ពលរដ្ឋខ្មែរអាមេរិកាំង និងនៅកាណាដា ដែលមកធ្វើបាតុកម្មក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីឲ្យមានការស្តារប្រជាធិបតេយ្យកម្ពុជាឡើងវិញនោះ បានចុះហត្ថលេខាលើញត្តិរួមគ្នាមួយ ដើម្បីស្នើសុំឲ្យប្រទេសចិនដែលជាប្រទេសហត្ថលេខីមួយផងនោះ គោរពសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស គោលការណ៍សេរីនិយម ពហុបក្ស និងការបើកឲ្យមានកិច្ចសន្ទនានយោបាយជាមួយអ្នកនយោបាយកម្ពុជា រួមទាំងគណបក្សសង្គ្រោះជាតិដែលតំណាងឲ្យពលរដ្ឋខ្មែរមួយភាគធំផងដែរ។ នេះបើតាមការអះអាងរបស់លោក រី គា អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិម្នាក់ប្រចាំសហរដ្ឋអាមេរិកដែលបានចូលរួមបាតុកម្មនៅថ្ងៃនេះ។
«ចំពោះចិនដែលបានក្លាយជាប្រទេសហត្ថលេខីហ្នឹង យើងដឹងស្រាប់ហើយសន្ធិសញ្ញាទីក្រុងប៉ារីស បានបញ្ចប់សង្គ្រាមរាំុរ៉ៃ ខ្មែរសម្លាប់ខ្មែរប៉ុន្មានឆ្នាំមកហ្នឹងហើយក្រោយមកដើម្បីបញ្ចប់សង្គ្រាមហ្នឹង យើងត្រូវរៀបចំឲ្យមានការបោះឆ្នោត ត្រឹមត្រូវ ដោយសេរីនិងយុត្តិធម៌ដើម្បីឲ្យមានប្រជាធិបតេយ្យនៅក្នុងស្រុកខ្មែរឡើងវិញ ហេតុដូច្នេះហើយអ្វីដែលចិនបានធ្វើពីឆ្នាំ១៩៩១ ហ្នឹងមក សុំឲ្យបន្តទៅ កុំឲ្យបំភ្លេចចោលពីព្រោះការដែលមិនព្រមធ្វើតាមនៅអ្វីដែលបានព្រមព្រៀងគ្នានៅក្នុងការស្តារលទ្ធិប្រជាធិបតេយ្យហ្នឹង វាមានការប៉ះពាល់ដល់អាយុជីវិតប្រជារាស្ត្រខ្មែរអាចនឹងស្លាប់តទៅទៀតអាចរាប់លាននាក់តទៅទៀត អីចឹងហើយបានជាយើងមកទទូចថាឲ្យចិនហ្នឹង គោរពនូវអ្វីដែលខ្លួនឯងបានធ្វើក្នុងកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីសព្រោះកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីសហ្នឹងអស់លោកដឹងស្រាប់ហើយវាទាក់ទងនឹងការបញ្ចប់សង្គ្រាម វាទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតសេរីនិងយុត្តិធម៌ និងការគោរពសិទ្ធិមនុស្ស»។
លោកបានអះអាងថា ចិនក៏ត្រូវទទួលស្គាល់អំពីអធិបតេយ្យភាព និងមោឃភាពនៃសន្ធិសញ្ញាដែលកម្ពុជាបានចុះហត្ថលេខាជាមួយវៀតណាមកាលពីទសវត្សរ៍១៩៨០ ជាច្រើននោះដែរ ក្រៅពីលោកទទូចដល់ចិនត្រូវប្រកាន់តួនាទីឥតលម្អៀងក្នុងបញ្ហានយោបាយកម្ពុជា។
«ហើយមកទល់នឹងពេលនេះធ្វើអ្វីក៏ដោយ យើងមិនអាចចោលចិនបានទេ ទោះបីជាសហរដ្ឋអាមេរិកក្តី ហើយការរកដំណោះស្រាយនយោបាយ ខាងផ្នែកអន្តរជាតិទាល់តែមានចិននៅជាមួយដែរ ហើយយើងចង់ទទូចឲ្យចិន កុំឲ្យតែគាំទ្រគណបក្សកាន់អំណាចរបបហ៊ុន សែនសព្វថ្ងៃនេះ ដែលជារបបខុសច្បាប់ហ្នឹង ចិនហាក់បីដូចជាលម្អៀងទៅខាងហ្នុងខ្លាំងពេក អីចឹងសុំឲ្យមានការបន្ធូរបន្ថយឲ្យមានការពិភាក្សាគ្នាដោះស្រាយជាមួយភាគីទាំងសងខាង មិនឲ្យផ្កាប់មុខជាមួយគណបក្សប្រជាជនទេអាហ្នឹងជារឿងពិត»។
ប្រទេសចិនដែលធ្លាប់គាំទ្ររបបខ្មែរក្រហមដែលជារបបត្រូវស្តីបន្ទោសលើការស្លាប់ពលរដ្ឋខ្មែរជាង១លាន ៧សែននាក់ កាលពីទសវត្សរ៍១៩៧០ គឺជាប្រទេសហត្ថលេខីសំខាន់មួយក្នុងចំណោម១៨ប្រទេស។ លោក អ៊ួង រិទ្ធី (Rithy Uong )ប្រធានគណបក្សសង្គ្រោះជាតិមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានទទូចឲ្យចិនបន្តគោរពសន្ធិសញ្ញាទីក្រុងប៉ារីស នៅពេលព្យាយាមដាក់ញត្តិនៅស្ថានទូតចិនក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃនេះ។
«ចំណុចដែលយើងចង់បាន គឺសុំឲ្យប្រទេសចិនហ្នឹងគោរពសិទ្ធិសញ្ញាទីក្រុងប៉ារីស ឆ្នាំ១៩៩១ ព្រោះចិនជាម្ចាស់ហត្ថលខីដ៏ធំកាលហ្នុង ហើយទី២ សុំឲ្យគោរពសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យ បូរណភាពដែនដីរបស់យើង ព្រោះចិនក៏ទទួលស្គាល់ដែរនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង អីចឹងយើងចង់ឲ្យចិនគោរពនូវអ្វីៗដែលចិនព្រមព្រៀងនៅលើសន្ធិសញ្ញាទីក្រុងប៉ារីស»។
តំណាងពលរដ្ឋខ្មែរអាមេរិកាំងមកពីបណ្តារដ្ឋនានានិងកាណាដាដែលស្រឡាញ់ទឹកដីកំណើតរបស់ខ្លួន បានធ្វើការប្រមូលផ្តុំគ្នានៅមុខស្ថានទូតចិនដើម្បីដាក់ញត្តិ និងបន្តទៅស្ថានទូតខ្មែរក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៩ ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
បាតុកម្មនេះត្រូវគេបញ្ជាក់ថា គឺដើម្បីសុំឲ្យមានការដោះលែងលោក កឹម សុខា ដែលត្រូវអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួន២ឆ្នាំ ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តែក្រុមជំទាស់ថាជារឿងនយោបាយនិងអយុត្តិធម៌ និងទាមទារឲ្យដាក់គណបក្សសង្គ្រោះជាតិមានដំណើរការឡើងវិញ។
នៅក្នុងសារដដែល ក្រុមអ្នករៀបចំបានសរសេរផងដែរថា៖ «យើងសុំដ៏ទទូចដល់រដ្ឋាភិបាលចិនឲ្យគោរពបំណងប្រាថ្នារបស់ពលរដ្ឋកម្ពុជាគឺចង់បានប្រជាធិបតេយ្យនៅលើទឹកដីរបស់កម្ពុជា»៕