កំណត់និពន្ធ៖ អ្នកឯកទេសមើលឃើញថាការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៃប្រទេសកម្ពុជាបានកើនឡើងថេរក្នុងកម្រិតជាង៧ភាគរយក្នុងមួយឆ្នាំនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែគម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែធំឡើងៗដោយសារតែការបែងចែកផលដែលបានមកពី ការអភិវឌ្ឍនេះមិនបានស្មើគ្នា។ ទន្ទឹមគ្នានេះដែរបើសិនមានការគ្រប់គ្រងប្រាក់កម្ចីមកពីបរទេសឱ្យបានត្រឹមត្រូវវារឹតតែមានប្រសិទ្ធភាពថែមទៀតក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច។
ពីរដ្ឋធានីវ៉ាស៊ីនតោនលោក ម៉ែន គឹមសេង នៃ VOAបានសម្ភាសលោក ចាន់ សុផលនាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយអំពីការរីកចម្រើននេះ៖
VOA៖បាទ សូមជម្រាបសួរលោក ចាន់ សុផល។
លោក សុផល៖ បាទ សូមជម្រាបសួរលោក គឹមសេង។
VOA៖ តើលោកអាចបញ្ជាក់បានទេ និន្នាការនៃការអភិវឌ្ឍសេដ្ឋកិច្ចហ្នឹងមានការវិវត្តន៍យ៉ាងម៉េចដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ?
លោក សុផល៖ បាទ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍសេដ្ឋកិច្ចនៅប្រទេសកម្ពុជាយើងមានដំណើរការបានល្អ គឺមានកំណើនលើសពី៧ភាគរយក្នុងមួយឆ្នាំដែលគេចាត់ទុកថាជាកំណើនមួយខ្ពស់ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ស្រដៀងប្រទេសកម្ពុជាយើង ហើយបើតាមការព្យាករណ៍ដោយសា្ថប័នធំៗ គឺមានធនាគារពិភពលោក មាន IMF មានធនាគារអភិវឌ្ឍន៍អាស៊ី ឃើញថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនបន្តពីរបីឆ្នាំទៅមុខទៀតក្នុងអត្រាលើសពី៧ភាគរយក្នុងមួយឆ្នាំដែលជាការមួយគួរឲ្យចាប់អារម្មណ៍ដែរ។ ជាកំណើនមួយខ្ពស់។
VOA៖ បាទ! លោកអាចបញ្ជាក់បានទេថាមានកត្តាអ្វីខ្លះដែលជួយជំរុញឲ្យមានកំណើនសេដ្ឋកិច្ចខ្ពស់បែបនេះ នោះបាទ?
លោក សុផល៖ បាទ កត្តាធំៗចម្បងចំនួន៤នៅតែមានសារៈសំខាន់ដដែល។ ទីមួយ គឺការនាំចេញសម្លៀកបំពាក់ក្នុងវិស័យកាត់ដេរ។ ទី២ កត្តាការសាងសង់អគារ ផ្ទះសម្បែងផ្សេងៗ គេហៅថាវិស័យសំណង់ នៅក្នុង គេចាត់ទុកថានៅក្នុងឧស្សាហកម្មដែរនៅក្នុងប្រទេសកម្ពុជាយើង។ ទី៣ គឺវិស័យទេសចរណ៍។ យើងទទួលបានភ្ញៀវកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ គឺមានជាង៤លាននាក់ហើយក្នុងឆ្នាំ២០១៤ទៅនេះ បាទ។ ហើយ ទី៤ គឺវិស័យកសិកម្មដែលមានកំណើនដែរ តែមិនខ្ពស់ពេកទេ ហើយវិស័យនេះក៏នឹងបន្តកើនឡើងនៅពេលដែលមានដំណាំដូចជាកៅស៊ូ ម្រេច ស្រែ និងចម្ការផ្សេងៗរួមទាំងការចិញ្ចឹមសត្វនឹងកើនឡើងប្រហែលជា៤ទៅ៥ភាគរយក្នុងមួយឆ្នាំ។
VOA៖ បាទ! យើងឃើញថាមានការរីកចម្រើនសេដ្ឋកិច្ចហ្នឹងខ្ពស់ គឺ៧ភាគរយ តែដោយឡែកការបែងចែកផលដែលបានមកពីការរីកលូតលាស់សេដ្ឋកិច្ចហ្នឹងទៅដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាហ្នឹងគឺរបាយហ្នឹងយ៉ាងម៉េចដែរ បាទ?
លោក សុផល៖ បាទ! បើយើងនិយាយអំពីរបាយនៃភោគផលនៃការអភិវឌ្ឍសេដ្ឋកិច្ចគឺយើងអាចសន្និដ្ឋានបានថាមិនស្មើគ្នាទេ។ ហើយជាទូទៅ វាជារឿងធម្មតានៅពេលសេដ្ឋកិច្ចមួយកំពុងតែអភិវឌ្ឍពីដំណាក់កាលដំបូង គឺអ្នកដែលមាន មាន ... ចេះតែមានទៅៗ អ្នកដែលខ្សត់ខ្សោយមួយចំនួនអាចថានៅក្រដដែល ឬក៏កើនឡើងបន្តិចបន្តួច អាចមានការអង្កេតថ្នាក់ជាតិទៅលើគេហៅថាគម្លាតអំពីការចំណាយ គេមិនអាចវាស់បានទេអំពីចំណូល ប៉ុន្តែអំពីការចំណាយ ឬក៏ការបរិភោគ យើងឃើញថា មិនសូវមានភាពខុសគ្នាខ្លាំងទេ បើផ្អែកទៅលើការអង្កេតក្នុងឆ្នាំមុនៗដែលការអង្កេតចុងក្រោយធំមួយក្នុងឆ្នាំ២០០៩។ ក៏ប៉ុន្តែ ប្រសិនជាយើងគិតអំពីចំណូល ឬក៏ទ្រព្យសម្បត្តិដែលគេឃើញជាក់ស្តែងដូចជាការកាន់កាប់ផ្ទះសម្បែង ការមានយានយន្ត យានជំនិះប្រើបា្រស់ជាដើមនោះ យើងឃើញថាគម្លាតខុសគ្នានៅក្នុងសង្គមយើងកាន់តែកើនឡើង។
VOA៖ បាទ! ឃើញថាអ្វីដែលលោកបានលើកឡើងអម្បាញ់មិញនេះគឺមានដូចថាវិស័យទេសចរណ៍ ឬក៏កសិកម្មហ្នឹង របៀបជា នៅក្នុងប្រទេសកម្ពុជា ដូច្នេះ ឃើញថានិន្នាការនៃការពឹងផ្អែកទៅការនាំចេញតែមួយមុខហ្នឹងគឺមាន ដូចថាការប្រែប្រួលចរន្តខ្លះ។ ដូច្នេះ តើដើម្បីជួយឲ្យមាន ដូចថាការអភិវឌ្ឍសេដ្ឋកិច្ចហ្នឹងវាជានិរន្តតទៅមុខទៀតអញ្ចឹង តើប្រទេសកម្ពុជានោះគួរធ្វើពិពិធកម្មទៅលើផ្នែកយ៉ាងណាខ្លះទៀតដែរ បាទ?
លោក សុផល៖ បាទ មានការផ្តល់អនុសាសន៍ដោយធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជាដៃគូអភិវឌ្ឍន៍ផ្សេងៗ ហើយក៏មានការទទួលស្គាល់នៅក្នុង រាជរដ្ឋាភិបាលកម្ពុជាដែរថាប្រទេសកម្ពុជាយើងនៅមានសក្តានុពលដើម្បីបង្កើនការអភិវឌ្ឍនៅអនុវិស័យផ្សេងៗលើសពី៤វិស័យធំៗដែលខ្ញុំបាទបានរៀបរាប់អម្បាញ់មិញ បាទ។ គឺ ឧទាហរណ៍ថានៅក្នុងវិស័យឧស្សាហកម្មអញ្ចឹង យើងនៅមានសក្តានុពលក្នុងការបង្កើនការកែច្នៃ ទំនិញ ឬក៏ផលិតផលកសិកម្ម ហើយអាចថាយើងមានឧស្សាហកម្មផ្សេងៗទៀត ក្រៅពីកាត់ដេរសម្លៀកបំពាក់នេះដែលកំពុងតែកើតមានដោយសារការវិនិយោគពីប្រទេសជប៉ុន ដូចជាការរៀបចំបង្កើតគ្រឿងអេឡិកត្រូនិកតូចតាច គ្រឿងយានយន្តផ្សេងៗ គ្រឿងផ្លាស្ទិកជាដើម បាទ។ ហើយ ចំពោះវិស័យទេសចរណ៍វិញក៏មានសក្តានុពលដែរក្នុងការបង្កើនតំបន់អភិវឌ្ឍន៍ទេសចរណ៍ក្រៅតែពីទីក្រុងសៀមរាបហើយនឹងតំបន់ឆ្នេរខ្លះ បាទ ប្រទេសកម្ពុជានៅមានទីតាំងផ្សេងៗទៀតដែលអាចអភិវឌ្ឍបាន ហើយវិស័យកសិកម្មក៏ឃើញថាយើងនៅមានសក្តានុពលបង្កើតទៅជាការចិញ្ចឹមត្រី ការដាំបន្លែឲ្យបានច្រើនដើម្បីជំនួសការនាំចូល បន្លែពីប្រទេសវៀតណាម និងពីប្រទេសថៃ ប៉ុន្តែការពិតទៅដំណាក់កាលដំបូងអញ្ចឹងតែងតែមានបញ្ហាក្នុងការអភិវឌ្ឍឲ្យបានគ្រប់ផ្នែក គ្រប់វិស័យច្រើននោះ ដោយសារតែយើងមានតម្លៃអគ្គិសនីខ្ពស់កន្លងមក ខ្ពស់ជាងប្រទេសជិតខាងពីពីរទៅបីដង ដែលជាឧបសគ្គមួយចម្បងក្នុងការប្រើប្រាស់គ្រឿងចក្រ ប្រើប្រាស់ឧស្សាហកម្ម សហគ្រាសផ្សេងៗដែលត្រូវការអគ្គិសនី ហើយសង្ឃឹមថាទៅអនាគតរាជរដ្ឋាភិបាលនឹងបញ្ចុះតម្លៃអគ្គិសនីដែលយើងបានមកពីការសាងសង់វារីអគ្គិសនីកន្លងមក ហើយការធ្វើដូច្នេះបាននឹងនាំមកឲ្យមានភាពងាយស្រួលទៅដល់ការពិពិធកម្មនៅក្នុងវិស័យឧស្សាហកម្ម ក៏ដូចជាវិស័យកសិកម្មផងដែរ បាទ។
VOA៖ បាទ! មាន... ដូចថាការលើកឡើងពីការព្រួយបារម្ភទាក់ទងជាមួយនឹងការប៉ះពាល់ទៅលើធនធានធម្មជាតិ តើការអភិវឌ្ឍកន្លងមកហ្នឹងមាន... ដូចថាការប៉ះពាល់យ៉ាងម៉េចដែរទៅដល់ ទៅលើធនធានធម្មជាតិ ដូចយើងសង្កេតឃើញមានការផ្តល់ជាដីសម្បទានសេដ្ឋកិច្ចជាដើមហ្នឹងបាទ។
លោក សុផល៖ បាទ កន្លងមករាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចលើសពីមួយលានហិកតា។បើតាមស្ថិតិនៅលើគេហទំព័រ ហើយតាមរបាយការណ៍ផ្សេងៗគឺអាចថាមានលើសពីនោះទៀត បូកទាំងសម្បទានរុករកធនធានរ៉ែក្រោមដី គឺលើសប្រហែលជាលើសពីពីរលានហិកតា ហើយសម្បទានទាំងនោះគឺភាគច្រើនយើងធ្វើនៅតំបន់ដីសាធារណៈដែលជាតំបន់ព្រៃឈើ ឬក៏ព្រៃរិចរិល បាទ។ ប្រទេសកម្ពុជាយើងពីមុន ប្រហែល៣០ឆ្នាំមុន ឬក៏២០២៥ឆ្នាំមុន យើងមានស្ថិតិដែលនិយាយថាមាន៧០ភាគរយជាគម្របព្រៃឈើ ដូច្នោះដីសាធារណៈដែលផ្តល់ច្រើននោះពិបាកចៀសឲ្យផុតពីដីព្រៃឈើ ហើយការអភិវឌ្ឍដូចជាដំណាំកៅស៊ូ ឬក៏ដំណាំឧស្សាហកម្មផ្សេងៗទាមទារឲ្យមានការកាប់ព្រៃឈើដើម្បីយកដីមកដាំដំណាំ។ ហើយការធ្វើសម្បទានទាំងនោះ គឺច្រើនតែមានរយៈពេលពី៧០ឆ្នាំ ជុំវិញ៧០ឆ្នាំ រហូតដល់លើសនោះទៀតក៏មានដែរ។ ហើយបើនិយាយពីផលប៉ះពាល់ទៅលើបរិស្ថាន និងធនធានធម្មជាតិគឺពិតជាមានមែនហើយ ព្រោះវាត្រូវតែអញ្ចឹង បើកាលណាយើងបង្កើនវិស័យឧស្សាហកម្ម កសិកម្ម គឺត្រូវតែប្រើប្រាស់ដីឲ្យបានច្រើនដែលត្រូវតែថយទៅដល់ព្រៃឈើ។
