កំណត់និពន្ធ៖ កម្ពុជាកំពុងតែផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ នេះបើយោងតាមលោក Nicolas Axelrod ដែលជាអ្នកថតរូប និងជាអ្នកនិពន្ធសៀវភៅមួយមានចំណងជើងថា “Transitioning Cambodia” ប្រែថា «កម្ពុជាកំពុងតែផ្លាស់ប្តូរ»។ ប៉ុន្តែ ជាពិសេសការផ្លាស់ប្តូរដែលទាក់ទងនឹងខាងទ្រព្យសម្បត្តិ និងផលប្រយោជន៍ដែលទទួលបានពីគម្រោងអភិវឌ្ឍមិនត្រូវបានបែងចែកដោយសមភាពទេ ពីព្រោះថា ជាញឹកញាប់ សហគមន៍ក្រីក្របានក្លាយជាជនរងគ្រោះនៃការជម្លៀសពីទីលំនៅទាំងបង្ខំ។ សៀវភៅ មានចំណងជើងថា «កម្ពុជាកំពុងតែផ្លាស់ប្តូរ» នេះគឺជាកម្រងឯកសារប្រវត្តិសាស្ត្រមួយស្តីអំពីការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេល៧ឆ្នាំកន្លងទៅនេះ ដែលទំនងជាមិនអាចកើតមានឡើងនៅកន្លែងផ្សេងឡើយ។
វីអូអេ៖ សូមអរគុណលោក Nicolas ដែលបានចំណាយពេលសន្ទនាជាមួយវីអូអេនៅថ្ងៃនេះ។
លោក Nicolas Axelrod៖ បាទសូមអរគុណ។
វីអូអេ៖ ហេតុអ្វីបានជាលោកធ្វើដំណើរទៅប្រទេសកម្ពុជា?
លោក Nicolas Axelrod៖ ខ្ញុំបានមកប្រទេសកម្ពុជានៅឆ្នាំ២០០៨។ ហើយខ្ញុំបានធ្វើដំណើរទៅមករវាងប្រទេសកម្ពុជា និងប្រទេសថៃ។ បន្ទាប់មក ខ្ញុំបានចាប់អារម្មណ៍ខ្លាំងលើប្រទេសកម្ពុជាក្នុងអំឡុងពេលបោះឆ្នោត។ ហើយក្រោយពីការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០០៨ ខ្ញុំក៏បានសម្រេចចិត្តរស់នៅទីនេះ។ ខ្ញុំពិតជាមានអារម្មណ៍ដក់ជាប់នឹងកម្ពុជា។ ហើយខ្ញុំគិតថា មានការផ្លាស់ប្តូរច្រើននៅកម្ពុជា តាមដែលមើលឃើញគឺគួរឲ្យចាប់អារម្មណ៍ណាស់។ ហើយប្រជាជនកម្ពុជាជាមនុស្សរួសរាយរាក់ទាក់។ ហើយខ្ញុំមានអារម្មណ៍ថា អ្វីមួយកំពុងតែនឹងកើតឡើងនៅកម្ពុជា។
វីអូអេ៖ លោកកំពុងតែរៀបរៀងសៀវភៅមួយក្បាល។ តើសៀវភៅនេះស្តីអំពីអ្វីខ្លះ?
លោក Nicolas Axelrod៖ នៅពេលដែលខ្ញុំបានមកដល់ប្រទេសកម្ពុជាដំបូង ខ្ញុំបានចងក្រងរូបថតនៅបឹងកក់ ដែលមានទីតាំងនៅចំកណ្តាលក្រុងភ្នំពេញ។ ហើយបឹងនេះជាអាងទឹកដ៏ធំមួយ ហើយមានប្រជាពលរដ្ឋជាច្រើនរស់នៅកែ្បរបឹងនេះ។ ប្រជាពលរដ្ឋជាច្រើនបានរស់នៅប្រកបមុខរបរនេសាទត្រីនៅបឹងនោះ។ ហើយប្រជាពលរដ្ឋមកពីកន្លែងផ្សេងៗបានមកតាំងទីលំនៅនៅតាមមាត់បឹងនេះ។ ហើយខ្ញុំបានចាប់អារម្មណ៍ចុះទៅថតរូបនៅសហគមន៍នេះ។
