ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​រដ្ឋាភិបាល​មាន​ទស្សនៈ​ខុស​គ្នា​ចំពោះ​ការ​អំពាវនាវ​របស់​អាមេរិក​ទាក់ទិន​នឹង​ការ​គំរាម​ប្រើហិង្សា​មុន​ពេល​បោះឆ្នោត


រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស​​ ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស​​ ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឲ្យ​ប្រទេស​កម្ពុជា​ជៀស​វាង​ ការគំរាម​កំហែង​ និង​ការ​បភិត​បំភ័យ​ខាង​នយោបាយ​ ខណៈ​ដែល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​ឃុំ-សង្កាត់​ រយៈពេល​១៤​ថ្ងៃ​ ឈាន​ចូល​មក​ដល់។ ក្រុម​មន្ត្រី​នៃ​គណបក្សកាន់​អំណាច​មាន​ទស្សនៈ​ខុស​គ្នា​ចំពោះ​សេចក្តី​អំពាវ​នាវ​របស់​ប្រទេស​មហា​អំណាច​នេះ។​

ក្រុម​មន្ត្រី​នៃ​គណបក្ស​កាន់​អំណាច​នៅថ្ងៃ​អាទិត្យ​នេះ​ បាន​ប្រតិកម្ម​ក្នុង​ជំហរ​ផ្ទុយ​គ្នា​ ​តបទៅ​នឹង​ សេច​ក្តីអំពាវនាវ​របស់​សហរដ្ឋ​អាមេរិក​ ក្នុងការធានា​ឲ្យ​បាន​នូវ​បរិយាកាស​សេរី​នៃ​ការ​អនុវត្តសិទ្ធិ​នយោបាយ​និង​ការ​បញ្ចេញមតិ​ ដោយ​គ្មាន​ការ​គំរាម​កំហែង។

អ្នកស្រី​ Katina Adams ​អ្នកនាំពាក្យ​ក្រសួងការ​បរទេសសហរដ្ឋ​អាមេរិក​បានថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ រដ្ឋាភិបាល​កម្ពុជា​ ត្រូវចាត់​វិធានការបន្ទាន់​ដើម្បី​ធានាសេរីភាព​នៃ​លំហ​នយោបាយ​ ដែល​គ្មាន​ការ​គំរាម​កំហែង​ ឬការ​បំភិត​បំភ័យ​ក្នុងប្រទេស។​ អ្នកស្រី​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​លើក​កម្ពស់សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​ ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទាំង​អស់។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​លោក​ សុខ​ ឥសាន​ មិន​មានការ​ឆ្លើយ​តប​ធ្ងន់ៗ​ ​ទៅ​នឹង​សេចក្តី​អំពាវ​នេះ​ទេ​។ ​លោកបាន​ប្រាប់​ VOA ​នៅថ្ងៃ​អាទិត្យនេះ​ថា​ ការ​អំពាវនាវរបស់​សហរដ្ឋ​អាមេរិក​ គឺ​ស្រប​ទៅនឹង​អ្វី​ ដែល​រដ្ឋាភិបាល​កម្ពុជា​ចង់​បាន​ផងដែរ។

«​នេះជាមតិល្អ​របស់​គាត់​ហើយ​ ហើយ​វា​ស្រប​ទៅតាម​គោលការណ៍​ ក៏ដូច​ជា​ គំនិត​របស់​គណបក្ស​ប្រជាជន​ដែរ​ គឺ​ក្នុង​នាម​ជា​គណបក្ស​កាន់​អំណាច​ គឺ​ចង់​ណាស់​ឲ្យ​បាន​នូវ​សភាពការណ៍​នយោបាយ​ល្អប្រសើរ​ សម្រាប់​ទៅរក​ការបោះឆ្នោត​នេះ​។ អញ្ចឹង​ការ​អំពាវនាវ​របស់​គាត់​ហ្នឹង​មិន​បាច់​ធ្វើ​អី​ទៀត​ទេ​ ព្រោះ​សភាព​ការណ៍​វា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ រួចទៅហើយបាទ»។

លោក​បន្ថែម​ថា​ បុគ្គល​ដែល​ចូលរួម​ក្នុងយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ មិន​អាច​ធ្វើ​សកម្មភាព​ល្មើស​នឹង​គោលការណ៍​របស់​ គណៈកម្មាធិការ​ជាតិ​រៀប​ចំការបោះឆ្នោត​ (គ.ជ.ប)​ ​ដែល​ទាមទារ​ឲ្យ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​យោគយល់​គ្នា​ និង​គ្មាន​ការ​ទិតៀន​គណបក្ស​នយោបាយ​ណាមួយ។

​មេដឹកនាំ​និង​ក្រុម​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ចំនួន​ ១២​ ​បាន​ចាប់​ផ្តើម​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតឃុំ-សង្កាត់​ ​កាល​ពីថ្ងៃ​សៅរ៍​កន្លង​ទៅ​ នៅ​ក្នុង​ទីតាំងផ្សេងៗ​គ្នា​នៅ​ក្នុង​ប្រទេស។ មិន​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​ផ្ទុះ​ឡើង​នៃ​អំពើ​ហិង្សា​នោះនៅ​ឡើយ​ទេ។

