សកម្មជននយោបាយ និងសិទ្ធិមនុស្សដែលរត់ភៀសខ្លួនទៅប្រទេសថៃ ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញដោយអាជ្ញាធរកម្ពុជាព្រួយបារម្ភពីសុវត្ថិភាព បន្ទាប់ពីអាជ្ញាធរថៃបានចាប់បញ្ជូនពួកគេខ្លះមកស្រុកកំណើតវិញ ដើម្បីប្រឈមនឹងការកាត់ទោសជាបន្តបន្ទាប់ក្នុងពេលកន្លងមក។
ពួកគេខ្លះសំងំលាក់ខ្លួនក្នុងផ្ទះជួលក្នុងទីក្រុងបាងកក និងតាមខេត្តនានា ហើយមិនហ៊ានចេញក្រៅផ្ទះដោយសេរីទេ។ ការនិយាយស្តីក៏មានការប្រយ័ត្នប្រយែង បើទោះបីជាពួកគេទទួលបានឋានៈជនជនភៀសខ្លួន ដែលមានការការពារយ៉ាងត្រឹមត្រូវតាមច្បាប់អន្តរជាតិពីអង្គការសហប្រជាជាតិក៏ដោយ។
កាលពីសប្តាហ៍មុន គណៈរដ្ឋមន្ត្រីរបស់ថៃបានអនុម័តបង្កើតយន្តការត្រួតពិនិត្យមួយដើម្បីបែងចែកឱ្យច្បាស់រវាងពលរដ្ឋដែលស្វែងរកការការពារដោយអន្តរជាតិនិងជនអន្តោប្រវេសន៍ខាងផ្នែកសេដ្ឋកិច្ចដែលបានចូលមកក្នុងប្រទេសថៃហើយចំណាត់ការនេះត្រូវបានអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ស្វាគមន៍។ ប៉ុន្តែសម្រាប់ជនភៀសខ្លួនខ្មែរនៅតែមានក្តីមន្ទិលសង្ស័យ។
ការណ៍នេះដោយសារតែក្នុងពេលថ្មីៗនេះមានករណីចាប់បញ្ជូនចេញដោយបង្ខំដ៏លេចធ្លោជាច្រើនបានកើតមានឡើងចំពោះពួកគេ ក្នុងនោះមានករណីចាប់បញ្ជូនលោករ៉ាត់ រ័ត្នមុន្នី សកម្មជនសហជីពនិងជាអ្នកបកប្រែឱ្យទូរទស្សន៍រុស្ស៊ី RT ពេលផលិតភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទកុមារនៅកម្ពុជាដែលមានចំណងជើងថា «ម្តាយខ្ញុំលក់ខ្ញុំ»។ លោករ័ត្នមុន្នីត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនខ្លួនមកកម្ពុជាវិញកាលពីខែធ្នូឆ្នាំ២០១៨ហើយលោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។ ការកាត់ទោសនោះត្រូវបានស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានចាត់ទុកថា«ធ្វើឱ្យកេរ្តិ៍ឈ្មោះប្រព័ន្ធយុត្តិធម៌កម្ពុជាកាន់តែធ្លាក់ចុះ»។
រីឯករណីនយោបាយ គឺមានសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើនបានរងគ្រោះក្នុងនោះមានដូចជានាង សំ សុខា ត្រូវបានចាប់បញ្ជូនខ្លួនមកកម្ពុជាវិញកាលពីដើមឆ្នាំ២០១៨ដើម្បីទទួលទោសជាប់ពន្ធនាគារពីរឆ្នាំដោយសារតែបានជេរប្រមាថលោកនាយករដ្ឋមន្ត្រីហ៊ុនសែនតាមបណ្តាញសង្គមបើទោះបីជានាងមានឋានៈជាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។
