តុលាការសហរដ្ឋអាមេរិក នឹងបើកសវនាការលើសំណើសុំវីដេអូស្តីពីការសម្លាប់លោកបណ្ឌិត កែម ឡី នៅចុងខែឧសភា ក្នុងខណៈពេលដែលមេធាវីក្រុមហ៊ុន Chevron ប្រកាសថាខ្លួនមិនមានវីដេអូនោះទេ ហើយសុំឱ្យតុលាការបញ្ចប់សំណុំរឿងនេះ។
លោកស្រីចៅក្រម Donna Ryu បានកំណត់យកថ្ងៃទី២៥ ខែឧសភាដើម្បីធ្វើសវនាការសម្រេចថា តើត្រូវបង្ខំឱ្យក្រុមហ៊ុនប្រេងអាមេរិកាំងនេះផ្តល់ឯកសារ ឬ បិទបញ្ចប់សំណុំរឿងនេះ។ នេះបើយោងតាមឯកសារដែល VOA ទទួលបានពីគេហទំព័ររបស់តុលាការ។
ក្នុងការសម្រេចលើកមុនលោកស្រីបានទុកពេលឱ្យក្រុមហ៊ុន Chevron និងមេធាវីតំណាងឱ្យលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិជួបពិភាក្សាត្រឹមថ្ងៃទី៣១ខែមិនាថា នឹងប្រគល់វីដេអូ ឬ មិនព្រម។
ក្រុមមេធាវីរបស់ក្រុមហ៊ុនបានបញ្ជាក់ប្រាប់តុលាការថា ការជួបជុំជាមួយនឹងមេធាវីរបស់លោក សម រង្ស៊ី គឺបានជាប់គាំងដោយសារក្រុមហ៊ុន Chevron នៅតែរក្សាជំហរថា «វីដេអូដែលស្នើសុំនោះ ត្រូវបានអាជ្ញាធរកម្ពុជាចាប់យកតាំងពីថ្ងៃទី១០ខែកក្កដាហើយក្រុមហ៊ុនមិននៅសល់អ្វីទៀតទេ»។ ប៉ុន្តែក្រុមមេធាវីលោក សម រង្ស៊ីបានសួរសំណួរបន្ថែមពាក់ព័ន្ធនឹងការចាប់យកវីដេអូដោយអាជ្ញាធរកម្ពុជា និងបញ្ហាដទៃទៀត។ នេះបើតាមឯកសារដែលក្រុមមេធាវីដាក់ជូនតុលាការ។
ភាគីមេធាវីលោកសមរង្ស៊ីតំណាងដោយអ្នកស្រី Eva Schueller និងលោក J. Noah Hagey បានជួបគ្នាជាមួយនឹងភាគីក្រុមហ៊ុនដែលតំណាងដោយអ្នកស្រី Andrea Neuman និងលោក William Thomson ជាបន្តបន្ទាប់តាំងពីខែមករារហូតដល់ខែមីនា។
អ្នកស្រី Andrea Neuman បានបញ្ជាក់ថា៖
«ជាផ្នែកមួយនៃដំណើរការជួបជុំនេះយើងបានព្រាងសេចក្តី ប្រកាសមួយដែលរៀបរាប់លម្អិតពីអ្វីដែលមេធាវីដើមបណ្តឹងស្នើសុំឱ្យពួកគេពិនិត្យពិចារណា។ ប៉ុន្តែគេមិនបានពិនិត្យកែឬធ្វើអត្ថាធិប្បាយអ្វីទេ។ ដូច្នេះការចរចារវាងភាគីទាំងពីរបានដើរមកដល់ផ្លូវទាល់ច្រក»។
អ្នកស្រី Andrea Neuman បានប្រាប់តុលាការថាក្រុមមេធាវីក្រុមហ៊ុន Chevron បានសាកសួរថាតើមេធាវីរបស់លោកសមរង្ស៊ីបានព្យាយាមសុំឯកសារវីដេអូពីប្រទេសកម្ពុជាទេហើយថាខ្លួនមិនទទួលបានចម្លើយពិតប្រាកដទេ។
VOA នៅមិនទាន់អាចទាក់ទងខាងមេធាវីលោកសមរង្ស៊ីដើម្បីសុំអត្ថាធិប្បាយបន្ថែមទេ។ ប៉ុន្តែយោងតាមឯកសារដែលវីអូអេទទួលបានគឺអាជ្ញាធរកម្ពុជាបានហាមមិនឱ្យចម្លងចែកផ្សាយវីដេអូនោះទេ។
