ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្ម​ជន​បក្ស​ជំទាស់ ៤​នាក់​ត្រូវ​ចាប់​ខ្លួន ខណៈ​អ្នក​នយោបាយ​មួយ​ចំនួន​ត្រូវ​ដក​សិទ្ធិ​ឈរ​ឈ្មោះ


សកម្មជន និងអ្នកគាំទ្រកំពុងចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (ទែន សុខស្រីនិត/វីអូអេ)
សកម្មជន និងអ្នកគាំទ្រកំពុងចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (ទែន សុខស្រីនិត/វីអូអេ)

មន្ត្រីគណ​បក្ស​ភ្លើង​ទៀន​យ៉ាង​តិច ​៤​នាក់​ត្រូវ​បាន​អាជ្ញាធរចាប់​ខ្លួន ពាក់​ព័ន្ធ​នឹង​បទ​ញុះ​ញង់ឱ្យ​ប្រជាពលរដ្ឋ​បំផ្លាញសន្លឹក​ឆ្នោត​ចោល ខណៈ​អ្នក​នយោ​បាយ​នៅ​ក្រៅ​ប្រទេស​ជាង​ ១០​នាក់​ទៀត ត្រូវ​បាន​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត។

ការ​ចាប់​ខ្លួន និង​ការ​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យគេ​បោះ​ឆ្នោត​ឱ្យ ធ្វើ​ឡើង​តាម​វិសោ​ធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ថ្មី ដែល​ស្នើ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ច្បាប់​នេះ​ចូល​ជា​ធរ​មាន កាល​ពីដើមខែ​កក្កដា ​ឆ្នាំ​២០​២៣។

មន្ត្រី​គណ​បក្ស​ភ្លើងទៀន​យ៉ាងតិច ​៤​នាក់ ត្រូវ​បាន​អាជ្ញាធរចាប់​ខ្លួន ក្នុង​ចន្លោះ​ថ្ងៃ​ទី​១៤ ​ដល់​ថ្ងៃ​ទី​១៧ ខែ​កក្កដា ពាក់​ព័ន្ធនឹង​បទ​ញុះ​ញង់បង្ក​ចលា​ចល​ដល់​ការ​បោះ​ឆ្នោត។ នេះ​បើ​តាមអ្នក​នាំ​ពាក្យគណ​បក្ស​ភ្លើង​ទៀន​ដែល​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ។ មន្ត្រី​គណ​បក្ស​ភ្លើង​ទៀនចំនួន ​៤​នាក់​នោះ រួមមាន លោក អេង ស្រូយ សមា​ជិក​គណៈ​កម្មាធិការ​នាយក ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ប្រតិ​បត្តិ​គណបក្ស​នៅខេត្ត​ត្បូងឃ្មុំ អ្នកស្រី ​វង ​រុន្នី ​សមា​ជិក​គណៈ​កម្មា​ធិការ​នាយក និងជា​ប្រធាន​ចលនា​ស្រ្តី​គណបក្ស​ភ្លើង​ទៀន​ថ្នាក់​ជាតិ ​លោក លី រី សមា​ជិក​គណៈ​កម្មា​ធិការ​នាយក និង​ជា​សមាជិក​ក្រុម​ការងារ​គណ​បក្សភ្លើងទៀន​រាជ​ធានី​ភ្នំ​ពេញ ​និង​លោក ប៊ុន ខេត ប្រធាន​ស្ដីទី​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណ​បក្សភ្លើង​ទៀន​រាជ​ធានី​ភ្នំពេញ។

លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន លោក គីមសួរ ភិរិទ្ធិ បង្ហាញ​ការព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់ខ្លួន​សកម្ម​ជន​គណ​បក្សជា​បន្ត​បន្ទាប់​បែប​នេះ។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​ចាប់​ខ្លួន​សកម្ម​ជន​ខ្លួនដោយ​«កំរោល» និងគួរ​តែអនុវត្ត​ការងារ​ទៅ​តាម​នីតិ​វិធី​ច្បាប់។

​លោក​ប្រាប់​វីអូអេ​ថា៖ «ធម្មតា​កាលណាមាន​បញ្ហា​ចាប់​ចង​សកម្ម​ជន​ថា្នក់​ដឹក​នាំអ៊ីចឹង​ យើងមាន​ការ​ព្រួយ​បារម្ភ​ហើយ​។ ប៉ុន្តែ​យើង​ក៏​អំពាវ​នាវ​ សូម​ឱ្យ​អាជ្ញាធរ​មេត្តា​កុំ​ធ្វើអ្វី​ដែល​វាមើលទៅ​កំរោល​ពេក ដូច​ជា​ការឃាត់​ខ្លួន​កណ្តាល​យប់​...មាន​ដីកា ​មាន​អី​ឱ្យ​ត្រឹមត្រូវ​ទៅ​ មាន​បទ​ចោទ​ប្រកាន់​អ៊ីចឹង​ទៅ ព្រោះ​យើង​ខ្ញុំ​ក៏​អត់​ដឹ​ង​ថា​អ្នក​ទាំង​៤​នាក់​ហ្នឹង​ បាន​ធ្វើ​អ្វី​ខ្លះ​ ដែល​ប៉ះ​ពាល់​ទៅ​ដល់​ច្បាប់​[បោះ​ឆ្នោត​] ក្រោយ​[ចូល]​ជាធរ​មាន»។

