ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទោះ​រវល់​ខ្លាំង ពលករ​ខ្មែរ​នៅ​កូរ៉េ​ឆ្លៀត​ចូលរួម​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ


ពលករ​កម្ពុជា​លេងល្បែងប្រជាប្រិយ​នៅ​សួន Manseok Park ក្នុង​ក្រុង Suwon ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​អាទិត្យ ទី១៦ ខែ​មេសា ឆ្នាំ​២០១៧។ (សុខ ខេមរា/VOA)
ពលករ​កម្ពុជា​លេងល្បែងប្រជាប្រិយ​នៅ​សួន Manseok Park ក្នុង​ក្រុង Suwon ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​អាទិត្យ ទី១៦ ខែ​មេសា ឆ្នាំ​២០១៧។ (សុខ ខេមរា/VOA)

«តាម​ពិត​ទៅ​មក​ចូល​ឆ្នាំ​នេះ ឃើញ​ប្រជាពលរដ្ឋ​យើង​លេង​ល្បែង​កម្សាន្ត ដូចជា​ទាញព្រាត់ ដូចជា មាន​ក្បាច់គុន​ផង​ដែរ ចូលរួម​ទៅ ឃើញ​ទៅ​មាន​អត្ថប្រយោជន៍​ផង​ដែរ ក្នុង​ការ​ថែរក្សា​ប្រពៃណី​ខ្មែរ»

ពលរដ្ឋ​ខ្មែរ​ជា​ពលករ ពលការិនី ជា​ច្រើន​ក្នុង​ប្រទេស​កូរ៉េខាងត្បូង បាន​ចូលរួម​លេង​ល្បែង​ប្រជាប្រិយ​ផ្សេងៗ​ក្នុង​ពេល​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ ឆ្នាំ​រកា​ ​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ក្នុង​ក្រុង​ស៊ូវ៉ុន (Suwon) និង​ទីក្រុង​ផ្សេង​ទៀត​ចំ​ពេល​ដែល​កូរ៉េខាងជើង​គំរាម​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​ក្រុង​ស៊ូវ៉ុន ​ដែល​រៀបចំ​ដោយ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​នេះ មាន​ជា​ពិធី​សាសនា ពូន​ភ្នំ​ខ្សាច់ ការ​លេង​ល្បែង​ប្រជាប្រិយ​ដូចជា ចោល​ឈូង លាក់​កន្សែង ទាញ​ព្រាត់ រត់​បាវ​ រាំ​រែក ការ​សម្តែង​ក្បាច់​គុនបុរាណ​ខ្មែរ​ជាដើម។ មហាសង្ក្រាន្ត​ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ​ពលករ ពលការិនី ចាប់​ពី​អាយុ​ជាង​២០ ដល់​ជាង​៣០ឆ្នាំ ជា​ច្រើន​បាន​ជួបជុំ​គ្នា ថត​រូប​ជា​អនុស្សាវរីយ៍​ដោយ​ទូរសព្ទ​ទំនើបៗ សួរ​សុខ​ទុក្ខគ្នា កម្សាន្ត​សប្បាយ​រីករាយ​ជាមួយ​គ្នា ក្នុង​ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ សម្រាក​ពី ការងារ​របស់​ពួកគេ ទោះជា​មិនបាន​ជួបជុំ​ក្រុមគ្រួសារ​ក្នុង​ប្រទេស​កំណើត ឬ​ចេញ​ទៅ កម្សាន្ត​នៅ​កន្លែង​នានា​ក្នុង​ពេល​មាន​កម្មវិធី​មហាសង្ក្រាន្ត​ខ្មែរ​ក្តី។

មន្រ្តី​កម្ពុជា និង​កូរ៉េខាងត្បូង​បង្ហាញ​វត្តមាន​នៅ​អំឡុងពេលអបអរសាទរ​ថ្ងៃបុណ្យចូលឆ្នាំ​ខ្មែរនៅ​សួន Manseok Park ក្រុង Suwon ប្រទេស​កូរ៉េខាងត្បូង។ (សុខ ខេមរា/VOA)
មន្រ្តី​កម្ពុជា និង​កូរ៉េខាងត្បូង​បង្ហាញ​វត្តមាន​នៅ​អំឡុងពេលអបអរសាទរ​ថ្ងៃបុណ្យចូលឆ្នាំ​ខ្មែរនៅ​សួន Manseok Park ក្រុង Suwon ប្រទេស​កូរ៉េខាងត្បូង។ (សុខ ខេមរា/VOA)

រួន ចន្ទ្រា ពលករ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ម្នាក់​ផ្នែក​គ្រឿង​អេឡិចត្រូនិក មាន​ស្រុកកំណើត​នៅ​ស្រុក កោះធំ ខេត្ត​កណ្តាល បាន​ថ្លែងថា ការ​មក​ជួបជុំ​គ្នា​នេះ​ជា រឿង​សប្បាយ​រីករាយ។

«តាម​ពិត​ទៅ​មក​ចូល​ឆ្នាំ​នេះ ឃើញ​ប្រជាពលរដ្ឋ​យើង​លេង​ល្បែង​កម្សាន្ត ដូចជា​ទាញព្រាត់ ដូចជា មាន​ក្បាច់គុន​ផង​ដែរ ចូលរួម​ទៅ ឃើញ​ទៅ​មាន​អត្ថប្រយោជន៍​ផង​ដែរ ក្នុង​ការ​ថែរក្សា​ប្រពៃណី​ខ្មែរ»។

មាន​ស្រុកកំណើត​នៅ​ក្នុង​ស្រុក​ឈូក ខេត្ត​កំពត ឌុន រិទ្ធី អាយុ​២៧ឆ្នាំ​ ជា​ពលករ​ផ្នែក ឧស្សាហកម្ម​ជិត​ព្រំដែន​កូរ៉េខាងជើង​ដែរ​នោះ បាន​ថ្លែង​ពី​សារៈសំខាន់​ជា​ ពលរដ្ឋ​ខ្មែរ ដែល​មាន​ឱកាស​តែ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ក្នុង​ការ​ជួបជុំ​គ្នា​គឺ ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។

ពលករ​កម្ពុជា​លេងល្បែងប្រជាប្រិយ​នៅ​សួន Manseok Park ក្នុង​ក្រុង Suwon ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​អាទិត្យ ទី១៦ ខែ​មេសា ឆ្នាំ​២០១៧។ (សុខ ខេមរា/VOA)
ពលករ​កម្ពុជា​លេងល្បែងប្រជាប្រិយ​នៅ​សួន Manseok Park ក្នុង​ក្រុង Suwon ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​អាទិត្យ ទី១៦ ខែ​មេសា ឆ្នាំ​២០១៧។ (សុខ ខេមរា/VOA)

«គឺ​ដោយសារ​តែ​ពួក​ខ្ញុំ​ហ្នឹង​នៅ​គោរព​ប្រពៃណី​ខ្មែរ នៅ​កាន់​ព្រះពុទ្ធសាសនា​ក៏​ដូចជា នៅ​ ស្រឡាញ់​ជាតិ​ខ្មែរ​គ្នា​ឯង​អញ្ចឹងទៅ​ក៏​បាន​មក​ជួបជុំ​គ្នា​ ហ្នឹង​ឃើញ​ថា​ ទេសភាព​ហ្នឹង​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ចិត្ត។ ពេល​ខ្ញុំ​ធ្វើការ​គឺ មិន​សូវ​មាន​មនុស្ស។​ ខ្មែរ​យើង​តែ​២ ឬ​៣​នាក់ ឬ​១០​នាក់​អញ្ចឹង​ទៅ (ក្នុង​រោងចក្រ) តែ​ដល់​ពេល​មក​ជួបជុំ​គ្នា​ច្រើន​អញ្ចឹង​ទៅ​ធ្វើ​ឲ្យ​ខ្ញុំ សប្បាយ​ចិត្ត​មែន​ទែន»។

ពលករ​ទាំង​ពីរ​នាក់​បាន​រៀបរាប់​ថា ការ​ស៊ូ​ទ្រាំ​ធ្វើ​ការងារ​នៅ​កូរ៉េ​នេះ គឺ​ដោយសារ​តែ តម្រូវការ​ផ្នែក​ជីវភាព គិតគូ​ពី​អនាគត​ទៅមុខ។

ថាន់ ចាន់នួន អាយុ​២៥ឆ្នាំ​មក​ពី​ខេត្ត​ក្រចេះ​ជា​ ពលករ​មួយ​រូប​ទៀត​នៅ អាន​សាន (Ansan) បាន​រៀបរាប់​ពី​ទិដ្ឋភាព​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​កូរ៉េ​ឆ្នាំ​នេះ​ចំ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ ថ្ងៃ​ចុងក្រោយ។

មន្រ្តីយោធាកម្ពុជាសម្តែង​ក្បាច់គុន​នៅ​លើ​ឆាក​អំឡុងថ្ងៃ​បុណ្យ​ចូលឆ្នាំ​ខ្មែរ ក្នុង​សួន Manseok Park ក្នុង​ក្រុង Suwon ប្រទេស​កូរ៉េខាងត្បូង​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៦ ខែមេសា ឆ្នាំ​២០១៧។ (សុខ ខេមរា/VOA)
មន្រ្តីយោធាកម្ពុជាសម្តែង​ក្បាច់គុន​នៅ​លើ​ឆាក​អំឡុងថ្ងៃ​បុណ្យ​ចូលឆ្នាំ​ខ្មែរ ក្នុង​សួន Manseok Park ក្នុង​ក្រុង Suwon ប្រទេស​កូរ៉េខាងត្បូង​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៦ ខែមេសា ឆ្នាំ​២០១៧។ (សុខ ខេមរា/VOA)

«ថ្ងៃ​នេះ​មាន​មនុស្ស​ច្រើន​មក​ចូលរួម គឺ​ច្រើន​ជាង​កម្មវិធី​ចូល​ឆ្នាំ​មុន និង​កម្មវិធី​ផ្សេងៗ​ ដោយសារ ថា​ថ្ងៃ​ចូល​ឆ្នាំ​ធំ​នៅ​ស្រុក​ខ្មែរ ហើយ​ជា​តំបន់​ទី​ប្រជុំជន​ ដែល​គេ​ចូលចិត្ត មក​ច្រើន»។

សូត វណ្ណឌី មាន​ស្រុក​កំណើត​នៅ​រាជធានីភ្នំពេញ បាន​ថ្លែង​ពី​ភាព​រីករាយ​ក្នុង​ការ មាន​ឱកាស​ជួបជុំ​មិត្តភក្តិ ហើយ​ចូលរួម​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ទោះជា​មិន​ដូច​នៅ​ក្នុង​ប្រទេស​ក្តី។

«ខ្ញុំ​គិត​ថា វា​ល្អ​មែន​ទែន តែ​វា​អត់​ដូច​នៅ​ស្រុក​ខ្មែរ គឺ​ថា អ្នក​ខ្លះ​គេ​បាន​ឱកាស​ទៅ​លេង ស្រុក​ខ្មែរ​គេ​មាន​អារម្មណ៍​ថា សប្បាយ​ច្រើន។ ​ប៉ុន្តែ​នៅ​ទី​នេះ វា​មិន​ដូច​ស្រុក​ខ្មែរ តែ​ក៏ ប្រហាក់ប្រហែល​ការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​នៅ​ស្រុក​ខ្មែរ​ដែរ»។

បើ​យោង​តាម​សៀវភៅ​មហា​សង្ក្រាន្ត​ឆ្នាំ​២០១៧​ ដែល​រៀបរៀង​ឡើង​ដោយ​ លោក អ៊ឹម បុរិន្ទ​ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ​ និង​អន្តរជាតិ​ ទេវតា​ឆ្នាំ​ថ្មី ​ឆ្នាំរកា​ ដែល​មាន​ឈ្មោះថា​ កិមិរាទេវី​ ជា​បុត្រ​ទី៦​ នៃ​កបិល​មហាព្រហ្ម​ នឹង​ចុះ​មក​ដល់​ផែនដី​ នៅ​ម៉ោង៣​ និង​១២នាទី​ព្រឹក​ នៅ​ថ្ងៃសុក្រ​ទី១៤​ ខែ​មេសា​ខាងមុខ​នេះ។ ​

ពលករ​កម្ពុជា​លេងល្បែងប្រជាប្រិយ​នៅ​សួន Manseok Park ក្នុង​ក្រុង Suwon ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​អាទិត្យ ទី១៦ ខែ​មេសា ឆ្នាំ​២០១៧។ (សុខ ខេមរា/VOA)
ពលករ​កម្ពុជា​លេងល្បែងប្រជាប្រិយ​នៅ​សួន Manseok Park ក្នុង​ក្រុង Suwon ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​អាទិត្យ ទី១៦ ខែ​មេសា ឆ្នាំ​២០១៧។ (សុខ ខេមរា/VOA)

សៀវភៅ​មហា​សង្ក្រាន្ត​ដដែល​នេះ​ បញ្ជាក់​ថា​ រណ្ដាប់​ទទួល​ទេវតា​ មាន​ជាអាទិ៍​ បាយសី​ ​ ស្លាធម៌​មួយ​គូ​ ទឹកអប់​មួយ​គូ​ ទៀន​៥​ ធូប​៥​ លាច៥​ ផ្កា៥​ ចេកនួន​ ចេក​ណាំវ៉ា​ ផ្លែឈើ​១១មុខ​ ​ និង​ទឹក​ស្អាត​២​កែវ​ជាដើម។

ជា​ការ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ដល់​ពលករ និង​ពលការិនី​មួយ​ផ្នែក​ទៀត​ផង​នោះ គឺ​ថា កម្មវិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ក្នុង​ប្រទេសកូរ៉េ​ឆ្នាំ​នេះ មាន​ការ​ចូលរួម​ពី​ក្រុម​ តារា​ល្បីៗ​ក្នុង​ប្រទេស​កម្ពុជា​មក​សម្តែង​ឲ្យ​កម្មករ​បាន​កម្សាន្ត​សប្បាយ​រីករាយ​ជាមួយ ចម្រៀង​ពួ​ឃ្លាំង នេនទុំ កំប្លែង​ នាយ​ក្រឹម ចាប៉ី​ដងវែង របាំ​ត្រុត និង​ការ​អញ្ជើញ​ក្រុម មន្ត្រី​សំខាន់ៗ​កួរ៉េខាងត្បូង និង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​បាន​ចូលរួម​ ដើម្បី​បញ្ជាក់​ជា​សារ​ដល់​កម្មករ កម្មការិនី​ផង​ដែរ។

កម្មវិធី​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ មិន​បាន​ប្រកាស​ឲ្យ​កម្មករ​ដឹង​ពី​ការ​គំរាម​កំហែង​របស់​ កូរ៉េខាងជើង​ទេ ទោះ​ជា​មាន​មន្ត្រី​រដ្ឋាភិបាល ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​កម្ពុជា លោក ឡុង​ ឌីម៉ង់ និង​មន្ត្រី​ក្រុង​ហើយ​តំណាងរាស្ត្រ​កូរ៉េ ដែល​បាន​ចូលរួម​ថ្លែងការណ៍ សំណេះ​សំណាល លើក​ទឹក​ចិត្ត កោតសរសើរ​ពលករ​ក្តី។

លោក​អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួងការងារ​ ដែល​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​ចូល​ឆ្នាំ ប្រពៃណី​ខ្មែរ នៅ​ក្រុង​ស៊ូវ៉ុន​ ប្រទេស​កូរ៉េខាងត្បូង​នេះ បាន​សន្យា​ថា នឹង​សម្រួល​កិច្ចការ​ ការ​ប្រឈម​របស់​កម្មករ​ជួន​ដល់​ពលករ ពលការិនី​ខ្មែរ​នៅ​កូរ៉េ ការ​គិតគូរ​ពី​ការ​ធានា សុខភាព ការ​គោរព​ច្បាប់ ការ​ថែរក្សា​ឯតទគ្គកម្ម​ជាពលករ​ល្អ​ក្នុងចំណោម​១៦ប្រទេស ការ​ពង្រីក​ទីផ្សារ​ការងារ​ថែមទៀត​ជាមួយ​កូរ៉េ កោះ​ហុងកុង និង​ប្រទេស​មួយចំនួន​ទៀត​ ក្រៅ​ពី​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​លើ​ការ​កសាង​ទំនាក់ទំនង​ការទូត​និង សេដ្ឋកិច្ច​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង​បន្ថែម​ទៀត​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG