គណបក្សភ្លើងទៀនបានប្រកាសថា ខ្លួននឹងបន្តស្នើសុំការអន្តរាគមន៍ពីក្រសួងមហាផ្ទៃបន្តទៀត ដើម្បីធានាថា ខ្លួនមានលទ្ធភាពចូលរួមការបោះឆ្នោតនាពេលក្រោយ។ ស្របពេលជាមួយនេះ គណបក្សភ្លើងទៀនក៏រងការព្រមានពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការរំលាយគណបក្សជំទាស់មួយនេះ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី ៣ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន បានថ្លែងថា៖ «ភស្តុតាងមានគ្រប់គ្រាន់អំពីអ្នកណាខ្លះ គេបង្កើតនូវ Channel សប្បាយតេឡេក្រាម។ ខ្ញុំបានចូលទៅខមិនផ្ទាល់នៅក្នុងហ្នឹង ហើយយើងឃើញមុខសញ្ញាមួយចំនួនដែលចេញពីស្រុកក្រៅចូលមកបក្សនយោបាយមួយ អ៊ីចឹងទេ តើបក្សនេះគួរតែត្រូវបានរំលាយឬក៏អត់។ ឥឡូវបើចៅហ្វាយរបស់បក្សនេះពីខាងក្រៅ លើកដៃកាប់មកលើយើង យើងក៏មិនញញើតជាមួយនឹងផ្តាច់ផ្តួលឬសគល់ក្រវាត់ចោលដែរ»។
កាលពីថ្ងៃព្រហស្បតិ៍ គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា ខ្លួនបានព្យាយាមស្នើសុំច្បាប់ដើមនៃប្រកាសលេខ ១៩៣ ប្រក ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៩៩៨ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយដែលគណបក្សភ្លើងទៀនបានបាត់ នៅទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន រហូតមិនអាចចូលរួមការបោះឆ្នោតបាន។
គណបក្សភ្លើងទៀនបញ្ជាក់ថា នឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការរកដំណោះស្រាយជាមួយក្រសួងមហាផ្ទៃ ហើយសង្ឃឹមថា ក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលអាណត្តិថ្មី នឹងជួយផ្ដល់ដំណោះស្រាយពាក់ព័ន្ធ ឯកសារលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដើម្បីគណបក្សភ្លើងទៀនយកមកប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាបន្តបន្ទាប់នៅពេលខាងមុខ។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ប្រាប់វីអូអេថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានច្រើនដងមកហើយមកលើគណបក្សភ្លើងទៀនថា មានការជាប់ទាក់ទងនឹង លោក សម រង្ស៊ី។ ប៉ុន្តែលោកថា គណបក្សភ្លើងទៀនគឺជាគណបក្សស្របច្បាប់ និងមិនមានអ្វីជាប់ពាក់ព័ន្ធនឹង លោក សម រង្ស៊ី ឡើយ។
លោកបន្ថែមថា គណបក្សភ្លើងទៀននឹងនៅតែបន្តទាក់ទងទៅក្រសួងមហាផ្ទៃ និងភាគីផ្សេងៗ ដើម្បីអាចឱ្យគណបក្សភ្លើងទៀនមានសិទ្ធិចូលរួមក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខៗ។
លោកបញ្ជាក់ថា៖ «ទាក់ទងទៅនឹងក្រសួងមហផ្ទៃបដិសេធមិនទទួលគណបក្សភ្លើងទៀន យើងនឹងធ្វើការងារជាមួយនិងស្ថានទូតនានានៅក្នុងប្រទេសកម្ពុជាឱ្យជួយអន្តរាគមន៍ទៅក្រសួងមហាផ្ទៃធ្វើម៉េចឱ្យគណបក្សភ្លើងទៀនបានសេចក្តីចម្លងឬលិខិតបញ្ជាក់ណាមួយដែលគ.ជ.ប ទទួលយកបានក្នុងការចុះឈ្មោះបេក្ខជន ក៏ដូចជាចុះឈ្មោះបញ្ជីគណបក្សនយោបាយក្នុងការប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភាខាងមុខនេះ»។
លោកក៏ជំរុញឱ្យក្រសួងមហាផ្ទៃគួរតែបញ្ជាក់ឱ្យបានច្បាស់លាស់ជុំវិញបញ្ហានៃការស្នើសុំច្បាប់ដើម ថាតើក្រសួងអាចផ្តល់ឲ្យឬយ៉ាងណា។
លោកថ្លែងថា៖ «ក្រសួងមហាផ្ទៃត្រូវតែចង្អុលបង្ហាញធ្វើការណែនាំឱ្យច្បាស់ជាផ្លូវការមកគណបក្សភ្លើងទៀន ដើម្បីធ្វើម៉េចឱ្យគណបក្សភ្លើងទៀនបំពេញទៅតាមអ្វីដែលជាការណែនាំរបស់ក្រសួងមហាផ្ទៃក្នុងការដែលយើងចង់បានលិខិត ដើម្បីយកទៅប្រើប្រាស់នៅក្នុងការចុះបញ្ជីគណបក្សនយោបាយក្នុងការប្រកួតប្រជែងការបោះឆ្នោតនៅថ្នាក់សកលព្រឹទ្ធសភានៅពេលខាងមុខនេះបាទ»។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថាក្រសួងមហាផ្ទៃអនុវត្តទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ក្រសួងមហាផ្ទៃមិនមានសមត្ថកិច្ចអីដោះស្រាយក្នុងការណ៍ដែលគ.ជ.ប មិនចុះឈ្មោះឱ្យគណបក្សភ្លើងទៀនបានចូលប្រកួតប្រជែងទេ។ ការប្រកាសទទួលឬមិនទទួលត្រូវបាន គ.ជ.ប បដិសេធមិនទទួលហើយត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចរួចហើយថាមិនទទួលគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតទេ។ និយាយរួមគឺបាត់បញ្ជីជាតិដើម ដែលគេចង់បានតែក្រសួងមហាផ្ទៃបានចេញឱ្យហើយតើ។ តែសំបុត្រដើមនោះ ទុកនៅឯណា ហើយបើជួបនឹងក្រសួងមហាផ្ទៃ ក៏ក្រសួងមិនមានសិទ្ធិអីធំជាងក្រុមប្រឹក្សាធម្មនុញ្ញដែរ»៕