បន្ថែម​ពី​នោះ សកម្ម​ជន​គណ​បក្ស​ភ្លើង​ទៀនប្រចាំខេត្ត​ប៉ៃលិន​ចំនួន​ពីរ​នា​ក់​ផ្សេង​ទៀត គឺ ​លោក​ ខឹម មុនីកុសល ប្រធាន​ប្រតិ​បត្តិ​គណ​បក្ស​ភ្លើង​ទៀន​ខេត្ត​ប៉ៃ​លិននិង​លោក ​ស៊ុន សុភា បាន​រង​ពាក្យ​បណ្តឹងពាក់​ព័ន្ធបទ​«ញុះ​ញង់​ឱ្យ​អ្នក​បោះ​ឆ្នោត​បំផ្លាញនិង​ធ្វើ​ឱ្យ​ខូច​សន្លឹក​ឆ្នោត​» ​ដែល​ប្តឹង​ដោយ លោក ហ៊ាន​ រចនា ​ប្រធាន​មន្ទីរ​គណបក្ស​ប្រជា​ជន​កម្ពុជា​ប្រចាំ​ខេត្ត​ប៉ៃលិន ​ប្តឹង​ទៅ​គណៈ​កម្មការ​រៀប​ចំការ​បោះ​ឆ្នោត​ខេត្ត​។ នេះ​បើយោងតាម​សម្រង់​សេច​ក្តី​សម្រេច​ទម្រង់​លេខ​១២​០៣ ​របស់​គ.ជ.ប។

ក្រោយ​រង​បណ្តឹង​នោះ លោក ចេង ញ៉ាន់ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​គណៈ​កម្មការជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ខេត្ត​ប៉ៃលិន ​ពិន័យ​លោក​ ខឹម មុនីកុសល ទឹក​ប្រាក់ចំនួន​ ១៥​លាន​រៀល និង លោក ស៊ុន សុភា ចំនួន​ ១០លាន​រៀល និង​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត និង​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ក្នុង​ម្នាក់​ៗ ​រយៈ​ពេល​១០ឆ្នាំ។ មន្រ្តី​ គ.ជ.ប ថ្នាក់​ក្រោម​បាន​ជំនុំ​ជម្រះ​ដោយកំបាំង​មុខ​ចុង​ចម្លើយ គឺ​មាន​តែ​វត្ត​មាន​ដើម​បណ្តឹង មេធាវី​ដើម​បណ្តឹងតែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​សម្រង់​សេច​ក្តី​សម្រេច​របស់​ស្ថាប័ន​ គ.ជ.ប។

លោក​ ខឹម មុនីកុសល បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​នា​ថ្ងៃ​អង្គារ​នេះ​ថា៖ «សម្បើម​ណាស់ សម​មិត្ត។ បង្ខំ​ឱ្យ​ខ្ញុំ​ចុះ​ចូល​មិន​បាន​សម្រេច។ ចាប់​ខ្លួន​ខ្ញុំ​មិន​បាន។ តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្ញុំ​ទៀត សាហាវ​មែន​របប​នេះ។ PEC​ ខេត្ត​ [គណៈ​កម្មការជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ខេត្ត​ប៉ៃលិន]​ ចៅ​សង្កាត់ ប៉ូលិស ​បាន​យក​កំណត់​ហេតុ និង​សេចក្តី​សម្រេច​របស់ ​PEC​ ដែល​ពិន័យ​ជា​ប្រាក់​១៥​លាន​រៀល និង​ដក​សិទ្ធិ​បោះ​ឆ្នោត​ ១០​ឆ្នាំ​ទៅ​បិត​នៅ​ផ្ទះ​ខ្ញុំ និងស្នាក់​ការ​បក្ស​ខេត្ត»។

​ក្នុង​គណនី​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ ខឹម មុនី​កុសល គេ​ឃើញ​មាន​ការបង្ហោះ​សារ​ជាច្រើន​ ដែល​ទាក់​ទង​នឹង​ការ​ណែនាំ​ឱ្យ​អ្នក​ដទៃ​គូស​សន្លឹក​ឆ្នោត​ ​ឱ្យ​ក្លាយ​ជា​សន្លឹក​ឆ្នោតមិន​បាន​ការ​។

​ក្រៅ​ពី​សមា​ជិក​គណ​បក្ស​ភ្លើង​ទៀន ​គឺ​លោក សម រង្ស៊ី ​មេ​ដឹក​នាំ​គណ​បក្ស​ជំទាស់ ដែល​ជា​អ្នក​ផ្តួច​ផ្តើម​ឱ្យ​ប្រជា​ពល​រដ្ឋ​ទៅ​បោះ​ឆ្នោត ​ដោយ​គូស​ខ្វែង​សន្លឹក​ឆ្នោត​ចោល ត្រូវ​បាន​ដក​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន ​២៥​ឆ្នាំ។

