ការបោះឆ្នោតជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលហាក់ដូចជាប្រឈមនឹងការពន្យារពេលកាលពីថ្ងៃពុធ ខណៈដែលមន្រ្តីរៀបចំការបោះឆ្នោតក្នុងប្រទេសនេះ បាននិយាយថា មានរយៈពេលខ្លីពេកក្នុងការរៀបចំការបោះឆ្នោត។ មានពាក្យចចាមអារ៉ាមថា ការបោះឆ្នោតអាចនឹងត្រូវបានគេពន្យារពេល។
ម្ចាស់សន្លឹកឆ្នោតក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាលគ្រោងនឹងជ្រើសរើសប្រធានាធិបតីនិងសភាថ្មីជាលើកទី១ចាប់តាំងពីក្រុមបះបោរ Seleka បានទម្លាក់រដ្ឋាភិបាលកាលពីឆ្នាំ២០១៣ មក។ មកទល់នឹងពេលនេះ ការបោះឆ្នោតគ្រោងនឹងធ្វើនៅថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ប៉ុន្តែកាលបរិច្ឆេទនេះប្រហែលជាត្រូវផ្លាស់ប្ដូរ។
យោងតាមអាជ្ញាធររៀបចំការបោះឆ្នោតជាតិ ប្រជាជនចំនួន១លាន៧សែននាក់បានចុះឈ្មោះបោះឆ្នោត ប៉ុន្តែប្រជាជនជាច្រើនមិនទាន់បានទទួលកាតបោះឆ្នោតរបស់ពួកគេនៅឡើយទេ។ សន្លឹកឆ្នោតសរុបបានបញ្ជូនមកដល់ក្នុងសប្តាហ៍នេះ ហើយនៅរង់ចាំបញ្ជូនបន្តទៅទូទាំងប្រទេស។
Mourouba Sakanga មន្រ្តីរដ្ឋបាលនៃអាជ្ញាធររៀបចំការបោះឆ្នោតជាតិនិយាយថា ប្រហែលជាមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ជូនសន្លឹកឆ្នោតទាំងអស់ទៅទូទាំងប្រទេសនោះទេ។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅក្នុងអំឡុងពេលដែលគ្មានសុវត្ថិភាពនៅក្នុងប្រទេសនេះ មិនថាការបោះឆ្នោតនេះត្រូវគេធ្វើឡើងនៅពេលណាក៏ដោយ។
កងកម្លាំងប្រដាប់អាវុធដែលបានទម្លាក់លោកប្រធានាធិបតី Francois Bozize កាលពីខែមីនា ឆ្នាំ២០១៣ នៅតែមានវត្តមាននៅក្នុងរដ្ឋធានី ហើយជាទូទៅពួកគេមានវត្តមាននៅក្នុងតំបន់ PK5 ដែលសម្បូរទៅដោយអ្នកកាន់សាសនាឥស្លាម៕