នេះគឺជាព្រឹកថ្ងៃអាទិត្យដែលមានអាកាសធាតុត្រជាក់ល្មម ប៉ុន្តែមិនដូចយុវជនដទៃទៀតដែលមានវ័យស្រករពួកគេ ចន្ធីនិងមិត្តភក្តិរបស់នាងអង្គុយនៅមុខកុំព្យូទ័រមួយគ្រឿង ជជែកពិភាក្សាជាមួយនឹងគ្រូដឹកនាំរបស់ពួកគេដែលស្ថិតនៅសហរដ្ឋអាមេរិកអំពីការផលិតមនុស្សយន្ត។
«នៅពេលដែលខ្ញុំអាយុ១២ឆ្នាំ ខ្ញុំចង់ទៅឈរលើវេទិកាគេ ហើយបង្កើតអីមួយ ហើយយើងអាចល្បីល្បាញនៅក្នុងប៉ុស្តិ៍ទូរទស្សន៍»។ នេះគឺជាក្តីស្រមៃរបស់ចន្ធី អាយុ១៧ឆ្នាំ ដែលកំពុងសិក្សានៅក្នុងវិទ្យាល័យមួយក្នុងខេត្តសៀមរាប។ នាងបន្ថែមថានៅពេលដែលនាងទំនេរពីការសិក្សា «ខ្ញុំចូលចិត្តទៅឆ្កឹះឆ្កៀលស៊ីឌីដែលខូចៗនៅផ្ទះ ឆ្ងល់វាថាម៉េចបានវាចេញបានពេលដែលយើងដាក់ឌីសទៅវាចូល ហើយវាចេញជារូបនៅក្នុងទូរទស្សន៍»។
ចន្ធីកើតក្នុងគ្រួសារក្រីក្រ។ ម្តាយរបស់នាងគឺជាមេផ្ទះ ហើយឳពុករបស់នាងរកចំណូលតាមរយៈការប្រកបរបរនេសាទត្រី ដែលស្ទើរតែរកប្រាក់មិនគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ចន្ធីនិងបងប្អូនទាំង១១នាក់របស់នាង។
ប៉ុន្តែអ្វីៗប្រហែលជានឹងផ្លាស់ប្ដូរ។
ខែក្រោយនេះ ចន្ធីនិងមិត្តរួមក្រុមរបស់នាងចំនួន៥នាក់ទៀតនឹងធ្វើដំណើរមកសហរដ្ឋអាមេរិកដើម្បីចូលរួមនៅក្នុងការប្រកួតប្រជែងមនុស្សយន្តលើកដំបូងបង្អស់ដែលរៀបចំឡើងដោយ First Global ដែលជាអង្គការមិនស្វែងរកប្រាក់ចំណូល។ ការប្រកួតប្រជែងនេះនឹងធ្វើឡើងនៅសាល DAR Constitution Hall ក្នុងរដ្ឋធានី Washington ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកក្កដា។
ចុចមើល៖ សកម្មភាពក្រុមសិស្សកម្ពុជាផលិតមនុស្សយន្ត
ចន្ធីបង្ហាញអារម្មណ៍របស់នាងថា៖ «សប្បាយ អរផង ភ័យផង»។
បងស្រីរបស់ចន្ធី គឺអ្នកស្រី ឆើត សុជា ដែលជាស្ត្រីមេផ្ទះនិងរស់នៅក្នុងស្រុកសៀមរាបនិយាយថា អ្នកស្រីមានចិត្តសប្បាយរីករាយណាស់ដែលការខិតខំប្រឹងប្រែងរបស់ប្អូនស្រីអ្នកស្រីកំពុងទទួលបានលទ្ធផល។
អ្នកស្រីថ្លែងថា «សប្បាយចិត្តដែលប្អូនបានទៅដល់ស្រុកគេអីចឹង នៅឆ្ងាយ បានទៅប្រកួតប្រជែងជាមួយគេ ដែលយើងមិននឹកស្មានដល់ ជាគ្រួសារធម្មតា»។
កាលពីខែមករា អង្គការ Caring for Cambodia ដែលហៅកាត់ថា (CFC) ដែលមានមូលដ្ឋានក្នុងខេត្តសៀមរាប បានជ្រើសរើសក្រុមសិស្សនេះពីកម្មវិធីបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍របស់ខ្លួននៅក្នុងវិទ្យាល័យរដ្ឋចំនួន២ក្នុងខេត្តសៀមរាប។ ពួកគេនឹងប្រកួតប្រជែងជាមួយនឹងក្រុមយុវជនដទៃទៀតមកពីប្រទេសចំនួន១៦៣។