​សេចក្តី​អំពាវនាវ​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ​ធ្វើ​ឡើង​ មិនប៉ុន្មានថ្ងៃក្រោយ​ពី​មាន​ការ​គំរាមកំហែង​ ពី​មេ​បក្ស​កាន់អំណាច ​លោក​ហ៊ុន សែន​ ពី​រឿង​សង្គ្រាម​ស៊ីវិល​និង​ ​ការ​គំរាម​របស់​លោក​ទៀ បាញ់​ ​ពីការ​វាយ​បំបែក​ធ្មេញ​អ្នក​តវ៉ា​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នា​ពេល​ខាងមុខ។

លោក​ ផៃ​ ស៊ីផាន​ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ បានប្រាប់​ VOA ​នៅ​ថ្ងៃ​អាទិត្យនេះ​ថា​ ការអំពាវ​នាវ​របស់​សហរដ្ឋ​អាមេរិក​ មិនមែន​ជា​ការលើកទឹកចិត្ត​ដល់​ការ​អនុវត្តលទ្ធិប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា​នោះ​ទេ​ តែជា​ការ​បង្ហាញ​ពីនិន្នាការ​នយោបាយ​គាំទ្រគណបក្ស​នយោបាយ​ណាមួយ​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ចំ​នោះ។​

​«ការ​លើកឡើង​របស់​គាត់​ គឺ​មាន​និន្នាការ​នយោបាយ​ ជា​ជាង​ការលើក​ទឹកចិត្ត​ ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ ទៅតាម​អ្វីដែល​បាន​នៅ​ក្នុង​ច្បាប់​ នៃ​ការ​បោះឆ្នោត​ ហើយ​ដែល​យើង​មាន​យន្តការ​នៃ​ការ​ប្រិត​ប្រៀង​នៃ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ ហើយ​ឆ្លើយតប​នឹង​ដែល​វា​មាន​តួនាទី​ត្រឹម​ត្រូវ​នៃ​ប្រទេស​ដែល​មាន​អធិបតេយ្យ​ភាព​ ហើយ​ប្រជាពលរដ្ឋ​ដែល​ ជាម្ចាស់​នៃ​លទ្ធិប្រជាធិបតេយ្យ»។

លោក​ យឿង​ សុធារ៉ា​ មន្ត្រី​ច្បាប់​ និង​អង្កេត​នៃ​អង្គការឃ្លាំមើលការបោះឆ្នោត​ ខុម​ហ្វ្រែល​ ប្រាប់​ VOA ​ថា​ សេចក្តី​អំពាវនាវ​របស់សហរដ្ឋ​មិនមែន​ជាការ​បញ្ជា​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អ្វី​ទៅតាម​ខ្លួន​ចង់​បាន​នោះ​ឡើយ​ តែវាគ្រាន់តែ​ជា​ការ​សំដែង​ក្តី​បារម្ភ​ចំពោះបរិយាកាស​នយោបាយនៅ​កម្ពុជា​ ដោយសារតែ​កាល​ពី​កន្លង​មក​មេដឹកនាំរដ្ឋាភិបាល​ ក៏ដូចជាមន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាល​ បាន​ប្រើ​សារ​នយោបាយ​គំរាម​កំហែង​ ដូចជាការ​បំភិតបំភ័យនៃ​ការ​កើតមាន​សង្គ្រាម​ជាដើម។​

លោក​ថា​ ​ទោះយ៉ាង​ក្តី​ រដ្ឋាភិបាល​ គួរ​ពិចារណា​លើ​សេចក្តីអំពាវនាវ​របស់​សហរដ្ឋ​អាមេរិក​ ព្រោះ​កម្ពុជា​ត្រូវ​ការការ​ទទួល​ស្គាល់​ជាអន្តរជាតិ​ ចំពោះ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ។​

«ការ​ទទួល​ស្គាល់​ការ​បោះឆ្នោត​មួយ​នៅ​ក្នុង​រដ្ឋ​អធិបតេយ្យ​មួយ​ វាទាម​ទារ​ដែរ​ការ​ទទួល​ស្គាល់​ពី​អន្ត​រ​ជាតិ ការថ្លែង​អំណរ​សាទរ​ពី​អន្តរជាតិ​ ពីសហគមន៍​អន្តរជាតិ​ អញ្ចឹង​យើង​គួរ​តែគិត​ពិចារណាដែរ»។

ប្រទេសកម្ពុជា​ ត្រូវក្រុម​អ្នក​សង្កេតការណ៍​ស្ថានភាពនយោបាយ​កម្ពុជា​ មើល​ឃើញ​ ថា​ បាន​ងាក​ទៅ​ពង្រឹង​ទំនាក់​ទំនង​ក្នុងភាព​ដៃ​គូយុទ្ធសាស្ត្រ​ជាមួយ​ប្រទេស​កុម្មុយនីស្ត​ចិន​កាន់​តែ​ខ្លាំងឡើង។​ ហេតុ​ដូច្នេះ​រដ្ឋាភិបាល​ប្រទេស​ដ៏ក្រីក្រនេះ​ ពុំសូវយក​ចិត្តទុកដាក់​ដល់ការ​ផ្តល់​យោបល់​ ឬការ​អំពាវនាវ​នានា​ពីប្រទេស​ប្រកាន់លទិ្ធប្រជាធិបតេយ្យ​ ដែល​ចង់​ឲ្យកម្ពុជា​មានការ​គោរព​សិទ្ធិមនុស្ស​ និង​សិទ្ធិ​នយោបាយ​ពេញលេញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG