ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន៖​ គណបក្ស​នឹង​ចុះ​បញ្ជី​គណបក្ស​ និង​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ​គ.ជ.ប.​ឱ្យ​បាន​នៅ​​ដើម​ខែ​ឧសភា​​


សកម្មជននិងអ្នកគាំទ្រគណបក្សភ្លើងទៀនគ្រវីទង់ជាតិនិងទង់គណបក្ស នៅក្នុងអំឡុងសមាជវិសាមញ្ញរបស់បក្ស នៅខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
សកម្មជននិងអ្នកគាំទ្រគណបក្សភ្លើងទៀនគ្រវីទង់ជាតិនិងទង់គណបក្ស នៅក្នុងអំឡុងសមាជវិសាមញ្ញរបស់បក្ស នៅខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

គណបក្ស​ភ្លើងទៀន​នឹងចុះ​បញ្ជី​គណបក្ស​ និង​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​នៅ​ គ.ជ.ប.​ នៅ​ដើម​ខែ​ឧសភា​នេះ​ រីឯ​គណបក្ស​ចំនួន​៨​បាន​ចុះ​បញ្ជី​ និង​ដាក់​បេក្ខជន​នៅ​ស្ថាប័នជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​រួច​រាល់​ហើយ។​

ដំណើរ​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​មាន​រយៈ​ពេល​១៥​(ដប់ប្រាំ)​ថ្ងៃ ​ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​២៤ ​ខែ​មេសា​ រហូត​ដល់​ថ្ងៃ​ទី​៨ ​ខែ​ឧសភា​ ឆ្នាំ​២០២៣។​

អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន​ លោក​ គឹមសួរ ភិរិទ្ធ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ គណបក្ស​នឹងចុះ​បញ្ជី​ និង​ដាក់​បេក្ខជន​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា​ គ.ជ.ប.នៅ​ដើម​ខែ​ឧសភា​ខាង​មុខ​នេះ ​ដោយ​អះអាង​ថា ​គណបក្ស​ត្រូវ​ការ​ពេល​ច្រើន​បន្តិច​ ក្នុង​ការ​ចម្រាញ់យក​បេក្ខជន​ដែល​មាន​សមត្ថ​ភាព​ និង​លទ្ធភាព​ឈ្នះ​ការ​បោះ​ឆ្នោត​ដែល​កំពុង​តែ​ខិត​ជិត​មក​ដល់។​

លោក​បន្ថែម​ថា ​ការ​សម្រិត​សម្រាំង​បេក្ខជន​ និង​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ជា​មុន​សិន​នេះ ​គឺ​ដើម្បី​ចៀស​វាង​កំហុស​ដោយ​ប្រការ​ណា​មួយ​ពេល​បញ្ជូន​ទៅ​គ.ជ.ប.។​

លោក​ថ្លែង​ថា៖ «យើង​គិត​ថា ​ការប្រកួត​ប្រជែង​វា​សំខាន់​នៅ​សល់​តែ​គណបក្ស​ភ្លើង​ទៀន​មួយ​ទេ​

ដែល​យើង​គិត​ថា​ ទោះ​បី​ជា​ថា ​យើង​ខ្សោយ​យើង​អី​យ៉ាង​ម៉េច​ក៏​យើង​ជា​គូ​ប្រកួត​មួយ​ដែល​ចាំ​បាច់។​ ដូច្នេះ​ខ្ញុំ​គិត​ថា​ វា​មិន​មាន​បញ្ហា​អី​ដែល​យឺត​ពេល​ទេ​ សំខាន់​ខ្លួន​យើង​ដឹង​ថា ​ខ្លួន​យើង​រៀបចំ​ទាន់។ ​

អ៊ីចឹង​ខ្ញុំ​គិត​ថា​ វា​មិន​ចោទ​ទេកុំ​ភ័យ​អី​ចាំ​មើល​ឱ្យ​កៀក​បន្តិច​ទៅ ​យើង​នឹង​ប្រកាស​ប្រាប់​ថា ​ថ្ងៃ​ណា​យើង​យក​ទៅ​ដាក់​ហើយ»។​

អ្នកនាំ​ពាក្យ​គ.ជ.ប.​លោក​ ហង្ស ពុទ្ធា​ ថ្លែងថា ​គិត​ត្រឹម​ថ្ងៃ​ទី ​២៧​ ខែ​មេសា ​ឆ្នាំ​២០២៣​ នេះ​ មាន​គណបក្ស​នយោបាយ​ចំនួន​៨​បាន​មក​ចុះ​បញ្ជី​គណបក្ស​ និង​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្រ្ត​នីតិកាល​ទី​៧នេះ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៣ ​ខែ​កក្កដា ​ឆ្នាំ​២០២៣។​

លោក​បាន​បញ្ជាក់​ថា ​ក្នុង​ចំណោម​គណបក្ស​ទាំង​អស់​នោះ​រួម​មាន​ គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​យុវជន​កម្ពុជា​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ គណបក្ស​ធម្មាធិបតេយ្យ​ គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​ គណបក្ស​សញ្ជាតិ​កម្ពុជា​ គណបក្ស​ខ្មែរ​តែ​មួយ​ និង​គណបក្ស​ខ្មែរ​អភិរក្ស។​

លោក​បន្ថែម​ថា៖​ «គ.ជ.ប.​បាន​ជូន​ដំណឹង​រួច​ហើយ​អំពី​ប្រតិទិន​នៃ​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​ និង​ដាក់​បេក្ខជន​របស់​គណបក្ស​នយោបាយ​គឺ ​ចាប់​ពី​ថ្ងៃ​ទី២៤ ​ខែ​មេសា​ ដល់​ថ្ងៃ​ទី​៨ ​ខែ​ឧសភា។