ករណីដ៏ចម្រូងចម្រាសមួយទៀតដែលបានបកអាក្រាតកិច្ចសហប្រតិបត្តិការរវាងប៉ូលិសថៃនិងកម្ពុជាគឺកើតឡើងលើសកម្មជនគណបក្សសង្គ្រោះជាតិលោកតោ និមលនិងភរិយាឈ្មោះជិន លីម ត្រូវបានចាប់ខ្លួនបញ្ជូនមកកម្ពុជាវិញយ៉ាងតក់ក្រហល់ កាលពីចុងខែវិច្ឆិកា បើទោះបីជាអ្នកទាំងពីរត្រូវបានអង្គការ UNHCR ទទួលស្គាល់ថាជាជនភៀសខ្លួនក៏ដោយ ហើយ អ្នកទាំងពីរត្រូវបានអាជ្ញាធរកម្ពុជាបង្ខំឱ្យសារភាពដាក់កំហុសលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងយុទ្ធនាការធ្វើមាតុភូមិនិវត្តន៍មិនបានជោគជ័យរបស់លោកសមរង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនៅថ្ងៃទី៩ខែវិច្ឆិកា។ នេះបើតាមការសេចក្តីរាយការណ៍របស់អង្គការសិទ្ធិមនុស្ស Amnesty International។
ជនរងគ្រោះទាំងពីរបានលួចរត់ត្រឡប់ទៅដល់ប្រទេសថៃវិញនាពេលមួយសប្តាហ៍ក្រោយមក ហើយត្រូវបានអង្គការ UNHCR ប្រគល់ឋានៈជនភៀសខ្លួនជូនវិញ។
លោក សួន ចំរើន អតីតសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀតក៏ត្រូវបានជនមិនស្គាល់អត្តសញ្ញាណពីរនាក់ប៉ុងប៉នចាប់ជំរត់កាលពីសប្តាហ៍មុន ដើម្បីយកមកកម្ពុជាប៉ុន្តែសកម្មភាពចាប់បង្ខំនោះមិនបានជោគជ័យដោយសារជនរងគ្រោះបានប្រវាយប្រតប់វិញហើយបានរត់រួចខ្លួន។ ប៉ុន្តែលោកបានរងរបួសជាដំណំដោយសារត្រូវជននោះចាប់ដោយបង្ខំនិងឆក់ដោយដំបងឆក់។ ក្រោយហេតុការណ៍នេះលោកសួន ចំរើនក៏ត្រូវបានអង្គការ UNHCR ទទួលស្គាល់ថាជាជនភៀសខ្លួនដែលត្រូវការពារដោយច្បាប់អន្តរជាតិ។
ប៉ុន្តែលោក សួន ចំរើន នៅតែមិនទាន់មានភាពកក់ក្តៅចំពោះការបង្កើតយន្តការត្រួតពិនិត្យរបស់រដ្ឋាភិបាលថៃ៖
«ខ្ញុំយល់ថាបើសិនជារដ្ឋាភិបាលថៃមានឆន្ទៈដូចនេះមែន ដូច្នេះជនភៀសខ្លួននយោបាយដែលតស៊ូដើម្បីប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាហើយភៀសខ្លួនមកនៅប្រទេសថៃនឹងមានសុវត្ថិភាពច្រើន ក៏ប៉ុន្តែប៉ុន្មានថ្ងៃនេះចំពោះខ្ញុំផ្ទាល់នៅតែមានអ្នកតាមឃ្លាំមើលជានិច្ច។ ខ្ញុំកម្រចេញទៅក្រៅណាស់មួយរយៈនេះប៉ុន្តែពេលចេញទៅណាមកណីនៅតែមានអ្នកតាមឃ្លាំ នៅមានអ្នកតាមយកការណ៍នៅមានអ្នកតាមថតរូបដដែល»។
ករណីរបស់លោក សួន ចំរើន ត្រូវបានអង្គការសិទ្ធិមនុស្ស Amnesty International ចាត់ទុកថាគឺជាទម្រង់នៃការយាយីរំខាននិងបំភិតបំភ័យពលរដ្ឋកម្ពុជាដែលរត់ភៀសខ្លួនមកពួននៅប្រទេសថៃដើម្បីគេចចេញពីការធ្វើទុក្ខទោសនយោបាយដែលបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែនេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រសប្តាហ៍មុនថា៖
