ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រកាស​អរគុណ​ថៃ​ដែល​បាន​រារាំង​លោក​ សម​ រង្ស៊ី


លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួនក្រៅប្រទេស ថ្លែងទៅកាន់អ្នកគាំទ្របន្ទាប់ពីលោកត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួនក្រៅប្រទេស ថ្លែងទៅកាន់អ្នកគាំទ្របន្ទាប់ពីលោកត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

មួយ​ខែ​បន្ទាប់ពី​ការ​វិលត្រឡប់​មិនបាន​ជោគជ័យ​របស់​លោក​ ​សម​ ​រង្ស៊ី​ ​ដែល​ជា​មេដឹកនាំ​បក្ស​ប្រឆាំង ​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​កម្ពុជា​ ​បាន​សម្ដែង​ការ​ថ្លែង​អំណរ​គុណ​ចំពោះ​ប្រទេស​ថៃ​ដែល​បាន​ជួយ​សហការ​ក្នុង​ការរារាំង​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​មេ​បក្ស​ប្រឆាំង​យូរ​ឆ្នាំ​រូប​នេះ។

​លោក សម រង្ស៊ី សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​អស់​រយៈពេល​បួន​ឆ្នាំ​មក​ហើយ​ក្នុង​ប្រទេស​បារាំង​ ​បាន​ប៉ុនប៉ង​ធ្វើ​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ ​ក្នុង​អ្វី​ដែល​លោក​បាន​បរិយាយ​ថា​ជា​ការ​សង្គ្រោះ​ប្រទេស​កម្ពុជា​ពី​របប​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដែល​លោក សម ​រង្ស៊ី​ បាន​ហៅថា​«មិន​មាន​ភាព​ស្របច្បាប់»។

​គូប្រជែង​យូរឆ្នាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​រូប​នេះ​ ​មាន​គម្រោង​ចូល​មក​ក្នុង​ប្រទេស​ថៃ​ ​ហើយ​ដឹក​នាំ​ពលករ​កម្ពុជា​រាប់​ម៉ឺន​នាក់​ដើរ​ឆ្លងកាត់​ច្រក​ព្រំដែន​ប៉ោយប៉ែត​ ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​ដើរ​ក្បួន​បាតុកម្ម​មក​ភ្នំពេញ​ ​ដែល​លោក​ថា​ជា​ការ​ងើប​ឡើង​ទម្លាក់​រដ្ឋាភិបាល​កម្ពុជា។

​បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​ថៃ​លោក ​Prayut​h ​Chan-o-cha​ បាន​ប្រកាស​នា​ថ្ងៃ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​បាងកក ​កាលពីដើម​ខែ​វិច្ឆិកា​ថា​ ​លោក​ទំនង​ជា​នឹង​មិន​អនុញ្ញាត​ឱ្យ​លោក​ ​សម រង្ស៊ី​ ​ឆ្លងកាត់​ប្រទេស​ថៃ​ឡើយ​ ​លោក​ ​សម​ រង្ស៊ី​ ​ត្រូវ​បាន​គេ​ហាម​មិន​ឱ្យ​ឡើង​យន្តហោះ​ឆ្ពោះ​មក​ទីក្រុង​បាងកក​ ​នៅមុន​ថ្ងៃទី៩ ខែវិច្ឆិកា​ ​ដែល​លោក​គ្រោងទុក។

​រដ្ឋាភិបាល​កម្ពុជា​បាន​ហៅ​គម្រោង​វិលត្រឡប់​របស់​លោក​ ​សម​ ​រង្ស៊ី​ ​ថា​ជា​«រដ្ឋប្រហារ»។​ ​រដ្ឋាភិបាល​កម្ពុជាត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​ក្នុង​ឆ្នាំ២០១៨​ ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ក្រសោប​អសនៈ​ទាំងស្រុង​នៅ​សភា​ជាន់​ទាប​ ​ជាមួយ​នឹង​អវត្តមាន​បក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​៨ខែ​មុន​ការ​បោះឆ្នោត។

