ ដែលមានអាយុ ៧២ឆ្នាំ កំពុងអង្គុយលើកៅអី រៀបរាប់ពីប្រវត្តិដែលលោកស្រីបានមកសាងសង់ទីធ្លាបៃតង និងសាលាដ៏ធំទូលាយនេះ។
លោកស្រីបានរំលឹកឡើងវិញនូវអារម្មណ៍ភ្ញាក់ផ្អើលរបស់លោកស្រីនិងស្វាមីលោកស្រីនៅពេលដែលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងអំឡុងឆ្នាំ១៩៩០ ដោយនៅពេលនោះលោកស្រី បានឃើញការបំផ្លិចបំផ្លាញក្នុងសង្គមដែលបានបន្សល់ទុកដោយសង្គ្រាម និងរបបខ្មែរក្រហម។
លោកស្រី និងស្វាមីបានស្វែងរកឱកាសជាច្រើនឆ្នាំដើម្បីត្រឡប់ពីប្រទេសបារាំង មកប្រទេសកម្ពុជាវិញដើម្បីជួយកសាងប្រទេសឡើងវិញ។ ក្នុងអំឡុងពេលនៃការមកលេងរបស់អ្នកទាំងពីរ ពួកគេមានការខូចចិត្តយ៉ាងខ្លាំងដោយសារបានឃើញស្ថានភាពរបស់កុមារកម្ពុជា មិនថាកង្វះនូវការអប់រំសម្រាប់ក្មេងតាមចិញ្ចើមថ្នល់ ហើយសម្រាប់ក្មេងដែលបានចូលរៀនត្រូវប្រជ្រៀតគ្នានៅក្នុងបន្ទប់រៀនដែលគ្មានបរិក្ខារ និងសម្ភារ:គ្រប់គ្រាន់។
លោកស្រី មួយ បានប្រាប់ VOAថា៖
«មានក្មេងក្រីក្រ ហើយមានអាកប្បកិរិយាមិនសមរម្យច្រើនណាស់ដែលខ្ញុំបានជួប។ មួយចំនួនរៀនដល់ថ្នាក់ទី ៨ ហើយមិនទាំងចេះរាប់ ក ខ គ ឃ ត្រឹមត្រូវផង។ ឪពុកម្ដាយរបស់ពួកគេហាក់ដូចជាអស់សង្ឃឹមហើយ»។
លោកស្រីគិតថាការអប់រំនៅប្រទេសកម្ពុជានៅមានការខ្វះខាតច្រើន ហើយលោកស្រីចង់បង្កើតអោយមានការអប់រំដែលមានគុណភាព ដោយជឿថាកុមារទាំងអស់ត្រូវការបរិយាកាសសេរីនិងធនធានគ្រប់គ្រាន់ដើម្បីធ្វើឱ្យពួកគេចង់ដឹងចង់យល់។
ការអប់រំបានផ្លាស់ប្ដូរជីវិតខ្ញុំ
ប្ដីប្រពន្ធមួយគូនេះ បានគេចផុតពីសង្គ្រាម និងរបបខ្មែរក្រហមដោយសារពួកគេបានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យដើម្បីទៅសិក្សានៅប្រទេសបារាំងនៅដើមទសវត្ស១៩៧០។ លោកស្រី មួយ បានទៅរៀនបន្តថ្នាក់អនុបណ្ឌិតផ្នែកភាសាបារាំង។ ក្រោយពីបញ្ចប់ការសិក្សា លោកស្រី បានទៅបង្រៀនភាសាបារាំងនៅតាមប្រទេសផ្សេងៗ រីឯស្វាមីរបស់លោកស្រី ធ្វើការជាស្ថាបត្យករ។
សមាជិកគ្រួសារជាច្រើនរបស់ពួកគេ បានស្លាប់ក្នុងរបបខ្មែរក្រហម។
លោកស្រី មួយ បាននិយាយថា ការអប់រំបានជួយដល់លោកស្រី ដូច្នេះលោកស្រីចង់ផ្ដល់ការអប់រំដល់កុមារក្រីក្រវិញ។
នៅឆ្នាំ២០០៣ បន្ទាប់ពីសន្សំថវិកាបានសមល្មមគួបផ្សំនិងការរៀបចំផែនការអស់រយៈពេលជាច្រើនឆ្នាំនិងស្ថិរភាពនយោបាយនៅកម្ពុជា ពួកគេបានទិញផ្ទះមួយនៅកណ្ដាលទីក្រុងភ្នំពេញដើម្បីបង្កើតសាលាមត្តេយ្យ និងបឋមឥតគិតថ្លៃមួយសម្រាប់កុមារក្រីក្រ។ កម្មវិធីសិក្សាពេលនោះ មានរួមបញ្ចូលភាសាអង់គ្លេស បារាំង តន្ត្រី និងកីឡាផងដែរ។
លោកស្រីបានជួលផ្ទះដែលនៅជាប់ផ្ទះដែលលោកស្រីយកមកធ្វើសាលានោះដើម្បីពង្រីកទីធ្លាសាលារៀនអោយកាន់តែធំ។
បន្ទាប់ពីស្វាមីរបស់លោកស្រីបានស្លាប់នៅឆ្នាំ ២០០៩ លោកស្រី បានប្រែក្លាយផ្ទះដែលជាសាលានោះអោយទៅជាផ្ទះសំណាក់មួយដែលដាក់ឈ្មោះតាមស្វាមីលោកស្រីថា យូ ឃិន ដើម្បីទូទាត់ចំណាយលើសាលាដែលមិនរកប្រាក់ចំណេញនេះ។
ក្នុងឆ្នាំ ២០១៣ នៅពេលដែលថ្លៃឈ្នួលផ្ទះឡើងថ្លៃខ្លាំងនៅក្នុងរាជធានី លោកស្រីបានសម្រេចចិត្តផ្លាស់ប្ដូរទីតាំងសាលាទៅដីមួយកន្លែងដែលលោកស្រីបានទិញទុកនៅទល់មុខទន្លេបាទី ដើម្បីបង្កើតមណ្ឌលកុមារសេអាមេត្រីដែលស្ថិតក្នុងសង្កាត់ព្រែករកា ចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រខាងត្បូងរាជធានីភ្នំពេញ។
លោកស្រី មួយ បានពន្យល់ថាបច្ចុប្បន្ននេះកុមារក្រីក្រប្រមាណ ១៨៨នាក់មកពីឃុំផ្សេងៗនៅក្នុងតំបន់ បានចូលរៀននៅសាលានេះ ហើយប្រហែលពាក់កណ្ដាលនៃសិស្សទាំងអស់ដែលមានជីវភាពគ្រាន់បើ ស្ម័គ្រចិត្តបង់ប្រាក់ប្រចាំខែប្រហែល ៣០ ដុល្លារ ដើម្បីចូលរួមផ្គត់ផ្គង់សាលា។
ការរៃអង្គាសប្រាក់ដ៏ជោគជ័យ
ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយ ប្រតិបត្តិការរបស់សាលាក៏ចេះតែរីកធំឡើងៗ ខណៈដែលលោកស្រីប្រើប្រាស់ប្រាក់ចំណូលពីផ្ទះសំណាក់របស់លោកស្រី ការបរិច្ចាគពីសប្បុរសជន និងភ្ញៀវ ក៏ដូចជាថវិកាដែលលោកស្រីរៃអង្គាសពីវេទិការៃអង្គាសតាមបណ្ដាញអ៊ីនធឺណិតហៅថា Indiegogo Crowdfunding។
«ខ្ញុំមិនសូវចេះប្រើបច្ចេកវិទ្យាទេ ប៉ុន្តែខ្ញុំចេះធ្វើៗទៅ រហូតទាល់តែយើងរៃអង្គាសបាន ២ម៉ឺនដុល្លារ។ ខ្ញុំរំភើបខ្លាំងណាស់»។ នេះគឺជាចំនួនទឹកប្រាក់ដែលលោកស្រី រៃអង្គាសបានពីការសាកល្បងលើកដំបូង។ លោកស្រីបានបន្ថែមថាជាសរុបលោកស្រីរៃអង្គាសបានច្រើនជាង ៦០.០០០ ដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំបន្តបន្ទាប់ចុងក្រោយនេះ។
បច្ចុប្បន្នមណ្ឌលនេះ មានគ្រូចំនួន ១៩ នាក់រួមទាំងអ្នកស្ម័គ្រចិត្តបរទេសមួយចំនួនផងដែរ។ មណ្ឌលនេះមានបន្ទប់រៀនចំនួន ១៤ ដែលរួមមាន បណ្ណាល័យ បន្ទប់កុំព្យូទ័រ និងកន្លែងដាក់តាំងបង្ហាញសិល្បៈស្នាដៃស្វាមីលោកស្រី ព្រមទាំងអាងហែលទឹកបី ទីធ្លាបាល់ទាត់ និងកន្លែងដែលមានសម្ភារ:លេងកីឡា និងសកម្មភាពផ្សេងៗផងដែរ។
មណ្ឌលនេះ ក៏ស្វាគមន៍ភ្ញៀវទេសចរដែលភាគច្រើនជាអ្នករស់នៅទីក្រុងដែលមានបំណងចង់គេចពីភាពវឹកវរនិងភាពអ៊ូអរនៃទីក្រុងភ្នំពេញផងដែរ។ ពួកគេអាចបន្ធូរអារម្មណ៍នៅលើច្រាំងបឹងដែលមានកន្លែងអង្គុយជាកញ្ចុះដោយគ្រាន់តែបង់ថ្លៃបន្តិចបន្តួចដែលត្រូវបានប្រើប្រាស់ក្នុងការទ្រទ្រង់ដល់ការអប់រំរបស់កុមារដែលរៀននៅមណ្ឌល។