«អង្គការ Amnesty International អំពាវនាវឱ្យបញ្ឈប់ភ្លាមៗនូវការយាយីរំខាន ការបំភិតបំភ័យ និងការតាមដានមើលពលរដ្ឋកម្ពុជាដែលស្វែងរកសិទ្ធិជ្រកកោន នៅប្រទេសថៃ។ អាជ្ញាធរថៃត្រូវតែធានាថារាល់បុគ្គលដែលកំពុងស្នាក់នៅប្រទេសថៃត្រូវបានការពារពីអំពើហិង្សា និងការចាប់ខ្លួនដោយអនាធិបតេយ្យ ហើយរារាំងរាល់ការឃុបឃិតរំលោភសិទ្ធិមនុស្សដែលនៅបន្តជ្រៀតជ្រែកចូលមកដើម្បីធ្វើបាបពលរដ្ឋកម្ពុជាដែលរត់ភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញខាងនយោបាយ»។
សម្រាប់លោក តោ និមល គឺចាត់ទុកថាការចាប់បញ្ជូនលោកនិងភរិយាមកប្រទេសកម្ពុជាវិញគឺគ្រាន់តែជាទង្វើរបស់ភ្នាក់ងារខិលខូចដែលសហការជាមួយនឹងអាជ្ញាធរកម្ពុជាប៉ុណ្ណោះ។
លោក តោ និមល បានប្រាប់ VOA ថា៖
«ប៉ូលិសជនជាតិថៃធ្លាប់ជួបខ្ញុំហើយឆែកកាតខ្ញុំ ហើយគេមើលទៅឃើញអង្គការសហប្រជាជាតិគេជូនយើងវិញទៅហើយគេគោរពយើងធម្មតា ប៉ុន្តែប៉ូលិសមួយក្រុមដែលទៅចាប់ខ្ញុំនេះគឺប៉ូលិសសង្គមងងឹតរបស់ថៃ។ វាមានពួកពុករលួយអាក្រក់ៗអីចឹងដែរប៉ុន្តែមិនឆ្លុះបញ្ចាំងពីប៉ូលិសថៃទាំងមូលទេ»។
ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាបើកយុទ្ធនាការបង្រ្កាបលើគណបក្សប្រឆាំងនិងអ្នករិះគន់ការដឹកនាំរបស់លោកនាយក រដ្ឋមន្ត្រីហ៊ុនសែន តាំងពីចុងឆ្នាំ ២០១៧ មក គឺមានអតីតមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើនរយនាក់បានរត់គេចខ្លួនទៅប្រទេសថៃនិងប្រទេសដទៃទៀតដូចជាសហរដ្ឋអាមេរិក បារំាង កាណាដានិងអូស្ត្រាលីជាដើម។
បច្ចុប្បន្ន មានសកម្មជនគណបក្សប្រឆាំងមិនដល់ចំនួន ១០០ នាក់ទេដែលកំពុងរស់នៅប្រទេសថៃ។ នេះបើតាមការបញ្ជាក់របស់លោកម៉ោញ សារ៉ាត់ ប្រធានក្រុមការងារខេត្តឧត្តរមានជ័យនិងជាអ្នកទទួលបន្ទុកអ្នកភៀសខ្លួនរបស់គណបក្សសង្គ្រោះជាតិនៅប្រទេសថៃ។
លោក ម៉ោញ សារ៉ាត់ បានបញ្ជាក់ថា ចំនួននេះឡើងចុះទៅតាមស្ថានការណ៍នយោបាយក្នុងប្រទេស៖
«ដោយសារមូលហេតុសុវត្ថិភាពផ្ទាល់ខ្លួនបងប្អូនជាច្រើនដែលបានរត់ភៀសខ្លួនមកដល់ប្រទេសថៃភាគច្រើនគាត់មិនបានប្រាប់អាសយដ្ឋានច្បាស់លាស់ថាគាត់រស់នៅកន្លែងណាដោយរបៀបណាទេគឺគាត់បំបែកគ្នាទៅតាមតំបន់ផ្សេងៗរាយប៉ាយនៅទូទាំងប្រទេសថៃ។ បងប្អូនខ្លះទៅរហូតដល់ឈៀងម៉ៃ ដោយសារតែវាទាក់ទងទៅ នឹងសុវត្ថិភាពផង វាទាក់ទងទៅនឹងតម្លៃនៃការរស់នៅផង។ ជួនកាលការរស់នៅក្នុងទីក្រុងបាងកកត្រូវចាយចំណាយលុយច្រើនហើយគាត់អាចទៅរស់នៅជនបទឬទៅរស់នៅជាមួយបងប្អូនគាត់ដែលគាត់មានបងប្អូនខ្លះមកធ្វើជាពលករគាត់ក៏ទៅផ្ញើខ្លួនផ្ញើប្រាណជាមួយគេក៏មានដែរ»។