បន្ទាប់ពី​ខកខាន​មិនបាន​វិល​ត្រឡប់​តាមកាល​កំណត់​ ​លោក​ ​សម​ ​រង្ស៊ី​ ​បាន​ចូល​សំចត​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​និង​ប្រទេស​ឥណ្ឌូណេស៊ី​ ​មុននឹង​វិលត្រឡប់​ទៅ​កាន់​ប្រទេស​បារាំង​វិញ​ ​នា​ពេល​ក្រោយ​មក។

​ការណ៍​នេះ​ហើយ​នាំ​ឱ្យ​ ​លោក​នាយ​ឧត្ដមសេនីយ៍​ ​ឥត​ ​សារ៉ាត់​ ​នាយ​អគ្គសេនាធិការ​ដ្ឋាន​ចម្រុះ​ ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ​បាន​ឆ្លៀត​ឱកាស​ចូលរួម​ជួប​ពិភាក្សា​ជាមួយ​នឹង​ ​លោក​ឧត្ដមសេនីយ៍ឯក​ ​Piroach​ ​Vilailug​ ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ព្រំដែន​ ​នៃ​អគ្គបញ្ជាការ​ដ្ឋាន​កងយោធពល​ភូមិន្ទ​ថៃ​ ​សម្ដែង​អំណរគុណ​ចំពោះ​ប្រទេស​ថៃ​អំពី​រឿង​នេះ។

​ជំនួប​ខាង​លើ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​អគ្គបញ្ជាការ​ដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ ​ខណៈ​ដែល​លោក​ឧត្តមសេនីយ៍ឯក​ ​Piroach​ ​Vilailug​ ​និង​សហការី​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ​ ​ក្នុង​សប្ដាហ៍​នេះ​ ​ដោយមាន​ការ​ជួប​ប្រជុំ​នឹង​មន្ត្រី​ជាន់ខ្ពស់​នៃ​យោធា​កម្ពុជា​ ​ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ ​និង​ការ​សហការ​លើ​បញ្ហា​សន្តិសុខ​ព្រំដែន។​ នេះ​ជា​ការ​លើកឡើង​របស់​លោក​ឧត្ដមសេនីយ៍ឯក ​ថោង​ សុលីម៉ូ​ អ្នកនាំពាក្យ​អគ្គបញ្ជាការ​ដ្ឋាន។

​មន្ត្រី​អ្នកនាំពាក្យ​យោធា​រូប​នេះ​ ​បាន​ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា៖ «ជា​ការពិត​ហ្នឹងហើយ​ ​គាត់​បាន​អរគុណ​ភាគី​ថៃ​ ​ដែល​បាន​ទប់ស្កាត់​ ​ដល់​កម្លាំង​ពួក​ជ្រុលនិយម … អ្វី​ដែល​យើង​បាន​លើកឡើង​ ​ភាគី​ថៃ​គេ​ដឹង​ហើយ​ ​គ្រាន់តែ​ថា​ ​ធម្មតា​វា​គោរព​ទៅតាម​អ្វី​ដែល​ជាគោល​ការណ៍​នៅក្នុង​អាស៊ាន​ ​គឺ​ការ​មិន​ជ្រៀតជ្រែក​ ​ឬក៏​មិន​ផ្ដល់​ទីតាំង​ឱ្យ​ពួក​ប្រឆាំង​ ​ឬ​ពួក​ឧទ្ទាម​អីហ្នឹង​ ​ធ្វើសកម្មភាព​ប្រឆាំង​ប្រទេស​មួយ​អ៊ីចឹង​ទៅណា»។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធច្រកព្រំដែនមួយនៅខេត្ត Aranyaprathet ប្រទេសថៃ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធច្រកព្រំដែនមួយនៅខេត្ត Aranyaprathet ប្រទេសថៃ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

ក្នុង​ការឆ្លើយឆ្លង​សារ​អេឡិចត្រូនិក​ដ៏​ខ្លី​មួយ​មកកាន់​ ​VOA​ ​លោក​ ​សម​ ​រង្ស៊ី​ ​បាន​លើកឡើង​ថា​ ​បណ្ដា​មន្ត្រី​ថៃ​និង​កម្ពុជា​ ​គួរតែ​ជជែក​ពី​អ្វី​ដែល​មាន​សារៈសំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ ​ជាជាង​និយាយ​ពី​ការ​រាំង​ខ្ទប់​រូបលោក។

​កន្លង​មក​លោក​ សម​ ​រង្ស៊ី​ ​ខ្លួនឯង​ធ្លាប់​បាន​ថ្លែង​កាលពី​ពេល​កន្លងទៅ​ថា​ ​បណ្ដា​អ្នកកាន់​អំណាច​នយោបាយ​នៅ​ភ្នំពេញ​ ​មានការ​ខ្លាច​រអា​ចំពោះ​រូបលោក​ ​ហើយ​មាន​ការ​រារាំង​មិន​ចង់ឱ្យ​លោក​វិលត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ឡើយ។ រី​ឯ​ថ្នាក់ដឹកនាំ​កម្ពុជា​បាន​ចំអក​ចំពោះ​ការណ៍​ដែល​លោក​ ​សម​ ​រង្ស៊ី​ ​មិន​អាច​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​ ​ដូច​ការ​សន្យា។

​នៅក្នុង​ប្រទេស​កម្ពុជា​ ​លោក​ ​សម​ ​រង្ស៊ី​ ​និង​សហការី​ ​ត្រូវ​ប្រឈម​នឹង​សាលដីកា​កាត់ទោស​ ​និង​បទ​ចោទ​ជា​ច្រើន​ករណី​ ​ដែល​លោក​តែង​បាន​លើក​ឡើង​ថា​ ​ត្រូវ​បាន​រៀបរៀង​ប្រឆាំង​នឹង​លោក​ ​ក្រោម​ហេតុផល​នយោបាយ។

​នា​ដើមខែ​វិច្ឆិកា​ វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរភាសា​ ​បាន​ផ្សាយ​ថា​ ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​បាន​ហាមប្រាម​ ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ដែល​ហោះហើរ​ត្រង់​មក​កម្ពុជា​ ​មិន​ឱ្យ​ទទួល​ដឹក​លោក​ ​សម​ ​រង្ស៊ី​ ​ចូល​មក​ក្នុង​ស្រុក​ឡើយ​ ​ហើយ​បើ​ក្រុមហ៊ុន​ណា​ល្មើស​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ថា​ចូលរួម​សមគំនិត។

​ខណៈ​ដែល​ប្រទេស​ឡាវ​និង​ប្រទេស​វៀតណាម​ ដែល​មាន​ចំណង​ទាក់ទង​ជិតស្និទ្ធជាមួយ​នឹង​ទីក្រុង​ភ្នំពេញ​ ​បាន​ប្រកាស​ថា​ខ្លួន​មិន​អនុញ្ញាត​ឱ្យ​លោក​ ​សម​ ​រង្ស៊ី​ ​ឆ្លងកាត់​ចូល​មក​កាន់​កម្ពុជា​នោះ​ទេ​ ​ប្រទេស​ថៃ​បាន​ក្លាយជា​ជម្រើស​ចុងក្រោយ។

​យ៉ាងណាក្ដី ​ប្រទេស​ថៃ​បាន​ប្រកាស​បដិសេធ​នៅ​នាទី​ចុងក្រោយ​ ​បើ​ទោះបីជា​សកម្មជន​បក្សជំទាស់​ជាច្រើន​បាន​មកដល់​ប្រទេស​នេះ​មុន​លោក ​សម រង្ស៊ី​ ទៅ​ហើយ​យ៉ាងណាក្ដី។

​លោក​ ​សេក​ ​សុផល​ ​អ្នកស្រាវជ្រាវម្នាក់​ប្រចាំ​មជ្ឈមណ្ឌល Ritsumeikan ដើម្បី​ការសិក្សា​កិច្ចការ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ជប៉ុន​ បាន​លើកឡើង​ថា​ ​រដ្ឋាភិបាល​ថៃ​បដិសេធ​មិន​ឱ្យ​លោក​ ​សម​ ​រង្ស៊ី​ ​ឆ្លងកាត់​ទីក្រុង​បាងកក​ដោយសារ​មើល​មិន​ឃើញ​ផល​ចំណេញ​អ្វី​នឹង​ការអនុញ្ញាត​ដូច្នោះ​ ​ដែល​ផ្ដល់​ទឹកដី​ឱ្យ​ក្រុម​ជំទាស់​ខ្មែរ​ ​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ​ខណៈ​ថៃ​ខ្លួនឯង​កំពុងតែ​មមាញឹក​ជាមួយ​នឹង​បញ្ហា​នយោបាយ​ ​សេដ្ឋកិច្ច​ ​និង​សង្គមនៅក្នុង​ស្រុក​ស្រាប់​ទៅ​ហើយ។

​អ្នកស្រាវជ្រាវ​និង​តាមដាន​កិច្ចការ​នយោបាយ​ថៃ​រូប​នេះ​ ​បាន​ប្រាប់ VOA ជា​លាយ​លក្ខណ៍​អក្សរ​ក្នុង​ន័យ​ដើម​ដូច្នេះ​ថា៖ ​«ការ​រក្សា​នូវ​ស្ថិរភាព​ជាមួយនឹង​បណ្ដា​ប្រទេស​ក្បែរ​ខាង​ រាប់បញ្ចូល​ជាមួយ​កម្ពុជា​ផង​ ជា​ជម្រើស​ជា​យុទ្ធសាស្ត្រ​របស់​ថៃ​ ​ដែល​អាច​នាំ​ឱ្យ​រដ្ឋាភិបាល​ថៃ​ផ្ចង់​អារម្មណ៍​បាន​ពេញលេញ​ទៅលើ​នយោបាយ​ក្នុង​ស្រុក​ដែល​មាន​បញ្ហា​អស់​ពេល​ជា​យូរ​មក​ហើយ»។

​លោក ​សេក​ ​សុផល​ ក៏​បាន​បន្ថែម​ដែរ​ថា​ ​ទំនាក់ទំនង​ជិតស្និទ្ធ​កម្រិត​បុគ្គល​រវាង​ថ្នាក់ដឹកនាំ​នយោបាយ​កម្ពុជា​ ​និង​ថ្នាក់ដឹកនាំ​ថៃ​ ​ដែល​មាន​ប្រភព​ចេញពី​ ក្រុម​ខ្លា​បូព៌ា​ ​នៃ​យោធា​ថៃ​ ​មាន​អាយុ​កាល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ ​ដែល​បណ្ដាល​ឱ្យ​ការ​សហការ​ត្រូវ​រ៉ូវ​គ្នា​មាន​សភាព​កាន់តែ​ស្និទ្ធ​ជាង​មុន។

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ប្រទេស​ថៃ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាទី​សំចត​ដំបូង​សម្រាប់​បណ្ដាជន​ភៀសខ្លួន​ផ្នែក​នយោបាយ​ ​ដែល​ប្រឈម​ទុក្ខទោស​នៅ​កម្ពុជា​ ​ដើម្បី​ជ្រកកោន​ ​និង​ស្វែងរក​សិទ្ធិ​រស់នៅ​ប្រទេស​ទីបី។

រូបឯកសារ៖ កងប្រដាប់អាវុធបានបិទផ្លូវឆ្លងកាត់ច្រកព្រំដែនប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យជាប់ព្រំប្រទល់​ប្រទេសថៃ នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃដែលលោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ និងសកម្មជនផ្សេងៗទៀត គ្រោងវិលត្រឡប់មកកម្ពុជាវិញ។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ កងប្រដាប់អាវុធបានបិទផ្លូវឆ្លងកាត់ច្រកព្រំដែនប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យជាប់ព្រំប្រទល់​ប្រទេសថៃ នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃដែលលោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ និងសកម្មជនផ្សេងៗទៀត គ្រោងវិលត្រឡប់មកកម្ពុជាវិញ។ (ស៊ុន ណារិន/VOA)

​ក៏ប៉ុន្តែ​នា​ពេល​ថ្មីៗ​នេះ​ ​សំណួរ​ជាច្រើន​បាន​ចោទសួរ​ថា​ទីសំចត​នេះ​នឹង​នៅតែ​មាន​សុវត្ថិភាព​ដែរ​ឬ​ទេ​ ​ខណៈ​ដែល​រដ្ឋាភិបាល​ថៃ​មួយ​រយៈ​ក្រោយនេះ​ ​ហាក់​ឧស្សាហ៍​ចាប់​បញ្ជូន​ជនភៀសខ្លួន​នយោបាយ​ខ្មែរ​ ​ហើយ​បញ្ជូន​ពួកគេ​មក​ទទួលទោស​នៅ​កម្ពុជា។

​ជាក់ស្ដែង​ អ្នកស្រី​ សម​ ​សុខា​ សកម្មជន​សិទ្ធិ​ការងារ​ ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​ទទួល​ទោស​នៅ​កម្ពុជា​ ​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ២០១៨​ ​ដើម្បី​ប្រឈម​នឹង​ការ​កាត់ទោស​ពី​បទ​ដែល​អ្នកស្រី​ ​បាន​យក​ស្បែក​ជើង​គប់​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ ​នៅ​ខេត្ត​កំពង់ស្ពឺ​ ​ដែល​មាន​រូបថត​លោក​ ​ហ៊ុន​ ​សែន​ ​និង​លោក​ ​ហេង​ ​សំរិន​ ​ប្រធាន​រដ្ឋសភា។​

ក្រោយមក​ នៅ​ចុងឆ្នាំ២០១៨​ ​លោក​ ​រ៉ាត់​ ​រត្នមុនី ​សកម្មជន​សិទ្ធិ​ការងារ​ ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ប្រគល់​ឱ្យ​អាជ្ញាធរ​ខ្មែរ​យក​មក​កាត់ទោស​ទាក់ទិន​នឹង​ការងារ​បកប្រែ​ឱ្យ​ ​បណ្ដាញ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​ ​RT​ ​ក្នុង​របាយការណ៍​ស៊ើបអង្កេត​លើ​ការ​ជួញដូរ​ផ្លូវភេទ​កុមារី​នៅ​កម្ពុជា​ ​ដែល​រដ្ឋាភិបាល​ថា​មិន​ពិត​ ​និង​ធ្វើ​ឱ្យ​ខូច​កិត្តិយស​ប្រទេស។

​ថ្មីៗ​បំផុត​នេះ​ ​នៅក្នុង​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៩នេះ​ ​លោក​ ​តោ​ ​និមល​ ​ជាសកម្ម​ជន​បក្សជំទាស់​នៅ​ក្រៅប្រទេស​ ​និង​ភរិយា​ ​បាន​លើកឡើង​ថា​ លោក​ត្រូវ​បាន​កងកម្លាំង​សន្តិសុខ​ថៃ​ចាប់​នៅ​បាងកក​បញ្ជូន​មក​កម្ពុជា​ ​ទី​ដែល​លោក​អះអាង​ថា​ លោក​ត្រូវ​បាន​បង្ខំ​ឱ្យ​សារភាព​បកអាក្រាត​គម្រោង​ការណ៍«រដ្ឋប្រហារ»​ របស់​លោក​ ​សម​ ​រង្ស៊ី។ លោក​បាន​ប្រកាស​បដិសេធ​ចំ​ឡើយ​សារភាព​របស់​លោក​ ក្រោយ​ត្រូវ​បាន​ដោះលែង​ ​ហើយ​ធ្វើ​ដំណើរ​ចេញផុត​ពី​ប្រទេស​កម្ពុជា។

​លោក​ ​Phil​ ​Robertson​ ​នាយករង​ផ្នែក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​Human​ ​Rights​ ​Watch​ ​បាន​លើកឡើង​ថា​ ​ការគ្រប់គ្រង​តឹងរ៉ឹង​បំបិទ​សិទ្ធិ​របស់​រដ្ឋអំណាច​ថៃ​ ​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ២០១៤ នៅ​ប្រទេស​មួយ​នេះ​ ​បាន​ផ្ដល់​នូវ​ ​«កិច្ច​ព្រមព្រៀង​ដ៏​កខ្វក់»​ជាមួយ​នឹង​អាជ្ញាធរ​កម្ពុជា​ ​ក្នុង​ការ​បញ្ជូន​បណ្ដា​ជន​ដែល​មាន​ហានិភ័យ​ផ្នែក​នយោបាយ​ទៅ​ក្នុង​ស្ថានភាព​លំបាក។

​សកម្មជន​សិទ្ធិមនុស្ស​រូប​នេះ​ បាន​ប្រាប់ VOA ថា៖​ «ជា​លទ្ធផល​ នេះ​ជា​ប្រការ​គួរ​ឱ្យ​សោក​សង្រេង​ណាស់​ ​ដែល​យើង​ត្រូវ​និយាយ​ថា​ ​ទីក្រុង​បាងកក​ ​លែង​ទី​មាន​សុវត្ថិភាព​ទៀតហើយ​ ​សម្រាប់​បណ្ដាជន​ដែល​រត់​ភៀស​ខ្លួន​ចេញ​ពី​ការ​គាប​សង្កត់​នៅ​ប្រទេស​កម្ពុជា​ ​ឬក៏​នៅ​តាម​បណ្ដា​ប្រទេសជិតខាង​របស់​ថៃ»។

​«វា​ជា​ការ​ដូរ​ត្រឡប់​ដ៏​គួរ​ឱ្យ​អាម៉ាស់​ ​នៃ​តួនាទី​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ថៃ​ ​ក្នុងនាម​ជាទី​ជម្រក​សម្រាប់​បណ្ដាជន​ដែល​គេច​ចេញ​ពី​ការ​គាបសង្កត់​ ​ហើយ​ការណ៍​នេះ​នឹង​បន្ត​ផ្ដល់​ជា​បញ្ហា​ដ៏​ធំធេង​សម្រាប់​បណ្ដាជន​ដែល​ត្រូវ​រត់គេច​ចេញពី​ការរំលោភ​បំពាន»​នៅ​កម្ពុជា។

​យ៉ាងណាក្ដី​រដ្ឋាភិបាល​កម្ពុជា​ ​ធ្លាប់​បាន​ប្រកាសនា​ពេល​កន្លងមក​ថា​ ​ខ្លួន​បាន​ប្រកាន់​ខ្ជាប់​នូវ​ការ​គោរព​សិទ្ធិមនុស្ស​របស់​ពលរដ្ឋ​ ហើយ​ការអនុវត្ត​ច្បាប់​កន្លងមក​លើ​សកម្មជន​ដែល​ជំទាស់​នឹង​រដ្ឋាភិបាល​ ​ជា​ប្រកាន់​នូវ​គោលការណ៍​នីតិរដ្ឋ​ ​មិន​មានហេតុ​ផល​នយោបាយ​នោះ​ឡើយ។

​នៅពេល​ដែល​ត្រូវ​បាន​ទាក់ទង​ដោយVOAនា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​អ្នកស្រី​ ​Busadee​ ​Santipitak​ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ​ ​បាន​បដិសេធ​មិន​ផ្ដល់​អត្ថា​ធិប្បាយ​ឡើយ​លើ​បញ្ហា​នេះ​ ​ដោយ​ថា​អ្នកស្រី​«មិន​មាន​ព័ត៌មាន»​គ្រប់គ្រាន់៕

XS
SM
MD
LG