កម្មវិធីកិច្ចផ្តួចផ្តើមមេដឹកនាំយុវជនអាស៊ីអាគ្នេយ៏ YSEALI របស់ស.រ.អា ជាកម្មវិធីមួយដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមយុវជនក្នុងតំបន់ដែលមានរួមទាំងយុវជនកម្ពុជាផង។ យុវជនកម្ពុជាមើលឃើញសក្តានុពលដ៏ធំនៃកម្មវិធីនេះ។
អនាគតនៃកម្មវិធីដែលបាននាំយុវជនអាស៊ាននិងកម្ពុជារាប់រយនាក់ទៅកាន់សហរដ្ឋអាមេរិកនិងប្រទេសផ្សេងៗទៀតតាមរយៈការផ្លាស់ប្តូរការសិក្សារយៈពេលខ្លីអស់រយៈពេលបីឆ្នាំមកនេះត្រូវបានបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលយុវជន YSEALI ប្រចាំឆ្នាំដោយមានការចូលរួមជាលើកចុងក្រោយពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក ប៉ារ៉ាក់ អូប៉ាម៉ា មុនពេលដែលអាណត្តិប្រធានាធិបតីរបស់លោកបញ្ចប់នៅខែមករាខាងមុខនេះ។
កម្មវិធី YSEALI ត្រូវបានផ្តួចផ្តើមដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ប៉ារ៉ាក់ អូប៉ាម៉ា នៅឆ្នាំ ២០១៣ដើម្បីអនុញ្ញាតិឲ្យយុវជននៅតំបន់អាស៊ីអាគ្នេយ៍អាចផ្លាស់ប្តូរចំណេះដឹងនិងសិក្សាពីសង្គម ការគ្រប់គ្រងរដ្ឋផ្ទាល់ និងបង្កើនចំណងមិត្តភាពជាមួយសហរដ្ឋអាមេរិក។ យុវជនជាច្រើនមាននៅតែមានការស្រពិចស្រពិលអំពីអនាគតនៃកម្មវិធីនេះក្រោយពីអាណត្តិលោកអូប៉ាម៉ានឹងត្រូវបានបញ្ចប់។
ថ្លែងនៅក្នុងកិច្ចប្រជុំនៅប្រទេសឡាវទៅកាន់យុវជនប្រមាណ៣៥០នាក់ លោកអូប៉ាម៉ាបានឆ្លើយនូវសំណួរអំពីអនាគតនៃកម្មវិធីនេះពីយុវនារីម្នាក់ក្នុងកម្មវិធីថាកម្មវិធីនេះនឹងនៅតែបន្តមានជានិច្ច។
«យើងមានកិច្ចការពីរដែលយើងត្រូវធ្វើ។ទីមួយ យើងនឹងធ្វើការជាមួយក្រសួងកិច្ចការបរទេស ដើម្បីធានាថាកម្មវិធី YSEALI នៅតែបន្តក្រោយពេលដែលខ្ញុំចាកចេញពីតំណែង។ កម្មវិធីនេះគឺដើម្បីនាំមកនូវសមាជិក YSEALI ដែលជាសិស្សនិស្សិតឲ្យមកប្រទេសអាមេរិកនិងរក្សាបណ្តាញ យើងកំពុងតែខិតខំប្រឹងប្រែងក្នុងការបង្កើតវាអោយទៅជាស្ថាប័នមួយនៅពេលដែលខ្ងុំទៅបាត់»។
លោក រ័ត្ន សុផាន់ណា និស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាយុវជនខ្មែរតែមួយរូបគត់ដែលបានចោទជាសំណួរទៅលោក អូប៉ាម៉ា អំពីគោលដៅអភិវឌ្ឃដែលប្រកបដោយនិរន្តរភាពនៅសហរដ្ឋអាមេរិក។ លោកគិតថាកម្មវិធីនេះនឹងមានសក្តានុពលទៅលើយុវជនកម្ពុជានៅថ្ងៃអនាគត ហើយវាគួរតែបន្ត។
«ខ្ញុំគិតថាគឺវាធ្វើឲ្យយុវជនពីបណ្តាប្រទេសអាស៊ានមានទំនាក់ទំនងល្អនឹងគ្នា។ពេលដែលយើងទៅប្រទេសអាមេរិកជាមួយគ្នាចំណាយពេលប្រាំអាទិត្យជាមួយគ្នាយើងនឹងប្រើពេលស្វែងយល់ពីគ្នាទៅវិញទៅមក ហើយពេលយើងត្រឡប់មកវិញយើងនឹងបង្កើតជាបណ្តាញ អញ្ចឹងបើយើងចង់ធ្វើអ្វីមួយដែលមានអត្ថប្រយោជន៍ដល់សង្គមយើង យើងអាចរៀនពីគំនិតថ្មីៗដែលគេកំពុងធ្វើនៅក្នុងប្រទេសគេហ្នឹង»។
នាង ធាម សុធីតានៀត ជាជំនួយការអ្នកគ្រប់គ្រងខាងផ្នែកហិរញ្ញវត្ថុនៃធនាគារANZដែលបានចូលរួមកិច្ចប្រជុំកំពូល YSEALI នេះគិតថាកញ្ញាក៏ដូចជាយុវជនកម្ពុជាដទៃទៀតទទួលបាននូវផលប្រយោជន៍ជាច្រើនពីកម្មវិធីនេះ។
នាងថា៖ «ពេលដែលគាត់ទៅគាត់បានជួបជុំសមាជិកពីសមាគមន៍អាស៊ានផ្សេងៗទៀតជាមួយនឹងបទពិសោធន៍ និងចំណេះដឹងដែលពួកគាត់បានរៀន។ពេលដែលគាត់មកវិញគាត់នឹងយកចំណេះដឹងឬក៏បទពិសោធន៍ដែលគាត់បានទទួលពេលដែលគាត់រៀននៅសហរដ្ឋអាមេរិកទៅប្រើទៅលើអ្វីដែលគាត់ធ្វើដើម្បីអភិវឌ្ឍសង្គមជាតិរបស់គាត់»។
នាង ងិន លីដា អ្នកជំនាញផ្នែកអភិវឌ្ឍន៍ធនធានទំនាក់ទំនង និងតស៊ូមតិដែលបានទទួលផលប្រយោជន៍ពីការចូលរួមកិច្ចប្រជុំកំពូល YSEALI ក៏បាននិយាយថាកម្មវិធីនេះមានអត្ថប្រយោជន៍ខុសប្លែកពីកម្មវិធីផ្សេងៗដែលនាងធ្លាប់បានចូលរួម។
«បងក៏ភ្ញាក់ផ្អើលខ្លួនឯងផ្ទាល់ដែរដែលបានឃើញយុវជនទាំងនៅមហាវិទ្យាល័យសិក្សាក៏ដូចជាបងៗមួយចំនួនទៀតដែលធ្វើនៅតាមសង្គមស៊ីវិល គាត់មានគំនិតក្នុងការជួយជ្រោមជ្រែងដើម្បីជួយបន្ធូរបន្ថយនូវទុក្ខលំបាកនៅក្នុងប្រទេសកម្ពុជាយើង»។
នាងបានបន្ថែមថាកម្មវិធីនេះជួយបង្កើតចំណងឲ្យកាន់តែស្អិតរមួតរវាងប្រទេសអាស៊ានទាំងដប់ក៏ដូចជាសហរដ្ឋអាមេរិក។
«ក្រៅពីការបង្កើតទំនាក់ទំនងជាមួយប្រជាជនអាស៊ានផ្ទាល់យើងបានរៀនសូត្រពីចំណេះដឹងជាច្រើនទៅលើការធ្វើគម្រោងការងារផ្សេងៗរាប់តាំងពី បរិស្ថាន កសិកម្ម ការគាំទ្រនិងថែរក្សាទំនៀមទម្លាប់វប្បធម៌ និងការលើកទឹកចិត្តស្ត្រី»។
កិច្ចប្រជុំ YSEALI បានប្រារព្ធធ្វើឡើងអស់រយៈពេលបីថ្ងៃពីថ្ងៃទី០៦ ដល់ថ្ងៃទី ០៧ ខែកញ្ញា នៅខេត្តហ្លួងព្រះបាង នៃប្រទេសឡាវដើម្បីអនុញាតឲ្យអ្នកដឹកនាំវ័យក្មេងអាស៊ានអាចពិភាក្សាទៅលើបញ្ហាគម្លាតនៃការអភិវឌ្ឍនៅក្នុងតំបន់និងឧបសគ្គប្រឈមក្នុងសហគមន៍ជនបទនៅអាស៊ីអាគ្នេយ៍។
មកទល់សព្វថ្ងៃកម្មវិធីនេះបានបង្កើតបណ្តាញយុវជនជាងមួយសែននាក់។ ក្នុងនោះមានអ្នកដឹកនាំវ័យក្មេងជាង៦៤០នាក់ដែលបានចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សានិងអាជិពនៅសហរដ្ឋអាមេរិក។
លោក ប៉ារ៉ាក់ អូប៉ាម៉ា បានបង្កើតកម្មវិធីនេះដោយមានក្តីសង្ឃឹមថាវានឹងពង្រឹងនូវទំនាក់ទំនងរវាងអ្នកដឹកនាំវ័យក្មេងនៅអាស៊ីអាគ្នេយ៍ និងសហរដ្ឋអាមេរិក។ យុវជនអាស៊ានដែលចូលរួមស្ថិតក្នុងចំណោមយុវជនប្រមាណ៦៥ភាគរយ ឬ៤០០លាននាក់នៃប្រជាជនអាស៊ានសរុបដែលមានអាយុក្រោម៣៥ឆ្នាំនេះបើតាមតួលេខរបស់រដ្ឋលេខាធិការដ្ឋានរបស់អាស៊ាន។ កម្មវិធីនេះមានគោលបំណងចង់អភិវឌ្ឍន៍ជំនាញរបស់អ្នកចូលរួមទៅលើផ្នែកសហគ្រិនភាព បរិស្ថាន និងការចូលរួមក្នុងសហគមន៍៕