ចំណែកអ្នក​នយោ​បាយ​ជំទាស់​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន និង​អ្នក​ដែល​រត់គេច​ទៅ​នៅ​ក្រៅ​ប្រទេស ដូចជា លោក សេង ម៉េង​ប៊ុនរ៉ុង ​លោក សោ ចាន់ដេត លោក គង់ សភា លោក ហេង ដាណារ៉ូ លោក គឹម សុខ លោក ឆាំ ឆានី អ្នកស្រី មូរ សុខហួរ លោក ឡុង​ រី លោក ហូរ​ វ៉ាន់ ​លោក អេង ឆៃអ៊ាង លោក នុត រំដួល ​លោក រិន រដ្ឋ ​លោក ភាន់ រិទ្ធី លោក ឆឺយ ឧត្តមរស្មី លោក នាង​ សុឃុន និង​លោក ម៉ៅ វិបុល ត្រូវ​បានដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ក្នុង​ម្នាក់​ៗ ​រយៈ​ពេល​ ២០​ឆ្នាំ។ នេះ​បើ​តាម​សម្រង់​សេច​ក្តី​សម្រេចរបស់​ គ.ជ.ប។

លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាលទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្ល
លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាលទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្ល

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គ.ជ.ប ប្រាប់​វីអូអេ​ថា ​គណៈ​កម្មការ​រៀប​ចំការ​បោះ​ឆ្នោត​រាជ​ធានី​ខេត្តមាន​សិទ្ធិជំនុំ​ជម្រះ និង​សម្រេច​ដាក់​ពិន័យ​ទៅ​លើ​ជន​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​សកម្ម​ភាព​ប៉ះ​ពាល់​ដល់​ការបោះ​ឆ្នោត។ លោក​បន្ថែម​ថា​ ប្រសិន​បើ​សាមី​ខ្លួន​ដែល​រងពិន័យ​ទាំងនោះ​មិន​សុខ​ចិត្ត​ទៅ​នឹង​សេចក្តី​សម្រេច ពួកគេអាច​ប្តឹង​បន្ត​ទៅ​ គ.ជ.ប។

លោក​ថ្លែង​ថា៖ «គ.ជ.ប ​ដោះ​ស្រាយ​បណ្តឹង​ពាក់​ព័ន្ធ​បោះ​ឆ្នោត​ ដោយ​មិន​រាប់​បញ្ចូល​នឹង​ទោស​ព្រហ្ម​ទណ្ឌ​ផ្សេងទៀត ដែល​សាមី​ខ្លួន​បាន​បង្ក​នោះ​ទេ​។ អ៊ីចឹង​គ.ជ.ប គិត​គូរ​តែ​ពី​រឿង ពាក់​ព័ន្ធ​បញ្ហា​នៃកា​រ​បោះ​ឆ្នោត»។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា​ កត់​សម្គាល់​ថា​ នៅពេល​ជិត​បោះ​ឆ្នោត​ម្តងៗ ​តែង​តែឃើញ​មាន​ការចោទ​ប្រកាន់​ និង​ការ​ធ្វើវិសោធន​កម្មច្បាប់​ផ្សេង​ទៀត ដែលកើត​ចេញ​ដោយ​សារ​តែស្ថាន​ភាព​នយោ​បាយ​នៅ​កម្ពុជា​ធ្លាក់​ចុះ។

លោក​ថ្លែង​ថា៖ «បញ្ហា​ទាំង​អស់​នេះ ខ្ញុំ​គិត​ថា វា​កើត​ចេញ​ដោយ​សារ​តែ​វិវាទ​នយោបាយ និង​ស្ថានភាព​នយោបាយ​ធ្លាក់​ចុះ​ហ្នឹង​ឯង វា​មិន​មែន​ជា​គោល​ដៅនៃការ​អនុវត្ត​ច្បាប់​ ក្នុង​ន័យ​ឱ្យ​បាន​ត្រឹម​ត្រូ​វ​តាម​ស្មារតី​នៃ​ច្បាប់​សិទ្ធិ​មនុស្ស​ អន្តរ​ជាតិ​ ក៏ដូចជា​ច្បាប់​កំពូល​របស់​ជាតិ​យើង​ហ្នឹងទេ»​។

អ្នក​ការពារ​សិទ្ធិមនុស្ស​រូប​នោះ​ ចង់​ឃើញ​ប្រទេសកម្ពុជា​ដើរ​តាម​គោល​ការណ៍លទ្ធិ​ប្រជាធិប​តេយ្យ សេរី​ពហុបក្ស និង​គោរព​សិទ្ធិ​មនុស្ស ដើម្បី​ឈាន​ទៅ​កសាង​ប្រទេស​ជាតិ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ៕

XS
SM
MD
LG