បុរសដែលកំពុងនិយាយនេះកំពុងជជែកបង្ហាញហេតុផលប្រាប់ពួកប៉ូលិសនៅប៉ុស្តិ៍របស់ពួកគេនៅជិតក្រុង Campo ដែលនៅព្រំដែនខាងត្បូងនៃប្រទេស Cameroon ជាមួយប្រទេស Gabon និងប្រទេស Equatorial Guinea។ បុរសនេះបានត្រូវចាប់ខ្លួនជាមួយមនុស្ស៤៥នាក់ទៀត។ គាត់និយាយថា គាត់គ្រាន់តែជាអ្នកដំណើរប៉ុណ្ណោះនៅក្នុងកប៉ាល់នេះ។
ក៏ប៉ុន្តែលោក George Mouncharou មន្ត្រីជាន់ខ្ពស់របស់ Cameroon ខាងការពារសត្វព្រៃនៅក្នុងតំបន់នោះ និយាយថា នាវានោះមាន Conteneurs ផ្ទុកភ្លុកដំរីប្រមាណ២០០គ.ក្រ.។
ការរកឃើញនេះជាសំណាងល្អមួយ។
លោក Mouncharou និយាយថា កប៉ាល់នេះបានបោះយុថ្កាក្នុងដែនទឹកនៃប្រទេស Cameroon កាលពីថ្ងៃអង្គារទី១៤ខែមិថុនា ដោយសារអស់ប្រេងឥន្ធនៈ។ នាវានេះបានធ្វើដំណើរពីប្រទេស Gabon ទៅកាន់ប្រទេស Nigeria។លោកថ្លែងថា ពួកមន្ត្រី Cameroon ចាប់អារម្មណ៍អំពីកប៉ាល់នេះ នៅពេលវាកំពុងចាក់ប្រេងឥន្ធនៈ ហើយក៏សង្ស័យថា នាវានេះអាចជារបស់ពួកអ្នកជួញដូរភ្លុកដំរី ហើយពួកគេក៏បានឡើងលើកប៉ាល់នោះដើម្បីឆែកឆេរ។ លោកនិយាយថា នេះជាលើកដំបូងហើយដែលអាជ្ញាធរ Cameroon បានរកឃើញភ្លុកដំរីនៅក្នុងកប៉ាល់សមុទ្រ។
លោក Mouncharou បាននិយាយថា អ្នកជិះនៅលើកប៉ាល់នេះមកពីប្រទេស Nigeria, Benin, Cameroon, Gambia និងប្រទេស Nigeria។ មនុស្ស១២នាក់បានត្រូវឃាត់ខ្លួនដើម្បីធ្វើការស៊ើបអង្កេតថែមទៀត។
លោក Kpwang Abessolo Francois ជាមន្ត្រីជាន់ខ្ពស់ខាងកម្មវិធីក្នុងផ្នែកកណ្តាលនៃទ្វីបអាហ្វ្រិកសម្រាប់បណ្តាញឃ្លាំមើលការជួញដូរសត្វព្រៃហៅកាត់ថា TRAFFIC។ លោកនិយាយថា គេមានជំនឿថា ភ្លុកដំរីទាំងនេះបានត្រូវប្រមូលយកពីដំរីដែលបានត្រូវសម្លាប់នៅក្នុងប្រទេស Cameroon និងប្រទេស Gabon។
លោក Francois និយាយថា ពួកប្រទេសអាស៊ីចង់បានវត្ថុប្រណីតច្រើនជាងមុន ដោយមានរួមបញ្ចូលទាំងភ្លុកដំរីផងដែរ នៅពេលដែលប្រាក់ចំណូលពួកគេបានកើនច្រើន។ លោកថ្លែងថា ការស្រាវជ្រាវបានរកឃើញថា ភ្លុកដំរីអាហ្វ្រិកឡើងថ្លៃដល់៣ពាន់ដុល្លារក្នុងមួយគ.ក្រ.ក្នុងផ្សារងងឹត ហើយដោយសារតែតម្លៃដ៏ថ្លៃនេះហើយបានជាពួកអ្នកជួញដូរភ្លុកដំរីមកពីប្រទេសនានាក្នុងប៉ែកកណ្តាលនៃទ្វីបអាហ្វ្រិកហ៊ានប្រថុយគ្រោះថ្នាក់។
លោកបាននិយាយថា ពួកអ្នកជួញដូរបានកាត់ភ្លុកដំរី ហើយដាក់វាក្នុងវត្ថុសិល្បៈឬក្នុងព្រំ ហើយជួនកាលគេកិនភ្លុកដំរីឱ្យទៅជាម្សៅ ហើយដាក់វាក្នុងធុងប្រេង។
ទ្វីបអាហ្វ្រិកកំពុងជួបប្រទះនឹងការសម្លាប់សត្វមានតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតាមប្រទេសនានាដែលក្នុងនោះមានទាំងប្រទេស Cameroon ផងដែរ។ តាមការស្ទង់ប្រមាណមួយបានឲ្យដឹងថា តំបន់កណ្តាលនៃទ្វីបអាហ្វ្រិកបានបាត់បង់ជិតពីរភាគបីនៃចំនួនដំរីសរុបនៅទីនោះចាប់តាំងពីឆ្នាំ២០០៤មក។
ប្រទេស Cameroon បានផ្តោតការយកចិត្តទុកដាក់លើឧទ្យានជាតិ ដោយបានដាក់ពង្រាយពួកទាហានដើម្បីតាមរកក្រុមជនប្រមាញ់ដំរីផងដែរ។ កាលពីពេលមុននេះ ក្នុងខែមិថុនា មនុស្ស៧នាក់ ដែលមានភ្លុកដំរីកាត់ពីដំរី២៤ក្បាល ត្រូវបានចាប់ខ្លួននៅក្នុងឱទ្យានជាតិ Campo M'aan និងនៅឯព្រំដែនខាងត្បូងរបស់ប្រទេសនេះ។
លោក Joseph Achaleke នាយកផ្នែកការពារសត្វព្រៃជិតផុតពូជនៃប្រទេស Cameroon បាននិយាយថា ប្រហែលមានការជួញដូរភ្លុកដំរីតាមសមុទ្រច្រើនជាងនេះទៀត។
លោក Achaleke និយាយថា ពួកគេបានពង្រឹងការឃ្លាំមើលតាមសមុទ្រ និងបានធ្វើការជាមួយប្រទេសជិតខាងដើម្បីឱ្យដឹងឈ្មោះពួកម្ចាស់នាវា និងដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះផងដែរ។ ក៏ប៉ុន្តែលោកថ្លែងថា ពួកគេពឹងពាក់ច្រើនណាស់លើប្រជារាស្ត្រដើម្បីប្រាប់ពួកគេឱ្យដឹងអំពីសកម្មភាពដែលមានការសង្ស័យ។
កាលពីខែមេសា ប្រទេស Cameroon បានដុតភ្លុកដំរីចំនួនពីរពាន់ដែលបានត្រូវរឹបអូសយក ហើយនេះជាការបង្ហាញជំហរប្រឆាំងនឹងពួកអ្នកប្រមាញ់ដំរី។ ពាណិជ្ជកម្មភ្លុកដំរីអន្តរជាតិបានត្រូវហាមប្រាមតាំងពីឆ្នាំ១៩៨៩៕
ប្រែសម្រួលដោយលោកឈឹម សុមេធ