ជម្រើសល្អប្រសើរក្នុងការសិក្សារបស់កុមារ
រាត្រីដែលជាគ្រូម្នាក់ដែលបង្រៀននៅសាលានេះ ហើយធ្លាប់បានទទួលការអប់រំនៅសាលាសេអាមេត្រីតាំងពីពេលដែលសាលានេះស្ថិតនៅរាជធានីភ្នំពេញ។ លោកបាននិយាយថា៖ «វាបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ»។
រាត្រីគិតថា ការអប់រំតាមបែបម៉ុនតេសសូរី ដែលមានសកម្មភាពក្រៅកម្មវិធីសិក្សា និងការរស់នៅផ្ទាល់ជាប់នឹងបរិស្ថានផ្ដល់នូវបរិយាកាសល្អសម្រាប់ការអភិវឌ្ឍរបស់កុមារ។
«ខ្ញុំគិតថាវាប្រសើរជាងនេះពីព្រោះក្មេងអាចសិក្សាបានប្រសើរ។ យើងមានពេលវេលាលេងកីឡា និងពេលវេលាសិក្សា។ ដូច្នេះក្មេងៗ មិនសូវធុញនឹងមករៀនឡើយ។ នៅសាលារដ្ឋយើងមានពេលសម្រាកតែ១៥នាទីប៉ុណ្ណោះ»។
លោកបានបន្ថែមថាកុមារនៅសេអាមេត្រី ត្រូវបានលើកទឹកចិត្តឱ្យរៀនទាំងក្នុងនិងក្រៅថ្នាក់រៀន។
«នៅទីនេះ យើងត្រូវបានបង្រៀនពីភាពខុសគ្នានៃវប្បធម៌និងវិន័យ។ យើងរៀនពីគ្នាទៅវិញទៅមកជាមួយធម្មជាតិហើយបង្កើតឱ្យមានសេចក្ដីស្រឡាញ់ដល់បរិស្ថាន»។
លោក ឈឹម ម៉ន អាយុ៦៤ឆ្នាំ ដែលជាមេឃុំព្រែករកា បាននិយាយថាប្រជាពលរដ្ឋក្នុងឃុំរបស់លោកពិតជារីករាយណាស់ដែលសាលាតាំងទីនៅទីនេះដោយបន្ថែមថាចៅរបស់លោក៣ នាក់ ក៏បានចុះឈ្មោះចូលរៀននៅសាលានេះផងដែរ។
លោកបាននិយាយថា៖
«សាលាបង្កើតបរិយាកាសទាក់ទាញសម្រាប់កុមារក្នុងការរៀនសូត្រហើយពួកគេជួលគ្រូចំណានៗដើម្បីបង្រៀនក្មេងៗ» ។
ប្រជាជនកម្ពុជាក៏អាចធ្វើបានដែរ
ទន្ទឹមនឹងនេះលោកស្រី មួយ នៅតែមានមហិច្ឆតា ហើយគ្រោងនឹងទាក់ទាញភ្ញៀវទេសចរដែលបង់ថ្លៃសេវាបន្ថែមទៀតដើម្បីពង្រីកថ្នាក់អោយលើសពីថ្នាក់ទី៦ និងបង្កើតអនុវិទ្យាល័យបន្ថែមទៀត។
លោកស្រីបាននិយាយថា៖
«នៅពេលដែលយើងកែលម្អមជ្ឈមណ្ឌលកម្សាន្តរបស់យើងពេញលេញ យើងនឹងចាប់ផ្ដើមផ្សព្វផ្សាយមជ្ឈមណ្ឌលនេះដល់ប្រជាជននិងប្រើប្រាស់ប្រាក់ចំណូលដើម្បីពង្រីកថ្នាក់របស់យើងដល់ថ្នាក់ទី១២»។
លោកស្រីបន្ថែមថាខណៈដែលអ្វីៗបានប្រសើរឡើងនៅក្នុងប្រទេសកម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ វានៅតែមានតម្រូវការសម្រាប់ប្រជាជនកម្ពុជាក្នុងការបង្កើតប្រព័ន្ធអប់រំដែលប្រកបដោយគុណភាពដែលរៀបចំឡើងដោយប្រជាជនកម្ពុជាខ្លួនឯង។
«គោលដៅធំរបស់ខ្ញុំគឺបង្ហាញដល់ប្រជាជនជាពិសេសជនបរទេសថាប្រជាជនកម្ពុជាក៏អាចធ្វើបានដែរ។នៅពេលពួកគេមកដល់ប្រទេសកម្ពុជាពួកគេអាចមើលឃើញសាលារៀនល្អដូចជាសាលារៀនដែលពួកគេមានក្នុងប្រទេសកំណើតរបស់ពួកគេ មិនមែនមានត្រឹមតែថ្នាក់រៀន ហើយគ្មានអ្វីផ្សេងទៀតនោះទេ»៕