អ៊ីចឹង​ប្រសិន​បើ​ខាង​គណបក្ស​ណា​មួយ​ខក​ខាន​មិន​បាន​ដាក់​ស្នើ​សុំ​ចុះ​បញ្ជី​ ហើយ​និង​ដាក់​បេក្ខជន​ប្រកួត​ប្រជែង​នៅ​ក្នុង​អំឡុង​ពេល​នេះ​ទេ ​គឺ​ចាត់​ទុក​ថា​មិន​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​បោះ​ឆ្នោត​នេះ​ទេ​ បាទ»។​

គណបក្ស​ភ្លើង​ទៀន​ ដែល​ជា​គណបក្ស​ជំទាស់​ បាន​ចាប់​ដំណើរការ​ឡើងវិញ​តែ​ប៉ុន្មាន​ខែ​ មុន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០២២។​

ថ្នាក់​ដឹក​នាំ​ និង​សកម្ម​ជន​របស់​គណបក្ស​នេះ​ ត្រូវ​គេ​រាយ​ការណ៍​ថា​បាន​ឆ្លង​កាត់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ជា​ច្រើន​ រួម​មាន​ការ​បឹ្តងផ្តល់​ និង​គំរាម​កំហែង​ពី​ថ្នាក់​ដឹកនាំ​គណ​បក្ស​កាន់​អំណាច ​និង​អាជ្ញាធរ​មូលដ្ឋាន​ រហូត​ដល់​មាន​ការ​ចាប់​ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។​

អ្នក​វិភាគ​នយោបា​យ​ លោក​ មាស នី ​លើក​ឡើង​ថា​ ​ការ​ឈាន​ទៅ​មុខ​របស់គណបក្ស​ភ្លើងទៀន​មាន​ពីរ​ផ្លូវ គឺ​ទី​មួយ​កត្តា​ផ្ទៃ​ក្នុង​របស់​គណបក្ស​ជំទាស់​មួយ​នេះក្នុង​ការ​រៀបចំ​ក្បាល​ម៉ាស៊ីន​របស់​ខ្លួន​ និង​កត្តា​ទី​ពីរ​គឺ​ អាស្រ័យ​លើ​បរិយាកាស​នៃ​ការ​បោះ​ឆ្នោត។​

លោក​ថ្លែង​ថា៖ «ឥទ្ធិពល​របស់​ភ្លើង​ទៀន​វា​អាស្រ័យ​លើ​បរិយាកាស​នៃ​ការ​បោះឆ្នោត​ចាប់​ពី​ពេល​នេះ​ទៅ​ដល់​ថ្ងៃ​បោះឆ្នោត​ផង​ដែរ​ ហើយ​ពិសេស​គឺ​ថា ​តើ​គ.ជ.ប.​នឹង​បំពេញ​តួនាទី​ឯករាជ្យ​ភាព​របស់​ខ្លួន​នោះ​បាន​កម្រិត​ប៉ុណ្ណា​ ហើយ​លម្ហ​នយោបាយ​នៅ​មុន​ពេល​បោះ​ឆ្នោត​វា​នឹង​មាន​លម្ហ​ល្អ​យ៉ាង​ម៉េច​នោះ​ ក៏​វា​អាច​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​ការ​វិវត្ត​នៃ​ឥទ្ធិពល​របស់​គណបក្ស​ភ្លើងទៀន»។​
ក្រោយ​ដំណើរការ​ឡើង​វិញ​ជាង​មួយ​ឆ្នាំ ​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​បាន​ប្រឈម​មុខ​នឹង​វិធានការ​ផ្លូវ​ច្បាប់​ដោយ​រង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ជា​បន្ត​បន្ទាប់។​

កាល​ពី​ពាក់​កណ្តាល​ខែ​មករា ​លោក​ ថាច់ សេដ្ឋា ​អនុប្រធានគណបក្ស​ភ្លើង​ទៀន ​ត្រូវ​បាន​ចាប់ខ្លួន​ហើយ​ឃុំ​ខ្លួន​ ពាក់ព័ន្ធ​នឹង​ការ​ចេញ​សែក​មិន​អាច​បើក​ប្រាក់​បានកាល​ពី​ឆ្នាំ ២០១៩។ ​លោក ​សុន ឆ័យ ​អនុប្រធាន​ម្នាក់​ទៀត​នៃ​គណបក្ស​ភ្លើងទៀន​ ត្រូវ​បាន​ចោទ​ប្រកាន់​ និង​រក​ឃើញ​ថា​មានទោស​ពី​បទ​បរិហារ​កេរ្តិ៍​ តាម​ពាក្យ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គ.ជ.ប.​ ជុំវិញ​ការ​អះអាង​អំពី​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​ អំឡុង​ពេល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២២។ ​ចំណែក​លោក ​គង់ គាំ ​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន ​បាន​និយាយ​ថា ​លោក​រង​សម្ពាធ​ ហើយ​ត្រូវ​បង្ខំ​ចិត្ត​បញ្ឈប់​សកម្ម​ភាព​នយោបាយ​របស់​ខ្លួន ​បន្ទាប់​ពី​លោក​រង​ការ​គំរាម​រឹបអូស​ដី​ធ្លី​ ពាក់ព័ន្ធ​នឹង​ជម្លោះ​ជាមួយ​នឹង​រដ្ឋាភិបាល៕

XS
SM
MD
LG