ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ត្រៀម​ខ្លួន​​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ


ប្រជាជន​ស្វែង​រក​ឈ្មោះ​របស់​ខ្លួន​លើ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយកន្លែង​នៅជាយ​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​កាលពីថ្ងៃសៅរ៍​ទី២២ កក្កដា ឆ្នាំ២០២៣។ (AP Photo/Heng Sinith)
ប្រជាជន​ស្វែង​រក​ឈ្មោះ​របស់​ខ្លួន​លើ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយកន្លែង​នៅជាយ​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​កាលពីថ្ងៃសៅរ៍​ទី២២ កក្កដា ឆ្នាំ២០២៣។ (AP Photo/Heng Sinith)

នៅ​មុន​ម៉ោង ​៧ព្រឹក នា​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ចាប់​ផ្តើម​ចាក​ចេញ​ពី​គេហដ្ឋាន​ដើម្បី​ទៅ​ការិយាល័យ​បោះ​ឆ្នោត ដែលដំណើរការ​បោះ​ឆ្នោត​នឹង​ចាប់​ផ្តើម​ពី​ម៉ោង ​៧​ព្រឹក​ដល់​ម៉ោង​ ៣​រសៀល។

នេះ​ជា​ការ​បោះ​ឆ្នោតជាតិ​លើក​ទី​ ៧ ​ហើយ ចាប់​តាំង​ពី​កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត​លើក​ដំបូង​របស់​ខ្លួន កាល​ពី​ឆ្នាំ​ ១៩៩៣ ដែល​ពេល​នោះ​អាជ្ញាធរ​បណ្តោះ​អាសន្ន​របស់​អង្គការ​សហប្រជាជាតិ ដែល​គេ​ស្គាល់​ថា អ៊ុនតាក់ បាន​ជួយ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ឱ្យមាន​ការ​ទុក​ចិត្ត​និង​អាច​ទទួល​យក​បាន។

ប៉ុន្តែ​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ​អវត្តមាន​គណ​បក្ស​ជំទាស់​ដ៏​ធំ គឺ​គណបក្ស​ភ្លើង​ទៀន ដែល​អ្នក​តាម​ដាន​មួយ​ចំនួន​បង្ហាញ​មន្ទិល​ថា​ តើ​ការ​បោះ​ឆ្នោត​មួយនេះ ​នឹង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ឬយ៉ាង​ណា​នោះ។

ប្រជា​ជន​ពលរដ្ឋ​ប្រមាណ ​៩​លាន​ ៧​សែន​នាក់​ បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ដែល​ក្នុង​នោះ​មាន​ស្រ្តីជាង ​៥​លាន​ ១៦​ម៉ឺន​នាក់ គឺ​លើស ​៥០%។ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ តើ​ប្រជា​ពលរដ្ឋ​ក្នុង​ចំនួន​ច្រើន​ប៉ុណ្ណា ដែល​នឹង​ចេញ​ទៅ​បោះ​ឆ្នោត ខណៈ​អវត្តមាន​គណ​បក្ស​ភ្លើង​ទៀន ដែល​ធ្លាប់​ទទួល​បាន​ការ​គាំទ្រជា​សន្លឹក​ឆ្នោត​ជាង​ ១​លាន ​៦សែន ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ កាល​ពី​ឆ្នាំ​ ២០២២។

អ្នកស្រី ​ពេជ្រ សោភា ​អាយុ​២៧​ឆ្នាំ ដែល​ជា​កម្មការិនី​ម្នាក់​ដែល​កំពុង​បម្រើក្នុង​រោងចក្រ​មួយ​នៅ​ម្តុំ​ផ្លូវ​វ៉េង​ស្រេង ប្រាប់វីអូអេ​ថា​ អ្នក​ស្រី​បាន​ត្រៀម​ខ្លួន​រួច​រាល់សម្រាប់​ទៅ​បោះ​ឆ្នោតនៅ​ថ្ងៃ​អាទិត្យ​នេះ។ អ្នកស្រី​យល់​ថា ​ការ​បោះ​ឆ្នោត​មួយ​នេះ​មាន​សារៈសំខាន់ ដើម្បីអាចជ្រើស​រើស​ថ្នាក់​ដឹក​នាំ​ប្រទេស​ដែល​ខ្លួន​ពេញ​ចិត្ត។ ស្ត្រី​រូប​នេះ​ចង់​ឃើញ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​កើត​ក្រោយ​ការ​បោះ​ឆ្នោត​ អភិវឌ្ឍ​ប្រទេស​ឱ្យ​មានការ​រីក​ចម្រើន​បន្ថែម​ទៀត។