ចាន្ធូអាយុ១៨ឆ្នាំដែលជាមេក្រុម មានការត្រេកអរយ៉ាងខ្លាំងដែលត្រូវបានគេជ្រើសរើសឲ្យចូលរួមក្នុងការប្រកួតប្រជែងមនុស្សយន្តនេះ។ ចាន្ធូបាននិយាយថា៖ «អត់ដឹងថាអារម្មណ៍ម៉េច ព្រោះវាសប្បាយពេក អរពេក។ អត់នឹកស្មានថាខ្លួនឯងបានចូលរួមរៀនវគ្គហ្នឹង ហើយបានទៅប្រកួតនៅសហរដ្ឋអាមេរិកទៀត។ គ្មានអ្វីប្រៀបបាន»។
អង្គការ First Global ផ្តល់ដល់ក្រុមដែលចូលរួមប្រកួតប្រជែងនីមួយៗនូវសម្ភារសម្រាប់ផលិតមនុស្សយន្ត និងគ្រូដឹកនាំម្នាក់នៅអាមេរិកដែលអាចណែនាំដល់ពួកគេពីការផលិតមនុស្សយន្តបាន។ គោលបំណងនៃការប្រកួតប្រជែងនេះគឺដើម្បីលើកទឹកចិត្តក្មេងជំនាន់ក្រោយឲ្យឈោងចាប់យកអាជីពក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
ប្រធានបទនៃការប្រកួតក្នុងឆ្នាំនេះគឺការ«ទទួលបានទឹកស្អាត» ហើយមនុស្សយន្តដែលចូលរួមប្រកួតនឹងទទួលបានពិន្ទុតាមរយៈការស្រង់កាកសំណល់ពុលចេញពីទឹក។
ចុចមើល៖ ការណែនាំអំពីការប្រកួតមនុស្សយន្តរបស់អង្គការ First Global
អ្នកស្រី Christin Spoolstra អនុប្រធានអង្គការ CFC ប្រចាំនៅកម្ពុជា បានថ្លែងថា ក្រុមសិស្សទាំងនេះបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងទៅលើគម្រោងនេះ។
អ្នកស្រីបាននិយាយថា៖ «ពួកគេខិតខំប្រឹងប្រែង ហើយពួកគេបានពួតដៃគ្នានិងសហការគ្នា ហើយពួកគេបានផលិតនូវអ្វីដែលពួកគេមិនដែលស្រមៃថាខ្លួនអាចធ្វើបាន»។
ក្រុមអ្នកវិទ្យាសាស្ត្រវ័យក្មេងនេះបានចាប់ផ្តើមផលិតមនុស្សយន្តរបស់ខ្លួនកាលពីខែមីនា និងបានចំណាយពេលវេលាលើការផលិតនេះ៤ឬ៥ថ្ងៃក្នុងមួយសប្តាហ៍ នៅរាល់ពេលដែលពួកគេមានពេលទំនេរពីការសិក្សា។
លោក គឹម វណ្ណថេន ដែលជាប្រធានគ្រប់គ្រងបញ្ជីទិន្នន័យនៃអង្គការ CFC ហើយក៏ជាគ្រូដឹកនាំរបស់ក្រុមសិស្សនេះផងនោះបាននិយាយថា «ខ្ញុំឃើញពីក្រុមកម្ពុជាយើងគឺការខិតខំប្រឹងប្រែងរបស់ពួកគាត់ ដោយសារតែអ្វីគ្រប់យ៉ាងដែលយើងធ្វើគឺដំបូងទាំងអស់»។ លោកបានបន្ថែមថា អ្វីៗគឺថ្មីសម្រាប់សិស្សមិនថាខាងផ្នែកវិស្វកម្ម ខាងសាងសង់ទៅលើសម្ភារៈដែលផ្តល់ពី First Global ការសរសេរលេខកូដ និងការសរសេរកម្មវិធីបញ្ចូលទៅក្នុងមនុស្សយន្តនោះទេ។
ការផលិតមនុស្សយន្តនេះ គឺមិនគ្រាន់តែជាបទពិសោធន៍ថ្មីមួយសម្រាប់សិស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបទពិសោធន៍ថ្មីមួយសម្រាប់គ្រូដឹកនាំនិងគ្រូបង្រៀនរបស់ពួកគេនៅអង្គការ CFC ផងដែរ។
«ឆ្នាំនេះគឺជាការដកពិសោធន៍មួយសម្រាប់គ្រូរបស់យើងក្នុងការសិក្សាបន្ថែមទៀតអំពីមនុស្សយន្ត»។ នេះបើយោងតាមអ្នកស្រី Spoolstra។