កាលពីខែវិច្ឆិកា ក្រសួងការបរទេសកម្ពុជា បានលុបចោលលិខិតឆ្លងដែនពលរដ្ឋកម្ពុជាចំនួន៣៩នាក់ ដែលជាមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ ហើយរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថ្នាក់ដឹកនាំនិងមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន១៨នាក់ជាជនក្បត់ជាតិ ក្នុងនោះមានលោកសម រង្ស៊ី ប្រធានស្តីទីគណបក្ស លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស និង អ្នកស្រីមូរ សុខហួរ អនុប្រធានគណបក្សជាដើម។
ក្រៅពីការប្រឈមនឹងការចាប់ខ្លួនបញ្ជូនទៅប្រទេសដើមវិញជនភៀសខ្លួនទាំងនោះក៏នៅមានបញ្ហាប្រឈមលើជីវភាពប្រចាំថ្ងៃផងដែរ។
អ្នកស្រី ឡុង គឹមហ៊ាង ភរិយារបស់លោករ៉ាត់ រ័ត្នមុន្នី ដែលពេលនេះកំពុងរត់ភៀសខ្លួនជាមួយនឹងកូនប្រុសនៅប្រទេសថៃបានបញ្ជាក់ប្រាប់ VOA ថា៖
«ការរស់នៅការរកស៊ីការប្រកបរបរនៅតែពិបាកដដែល មិនអាចមានការងារស្របច្បាប់បានការងារបានប្រាក់ខែជាប្រចាំខែបានទេគឺបានតែប្រចាំថ្ងៃហើយកន្លែងខ្លះគេមិនទទួលទេព្រោះដោយសារតែជនភៀសខ្លួនមិនមានអ្វី សម្គាល់ខ្លួនគឺមានតែកាតរបស់យូអឹន (អង្គការសហប្រជាជាតិ) មួយ។ អីចឹងពិបាករកការងារទប់ទល់ក្នុងជីវភាពគ្រួសារ។ ការរស់នៅពិបាកហើយប្រឈមខ្លាំងហើយនៅពេលដែលប៉ូលិសថៃចង់ចាប់នៅពេលណាគឺស្រេចតែចិត្តគេគឺគេចាប់បានហើយនៅពេលនោះពួកជនភៀសខ្លួនយើងគ្មានកន្លែងរស់នៅគ្មានកន្លែងរត់ទេ រត់ដល់កន្លែងណាក៏គេចាប់ដែរ»។
អ្នកស្រី ឡុង គឹមហ៊ាង ដែលជាអតីតសកម្មជនដីធ្លីដ៏ល្បីឈ្មោះ បានបង្ខំចិត្តចាកចេញពីប្រទេសបន្ទាប់ពីរងការគំរាមចាប់ខ្លួន បើសិនជាអ្នកស្រីនៅបន្តការតវ៉ាតាមផ្លូវសាធារណៈទាមទារ ឱ្យដោះលែងស្វាមី។
ប្រទេសថៃមិនមែនជាហត្ថលេខីនៃអនុសញ្ញាស្តីពីជនភៀសខ្លួនឆ្នាំ១៩៥១ហើយក៏មិនមានច្បាប់ជាក់លាក់ស្តីពីការស្វែងរកសិទ្ធិជ្រកកោនដែរ។ ដោយហេតុនេះហើយបានជាជនភៀសខ្លួននិងអ្នកស្វែងរកសិទ្ធិជ្រកកោនណាដែលមិនមានសិទ្ធិស្របច្បាប់ដើម្បីស្នាក់នៅប្រទេសថៃទេគឺត្រូវបានចាត់ទុកថាជាជនអន្តោប្រវេសន៍ខុសច្បាប់។
លោក Giuseppe De Vincentiis ប្រធានអង្គការ UNHCR ប្រចាំនៅប្រទេសថៃបានសម្តែងក្តីសង្ឃឹមថាបន្ទាប់ពីការបង្កើតយន្តការត្រួតពិនិត្យនេះគឺ«រដ្ឋាភិបាលថៃនឹងចាត់វិធានការជាក់លាក់ដើម្បីធានាការពារដល់ជនភៀសនិងអ្នកស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសថៃ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ UNHCR ចេញផ្សាយកាលពីសប្តាហ៍មុន។
ប្រទេសថៃមានជនភៀសខ្លួនដែលមិនរស់នៅក្នុងជំរុំប៉ុន្តែរស់នៅតំបន់ទីក្រុងចំនួន៦០០០នាក់ដែលមកពីប្រទេសចំនួន៤៥ក្នុងនោះមានកម្ពុជាវៀតណាម ចិន និងប៉ាគីស្ថានជាដើម។