អ្នក​ស្រី​លើក​ឡើង​ថា៖ «បក្ស​ណា​ជាប់​ក៏ដោយ ឱ្យ​តែ​គាត់​ជាប់​ទៅ មាន​ការ​អភិវឌ្ឍ​ប្រទេស​យើង​ឱ្យ​បាន​ល្អ​ទៅ អត់អី​ទេ។ គឺ​ពេញ​ចិត្ត​ខ្លាំង»។

ចំណែក​លោក​ សុខ ​បញ្ញា​ ​អាយុ​១៩​ ឆ្នាំ​ ដែល​ជា​និស្សិត​កំពុង​រៀន​ច្បាប់​ឆ្នាំ​ទី ១ ​នៅ​សាកល​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ប្រាប់​វីអូអេថា​ លោក​មិន​ទៅ​បោះ​ឆ្នោត​នោះ​ទេ ​ដោយ​សារ​មិន​មាន​គណបក្ស​ណា​ដែល​លោក​ពេញ​ចិត្ត។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​ស្នើ​ឱ្យ​អ្នកដឹកនាំ​ដែល​ជាប់​ឆ្នោត ជួយ​គិត​គូរ​ដល់សេដ្ឋកិច្ច និង​ចំណូលពលរដ្ឋ ដើម្បី​ឱ្យពលរដ្ឋ​អាច​ផ្គត់​ផ្គង់​ជីវភាព​បាន​សមរម្យ។

លោក​ថ្លែងថា៖ «ដោយ​សារ​តែ​ទី ១ ​ខ្ញុំ​អត់​គាំ​ទ្រ​បក្ស​ណា ហើយ​ក៏អត់​ចង់​ទៅ​បោះ។ ហើយ​មួយ​ទៀត ​បក្ស​ណា​ក៏​ដោយ ប្រសិន​បើ​ជាប់​ឆ្នោត​ សូម​ឱ្យ​ងាក​មក​មើល​ជីវភាព​ប្រជាជន​ឱ្យ​បាន​ច្រើន ​ព្រោះ​ជីវភាព​ប្រជាជន​នៅ​ក្នុង​ស្រុក​ខ្មែរ គាត់​ពិបាក​ច្រើន។ យើង​ដឹង​ហើយ​ការ​រកចំណូល​របស់​ប្រជាជន​ក្នុង​ស្រុក​ខ្មែរ​ គឺ​ទាប​មែន​ទែន។ សឹង​តែ​ថា​ មួយ​ថ្ងៃ​គាត់​រក​ចំណូល​អត់​ដល់​ ១០​ដុល្លារ​ក៏​មាន»។

យុវជន​រូប​នេះ​ក៏​បាន​ធ្វើ​ការ​កត់សម្គាល់​ថា នៅ​ពេលអវត្ត​មានគណបក្សប្រឆាំង​ចម្បង​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ គឺដូច​បាត់​រូបភាព​នៃ​ការ​ប្រកួត​ប្រជែង​ពិតប្រាកដ។

មន្ត្រីរៀបចំការបោះឆ្នោតបិទខិត្តបណ្ណព័ត៌មាននៅមណ្ឌលបោះឆ្នោតមួយកន្លែង មុនថ្ងៃបោះឆ្នោតជាតិអាណត្តិទី ៧ នៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៣។
មន្ត្រីរៀបចំការបោះឆ្នោតបិទខិត្តបណ្ណព័ត៌មាននៅមណ្ឌលបោះឆ្នោតមួយកន្លែង មុនថ្ងៃបោះឆ្នោតជាតិអាណត្តិទី ៧ នៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៣។
មន្ត្រីរៀបចំការបោះឆ្នោតដំឡើងហិបឆ្នោតនៅមណ្ឌលបោះឆ្នោតមួយកន្លែង មុនថ្ងៃបោះឆ្នោតជាតិអាណត្តិទី ៧ នៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៣។
មន្ត្រីរៀបចំការបោះឆ្នោតដំឡើងហិបឆ្នោតនៅមណ្ឌលបោះឆ្នោតមួយកន្លែង មុនថ្ងៃបោះឆ្នោតជាតិអាណត្តិទី ៧ នៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៣។

