ពលរដ្ឋខ្មែរអាមេរិកាំងមកពីបណ្តារដ្ឋនានាគ្រោងនឹងធ្វើបាតុកម្មនៅមុខស្ថានទូតចិន និងស្ថានទូតខ្មែរក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី៣១ ខែសីហាឆ្នាំ ២០១៩ ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ នេះបើតាមការបញ្ជាក់របស់ក្រុមអ្នករៀបចំនិងសេចក្តីជូនដំណឹងនៅថ្ងៃនេះ។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ក្រុមពលរដ្ឋខ្មែរអាមេរិកាំងនឹងចាប់ផ្តើមធ្វើ បាតុកម្មរបស់ពួកគេនៅម៉ោង១០ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ៣១ ខែសីហានៅ មុខស្ថានទូតចិនក្នុងរដ្ឋធានី វ៉ាស៊ីនតោន ហើយនឹងដង្ហែក្បួនទៅបន្តបាតុកម្មរបស់ពួក គេនៅមុខស្ថានទូតកម្ពុជាប្រចាំក្នុងរដ្ឋធានី វ៉ាស៊ីនតោន រហូតដល់ម៉ោង ៤ ល្ងាច។បាតុកម្មនេះត្រូវគេបញ្ជាក់ថា គឺដើម្បីសុំឲ្យមានការដោះលែងលោក កឹម សុខា ដែល ត្រូវអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួន២ឆ្នាំពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តែក្រុម ជំទាស់ថាជារឿងនយោបាយនិងអយុត្តិធម៌ និងទាមទារឲ្យដាក់គណបក្សសង្គ្រោះជាតិមានដំណើរការឡើងវិញ។
នៅក្នុងសារដដែល ក្រុមអ្នករៀបចំបានសរសេរផងដែរថា៖ «យើងសុំដ៏ទទូចដល់រដ្ឋាភិបាលចិនឲ្យគោរពបំណងប្រាថ្នារបស់ពលរដ្ឋកម្ពុជាគឺចង់បានប្រជាធិបតេយ្យនៅលើទឹកដីរបស់កម្ពុជា»៕