ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដល់​ពេល​ដែល​ត្រូវ​ផ្លាស់ប្តូរ​ សម្រាប់​ការ​ដាក់​សម្ពាធ​ដ៍​យូរ​អង្វែង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ម៉ាឡេស៊ី


កាសែត Malaysiakini មាន​ជញ្ជាំង​ «Press Freedom Wall» ដែល​បង្ហាញ​ពី​កាសែត​ដែល​ត្រូវ​បាន​បិទ​ឬ​ផ្អាក​ដោយ​រដ្ឋាភិបាល។
កាសែត Malaysiakini មាន​ជញ្ជាំង​ «Press Freedom Wall» ដែល​បង្ហាញ​ពី​កាសែត​ដែល​ត្រូវ​បាន​បិទ​ឬ​ផ្អាក​ដោយ​រដ្ឋាភិបាល។

នៅ​ឯ​ការិយាល័យ​សារព័ត៌មាន ​Malaysiakini​ មាន​ការសាទរ​ទៅ​នឹង​អ្វី​ដែល​អាច​ជា​របត់​ថ្មី​ សម្រាប់​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

ការ​បោះឆ្នោត​នៅ​ម៉ាឡេស៊ី ដែល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ កាល​ពី​ខែ​ឧសភា​ មិន​ត្រឹម​តែ​បង្កើត​សម្ព័ន្ធគ្រប់គ្រង​ដ៏​ថ្មី​មួយ​ទេ​ ប៉ុន្តែ​វា​ក៏​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជាខ្លាំង​សម្រាប់​វិស័យ​សារព័ត៌មាន​ ដែល​មួយ​ផ្នែក​ធំ​ត្រូវ​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​មុន។

លោក Steven Ganជា​និពន្ធ​នាយក​នៃ​សារព័ត៌មានMalaysiakini ថ្លែង​ថា៖

«ខ្ញុំ​មាន​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង​ថា​ នឹង​មាន​ការ​ប្រែប្រួល​ ប៉ុន្តែ​និយាយ​ទៅ​វា​ដូចជា​ឆាប់​រហ័ស​ពេក។ យើង​នៅ​មិន​ទាន់​អាច​ដឹង​ទេ»។

វា​ឆាប់​រហ័ស​ពេក​ក្នុង​ការ​ប្រាប់​អំពី​ការ​ផ្លាស់​ប្តូរ​ ដែល​ទើប​តែ​កើត​មាន​ឡើង​ក្រោយ​ពី​ការ​បោះឆ្នោត​នៅ​ក្នុង​ខែ​ឧសភា​ ដែល​នេះ​ជា​ជ័យជំនះ​ដំបូង​របស់​គណបក្ស​ប្រឆាំង​ តាំង​ពី​ប្រទេស​ម៉ាឡេស៊ី​ ទទួល​បាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​កាល​ពី​ជាង​៦០​ឆ្នាំ​កន្លង​ទៅ។

អស់​រយៈ​កាល​ជា​ច្រើន​ទសវត្សរ៍​មក​នេះ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​របស់​ប្រទេស​នេះ​ មួយ​ផ្នែក​ធំ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល។ គណបក្ស​នយោបាយ​ និង​ក្រុមហ៊ុន​ជំនួញ​ជា​ច្រើន​ ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ​និង​រដ្ឋាភិបាល​ គឺ​ជា​ម្ចាស់​នៃ​ស្ថាប័ន​សារព័ត៌មាន​ធំៗ។

រដ្ឋាភិបាល​ ធ្វើ​ឲ្យ​សា្ថប័ន​សារព័ត៌មាន​ឯករាជ្យ​ជា​ច្រើន​ ដូចជា​ Malaysiakini​ ដែល​មិន​បាន​និយាយ​តាម​គោលការណ៍​រដ្ឋាភិបាល​មាន​ការពិបាក​ចុះ​បញ្ជី​ត្រឹមត្រូវ​ដើម្បី​ទទួល​បាន​នូវ​អាជ្ញាប័ណ្ណ​ដើម្បី​ផ្សាយ​ និង​បោះពុម្ភ​ទស្សនាវដី្ត​ ក៏​ដូចជា​កាសែត។

អ្នកស្រី Gayathery Venkiteswaran នៃ​សាកល​វិទ្យាល័យ Nottingham Malaysia ថ្លែង​ថា៖

«វា​គឺ​ជា​ការត្រួតត្រា​លើ​វិស័យ​សារព័ត៌មាន​យ៉ាង​ជាក់​ស្តែង​ ពីព្រោះ​រដ្ឋាភិបាល​អាច​និយាយ​ទៅ​កាន់​ស្ថាប័ន​សារព័ត៌មាន​បោះពុម្ភ និង​ផ្សព្វផ្សាយ​ថា​ អ្នក​មិន​អាច​ផ្សាយ​ពី​រឿង​នេះ​បាន​ទេ»។

ជា​ឧទាហរណ៍​ដ៏​សំខាន់​មួយ​គឺ បទចោទ​ប្រកាន់​ប្រឆាំង​ទៅ​នឹង​លោក​នាយក​រដ្ឋមន្រ្តី​ Najib Razak​ លើ​ករណី​អំពើរ​ពុក​រលួយ​ដ៏​សម្បើម​ ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ការ​បោះឆ្នោត​កន្លង​ទៅ។ ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ធំៗ​ ជា​ញឹកញយ​តែង​តែ​មិន​ផ្សាយ​ ឬ​ក៏​ផ្សាយ​មិន​គ្រប់​ជ្រុង​ជ្រោយ​ពី​ករណី​នេះ។

បញ្ហា​នេះ​បាន​ជម្រុញ​ឲ្យ​អ្នក​បោះឆ្នោត​ជា​ច្រើន​ ដូចជា​លោក​ Kevin Khor​ ងាក​ទៅ​រក​ប្រភព​ព័ត៌មាន​ផ្សេង​ទៀត​ ដូចជា​ Malaysiakini។

លោក​ Kevin Khor ថ្លែង​ថា៖

«ប្រជាពលរដ្ឋ​ជា​ទូទៅ​ មិន​ជឿជាក់​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​ទេ​ នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ ហើយ​ប្រជាពលរដ្ឋ​ស្វែង​រក​ប្រភព​ព័ត៌មាន​ដ៏ទៃ​ទៀត នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណេត​ ដើម្បី​ស្វែង​រក​ការរាយការណ៍​ព័ត៌មាន​ដែល​មាន​ភាព​ប្រសើរ​ជាង​ និង​មិន​លំអៀង»។

យុទ្ធនាការ​របស់​គណបក្ស​កាន់​អំណាច​ថ្មី​នេះ បាន​សន្យា​ថា​ នឹង​បញ្ចូល​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ប៉ុន្តែ​វា​មិន​ប្រាកដ​ទេ​ថា​ ពួកគេ​នឹង​នៅ​តែ​បន្ត​ធ្វើ​វា។

លោក​នាយក​រដ្ឋមន្រ្តី​ Mahathir Mohamad​ បាន​កាន់​ដំណែង​ម្តង​រួច​ទៅ​ហើយ​ពី​ឆ្នាំ​ ១៩៨១​ រហូត​ដល់​ឆ្នាំ​២០០៣​ ដែល​ជា​អំឡុង​ពេល​ដែល​លោក​មិន​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ស្ថាប័ន​សារព័ត៌មាន​ឡើយ។

សារព័ត៌មាន Malaysiakini​ មាន «​បញ្ជី​មួយ​ឈ្មោះ​ជញ្ជាំង​សេរីភាព​សារព័ត៌មាន​» ដែល​បាន​បង្ហាញ​អំពី​ស្ថាប័ន​សារព័ត៌មាន​ត្រូវ​បាន​បិទ​ ឬ​ក៏​ផ្អាក​មិន​ឲ្យ​ដំណើរ​ការ​ ដោយ​រួម​មាន​ស្ថាប័ន​មួយ​ចំនួន​ ក្នុង​អំឡុង​ពេល​ដែល​លោក​ Mohathir​ កាន់​ដំណែង​ជា​នាយក​រដ្ឋមន្រ្តី​ជា​លើក​ដំបូង​ផងដែរ។

លោក Steven Ganជា​និពន្ធ​នាយក​នៃ​សារព័ត៌មានMalaysiakini ថ្លែង​បន្ថែម​ទៀត​ថា៖

«ទង្វើ​នេះ ទំនង​ជា​ផ្ទុយ​ពី​ការ​សន្យា​របស់​លោក​ Mohathir។ អ្នក​ដឹង​ហើយ​ថា​ ធាតុ​ពិត​នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​កាន់​ដំណែង​ដំបូង​ជា​នាយក​រដ្ឋមន្រ្តី​ លោក​មិន​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អ្នក​ដែល​ចូលចិត្ត​ស្ថាប័ន​សារព័ត៌មាន​នោះ​ទេ​ ហើយ​លោក គឺជា​សត្រូវ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន នៅពេល​នោះ។ បន្ថែម​ពី​នេះ​ទៅ​ទៀត​ ធាតុ​ពិត លោក​បាន​ឈ្នះ​ក្នុង​ការ​ឆ្នោត​នេះ​ ដើម្បី​ក្លាយ​ទៅ​ជា​នាយក​រដ្ឋមន្រ្តី​ជា​ថ្មី​ម្តង​ទៀត​ គឺ​លោក​បាន​ឈ្នះ​ដោយសារ​តែ​សេរីភាព​សារព័ត៌មាន​ និង​សារព័ត៌មាន​ឯករាជ្យ»។

ស្ថាប័ន​សារព័ត៌មាន​ Malaysiakini​ បាន​សន្យា​ថា​ ខ្លួន​នឹង​ធ្វើ​ការ​យ៉ាង​ច្បាស់លាស់​ ទៅ​លើ​របប​ថ្មី​នេះ​ ដូច​ដែល​ខ្លួន​បាន​ធ្វើ​កន្លង​មក​ក្នុង​របប​ចាស់​ ប៉ុន្តែ​បរិយាកាស​ណាមួយ​ដែល​ស្ថាប័ន​ព័ត៌មាន​ នឹង​ត្រូវ​ជួប​ប្រទះ​នៅ​ក្នុង​ប្រទេស​នេះ​ គឺ​ជា​រឿង​មួយ​ដែល​មិន​អាច​សរសេរ​បាន​នៅ​ឡើយ​ទេ៕

ប្រែសម្រួលដោយ យូ សុធារី

XS
SM
MD
LG