សម្រាប់​សកម្មជន និង​សមាជិក​គណបក្ស​ភ្លើង​ទៀន​ ចង់​ឬ​មិន​ចង់ ពួកគេ​ត្រូវ​ទៅ​បោះ​ឆ្នោត ដើម្បី​រក្សា​សិទ្ធិ​ក្នុង​ការ​ឈរ​ឈ្មោះ​ឱ្យគេ​បោះ​ឆ្នោត​ឱ្យ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ពេល​ក្រោយ​ទៀត ក្រោម​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ថ្មី​ដែល​ស្នើ​ដោយ​លោក​នាយក រដ្ឋមន្ត្រី ហ៊ុន សែន។

នៅ​ទូទាំ​ងប្រទេស មាន​ការិយា​ល័យ​បោះ​ឆ្នោត​ចំនួន​សរុប​ ២៣.៧៨៩​ ការិយាល័យ។ នេះ​ជា​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ ១២៥ ​រូប ដើម្បី​ចូល​ទៅ​បម្រើ​ការងារ​ក្នុង​រដ្ឋសភា ក្នុង​តួនាទី​តំណាង​ប្រជាពលរដ្ឋ ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ខាង​មុខ។

មណ្ឌល​រាជធានី​ភ្នំពេញ មាន​ ១២ អាសនៈ ឬ​ ១២​តំណាងរាស្រ្ត​ដែល​ត្រូវ​ជ្រើស​តាំង ដោយ​មាន​ចំនួន​ ២.២០៦ ការិយាល័យ ហើយ​ប្រជា​ពល​រដ្ឋ​ជាង​ ៩៦ ម៉ឺន​នាក់ មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សម្រាប់​មណ្ឌល​នេះ។ នេះ​បើ​តាម​គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប)។

គណបក្ស​ទាំង ១៨ ដែល​ចូលរួម​ប្រកួត ​រួម​មាន​គណបក្ស​ប្រជា​ជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ធម្មាធិបតេយ្យ​ គណបក្ស​សញ្ជាតិ​កម្ពុជា ​គណបក្ស​ខ្មែរ​តែ​មួយ គណបក្ស​ហ៊្វុនស៊ិនប៉ិច ​គណបក្ស​ខ្មែរ​ឈប់​ក្រ ​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា ​គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី គណបក្ស​កម្លាំង​ប្រជាធិតេយ្យ​ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​គណបក្ស​បំណង​ពលរដ្ឋ​ គណបក្ស​កសិករ​ គណបក្ស​ឯកភាព​ជាតិ​ខ្មែរ​ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ គណបក្ស​ខ្មែរ​អភិរក្ស និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ។

គណបក្ស​ភ្លើង​ទៀន​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការបាត់​បង់​សិទ្ធិ​ចូល​រួម​ប្រកួត​ប្រជែង​បោះ​ឆ្នោ​ត​ថ្នាក់​ជាតិ​អាណត្តិទី​ ៧ ដោយ​សារ​ស្ថាប័ន​ គ.ជ.ប ​បដិសេធ​ការ​ចុះបញ្ជី ពាក់​ព័ន្ធការ​មិន​បាន​បំពេញ​គ្រប់​គ្រាន់​តាម​លក្ខខណ្ឌ​តម្រូវ គឺ​បាត់​ឯកសារ​ដើម​ក្នុង​ការ​ចុះ​បញ្ជី។ គណបក្ស​នេះ​បាន​អះអាង​ថា ​ការ​ផ្តល់​ហេតុ​ផល​របស់​ គ.ជ.ប មិន​សមរម្យ​ឡើយ ដែល​មិន​អាច​ទទួល​យក​បាន។ ចំណែក​អ្នកគាំទ្រ​គណបក្ស​និង​អ្នក​តាម​ដាន​មួយ​ចំនួន​នៅ​តែ​ងឿង​ឆ្ងល់​និង​ហួស​ចិត្ត ដែល​គណបក្ស​ជំទាស់​មួយ​នេះ​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​បាន តែ​មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​បាន។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ ​គណបក្ស​នយោ​បាយ​ដែល​ចូលរួម​ប្រកួត​មួយ​ចំនួន ​បាន​អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​សម្រាប់​គណ​បក្ស​របស់​ខ្លួន ដើម្បី​កុំ​ឱ្យ​សភា​មាន​លក្ខណៈ​ឯកបក្ស​បន្ត​ទៀត។

