ការដោះស្រាយបញ្ហារបស់ជនពិការ នៅតែមិនមែនជាអាទិភាពក្នុងការឃោសនារកសំឡេងឆ្នោតនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ នាអាណត្តិទី៤។ នេះបើយោងតាមបទបង្ហាញមួយនៅក្នុងសិក្ខាសាលាសាធារណៈមួយ ដែលធ្វើឡើងនាព្រឹកថ្ងៃចន្ទនេះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងសិក្ខាសាលាស្ដីពីគោលការណ៍ណែនាំសម្រាប់ស្វែងរកមតិគាំទ្រ ដើម្បីសិទ្ធិជនពិការនៅកម្ពុជា លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិនៃអង្គការជនពិការកម្ពុជា បានលើកថា គោលនយោបាយសម្រាប់ជនពិការ ត្រូវបានគេបំភ្លេចចោលក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់នាអាណត្តិទី៤នេះ។
លោកបន្តថា មិនមានគណបក្សនយោបាយណាមួយដែលដាក់បញ្ចូលបញ្ហាជនពិការក្នុងគោលនយោបាយ និងរបៀបវារៈរបស់គណបក្សខ្លួននោះទេ។
លោក ងិន សៅរ័ត្ន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃចន្ទនេះថា៖
«គ្រប់គណបក្សហ្នឹងអត់ទាន់បានដាក់របៀបវារៈ អំពីពិការភាពចូលក្នុងការឃោសនាបោះឆ្នោតនៅឡើយទេ ដោយសារមើលឃើញចំនួនតិច អ្នកនយោបាយឲ្យតម្លៃជនពិការទាបមែនទែន។ អត់ដូចសំឡេងរបស់ស្ត្រី និងយុវជន ឃើញទិន្នន័យច្រើនទាក់ទាញអ្នកនយោបាយចង់បានការគាំទ្រពីពួកគាត់»។
សិក្ខាសាលាស្ដីពីគោលការណ៍ណែនាំ សម្រាប់ធ្វើការស្វែងរកមតិគាំទ្រ ដើម្បីសិទ្ធិជនពិការនៅកម្ពុជា ដែលរៀបចំឡើងដោយអង្គការជនពិការកម្ពុជា បានត្រូវបានធ្វើឡើងរយៈពេលពេញមួយថ្ងៃកាលពីថ្ងៃចន្ទនេះ ដើម្បីលើកកម្ពស់សិទ្ធិជនពិការក្នុងការចូលរួមបោះឆ្នោត និងជំរុញឱ្យមានការបង្កើតគោលនយោបាយ និងការអនុវត្តនានាសម្រាប់ជនពិការ។
របាយការណ៍មួយរបស់ គ.ជ.ប បង្ហាញថា មានជនពិការកម្ពុជាចំនួនជាង៨ពាន់៥រយនាក់ ដែលបានចុះឈ្មោះបោះឆ្នោត។ ចំនួននេះរាប់បញ្ចូលតែអ្នកដែលពិការដៃម្ខាង ឬទាំងសងខាងប៉ុណ្ណោះ។ រីឯ អង្គការជនពិការកម្ពុជា រកឃើញថា ជនពិការដែលបានចុះឈ្មោះបោះឆ្នោតមានចំនួនជាង១ម៉ឺននាក់ឯណោះ។
លោក ងិន សៅរ័ត្ន បញ្ជាក់បន្ថែមថា គណបក្សនយោបាយកម្ពុជា គួរឱ្យតម្លៃសន្លឹកឆ្នោតរបស់ជនពិការផងដែរ ព្រោះថាវាក៏មានតម្លៃស្មើនឹងប្រជាពលរដ្ឋទូទៅក្នុងការជ្រើសរើសអ្នកដឹកនាំថ្នាក់មូលដ្ឋានដែរ។ យ៉ាងណាក៏ដោយ លោកបន្ថែមថា តម្រូវការរបស់ជនពិការហាក់ត្រូវបានគេមើលរំលងបើធៀបនឹងក្រុមដទៃទៀត។
«ហើយមេឃុំដឹងខ្លួនឯងថា នែ អញបានជាប់សន្លឹកឆ្នោត ដោយសារជនពិការដែរ។ អញ្ចឹងនៅពេលដែលគាត់ក្លាយជាមេឃុំ ចៅសង្កាត់ គាត់ចាប់ផ្ដើមគិតគូរជនពិការ។ ទី១ ទាក់ទងនឹងសេវាកម្ម និងទី២ ទាក់ទងនឹងការចូលរួមរបស់គាត់។ ទី៣ ទាក់ទងនឹងការគិតគូរពីហេដ្ឋារចនាសម្ព័ន្ធ បង្គន់អនាម័យ និងផ្លូវចេញចូល»។
បើតាមលោក ងិន សៅរ័ត្ន ទោះជាកន្លងមក គ.ជ.ប បានជួយសម្របសម្រួលដល់ជនពិការឲ្យមានភាពងាយស្រួលចូលរួមការបោះឆ្នោតក៏ដោយ ក៏ជនពិការនៅតែប្រឈមនឹងការលំបាកច្រើនទៀត មានជាអាទិ៍ ជម្រាលនៅតាមការិយាល័យបោះឆ្នោតមិនទាន់គ្រប់គ្រាន់ ហិបឆ្នោតការិយាល័យខ្លះនៅខ្ពស់ពេក ច្រកចូលបន្ទប់សម្ងាត់តូចចង្អៀត ការផ្សព្វផ្សាយ និងអប់រំដល់មន្ត្រីបោះឆ្នោតអំពីពិការភាពនៅមានកម្រិត និងជនពិការគថ្លង់ មិនទទួលបានព័ត៌មានទាក់ទងនឹងការបោះឆ្នោតជាដើម។
ទោះជាយ៉ាងនេះក៏ដោយ អ្នកស្រី តែ ម៉ានីរ៉ុង សមាជិកាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លើកឡើងថា គ.ជ.ប បានរៀបចំឲ្យមានការអន្តរាគមន៍ និងជួយសម្រួលដល់ជនពិការនាថ្ងៃបោះឆ្នោតខ្លះដែរ ក៏ប៉ុន្តែ ការអនុវត្តការងាររបស់គ.ជ.ប គឺត្រូវធ្វើតាមដែនកំណត់នៃច្បាប់ និងលទ្ធភាពរបស់គ.ជ.ប។
អ្នកស្រី តែ ម៉ានីរ៉ុង ថ្លែងរៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងសិក្ខាសាលានាថ្ងៃចន្ទយ៉ាងដូច្នេះថា៖
«នៅក្នុងការបោះឆ្នោតខាងមុខ គ.ជ.ប បានរៀបចំនៅតាមការិយាល័យបោះឆ្នោតនូវជម្រាលមួយចំនួនដល់បងប្អូនពិការនៅថ្ងៃបោះឆ្នោតដើម្បីរុញរទេះឡើង។ ទី២ ជនពិការអាចស្នើសុំនរណាម្នាក់ឲ្យជួយបី ឬជួយបន្ទាបហិបឆ្នោតជូនគាត់។ គ.ជ.ប ចង់ឲ្យជនពិការបានចូលរួមពេញលេញក្នុងការបោះឆ្នោត។ សន្លឹកឆ្នោតមួយសន្លឹករបស់ជនពិការ គឺស្មើនឹងសន្លឹកឆ្នោតមួយសន្លឹក»។
អ្នកស្រី តែ ម៉ានីរ៉ុង គាំទ្រឲ្យគណបក្សនយោបាយពិចារណាដាក់បេក្ខភាពជាជនពិការដែលមានសមត្ថភាពឲ្យឈរឈ្មោះបោះឆ្នោត។
ដោយឡែក លោក យឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់នៃអង្គការឃ្លាំមើលការបោះឆ្នោតនៅ Comfrel បានប្រាប់ VOA ថា ការបង្កើតគោលនយោបាយឃុំសង្កាត់ គឺមានដែលកំណត់តូចចង្អៀត ដោយផ្អែកទៅលើតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាននីមួយៗ។ លោកថា ការលើកកម្ពស់សិទ្ធិជនពិការ គួរត្រូវបានដាក់បញ្ចូលក្នុងគោលនយោបាយថ្នាក់ជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រច្រើនជាង។
«បើសិនជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គណបក្សនយោបាយនីមួយៗ ត្រូវតែគិតគូរហើយ។ បើគណបក្សនយោបាយមិនបានគិតគូរដល់សិទ្ធិជនពិការ ខ្ញុំគិតថាវាជាការធ្វេសប្រហែសរបស់គណបក្ស ដែលបានចូលរួមប្រកួតប្រជែងហើយ។ ប៉ុន្តែសម្រាប់ឃុំសង្កាត់ គោលនយោបាយរបស់ឃុំសង្កាត់វាមានដែនកំណត់»។
ទិន្នន័យរបស់ក្រសួងសង្គមកិច្ចឲ្យដឹងថា ជនពិការនៅកម្ពុជាមានជាង៥០ម៉ឺននាក់ គិតត្រឹមចុងឆ្នាំ ២០១៥។ រីឯ របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា ជនពិការនៅប្រទេសកម្ពុជារាប់ទាំងជនពិការកាយសម្បទា និងពិការផ្នែកស្មារតី មានប្រមាណ១០ទៅ១៥ ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស តែងតែយកចិត្តទុកដាក់ចំពោះជនពិការជានិច្ច។
«អ៊ីចឹងទេបានជានិច្ចកាល សម្ដេចតេជោ ហ៊ុន សែន តែងតែផ្តាំផ្ញើក្រសួងគ្រប់ខេត្តក្រុងយកចិត្តទុកដាក់ ជួយឲ្យបងប្អូនជនពិការមានការងារធ្វើសមរម្យ ស្របតាមលទ្ធភាព សមត្ថភាព និងកាយសម្បទារបស់ខ្លួន»។
ស្រដៀងគ្នានោះដែរ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានដាក់ចេញនូវគោលនយោបាយលើកកម្ពស់សិទ្ធិជនពិការ ទាំងគោលនយោបាយបោះឆ្នោតឃុំសង្កាត់ និងថ្នាក់ជាតិ។
លោកបន្តថា គណបក្សសង្គ្រោះជាតិ ក៏មានបេក្ខជនឈរឈ្មោះបោះឆ្នោតមួយចំនួនតូចដែលជាជនពិការផងដែរ។
«យើងមានមូលនិធិឃុំមួយសម្រាប់ជួយដល់ជនងាយរងគ្រោះ រួមទាំងជនពិការ និងជនក្រីក្រជាដើម។ ដោយឡែក គោលនយោបាយថ្នាក់ជាតិ ក៏យើងមានក្នុងសង្គមកិច្ច»។
គណបក្សនយោបាយនៅកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោត ឃុំ-សង្កាត់កាលពីថ្ងៃសៅរ៍។ ការឃោសនាស្វែងរកសំឡេងឆ្នោតដែលមានរយៈពេល២សប្ដាហ៍នេះ នឹងបញ្ចប់នៅថ្ងៃទី២ ខែមិថុនា ហើយការបោះឆ្នោតឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា។
យ៉ាងណាក៏ដោយ ក្រុមជនពិការកម្ពុជាសង្ឃឹមថា គណបក្សនយោបាយនានាក្នុងប្រទេសកម្ពុជានឹងយកចិត្តទុកដាក់ដល់ពួកគាត់បន្ថែមទៀត នៅមុននិងក្រោយការបោះឆ្នោតនាពេលខាងមុខ៕