គណបក្សប្រឆាំងបានត្អូញត្អែពីការរើសអើងក្នុងដំណើរការចុះឈ្មោះបោះឆ្នោតពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃហើយបានស្នើឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)សុំរដ្ឋសភាធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីឱ្យមានភាពបត់បែនជាងមុន។
ការលើកឡើងនេះបន្ទាប់ពីមានពលករខ្មែរជាច្រើនរយនាក់មិនអាចចុះឈ្មោះនៅបណ្តាខេត្តតាមព្រំដែនខ្មែរ-ថៃដោយសារតែអាជ្ញាធរមូលដ្ឋានបដិសេធមិនចេញលិខិតបញ្ជាក់ទីលំនៅជូនពួកគេព្រោះពួកគេធ្វើការនៅក្នុងប្រទេសថៃហើយមានស្រុកកំណើតនៅខេត្តផ្សេង។
លោកស្រីមូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានបញ្ជាក់នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ថានេះជាការរើសអើងមួយរវាងពលករនិងកងកម្លាំងប្រដាប់អាវុធព្រោះកងកម្លាំងប្រដាប់អាវុធដែលមាននិន្នាការគាំទ្រគណបក្សកាន់អំណាចត្រូវបានសម្រួលឱ្យចុះឈ្មោះនៅក្បែរទីតាំងដែលពួកគេឈរជើង។
លោកស្រីមូរ សុខហួរក៏បានលើកឡើងបន្ថែមថាក្នុងករណីខ្លះក្រុមការងារគណបក្សកាន់អំណាចដែលចុះតាមខេត្តទទួលបានការចុះឈ្មោះនៅមូលដ្ឋានដែលពួកគេចុះឃោសនាបើទោះបីជាអ្នកទាំងនោះរស់នៅទីក្រុងភ្នំពេញក៏ដោយ។
លោកស្រីបន្ថែមថា៖
«នេះខ្ញុំយល់ថាគឺជាការរើសអើងនយោបាយដែលនឹងធ្វើឱ្យធ្លាក់ពិន្ទុនៅពេលដែលអង្គការសហប្រជាជាតិ នៅពេលដែលម្ចាស់ជំនួយ នៅពេលដែលអ្នកសង្កេតការណ៍គេវាយតម្លៃទៅលើដំណើរការនៃការចុះឈ្មោះបោះឆ្នោត នៃការបោះឆ្នោតនេះ»។
លោកថន សុភា ពលករធ្វើការនៅរោងចក្រសាច់មាន់ក្នុងប្រទេសថៃបានបញ្ជាក់ថាពលករដែលធ្វើការនៅរោងចក្រជាមួយនឹងលោកចំនួនជាង៦០០នាក់បានខកខានក្នុងការព្យាយាមចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី៩និង១៦ខែតុលាកន្លងមកនេះនៅខេត្តបាត់ដំបងនិងបន្ទាយមានជ័យ។
លោកបានបន្ថែមថា៖«ប្រជាពលរដ្ឋរបស់ខ្ញុំនៅ ខាងខេត្តឈុនបូរី ហ្នឹងក៏គាត់មានការតូចចិត្តមែនទែនដោយសារតែ មានការយឺតយ៉ាវក្នុងការចុះឈ្មោះ»។
អ្នកនាំពាក្យគ.ជ.ប ហង្ស ពុទ្ធាធ្លាប់បានបញ្ជាក់ក្នុងបទសម្ភាសជាមួយនឹងបណ្តាញសារព័ត៌មានក្នុងស្រុកថាការសម្រួលឱ្យចុះឈ្មោះនោះដោយសារតែក្រុមកងកម្លាំងប្រដាប់អាវុធមានតួនាទីត្រូវថែរក្សាសណ្តាប់ធ្នាប់និងសន្តិសុខនៅកន្លែងបោះឆ្នោតហើយមិនអាចវិលមកបោះឆ្នោតនៅស្រុកកំណើតវិញទាន់ពេល។
ប៉ុន្តែលោកស្រីមូរ សុខហួរបានបន្ថែមថាគេគួរតែធ្វើសម្រាប់ពលរដ្ឋទាំងអស់គ្នាហើយបើច្បាប់មិនចែងទេគួរតែធ្វើវិសោធនកម្ម៖
«គជបអាចស្នើទៅរដ្ឋសភាវិញថាយកច្បាប់ហ្នឹងទៅកែបានតើបើសិនជាគាំទ្រអ្វីដែលជាស្មារតីនៃរដ្ឋធម្មនុញ្ញនិងអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ យើងអាចធ្វើវិសោធនកម្មបានតើ»។
ការចុះឈ្មោះអ្នកបោះឆ្នោតក្នុងប្រព័ន្ធថ្មីបានចាប់ផ្តើមកាលពីថ្ងៃទី១ខែកញ្ញាហើយនឹងបន្តរហូតដល់ថ្ងៃទី២៩ខែវិច្ឆិកា។ រហូតមកដល់ពេលនេះមានអ្នកបោះឆ្នោតជាង៦លាន៤សែននាក់បានចុះឈ្មោះ ហើយនៅសល់ជាង៣លាននាក់ទៀត។ នេះបើតាមតួលេខរបស់គ.ជ.បគិតត្រឹមថ្ងៃទី២៦ខែតុលា។
លោកស្រីមូរ សុខហួរយល់ថាបើមានឆន្ទៈជួយដល់ពលករគឺការចុះឈ្មោះបោះឆ្នោតនឹងសម្រេចបានតាមផែនការ៖
«ខ្ញុំយល់ថានៅក្នុងរយៈពេលមួយខែនេះមិនយឺតទេជាពិសេសឱ្យតែ ប្រជាពលរដ្ឋលោកមានឯកសារគ្រប់គ្រាន់ដូចគ.ជ.បបានណែនាំហើយ ច្បាប់បានណែនាំហើយសូមលោកមេឃុំមេត្តាធ្វើទៅតាមច្បាប់ហ្នឹងទៅ»។
ពលករដែលបានចុះឈ្មោះ រួចហើយខ្លះបានត្អូញត្អែរពីការលំបាកក្នុងការធ្វើដំណើរដោយសារតែពួកគេខ្លះគ្មានឯកសារស្នាក់នៅត្រឹមត្រូវក្នុងប្រទេសថៃដែលធ្វើឱ្យការធ្វើដំណើរត្រូវចំណាយខ្ពស់។
លោករើន ចិន ពលករខ្មែរធ្វើការនៅខេត្តឈុនបូរី ប្រទេសថៃបានបញ្ជាក់ក្នុងកម្មវិធី Hello VOA ថា៖
«ការធ្វើដំណើរវាមានបញ្ហាការគំរាមកំហែងគាបសង្កត់ទាំងមធ្យោបាយធ្វើដំណើរខុសប្រក្រតី ត្រូវការចំណាយថវិកាលើសពីតម្លៃធម្មតា»។
លោករើន ចិនបន្ថែមថារថយន្តឈ្នួលដែលមានតម្លៃតែចំនួន៣៥០បាត (១០ដុល្លារ) ត្រូវបានអ្នកដឹកជញ្ជូនទារយករហូតដល់១៥០០បាត (៤២ដុល្លារ) បើសិនជាពលករខ្មែរមិនមានឯកសារគ្រប់គ្រាន់សម្រាប់ធ្វើការនិងស្នាក់នៅប្រទេសថៃទេ។
រីឯលោក ថន សុភា ដែលនៅរោងចក្រដែលលោកធ្វើការមានពលករខ្មែរជិត៣០០០នាក់បានស្នើសុំឱ្យគ.ជ.បជួយសម្រួលដល់ពួកគេដែលនៅសេសសល់ផងដែរ។
«ខ្ញុំសូមសំណូមពរទទូចហើយទទូចទៀតដល់ខាងផ្នែកគ.ជ.បជួយរៀបចំឬក៏ជួយសម្របសម្រួលនិងបិទប្រកាសធ្វើម៉េចឱ្យបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងបានចុះឈ្មោះទាំងអស់គ្នា»។
មានពលករខ្មែរជាង១លាននាក់កំពុងតែធ្វើការនៅក្រៅប្រទេសជាពិសេសនៅប្រទេសថៃ កូរ៉េខាងត្បូង និងម៉ាឡេស៊ីជាដើម។
លោកស្រី មូរ សុខហួរបានស្នើសុំពលករកុំរួញរាក្នុងការត្រឡប់មកចុះឈ្មោះបោះឆ្នោតបើទោះបីជាមានឧបសគ្គក៏ដោយ៖
«ឆន្ទៈឱ្យខ្ពស់ កុំឱ្យចាញ់ចិត្តគឺយើងជាពលរដ្ឋខ្មែរត្រូវខិតខំទាំងអស់គ្នា»។
គណបក្សប្រឆាំងបានសម្តែងការសោកស្តាយដែលអាជ្ញាធរឃាត់ឃាំងក្រុមការងាររបស់ខ្លួនក្នុងពេលកន្លងមកពេលដែលពួកគេព្យាយាមចុះផ្សព្វផ្សាយជំរុញពលរដ្ឋឱ្យទៅចុះឈ្មោះបោះឆ្នោត។ ហើយក៏បានស្នើឱ្យគ.ជ.បបន្ថែមថវិកាដើម្បីធ្វើការឃោសនាឱ្យដល់ភូមិឃុំដែលមិនទាន់បានមកចុះឈ្មោះបោះឆ្នោត។ ជាពិសេសព្រះសង្ឃនៅមិនទាន់ចុះឈ្មោះ បោះឆ្នោតបានច្រើននៅឡើយទេ៕