ប្រជាពលរដ្ឋនៅទីនោះរួសរាយរាក់ទាក់ ហើយមានស្ថានភាពខុសគ្នាជាច្រើន ហើយមានមនុស្សជាច្រើនរស់នៅក្បែរស្ថានីយ៍រថភ្លើង ហើយខ្ញុំបានឃើញមនុស្សជាច្រើនបានសង់ផ្ទះនៅម្តុំនោះ និងប្រកបមុខរបរការងារគ្រប់ប្រភេទ មានដូចជាទាហាន បុគ្គលិករាជការ អ្នកធ្វើការតាមភោជនីយដ្ឋាន និងការងារផ្សេងៗទៀត។ យើងឃើញថា មានមនុស្សច្រើនណាស់រស់នៅទីនោះ។ ហើយតាមរយៈការថតរូប និងចុះតាមសហគមន៍នេះហើយ ទើបខ្ញុំបានដឹងថាបឹងកក់នេះនឹងត្រូវលុបចោល។ ក្រៅពីនេះ ខ្ញុំក៏យល់ថាមានការផ្លាស់ប្តូរដ៏ខ្លាំងមួយកំពុងតែកើតមានឡើងនៅទីក្រុងភ្នំពេញ។ យើងឃើញមានការជម្លៀសមនុស្សចេញពីលំនៅដ្ឋានរបស់ពួកគេ។ ក្រុមមនុស្សដែលមានប្រាក់ចំណូលមធ្យមក៏កំពុងតែកើនឡើង។ ហើយមនុស្សជាច្រើនចាប់ផ្តើមមានប្រាក់កាន់តែច្រើន។ មានឡានពាសពេញផ្លូវ។ ដូច្នេះ ខ្ញុំយល់ថា នេះជាដំណើរការផ្លាស់ប្តូរដ៏សមហេតុផលមួយ ដែលខ្ញុំគួរតែសិក្សាថា តើនរណាខ្លះជាអ្នកមានប្រាក់ចំណូលមធ្យម? ថាតើមានអ្វីកើតមានឡើងនៅតាមតំបន់ដែលប្រជាពលរដ្ឋត្រូវបានបណ្តេញចេញ? និងនៅតាមតំបន់ដែលមានគម្រោងអភិវឌ្ឍ និងកសិដ្ឋានសាងសង់កំពុងតែកើតមានឡើងនៅក្នុងទីក្រុង។ ហើយយើងឃើញថា ទីក្រុងភ្នំពេញកំពុងតែរីកចម្រើន រួមទាំងវប្បធម៌នៃការទិញដូរផងដែរ។ ដូច្នេះ ខ្ញុំចាប់អារម្មណ៍ពីរបៀបនៃការផ្លាស់ប្តូរក្នុងរយៈពេលដ៏ខ្លីយ៉ាងនេះ ចាប់តាំងពីឆ្នាំ២០០៨មក។ ហើយដូចជានៅឆ្នាំ២០១២ យើងទាំងអស់គ្នាបានមើលឃើញយ៉ាងច្បាស់ពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ ហើយវាពិតជាគួរឲ្យចាប់អារម្មណ៍។ ហើយសូម្បីតែឥឡូវនេះ ល្បឿននៃការផ្លាស់ប្តូរនេះកំពុងតែកើតឡើងយ៉ាងលឿន។
វីអូអេ៖ សូមលោកបកស្រាយពីរូបថតដែលលោកនឹងប្រើនៅក្នុងសៀវភៅរបស់លោកបន្តិច?
លោក Nicolas Axelrod៖ រូបថតទាំងអស់នេះគឺជារូបថតរបស់ខ្ញុំផ្ទាល់។ ខ្ញុំចាប់ផ្តើមថតរូបទាំងអស់នោះដំបូងនៅឆ្នាំ២០០៨ ហើយបន្តថតរូបនៃការផ្លាស់ប្តូរនៅទីក្រុងភ្នំពេញរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ដូច្នេះ សៀវភៅនេះគឺឆ្លុះបង្ហាញពីសិទ្ធិដីធ្លី និងការជម្លៀសប្រជាពលរដ្ឋពីទីលំនៅរបស់គេ ការកើនឡើងនៃចំនួនប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម និងអំពីបញ្ហាដែលកើតមានឡើងនៃគម្រោងអភិវឌ្ឍនីមួយៗ ក្រោយពីការជម្លៀសប្រជាពលរដ្ឋ និងអំពីសារសំខាន់នៃគ្រួសារផងដែរ។ សេក្តីផ្តើមនៃសៀវភៅនេះស្តីអំពីសារសំខាន់នៃគ្រួសារ។ ហើយខ្ញុំនឹងមានផ្នែកមួយស្តីអំពីវប្បធម៌ និងប្រវត្តិសាស្ត្រកម្ពុជាបន្តិច ដើម្បីបង្ហាញពីមាតិកានៃសៀវភៅនេះ។ និយាយទៅ ខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងលើសារសំខាន់នៃគ្រួសារនៅក្នុងប្រទេសកម្ពុជា ដែលមនុស្សជាច្រើននៅតំបន់អ៊ឺរ៉ុប និងនៅលោកខាងលិចបានភ្លេចពីសារសំខាន់នេះ។ ខ្ញុំមានអារម្មណ៍ថាកម្ពុជាគឺជាគ្រួសាររបស់ខ្ញុំ។ ហើយខ្ញុំក៏បញ្ចូលសារៈសំខាន់គ្រួសារក្នុងសៀវភៅនេះ។
វីអូអេ៖ តើសៀវភៅនេះមានគោលបំណងអ្វីខ្លះ?