លោក វឿន វ៉ាន់ថា ដែលជាប្រធានគ្រប់គ្រងកម្មវិធីបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍បាននិយាយថា «ខ្ញុំមានមោទនភាពមែនទែន ពីព្រោះពួកគាត់ដែលចាប់ផ្តើមrobot[មនុស្សយន្ត] ហ្នឹង ទើបតែចាប់ផ្តើមប៉ុន្មានខែនេះឯង»។
ជ័យលាភីនៅក្នុងការប្រកួតប្រជែងនេះនឹងទទួលបានពានរង្វាន់«មាស» «ប្រាក់» និង«សំរឹទ្ធិ» ដោយយោងទៅតាមពិន្ទុរបស់ពួកគេនៅក្នុងផ្នែកផ្សេងៗ ដូចជាការសហការគ្នា និងស្មារតីការងារជាក្រុមជាដើម។
ទាំងចន្ធីនិងចាន្ធូសង្ឃឹមថា ក្រុមរបស់ពួកគេនឹងឈ្នះនៅក្នុងការប្រកួតប្រជែងនេះ។
«សម្រាប់យើង ឈ្នះឬចាញ់ យើងគិតថា នេះគឺជាការលើកទឹកចិត្តដល់មិត្តរួមថ្នាក់របស់ពួកគេ គ្រូរបស់ពួកគេ សហគមន៍ ក្រុមគ្រួសាររបស់ពួកគេ និងសង្ឃឹមថា ក៏ជាការលើកទឹកចិត្តដល់ប្រទេសទាំងមូលផងដែរ»។ នេះជាសម្តីរបស់អ្នកស្រី Spoolstra។
អង្គការ CFC ផ្តល់សម្ភារៈនិងការគាំទ្រដល់សាលារៀនរដ្ឋមួយចំនួនក្នុងខេត្តសៀមរាប ចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់វិទ្យាល័យ។ អង្គការដែលមានអាយុកាល១៤ឆ្នាំនេះបានរៀបចំកម្មវិធីសិក្សាបន្ថែមជាច្រើនដល់សិស្សដែលសិក្សាក្រោមកម្មវិធីរបស់ខ្លួន ដោយរួមទាំងការអប់រំសុខភាព កីឡា សិល្បៈ កុំព្យូទ័រ ភាសាអង់គ្លេស និងបំណិនជីវិតផងដែរ។ កាលពីឆ្នាំ២០១៥ អង្គការ CFC បានចាប់ផ្តើមបង្រៀនកម្មវិធីបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ដល់សិស្សថ្នាក់វិទ្យាល័យរបស់ខ្លួន។
អ្នកស្រី Jamie Amelio ជាប្រធាននិងជាស្ថាបនិកនៃអង្គការ CFC នេះ បាននិយាយថា សិស្សទាំងនោះ «កំពុងតែអប់រំដល់សិស្សផ្សេងទៀតអំពីថា តើក្តីសង្ឃឹមមានរូបរាងយ៉ាងណា និងថាតើសង្គមថ្មីកម្ពុជាមានរូបរាងដូចម្តេច»។
អង្គការ CFC សង្ឃឹមថា នឹងពង្រីកវគ្គសិក្សាវិទ្យាសាស្រ្តនិងបច្ចេកវិទ្យារបស់ខ្លួនដល់សិស្សដទៃទៀត បន្ទាប់ពីទទួលបានបទពិសោធន៍ពីការប្រកួតប្រជែងនេះ។
អ្នកស្រី Spoolstra បានថ្លែងថា៖ «យើងសង្ឃឹមថា ឆ្នាំក្រោយ យើងនឹងអាចបញ្ចូលកម្មវិធីសិក្សានេះដល់សិស្សរបស់យើងទាំងអស់ មិនមែនសម្រាប់តែសិស្សដែលចូលរួមការប្រកួតប្រជែងរបស់អង្គការ First Global នោះទេ»។
សាររបស់ចន្ធីដល់សិស្សដទៃទៀតដែលពុំមានឱកាសដូចជានាងគឺថា៖ «កុំឲ្យអស់សង្ឃឹមចំពោះកត្តាគ្រួសារឬពីកត្តាផ្សេងៗដែលនៅជុំវិញគាត់ ដែលត្រូវគេរើសអើង មើលងាយ។ ឲ្យគាត់កុំអស់សង្ឃឹម ឲ្យគាត់តស៊ូ ខំប្រឹងរៀនសូត្រ»៕
កំណត់ចំណាំ៖ ព័ត៌មានលម្អិតមួយចំនួនរបស់សិស្សមិនត្រូវបានបញ្ចេញដោយសារគោលការណ៍ការពារកុមាររបស់អង្គការ CFC។