បន្ទាប់ពីអំពើហិង្សារវាងនិកាយសាសនាអស់ជាច្រើនឆ្នាំមក គេមិនដែលឃើញពួកមូស្លីម និងគ្រិស្តសាសនិក ធ្វើការជាមួយគ្នា ឬរស់នៅជាមួយគ្នានៅក្នុងរដ្ឋធានីបង់ហ្គីឡើយ។
ប៉ុន្តែនៅហាងនំប៉័ងរបស់ Rahama Atthir Abdoulaye នៅសង្កាត់ PK5 អ្នកដុតនំ ដែលកាន់សាសនាគ្រិស្ត និងអ្នកដុតនំដែលកាន់សាសនាឥស្លាមចំនួន១៥នាក់ បានធ្វើការជាមួយគ្នារាល់ថ្ងៃ ដើម្បីដុតនំប៉័ងថ្មីៗទៅចែកចាយក្នុងទីក្រុងនេះ។
ម្ចាស់ហាងនំប៉័ង លោក Abdoulaye កាន់សាសនាឥស្លាម ប៉ុន្តែ លោកនិយាយថា ក្នុងនាមជាជនជាតិអាហ្រ្វិកកណ្តាលម្នាក់ លោកមិនរើសយកជនបរទេសឲ្យធ្វើការនោះទេ។ លោកនិយាយថា មានអ្នកកាន់សាសនាគ្រិស្តច្រើន ដែលកំពុងត្រូវការការងារធ្វើ ដូច្នេះ លោកបានជ្រើសរើសពួកគេជាបុគ្គលិក។
វិបត្តិនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល ចាប់ផ្តើមពីដើមឆ្នាំ២០១៣ នៅពេលដែលក្រុមឧទ្ទាម Seleka ដែលភាគច្រើនជាមូស្លីម បានផ្តួលរំលំរដ្ឋាភិបាល។ កងកម្លាំងយោធាបានក្រោកឡើងនៅខែធ្នូក្នុងឆ្នាំដដែលនោះ និងបានបណ្តេញក្រុមឧទ្ទាម Seleka ចេញពីអំណាច។
ការប្រយុទ្ធគ្នានេះ បានបង្កជាអំពើហិង្សាឆ្លងតំបន់។ ការគ្រប់គ្រងក្នុងរយៈពេលដ៏ខ្លីរបស់ក្រុមឧទ្ទាម Seleka មានតែការរំលោភបំពាន និងលួចប្លន់។ ក្រុមទាហាន និងក្រុមគ្រិស្តសាសនិកជាច្រើន បានធ្វើការសងសឹកទៅលើជនស៊ីវិលដែលកាន់សាសនាឥស្លាម។
លោក Abdoulaye ក៏បានបាត់់បង់ផ្ទះ និងហាងរបស់លោក ដូចអ្នកដទៃទៀតដែរ។ លោកបានភៀសខ្លួនទៅប្រទេសឆាដ (Chad) ប៉ុន្តែ បានត្រលប់មកវិញ។ ពេលនេះ លោកគឺជាអ្នកកាន់សាសនាឥស្លាមម្នាក់ក្នុងចំណោមមូស្លីមប៉ុន្មានពាន់នាក់ទៀតដែលនៅតែរស់នៅក្នុងតំបន់PK5។
តំបន់ PK5 ធ្លាប់ជាទីផ្សារដែលរស់រវើក ដែលមានហាងនំប៉័ងចំនួន៥កន្លែង។ ប៉ុន្តែបច្ចុប្បន្ន មានហាងតែពីរប៉ុណ្ណោះ ដែលកំពុងបើកដំណើរការ។ អ្នកកាន់សាសនាគ្រិស្ត ដែលប្រឆាំងនឹងកងទាហាន Balaka ឡោមព័ទ្ធតំបន់នេះ ប្រដាប់ដោយអាវុធចាំយាមនៅច្រកចូល។ ការមកធ្វើការ គឺជារឿងប្រឈមនឹងគ្រោះថ្នាក់ សម្រាប់បុគ្គលិកដូចជា លោក Fred Yokossa។
លោក Yokossa និយាយថាប្រសិនបើលោកជួបនឹងពួកទាហានប្រឆាំង Balaka នៅតាមផ្លូវទៅPK5 ពួកទាហានទាំងនោះ នឹងវាយដំរូប គប់ដុំថ្មដាក់ ឬសម្លាប់រូបលោក។
ប៉ុន្តែ លោក Yokassa ដែលជាអ្នកកាន់សាសនាគ្រិស្តម្នាក់នោះ បាននិយាយថាលោកគ្មានបញ្ហាអ្វីឡើយក្នុងការធ្វើការជាមួយថៅកែរបស់លោកដែលកាន់សាសនាឥស្លាមនោះ។
លោក Yokassa និយាយថា លោកកំពុងរកប្រាក់កម្រៃ ហើយលោកជឿទុកចិត្តថៅកែរបស់លោក ដូច្នេះ ហេតុអ្វីលោកត្រូវមានបញ្ហា? ប៉ុន្តែ លោកទទួលស្គាល់ថា ក្នុងនាមជាមូស្លីមម្នាក់ លោក Abdoulaye កំពុងរស់នៅក្នុងភាពគ្រោះថ្នាក់។ សូម្បីតែ Yokossa ក៏ត្រូវតែលាក់ខ្លួននៅក្នុងហាងនំប៉័ងដែរ នៅពេលមានការប្រយុទ្ធគ្នាកើតឡើង នៅតំបន់ PK5 ម្តងៗ។
ថ្មីៗនេះ សម្តេចសង្ឃកាតូលិក ប៉ាប ហ្វ្រង់ស៊ីស (Pope Francis) បានធ្វើទស្សនកិច្ចនៅតំបន់ PK5 និងបំផុសឲ្យមានការផ្សះផ្សាគ្នារវាងអ្នកកាន់សាសនាឥស្លាម និងអ្នកកាន់សាសនាគ្រិស្ត។ នៅថ្ងៃបន្ទាប់ពីសម្តេចសង្ឃចាកចេញ អ្នកកាន់សាសនាឥស្លាមម្នាក់ត្រូវបានសម្លាប់នៅខាងក្រៅតំបន់នេះ៕
ប្រែសម្រួលដោយ វិញ សុជាតា