គណបក្សភ្លើងទៀន នៅថ្ងៃពុធនេះ បានការពារខ្លួនថាគណបក្សមិនជាប់ពាក់ព័ន្ធសកម្មភាពញុះញង់ឱ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត ក្នុងថ្ងៃបោះឆ្នោត នាថ្ងៃទី២៣ខែកក្កដាខាងមុខនោះទេ។
គណបក្សភ្លើងទៀនបញ្ជាក់បែបនេះ ក្រោយសកម្មជនរបស់ខ្លួនយ៉ាងតិច៤នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងបទ«ញុះញង់បង្កចលាចលដល់ការបោះឆ្នោត» និងស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទសួរគណបក្សជំទាស់មួយនេះ ថាមានជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ដែលណែនាំឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត ដែរឬទេ។
កាលពីថ្ងៃទី១៦ ខែកក្កដា លោក ហ៊ុន សែន បានចោទសួរថាគណបក្សភ្លើងទៀនត្រូវទទួលខុសត្រូវបែបណាលើករណីសមាជិកដែលអាជ្ញាធរចាប់ខ្លួន គឺលោក ប៊ុន ខេត ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិនៃគណបក្សភ្លើងទៀនប្រចាំរាជធានីភ្នំពេញ ថាទទួលបញ្ជាពីទណ្ឌិត សម រង្ស៊ី ដើម្បីណែនាំឱ្យអ្នកបោះឆ្នោតគូសសន្លឹកឆ្នោតខ្វែងចោលនោះ?
នៅថ្ងៃពុធនេះ គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍មួយដោយច្រានចោលថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងបុគ្គលមួយចំនួនដែលធ្វើសកម្មភាពអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរកុំឱ្យទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតចោល នៅថ្ងៃបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃអាទិត្យនេះទេ។ គណបក្សចាត់ទុកសកម្មភាពនោះគឺជាទង្វើរំលោភបំពានច្បាប់។
គណបក្សជំទាស់ ដែលបាត់សិទ្ធិចូលរួមការបោះឆ្នោតថ្នាក់ជាតិ បានលើកឡើងថា គណបក្ស មិនទទួលខុសត្រូវចំពោះទង្វើរបស់បុគ្គលទាំងឡាយណា ដែលធ្វើខុសនឹងច្បាប់នានារបស់កម្ពុជានោះទេ។
គណបក្សភ្លើងទៀនបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ថា៖ «គណបក្សភ្លើងទៀនសូមប្រកាសបដិសេធមិនជាប់ពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះទង្វើរបស់បុគ្គលទាំងឡាយណា ដែលធ្វើសកម្មភាពប្រាសចាកពីស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានានៃព្រះរាជាណាចក្រកម្ពុជាឡើយ»។
ក្រោយពីអវត្តមានក្នុងការចូលរួមបោះឆ្នោត គណបក្សជំទាស់មួយនេះ ប្រាប់ទៅពលរដ្ឋថា ក្នុងថ្ងៃបោះឆ្នោត ឱ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់សិទ្ធិពេញលេញស្របតាមច្បាប់ ក្នុងការប្រើប្រាស់សតិសម្បជញ្ញៈ និងសម្រេចចិត្តទៅចូលរួមបោះឆ្នោត ឬមិនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងស្របតាមឆន្ទៈរបស់ខ្លួន ដោយមិនត្រូវស្ថិតក្រោមការគាបសង្កត់ ការបង្ខិតបង្ខំ ការគំរាមកំហែង ការបង្គាប់បញ្ជា ឬការញុះញង់ពីសំណាក់បុគ្គល ឬគណបក្សនយោបាយណាមួយឡើយ។
គណបក្សភ្លើងទៀនក៏បានបញ្ជាក់ជំហរថាខ្លួនធ្វើសកម្មភាព ដោយគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការបោះឆ្នោត ច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ជាធរមាននានារបស់កម្ពុជា ព្រមទាំងលក្ខន្តិកៈគណបក្សដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ប្រាប់វីអូអេនៅពុធនេះថា ការចេញសេចក្តីថ្លែងការណ៍នេះ គឺដោយសារគណបក្សមិនចង់ឃើញសកម្មជនរងការបំភិតបំភ័យ រងការបង្ខិតបង្ខំ និងចាប់ដាក់ពន្ធនាគារទេ។ ក្រៅពីនេះ លោកថានេះក៏ជាការបញ្ជាក់ថាគណបក្សពិតជាមិនជាប់ពាក់ព័ន្ធនឹងអ្នកនយោបាយក្រៅប្រទេស ដែលលោកនាយករដ្ឋមន្ត្រីចោទសួរនោះដែរ។
លោកថ្លែងថា៖ «ពេលដែលយើងចុះជួបម្ចាស់ឆ្នោត ក៏ដូចជាសកម្មជនតែងតែយើងបង្ហាញជំហរមិនពាក់ព័ន្ធ ពីព្រោះយើងដឹងហើយថាច្បាប់គណបក្សនយោបាយ បើសិនគណបក្សមួយដែលជាប់ពាក់ព័ន្ធដែលគេថា អ្នកដែលមានទោស វាត្រូវធ្វើឱ្យគណបក្សហ្នឹងឈានទៅដល់ការផ្អាក ឬមួយរហូតដល់រំលាយអីអ៊ីចឹង។ អ៊ីចឹងហើយបានជាយើងត្រូវបង្ហាញជំហរឱ្យច្បាស់អំពីការមិនជាប់ទាក់ទិនជាមួយអ្នកនៅក្រៅប្រទេស»។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្រ្វែលដែលឃ្លាំមើលការបោះឆ្នោតកត់សម្គាល់ថា បញ្ហានយោបាយនៅកម្ពុជា គឺមានភាពប្រទាក់ក្រឡាគ្នាជានិច្ច ដែលមិនទាន់ឃើញមានការប្រើប្រាស់យន្តការដោះស្រាយឱ្យបានល្អប្រសើរនៅឡើយទេ ដូច្នេះអ្នកនយោបាយគួរតែចេះយោគយល់គ្នា ដើម្បីឈានទៅដោះស្រាយវិវាទនយោបាយដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ។
លោកថ្លែងថា៖ «បើអ្នកនយោបាយខ្មែរ យើងមានការយល់គ្នា ហើយគោរពគោលការណ៍ឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួនរៀងៗខ្លួន វាមិនមានបញ្ហាធំដុំដូចករណីបច្ចុប្បន្ននេះដែរ»។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា មន្ត្រីគណបក្សភ្លើងទៀនយ៉ាងតិ៤នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ពាក់ព័ន្ធនឹងបទញុះញង់ឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោតចោល ខណៈអ្នកនយោបាយនៅក្រៅប្រទេសជាង១០នាក់ទៀតត្រូវបានដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត៕