ពលរដ្ឋក្នុងភូមិ និងឃុំនានា បានចូលរួមយ៉ាងកុះករដើម្បីស្ដាប់កម្មវិធីនយោបាយ និងការសន្យាពីបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ មកពីគណបក្សចំនួន៤ទាក់ទងនឹងការ អភិវឌ្ឍវិស័យនានា ក្រោយពេលដែលពួកគេជាប់ឆ្នោត ហើយដឹកនាំមូលដ្ឋានក្នុងឃុំតាមិម របស់ពួកគេ ស្ថិតក្នុងខេត្តបាត់ដំបងនេះ។
មានគណបក្សនយោបាយចំនួន៥ បានចុះឈ្មោះប្រកួតប្រជែងសម្រាប់ឃុំតាមិម នៅក្នុងការបោះឆ្នោតឃុំសង្កាត់នេះ តែមានគណបក្សនយោបាយចំនួន៤ បានចូលរួមក្នុងកិច្ចពិភាក្សាតាមការអញ្ជើញ ដើម្បីតទល់នឹងការដេញដោលរបស់ពលរដ្ឋ ដែលក្លាហានសួរពីបញ្ហាអត់ការងារធ្វើ បញ្ហាចំណាកស្រុក បញ្ហាសុខាភិបាល បញ្ហាទឹក បញ្ហាភូមិឃុំ មានសុវត្ថិភាព និងបញ្ហាបំបាត់ការជួញដូរគ្រឿងញៀន ជាដើម។
គណបក្សទាំង៤នេះរួមមាន គណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ លើកលែងតែគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា មិនបានចូលរួម។
លោក អ៊ិម ស្វាង បេក្ខជន និងជាមេឃុំគណបក្សប្រជាជនកម្ពុជា បានឆ្លើយនឹងសំណួររបស់ពលរដ្ឋជាច្រើនពីសមិទ្ធផលនានា ដែលគណបក្សរបស់លោកបានកសាង និងយកជាអាទិភាពសម្រាប់ពលរដ្ឋ។
តែថ្លែងប្រាប់វីអូអេ ក្រោយបញ្ចប់កិច្ចពិភាក្សាលោកបានដាក់ក្តីសង្ឃឹមថា គណបក្សប្រជាជន នឹងឈ្នះការបោះឆ្នោតឃុំសង្កាត់នៅឃុំវត្តតាមិមនេះទៀត។
«ដោយសារប្រជាពលរដ្ឋមានការគាំទ្រច្រើន មកលើគណបក្សប្រជាជនកម្ពុជា។ ក្នុងការគាំទ្រនេះ យើងបានធ្វើអ្វីដែលជាតម្រូវការរបស់គាត់ យើងបានដោះស្រាយរួចហើយនឹងកំពុងដោះស្រាយ»។
លោកថា ការគាំទ្រនេះកើតចេញពីគណបក្សប្រជាជន ដែលលោកអះអាងថា បានកសាងហេដ្ឋារចនាសម្ព័ន្ធនានាសម្រាប់ពលរដ្ឋមូលដ្ឋាន ដូចជាប្រឡាយទឹក សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។
ចំណែកបេក្ខជនគណបក្សសង្គ្រោះជាតិវិញ គឺលោក ណូ រិន បានឆ្លើយនឹងសំណួររបស់ពលរដ្ឋគ្រប់បញ្ហាដែលត្រូវបានចោទសួរផងដែរ។
លោកបានអះអាងថា គណបក្សលោក នឹងឈ្នះឆ្នោតដែរ ដោយសារពលរដ្ឋចូលចិត្តនិងមានជំនឿលើគណបក្សលោក។
«អាណត្តិនេះយើងយល់ឃើញថា ប្រជាពលរដ្ឋយល់ដឹងច្រើន។ ខ្លះអត់ហ៊ានចេញមុខទេហើយខ្លះថា ឲ្យតែបានដល់ថ្ងៃបោះឆ្នោតគាត់នឹងដូរ តែគាត់អត់ហ៊ានចេញមុខ។អាណត្តិមុនខ្ញុំចាញ់គណបក្សប្រជាជនតែ៥សំឡេងទេ។ អាណត្តិនេះ ប្រជាជនផុលផុសច្រើន។ យើងខ្ញុំសង្ឃឹមថា នឹងបានធ្វើមេឃុំ»។
