អ្នកស្រី ប៊ុនថា កំពុងបញ្ចុកអាហារកូនប្រុសតូចរបស់អ្នកស្រីនៅក្នុងបន្ទប់ដ៏តូចមួយក្នុងផ្ទះ ដែលព័ទ្ធជុំវិញដោយអគារចាស់ៗ នៅតំបន់ជនបទមួយ ក្នុងប្រទេសចិន។
នេះគឺជារូបថតមួយសន្លឹកក្នុងចំណោមរូបថតចំនួន១៩សន្លឹក ដែលរៀបរាប់អំពីសកម្មភាពប្រចាំថ្ងៃរបស់អ្នកស្រី ប៊ុនថា វ័យ៣៥ឆ្នាំ ជាស្រ្តីខ្មែរម្នាក់ ដែលបានរៀបការនិងទៅរស់នៅជាមួយប្តីជាជនជាតិចិន នៅក្នុងភូមិមួយនៃខេត្តជៀងស៊ី (Jiangxi) របស់ប្រទេសចិន។
រូបថតទាំងនេះ ដែលបង្ហាញពីអ្នកស្រី ប៊ុនថា កំពុងបរិភោគអាហារ បោកខោអាវនិងកំពុងបីកូនជាដើម ត្រូវបានតាំងពិព័រណ៌ជាសាធារណៈនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច កាលពីថ្ងៃទី៣ ខែឧសភាកន្លងទៅនេះ។
នាង យ៉ាន កុង អ្នកថតរូបឯកសារជនជាតិចិន បានដាក់តាំងពិព័រណ៍រូបថតទាំងនេះ ដែលមានចំណងជើងថា«ការពិតមិនដូចជាការរំពឹងទុក»នេះ។
អ្នកថតរូបឯកសារវ័យ២៥ឆ្នាំរូបនេះ បានឲ្យដឹងថា ការដាក់តាំងបង្ហាញរូបថតដែលបង្ហាញពីស្ថានភាពរស់នៅរបស់អ្នកស្រី ប៊ុនថា ជាមួយស្វាមីជនជាតិចិន គឺដើម្បីចែករំលែកព័ត៌មាននេះ ជាមួយស្ត្រីខ្មែរផ្សេងទៀត ឲ្យពួកគេគិតពិចារណាមុននឹងសម្រេចចិត្តរៀបការជាមួយបុរសជនជាតិចិន ដើម្បីតែលុយ។
«អ្នកស្រី ប៊ុនថា ជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីទាំងអស់ ដែលអនុញ្ញាតឲ្យខ្ញុំថតរូបនាង។ ហើយខ្ញុំគិតថា សាច់រឿងរបស់ ប៊ុនថា មានលក្ខណៈសាំញ៉ាំខ្លាំងណាស់ និងមានភាពតានតឹងនៅក្នុងហ្នឹង។ នាងខ្វល់ខ្វាយថា តើគួរមកផ្ទះវិញ ឬនៅប្រទេសចិនបន្តទៀត ពីព្រោះនាងចង់មើលថែទាំកូនរបស់នាង»។
នាង យ៉ាន កុង បានជួបអ្នកស្រី ប៊ុនថា កាលពីខែតុលា ឆ្នាំ២០១៤ ក្រោយពីនាងបានអានរឿងរ៉ាវអំពីកូនក្រមុំកម្ពុជា ដែលរៀបការជាមួយបុរសជនជាតិចិន ក្នុងទស្សនាវដ្ដីក្នុងស្រុកមួយ។
នាង យ៉ាន កុង អះអាងថា អ្នកស្រី ប៊ុនថា មានក្ដីអាឡោះអាល័យ និងនឹករលឹកឪពុកម្ដាយរបស់អ្នកស្រី ដែលរស់នៅនៅខេត្តកំពង់ចាម បើទោះបីជាអ្នកស្រី បាននិយាយឆ្លើយឆ្លងគ្នាជាមួយប្អូនស្រីរបស់អ្នកស្រី តាមរយៈប្រព័ន្ធអ៊ីនធឺណិតបានមួយដងមួយកាលក៏ដោយ។
យោងតាមអ្នកថតរូបជនជាតិចិនដដែល នៅក្នុងភូមិដែលអ្នកស្រី ប៊ុនថា រស់នៅនោះ មានស្ត្រីខ្មែរជាច្រើនកំពុងរស់នៅជាមួយប្ដីជនជាតិចិន ដែលភាគច្រើនបុរសចិនទាំងនោះរួមទាំងប្ដីរបស់អ្នកស្រី ប៊ុនថាផង ធ្វើការក្នុងការដ្ឋានសំណង់។
ប្ដីរបស់អ្នកស្រី ប៊ុនថា គឺលោក ហ្សូ រកចំណូលបានជាមធ្យមត្រឹមតែ៥០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដែលនាង យ៉ាន កុង យល់ថា ជាចំនួនលុយច្រើនគួរសម បើធៀបនឹងប្រាក់ចំណូលនៅកម្ពុជា។ ប៉ុន្តែ នាងថា នៅក្នុងប្រទេសចិន ចំនួននេះស្ទើរតែមិនគ្រប់ថ្លៃចំណាយចាយវាយប្រចាំខែក្នុងគ្រួសារផង កុំថាឡើយនៅសល់សម្រាប់សន្សំបានខ្លះនោះ។
នាង យ៉ាន កុង ដែលបានទទួលការអនុញ្ញាតពីប្ដីអ្នកស្រី ប៊ុនថា ក្នុងការថតរូបភាពអំពីសកម្មភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារពួកគេ និយាយថា លោកស្រី ប៊ុនថា គឺជាស្ត្រីខ្មែរតែម្នាក់គត់ ដែលសុខចិត្តឲ្យនាងថតរូប និងសម្ភាសន៍ជាសំឡេងផង។
«នេះគឺជារឿងមួយ ដែលគ្រប់ស្ត្រីកម្ពុជានៅប្រទេសចិន មិនបានទទួលស្គាល់ដូចអ្នកស្រី ប៊ុនថាទេ។ វាពិតជាអាចបញ្ជាក់ថា ស្ត្រីទាំងនេះអាចនឹងក្លាយជាឈ្មួញកណ្ដាល ពីព្រោះពួកគេនៅប្រទេសចិនស្រាប់ ហើយពួកគេមានទំនាក់ទំនងជាមួយភាគីទាំងសងខាង។ ដរាបណាគេដឹងថា ប្ដីរបស់គេមិនមានលុយ ហើយពួកគេមានបំណងទៅប្រទេសចិន ព្រោះតែចង់បានលុយ។ ដូច្នេះវិធីតែមួយគត់ដើម្បីបានលុយលឿន និងងាយនោះ គឺក្លាយជាមេខ្យល់ ដូចជាគេអាចណែនាំបុរសទាំងនោះទៅបងប្អូនសាច់ញាតិគេ ទៅប្អូនស្រីបង្កើត ឬក៏អ្នកជិតខាងទៅប្រទេសចិន។ ភ្លាមនោះគេនឹងទទួលបានលុយយ៉ាងច្រើន តាមរយៈការផ្សំគំនិតក្នុងការរៀបការនេះ។ ខ្ញុំគិតថាគាត់ជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីទាំងអស់ ដែលបដិសេធមិនព្រមធ្វើជាមេខ្យល់»។
អ្នកតាំងពិព័រណ៍រូបថតនេះបានបន្ថែមថា បច្ចុប្បន្នអ្នកស្រី ប៊ុនថា ស្នាក់នៅផ្ទះមើលថែទាំកូន និងធ្វើការងារផ្ទះជាប្រចាំ ដោយសម្រាន្តមិនបានគ្រប់គ្រាន់នោះទេ ហើយអ្នកស្រី ក៏មិនបានរកប្រាក់ចំណូលអ្វីបានដោយខ្លួនឯង ក្រៅពីពឹងលើប្រាក់ខែប្ដីរបស់ខ្លួននោះដែរ។
«អ្នកស្រី ប៊ុនថា មិនបានរកអ្វីទេ។ វាដូចតែហ្នឹងជីវិតដែលស្ត្រីភាគច្រើននៅកម្ពុជាកំពុងជួបប្រទះដែរ»។
ក្រៅពីបង្ហាញពីស្ថានភាពរស់នៅប្រចាំថ្ងៃរបស់អ្នកស្រី ប៊ុនថា ពិព័រណ៍រូបថត«ការពិតមិនដូចជាការរំពឹងទុក»នេះ ក៏រៀបរាប់តាមរយៈខ្សែអាត់សំឡេងរបស់អ្នកស្រី ប៊ុនថាផងដែរ អំពីការលំបាករបស់អ្នកស្រី ក្នុងការរស់នៅជាមួយប្ដីនៅប្រទេសចិននោះដែរ។
អ្នកស្រី ប៊ុនថា និយាយតាមខ្សែអាត់សំឡេងដែលអមជាមួយរូបថតទាំងនេះថា «ខ្ញុំមកនេះ ម៉ែឪខ្ញុំមិនចង់ឲ្យមកទេ។ ខ្ញុំគិតថាមកទៅ បានជួយម៉ែឪឲ្យរកស៊ីមានបានដូចគេ តែដល់មកទៅ ឃើញភ្លាម មិនត្រឹមតែអត់មានលុយ ខ្ញុំឃើញផ្ទះទៅ មើលទៅមិនគួរឲ្យនៅសោះ។ ចង់ទៅផ្ទះភ្លាម តែវាមិនឲ្យទៅទេ។ វាថា បើចង់ទៅផ្ទះ ឲ្យលុយវា៥០០០ដុល្លារមក»។
ក្នុងខ្សែអាត់សំឡេងដដែល អ្នកស្រី ប៊ុនថា បន្តរៀបរាប់ថា «បើខ្ញុំមានលុយ៥០០០ហ្នឹងនៅផ្ទះវិញ ខ្ញុំមិនមកទេ។ ម៉ាផ្ទះនៅតែឯង គ្មានញាតិមិត្ត និយាយស្ដាប់គ្នាមិនបាន។ ប្អូនខ្ញុំវាហៅទៅផ្ទះវិញដែរ តែខ្ញុំវាអាណិតប្ដី។ គិតថា វាមិនដែលធ្វើបាបអ្វីទេ ណាមួយអាណិតកូន។ សង្ឃឹមថា បានលុយឲ្យម៉ែឪខ្ញុំ តែពេលដល់អត់បាន ឥឡូវមានកូនមួយទៀត»។
អ្នកជំនាញលើកឡើងថា រហូតមកដល់ពេលនេះ គេមិនដឹងពិតប្រាកដអំពីចំនួនស្ត្រីខ្មែរ ដែលបានរៀបការ និងទៅរស់នៅជាមួយបុរសចិននៅប្រទេសចិននោះទេ ពីព្រោះវាជាជារឿយៗ តែងមានរៀបចំដោយលួចលាក់រវាងមេខ្យល់ និងភាគីស្វាមីនៅប្រទេសចិន។
តែទោះជាយ៉ាងនេះក្តី លោក ម៉ម សុខចា មន្ត្រីផ្នែកប្រឆាំងការជួញដូរនៃអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រី បានប្រាប់ VOAថា រឿងរ៉ាវរបស់អ្នកស្រី ប៊ុនថា មិនមែនជាករណីតែមួយគត់នោះទេ។
«យើងមាន២៨ករណី ដែលយើងបានផ្ដល់សេវាផ្នែកច្បាប់ដល់គាត់។ មានអ្នកខ្លះនៅចិន អ្នកខ្លះត្រឡប់មកវិញ។ នៅក្នុង២៨ករណីហ្នឹង មាន៣ករណីដែលយើងបានធ្វើសមាហរណកម្មមកប្រទេសវិញ»។
លោកបន្ថែមថា ភាគច្រើននៃស្ត្រីខ្មែរ ដែលបានរៀបការជាមួយបុរសចិននោះ មកពីខេត្តកំពង់ចាម និងត្បូងឃ្មុំ ហើយពួកគេភាគច្រើន ពុំមានឯកសារគ្រប់គ្រាន់ ដោយសារពួកគេប្រើប្រាស់ទិដ្ឋាការទេសចរណ៍នៅពេលទៅប្រទេសចិននោះ។
«អ្នកខ្លះសង្ឃឹមថា ពេលគាត់រៀបអាពាហ៍ពិពាហ៍ជាមួយបុរសជនជាតិចិន គាត់នឹងមានជីវភាពប្រសើរ។ គាត់អាចរកប្រាក់បាននៅស្រុកចិនផ្ញើមកផ្ទះ។ ទីពីរអ្នកខ្លះគេអត់បានប្រាប់គាត់ថាទៅធ្វើការទេ មេខ្យល់ប្រាប់ថាទៅធ្វើការរោងចក្រទេ បានប្រាក់ខែច្រើន។ ប៉ុន្តែពេលទៅដល់ស្រុកចិន គេបង្ខំឲ្យរៀបការជាមួយបុរសចិន។ គាត់គ្រាន់តែចង់បញ្ជូនប្រាក់មកគ្រួសារតែប៉ុណ្ណោះ។ ភាគច្រើន ក្នុងករណីដែលខ្ញុំបញ្ជូនទាំងអស់ មិនមានអ្នកណាបានផ្ញើលុយមកផ្ទះទេ»។
លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មាននៅក្នុងឱកាសបើកសម្ភោធការតាំងពិព័រណ៍រូបថតអំពីការរៀបការរបស់ស្ត្រីខ្មែរ និងបុរសជនជាតិចិននោះថា រដ្ឋាភិបាលកម្ពុជាមិនអាចកំណត់ចំនួនស្ត្រីរងគ្រោះអំពីការរៀបការជាមួយបុរសជនជាតិចិនទេ។
លោកស្រីបន្ថែមថា រដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតកម្ពុជានៅប្រទេសចិន នឹងធ្វើការជាមួយអង្គការ និងទីភ្នាក់ងារផ្គូផ្គងគូស្រករទាំងក្នុងស្រុក និងនៅប្រទេសចិនដើម្បីទប់ស្កាត់ការជួញដូរ និងជួយសង្គ្រោះស្ត្រីខ្មែរ ដែលកំពុងរងគ្រោះនៅប្រទេសចិនទាំងនោះ។
យ៉ាងណាក៏ដោយ អ្នកតាំងពិព័រណ៍រូបថតអំពីអ្នកស្រី ប៊ុនថា គឺនាង យ៉ាន កុង បានឲ្យដឹងថា គ្រាន់តែនៅខេត្តជៀងស៊ីតែមួយក្នុងប្រទេសចិននោះ មានស្វាមីភរិយាចំនួន២០០០គូ ដែលក្នុងនោះ កូនក្រមុំមកពីប្រទេសកម្ពុជា។
អ្នកស្រី ប៊ុនថា ស្ត្រីខ្មែរដែលបានរៀបការ និងទៅរស់នៅជាមួយប្ដីចិននៅប្រទេសចិននោះ បានថ្លែងតាមខ្សែអាត់សំឡេងដែលគេដាក់បង្ហាញអមជាមួយនឹងរូបថតក្នុងពិព័រណ៍នេះថា៖
«មិនចង់ឲ្យប៉ាម៉ែខ្ញុំពិបាកទេ។ តេប្រាប់ម៉ែឪខ្ញុំថា កុំឲ្យពីណាមកទៀត។ មកនេះគ្មានបានលុយអីទេ។ ចង់បានលុយគេ វាមិនស្រួលទេ។ ប្រឹងរកស៊ីខ្លួនឯងទៅ តិចតួចក៏ដោយ»៕