VOA៖ ៧ភាគរយនៃការអភិវឌ្ឍសេដ្ឋកិច្ចដែលលោកបានលើកឡើងពីខាងដើមហ្នឹង គឺយើងឃើញមានដូចថាជំនួយបរទេសជាមួយនឹងប្រាក់កម្ចី និងជំនួយឥតសំណងមួយចំនួនហ្នឹង គឺមានរហូតទៅដល់១.៣០០លានដុល្លារជាងក្នុងមួយឆ្នាំៗ បើគិតពីឆ្នាំ២០១១មក តើកម្រិតនៃការចាយថវិកាដែលទទួលបានមក ហើយនឹង... ផ្លាស់ប្តូរទៅជាការអភិវឌ្ឍសេដ្ឋកិច្ចហ្នឹង តើវាមានតុល្យភាពគ្នាទេ ឬក៏យើងនឹងអាចធ្វើបានច្រើនជាងនេះបើមានការគ្រប់គ្រងត្រឹមត្រូវនោះ?
លោក សុផល៖ បើតាមការយល់ឃើញ ឬក៏ការសន្និដ្ឋានរបស់ខ្ញុំបាទផ្ទាល់ខ្លួន កន្លងមកប្រទេសកម្ពុជាយើងបានប្រើប្រាស់ទុន ពីប្រាក់កម្ចីបរទេសដែលដូចលោកជម្រាបអម្បាញ់មិញ ហើយពីជំនួសឥតសំណងផងនោះ ពីមួយឆ្នាំទៅមួយឆ្នាំ គឺកើនឡើងបន្តិចម្តងៗ ហើយនេះជាការរួមចំណែកក្នុងការបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនដែលនឹងជំរុញឲ្យមានភាពងាយស្រួលនៅក្នុងការចរាចរណ៍ ការប្រកបពាណិជ្ជកម្ម អាជីវកម្មផ្សេងៗ ដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាង៧ភាគរយក្នុងមួយឆ្នាំនេះដែរ បាទ។ ហើយ បើលោកសួរថាតើវាមានតុល្យភាព ឬគ្មានទេនឹងអ្វីដែលភោគផលដែលទទួលបានមក និងប្រាក់កម្ចី ឬក៏ប្រាក់ជំនួយកន្លងមកនោះ នេះជាសំណួរមួយធំដែលខ្ញុំបាទពិបាកឆ្លើយដែរ ប៉ុន្តែបើតាមការយល់ឃើញផ្ទាល់ខ្លួនគឺ ឃើញថាវាបានរួមចំណែកដល់កំណើនអញ្ចឹងមែន ហើយបើសួរថាតើអាចមានប្រសិទ្ធភាពជាងនេះឬទេ ប្រហែលជាវាមាន ប្រហែលជាអាចមានបានប្រសិនបើរាជរដ្ឋាភិបាលមានការពិនិត្យឲ្យបានដិតដល់អំពីគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធដែលសាងសង់ដោយប្រាក់ជំនួយ ឬក៏ប្រាក់កម្ចី ហើយអំពីថ្លៃនៃហេដ្ឋារចនាសម្ព័ន្ធឬគម្រោងផ្សេងៗទាំងនោះ ប្រសិនបើមានការត្រួតពិនិត្យដិតដល់ ប្រហែលជាមាន អាចថាយើងទាញបានប្រសិទ្ធភាពខ្ពស់ជាងនេះទៀត។
VOA៖ បាទ សូមអរគុណ លោក ចាន់ សុផល ច្រើនដែលបានបទសម្ភាសន៍ខ្លីដល់VOA។ សូមជម្រាបលាលោក បាទ។
លោក សុផល៖ បាទ សូមជម្រាបលា។