លោកថា បើគណបក្សលោកជាប់ឆ្នោតបញ្ហាអាទិភាពភ្លាមៗ គឺការកសាងផ្លូវគមនាគមន៍ សាលារៀនចាស់ៗប្តូរថ្មី មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតដោយគ្មានអំពើពុករលួយ នៅពេលទទួលបានថវិកាពីរដ្ឋ។
នៅក្នុងចំណោមអាសនៈចំនួន១១ក្នុងឃុំ គណបក្សប្រជាជនបានឈ្នះចំនួន៨អាសនៈរាប់ទាំងអាសនៈមេឃុំផងដែរ ហើយគណបក្សជំទាស់ ឈ្នះបាន៣អាសន:ជាជំទប់ឃុំ សង្កាត់តែប៉ុណ្ណោះ កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីឆ្នាំ២០១២។
ក្នុងស្រុកសង្កែខេត្តបាត់ដំបងទាំងមូល មាន១០ឃុំ គឺគណបក្សប្រជាជនកម្ពុជាឈ្នះមេឃុំទាំងអស់ដែរ។
តំណាងគណបក្សខ្មែររួបរួមជាតិលោក ជុំ ចន បានឆ្លើយនឹងសំណួរ ហើយបកស្រាយពីគោលនយោបាយភូមិឃុំរបស់ខ្លួនប្រាប់ពលរដ្ឋជាច្រើនផងដែរ ហើយលោកក៏បានអះអាងអំពីការត្រៀមជួយពលរដ្ឋមូលដ្ឋានដែរ។
ចំណែក តំណាងគណបក្សហ៊្វុនស៊ិនប៉ិចលោក ណម ឆៃ ក៏បានអះអាងពីកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍមូលដ្ឋានដែរ។
ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន១២ ចូលរួមប្រកួតប្រជែងនៅថ្ងៃទី៤ ខែមិថុនា។
លោក ចស់ ហីលស៏ (Josh Hills) នៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យដែលជា អ្នកជួយរៀបចំវេទិកាពិភាក្សាម្នាក់ បានថ្លែងពីសារៈសំខាន់នៃកិច្ចពិភាក្សាស្មើភាពគ្នារវាងបេក្ខជនឈរឈ្មោះ។
«យើងចង់ធ្វើឲ្យប្រាកដប្រជាថា គ្រប់គណបក្សមានឱកាសបញ្ចេញសារ ហើយដោយមានរយៈពេលស្មើគ្នា តាមវិធានបែបយុត្តិធម៌ ហើយយើងក៏ចង់ឮពីពលរដ្ឋក្នុងសហគមន៍ថា តើពួកគេមានបញ្ហាអ្វីដែលជាក្តីបារម្ភពិតប្រាកដរបស់ពួកគេ។ វាជាពេលវេលាដ៏ល្អសម្រាប់ពួកគេក្នុងការប្រើវិធីនេះដើម្បីពិភាក្សា ហើយនេះជាវិធីល្អសម្រាប់គណបក្សនានាស្វែងយល់ថា តើប្រជាពលរដ្ឋដែលពួកគេតំណាងឲ្យនោះត្រូវការអ្វីខ្លះ»។
លោកថា តាមគោលការណ៍ប្រជាធិបតេយ្យ លោកសង្ឃឹមថា អ្នកបោះឆ្នោតត្រូវចូលរួមផ្ដោតការយកចិត្តទុកដាក់ និងធ្វើការទាក់ទងនឹងបេក្ខជននយោបាយជាដើម។
តាមច្បាប់ គណបក្សនយោបាយនីមួយៗ ត្រូវអនុញ្ញាតឱ្យឃោសនាបាន១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា មុនថ្ងៃបោះឆ្នោតមកដល់នៅថ្ងៃទី៤ ខែមិថុនា៕