លោក Nicolas Axelrod៖ សៀវភៅនេះគឺជាកម្រងឯកសារប្រវត្តិសាស្ត្រមួយ។ ហើយសៀវភៅនេះបង្ហាញពីដំណាក់ការនៃការផ្លាស់ប្តូរក្នុងរយៈពេល៧ឆ្នាំនេះ ដែលយើងអាចនឹងមិនឃើញម្តងទៀតទេនៅប្រទេសកម្ពុជា។ ខ្ញុំយល់ថា វាសំខាន់ណាស់ក្នុងការចងក្រងការផ្លាស់ប្តូរដ៏ឆាប់រហ័សនេះ។ ខ្ញុំគិតថា អ្វីដែលកំពុងកើតឡើងនៅកម្ពុជានឹងមិនអាចកើតឡើងនៅកន្លែងផ្សេងឡើយ។ កម្ពុជាកំពុងតែផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ខណៈដែលកម្ពុជាកំពុងរត់តាមប្រទេសជឿនលឿនដ៏ទៃទៀតតាមរបៀបឆាប់រហ័សយ៉ាងនេះ។
វីអូអេ៖ តើលោកយល់យ៉ាងដូចម្តេចចំពោះការផ្លាស់ប្តូរនៅទីក្រុងភ្នំពេញនេះ?
លោក Nicolas Axelrod៖ ប្រាកដណាស់ការផ្លាស់ប្តូរនេះក៏មានផលវិជ្ជមានដែរ។ ហើយវាគួរឲ្យចាប់អារម្មណ៍ខ្លាំងចំពោះការកើនឡើងនៃចំនួនប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ហើយយើងឃើញថាទ្រព្យសម្បត្តិកើនជាងមុន។ ប៉ុន្តែ អ្វីដែលខ្ញុំព្រួយបារម្ភបំផុតនោះ គឺថាមានប្រជាពលរដ្ឋជាច្រើនដែលមិនបានទទួលប្រយោជន៍ពីការផ្លាស់ប្តូរនេះ។ យើងកត់សម្គាល់ឃើញថា នៅទីក្រុងភ្នំពេញសម្បូរដោយភាពឆើតឆាយ។ ប៉ុន្តែ នៅតាមខេត្តវិញមានការផ្លាស់ប្តូរតិចតួចណាស់។ វាពិតជាល្អមែនទែន ប្រសិនបើមនុស្សគ្រប់គ្នាអាចទទួលបានផលប្រយោជន៍ពីការផ្លាស់ប្តូរនេះ និងជាពិសេសគឺប្រជាពលរដ្ឋដែលខ្ញុំបានប្រាស័យទាក់ទង និងបានធ្វើការជាមួយ មិនមែនសម្រាប់តែអ្នកមាននៅទីក្រុងភ្នំពេញនោះទេ។
វីអូអេ៖ តើសៀវភៅនេះនឹងរួចរាល់នៅពេលណា?
លោក Nicolas Axelrod៖ ឥឡូវនេះ លោកអ្នកអាចបញ្ជាទិញសៀវភៅនេះជាមុនបានតាមប្រព័ន្ធអ៊ឺនធឺណែត។ ហើយយើងកំពុងតែធ្វើគម្របសៀវភៅនេះ។ ហើយខ្ញុំបានសហការជាមួយនឹង Danise ដែលជាអ្នកយកព័ត៌មានឲ្យកាសែត The Cambodia Daily។ ហើយ Danise ជាអ្នកសរសេរពណ៌នានៅក្នុងសៀវភៅនេះ ហើយ Fani ដែលជាសាស្ត្រាចារ្យខាងសិល្បៈរូបភាពនៃសាកលវិទ្យាល័យ Limkokwing នឹងរចនាសៀវភៅនេះ។ ដូច្នេះ យើងសង្ឃឹមថានឹងបញ្ចប់កិច្ចការទាំងនេះក្នុងរយៈពេល១ខែទៀត។ បន្ទាប់មក យើងនឹងយកគម្រោងសៀវភៅនេះទៅបោះពុម្ពនៅទីក្រុងបាំងកក។ ហើយដំណើរការបោះពុម្ពមានរយៈពេល៤សប្តាហ៍។ ដូច្នេះ យើងសង្ឃឹមថាសៀវភៅនេះនឹងបោះពុម្ពរួចរាល់នៅពាក់កណ្តាលខែមេសា ឬដើមខែឧសភាឆ្នាំនេះ។
វីអូអេ៖ សូមអរគុណច្រើនលោក Nicolas ដែលបានផ្តល់បទសម្ភាសន៍ឲ្យវីអូអេនៅថ្ងៃនេះ។
លោក Nicolas Axelrod៖ បាទ សូមអរគុណ៕