នៅ​មុន​ការ​បោះ​ឆ្នោត លោក ​ហ៊ុន​ សែន បាន​ផ្តួច​ផ្តើម​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត ដើម្បីដាក់​ទោស​ទៅ​លើ​ជន​ទាំង​ឡាយ​ណា​ដែល​ញុះ​ញង់ ​ឬ​ណែ​នាំ​ឱ្យ​ពល​រដ្ឋ​ទៅ​បោះ​ឆ្នោត ដោយគូស​បំផ្លាញ​សន្លឹក​ឆ្នោត​ផង​ដែរ។ សកម្មជន​គណបក្ស​ជំទាស់​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន ខណៈ​អ្នក​នយោបាយ​ជំទាស់​នៅ​ក្រៅ​ស្រុក​មួយ​ចំនួន រួម​ទាំង​លោក សម រង្ស៊ី ផង​ដែរ ត្រូវ​បាន​កាត់​សិទ្ធិ​ឈរ​ឈ្មោះ​ចាប់​ពី ​១០ ​ឆ្នាំ​ដល់​ ២៥ ​ឆ្នាំ ដោយ​សារ​ការ​អំពាវនាវ​ឱ្យប្រជា​ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល។

​ទោះ​បី​ជា​អវត្តមាន​គណបក្ស​ជំទាស់​ក៏​ដោយ ប្រជា​ពលរដ្ឋមួយ​ចំនួនបាន​ចាក​ចេញ​ពី​ភ្នំពេញ​ទៅ​ស្រុក​កំណើត​របស់​ខ្លួន ដើម្បី​ទៅ​ចូលរួម​បោះ​ឆ្នោត។ រដ្ឋាភិបាល​ក៏​បាន​សម្រេចឱ្យ​អ្នក​ដែល​មាន​អត្ត​សញ្ញាណ​បណ្ណ​ហួស​សុពល​ភាព​អាច​ទៅ​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ​បាន ប្រសិន​បើ​ពួកគេ​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។

​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី ៧ នេះ ​នឹងត្រូវបាន​គេ​រំពឹង​ថា​ផ្សព្វផ្សាយ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ រហូត​ដល់​ម៉ោង​ ១២​យប់ ​រួចបន្ត​ផ្សាយ​នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី ២៤ ​ខែ​កក្កដា ចាប់​ពីម៉ោង​ ៨ព្រឹក។ នេះ​បើ​តាម​សេច​ក្តី​ជូន​ដំណឹង​របស់​ គ.ជ.ប។ ប៉ុន្តែ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​មិន​មែន​ប្រកាស​លទ្ធផល​ជា​ចំនួន​ភាគរយ​នៃ​សន្លឹក​ឆ្នោត​ដែល​គណបក្ស​នីមួយៗ​ទទួល​បាន​ជារួម​នៅ​ទូទាំង​ប្រទេស និង​ការ​ទទួល​បាន​ចំនួន​អាសនៈ​សរុប​ឡើយ។ ប៉ុន្តែ​គណបក្ស​នយោបាយ​នីមួយៗ​នឹង​ប្រកាស​ចំនួន​សន្លឹក​ឆ្នោត​ដែល​ខ្លួន​ទទួល​បាន ហើយ​គណនា​ចេញ​ជា​ចំនួន​អាសនៈ​ដែល​ខ្លួន​អាច​ទទួល​បាន​តាម​សំឡេង​ឆ្នោត​ទាំង​នោះ៕

XS
SM
MD
LG