ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ជាថ្មីម្ដងទៀត បានបដិសេធ មិនអនុញ្ញាតឲ្យក្រុមតំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិ ចូលជួបសួរសុខទុក្ខលោក កឹម សុខា ដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី៣ ឬហៅថាម៣ ត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ។ នេះបើយោងតាមលិខិតមួយច្បាប់របស់ចៅក្រមស៊ើបសួរក្នុងសំណុំរឿងក្ដីនេះគឺលោក ភី ឬទ្ធី ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ដែលវីអូអេ ទទួលបាននៅថ្ងៃសុក្រនេះ។
ការបដិសេធនេះ គឺជាការឆ្លើយតបទៅនឹងលិខិតរបស់លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាង១០នាក់ទៀត ដែលបានស្នើសុំចូលសួរសុខទុក្ខលោក កឹម សុខា ប្រធានគណបក្សប្រឆាំងនេះ នៅថ្ងៃទីចន្ទ ទី១៨ ខែកញ្ញា។
លោកចៅក្រមស៊ើបសួរ ភី ឬទ្ធី បានសំអាងហេតុផលថា សំណុំរឿងរបស់លោក កឹម សុខានេះ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្តុតាងនានានៅឡើយ។
ដូច្នេះ លោកបន្តថា ការចូលជួបឬសួរសុខទុក្ខ អាចអនុញ្ញាតឲ្យបានតែមេធាវីនិងក្រុមគ្រួសារជនត្រូវចោទ ដែលមិនទាក់ទងនៅក្នុងរឿងនេះតែប៉ុណ្ណោះ។
ចៅក្រមស៊ើបសួរ បានបដិសេធម្ដងហើយកាលពីសប្ដាហ៍មុន ដោយមិនអនុញ្ញាតឲ្យក្រុមតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិដឹកនាំដោយលោកស្រី មូរ សុខហួរ ចូលជួបសួរសុខទុក្ខលោក កឹម សុខា ក្នុងមន្ទីរឃុំឃាំងម៣នោះ។
លោក កឹម សុខា ត្រូវបានអាជ្ញាធរសម្រុកចូលចាប់ខ្លួនចេញពីផ្ទះរបស់លោកក្នុងទីក្រុងភ្នំពេញទាំងកណ្ដាលយប់ រំលងអធ្រាត្រចូលថ្ងៃទី៣ ខែកញ្ញា ក្រោមបទចោទប្រកាន់ថា លោក«ក្បត់ជាតិ»។ អាជ្ញាធរ បានចោទថា លោកបានរៀបចំផែនការសម្ងាត់ ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ជាមួយគ្នាដែរ លោកសុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏បានកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺលោក អង្គ វង្សវឌ្ឍានា ឲ្យចូលបំភ្លឺនៅរដ្ឋសភា អំពីមូលដ្ឋានពិតប្រាកដដែលនាំឲ្យសមត្ថកិច្ច ចុះចាប់អ្នកតំណាងរាស្ត្រ ដែលលោកសុន ឆ័យ ហៅថា ធ្វើផ្ទុយពីគោលការណ៍ច្បាប់ដែលមានជាធរមាន៕