នៅក្នុងកំណត់ហេតុចាប់យកវត្ថុតាងធ្វើដោយអធិការប៉ូលិសខណ្ឌចំការមនបានបញ្ជាក់ប្រាប់អ្នកគ្រប់គ្រងស្ថានីយ៍ប្រេងកាល់តិចបូកគោឱ្យសន្យាថា «មិនថតចម្លងនិងមិនផ្សព្វផ្សាយរូបភាពទៅខាងក្រៅ»ទេ។ កំណត់ហេតុដែលធ្វើដោយលោកអនុសេនីយ៍ត្រីសាល សណ្តុះ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ក្នុងរយៈពេលតែប៉ុន្មានម៉ោងក្រោយពីការធ្វើឃាតកើតមានឡើងត្រូវបានផ្តិតមេដៃទទួលយល់ព្រមដោយលោកទុំ វីរៈ អ្នកគ្រប់គ្រងស្ថានីយ៍ប្រេងកាល់តិចបូកគោ។ នេះបើតាមឯកសារដែលវីអូអេទទួលបាន។
នៅក្នុងអំណះអំណាងរបស់ខ្លួនក្នុងការស្នើសុំឱ្យតុលាការបញ្ចប់សំណុំរឿងនេះ ក្រុមមេធាវីបានផ្តល់អត្ថបទសារព័ត៌មានស្តីពីសវនាការបុរសឈ្មោះអឿតអាង ហៅជួបសម្លាប់ និងសវនាការកាត់ទោសលោកសមរង្ស៊ីដែលមានចុះផ្សាយនៅក្នុងកាសែតក្នុងប្រទេសកម្ពុជានិងក្រៅប្រទេសមួយចំនួនក្នុងនោះមានដូចជាអត្ថបទរបស់សារព័ត៌មាន The Cambodia Daily, Phnom Penh Post និង BBC ជាដើម។
លោក William Thomson មេធាវីរបស់ក្រុមហ៊ុន Chevron បានបញ្ជាក់ក្នុងសេចក្តីថ្លែងប្រាប់តុលាការថាអត្ថបទសារព័ត៌មានដែលក្រុមមេធាវីផ្តល់ជូនតុលាការនេះគឺបញ្ជាក់ថាវីដេអូដែលបានដកហូតពីស្ថានីយ៍ប្រេងកាល់តិចនោះគឺត្រូវបានយកមកចាក់ផ្សាយនៅក្នុងពេលសវនាការរួចហើយ។
យ៉ាងណាក៏ដោយលោកមេធាវីបានបន្ថែមថា៖
«ខាងភាគីចុងចម្លើយមិនស្នើសុំឱ្យតុលាការចាត់ទុកថាអត្ថបទផ្សាយក្នុងសារព័ត៌មានពិតឬមិនពិតទេគឺគ្រាន់តែចង់ឱ្យតុលាការកត់សម្គាល់ពីអត្ថបទដែលបានចុះផ្សាយដែលជួយដល់ការផ្សាយឱ្យដឹងជាសាធារណៈពីហេតុការណ៍លម្អិតដែលមាននៅក្នុងពាក្យស្នើសុំ»។
លោកហ្វ្រែង សូឡឺ មន្ត្រីទំនាក់ទំនងជាន់ខ្ពស់នៃក្រុមហ៊ុន Chevron បានបញ្ជាក់ក្នុងសេចក្តី ថ្លែងការណ៍ប្រាប់តុលាការថាក្រុមហ៊ុនប្រេងនៅសហរដ្ឋអាមេរិកមានឥទ្ធិពលតិចតួចមកលើក្រុមហ៊ុន Chevron Cambodia ដែលនៅស្រុកខ្មែរ។
លោកបានបញ្ជាក់ថា៖
«ក្រុមហ៊ុនChevron នៅប្រទេសកម្ពុជាគឺជានីតិបុគ្គលដោយឡែកគ្នាពីក្រុមហ៊ុនសាជីវកម្ម Chevron ដោយមានការគ្រប់គ្រង ការត្រួតពិនិត្យមើល និងរចនាសម្ព័ន្ធបុគ្គលិកផ្ទាល់ខ្លួនរបស់គេ។ ក្រុមហ៊ុន Chevron មិនមានទ្រព្យធនឬភាគហ៊ុនរបស់ក្រុមហ៊ុន Chevron Cambodia ទេ»។
លោកបណ្ឌិតកែមឡីអ្នកវិភាគនយោបាយដ៏ល្បីឈ្មោះត្រូវឃាតករបាញ់សម្លាប់ក្នុងស្តាម៉ាតរបស់ស្ថានីយ៍ប្រេងកាលតិចបូកគោ។ តុលាការបានកាត់ទោសបុរសអឿតអាងហៅជួបសម្លាប់ដែលអះអាងថាខ្លួនសម្លាប់លោកកែមឡីដោយសារជំពាក់ប្រាក់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ តុលាការនេះក៏បានកាត់ទោសលោកសមរង្ស៊ីឱ្យជាប់គុក២០ខែពីបទបរិហាកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនដោយលោកបាននិយាយថារដ្ឋាភិបាលនៅពីក្រោយការបាញ់សម្លាប់នោះ៕