ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រីកម្ពុជា​ជួបថ្នាក់​ដឹកនាំ​សិង្ហបុរី ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ការទូត​និងសេដ្ឋកិច្ច


លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ជួបជាមួយ​លោក Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី កាលពីថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៤។(Facebook/Prime Minister Hun Manet)
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ជួបជាមួយ​លោក Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី កាលពីថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៤។(Facebook/Prime Minister Hun Manet)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ និង​ថ្នាក់ដឹកនាំ​ប្រទេស​សិង្ហបុរី​បាន​វាយ​តម្លៃ​ជា​វិជ្ជមាន​លើ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង២​ ក្នុង​វិស័យ​ជាច្រើន ដូចជា​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារ​ជាតិ និង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​ផ្លាស់ប្តូរ​ប្រជាជន និងប្រជាជន​ដែលរួម​ចំណែក​ដល់​ការ​កសាង​ធនធាន​មនុស្ស ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ការ​ជំរុញវិស័យ​ទេសចរណ៍។

លោក ហ៊ុន ម៉ាណែត ដែល​កាន់​អំណាច​ជិត​មួយ​ឆ្នាំ បាន​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​សិង្ហបុរី រយៈ​ពេល​២​ថ្ងៃ គឺចាប់​ពីថ្ងៃទី១៨ដល់​១៩ ខែ​មិថុនា ​ឆ្នាំ២០២៤ តាម​ការ​អញ្ជើញ​ពីសមភាគី​សិង្ហបុរី។ នេះបើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា។

អំឡុង​ពេល​បំពេញទស្សនកិច្ច​នោះ លោក ហ៊ុន ម៉ាណែត​ បានជួបពិភាក្សា​ទេ្វភាគី​ជាមួយ​នាយក​រដ្ឋមន្ត្​រីរបស់​ប្រទេសសិង្ហបុរី គឺលោក Lawrence Wong ដែល​ជា​នាយករដ្ឋមន្ត្រី​ថ្មីទី១របស់​សិង្ហបុរី​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុងក្រោយ​នេះ ​និង​ប្រធានាធិបតី​សិង្ហបុរី គឺ​លោក Tharman Shanmugaratnam។ មេដឹកនាំ​កម្ពុជា​ក៏​បាន​ចូលរួម​ជា​អធិបតី​នៅក្នុងវេទិកា​ធុរ​កិច្ច​សិង្ហ​បុរី​ និង​កម្ពុជា​ផង​ដែរ។ នេះ​បើ​តាម​ទំព័រហ្វេសប៊ុក​ផ្លូវការ​រ​បស់​លោក ហ៊ុន ម៉ាណែត។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​លើ​គេហទំព័រ​ក្រសួង​ការបរទេស​សិង្ហបុរី នាយក​រដ្ឋមន្រ្តី​សិង្ហបុរី លោក Wong និង​លោក ហ៊ុន ម៉ាណែត បាន​ស្វាគមន៍​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​ការ​កើន​ឡើង។ មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​មធ្យោបាយ​ក្នុង​ការ​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​ថ្មី ដូច​ជា​ថាមពល​កកើត​ឡើង​វិញ និង​ឥណទានកាបូន។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ នាយក​រដ្ឋមន្រ្តី​សិង្ហបុរី​ក៏​បាន​បង្ហាញ​ការ​បន្ត​គាំទ្រ​របស់​សិង្ហបុរី​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​និង​ការ​កសាង​សមត្ថភាព។ មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ប្រកាន់​ខ្ជាប់​មជ្ឈភាព​ឬ​ភាព​នៅ​ជា​កណ្តាល​របស់​សមាគម​អាស៊ាន​ដែល​ប្រទេស​ទាំងពីរ​ជា​សមាជិក និង​ការ​រួបរួម​គ្នា។

អ្នក​ជំនាញកិច្ចការ​អន្តរជាតិ​សង្កេត​ឃើញ​ថាទស្សនកិច្ច​របស់​លោក ហ៊ុន​ ម៉ាណែត នៅ​សិង្ហបុរី​ ជាការ​បង្កើន​កិច្ចសហការ​ខាង​សេដ្ឋកិច្ច​ និង​សង្គម ក៏ដូចជា​ការ​ទាក់​ទាញ​វិនិយោគិន​សិង្ហបុរី​មក​បណ្តាក់​ទុន​ក្នុង​វិស័យ​ដែល​មាន​សក្តានុពល​របស់​កម្ពុជា។ ការ​ពិភាក្សា​លើ​ការ​កសាង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​មាន​តម្លាភាព​ក៏​នឹង​ត្រូវ​មេដឹកនាំ​សិង្ហបុរី​លើក​ឡើង​មក​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ខណៈសិង្ហបុរី​កំពុង​មាន​ក្តីបារម្ភ​លើ​ការ​លាង​លុយ​កខ្វក់​តាម​ប្រព័ន្ធធនាគារ។

អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​អន្តរ​ជាតិ ​លោក​ សេង វណ្ណលី​ ប្រាប់វីអូអថា​ប្រទេស​សិង្ហបុរី​គឺ​ជាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​តំបន់​ និង​ជា​ទីកន្លែង​ដែលមាន​ប្រព័ន្ធ​ធនាគារ​រឹង​មាំ​ផង​ដែរ។ ក៏​ប៉ុន្តែ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ការ​លាង​លុយកខ្វក់​តាម​ប្រព័ន្ធ​ធនាគារ​ បាន​បង្ក​ជា​ក្តីបារម្ភ​ដល់​ប្រទេស​ដែនកោះ​មួយនេះ។ ដូច្នេះ​លោក​ថា​បញ្ហា​នៃ​ការ​បោស​សម្អាត​ការ​លាងលុយកខ្វក់​តាម​ប្រព័ន្ធ​ធនាគារ និង​ឧក្រិដ្ឋកម្ម​ឆបោក​តាមប្រព័ន្ធ​អន​ឡាញ​អាច​នឹង​លើក​ឡើង​អំឡុងពេល​លោក​ហ៊ុន ម៉ាណែត​មាន​វត្តមាន​នៅ​ប្រទេស​សិង្ហបុរីទី​ដែល​មាន​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ និង​ធនាគារ​រឹងមាំ និងទំនុកចិត្ត​ខ្ពស់ តែ​នៅ​ត្រូវ​បាន​ឧក្រិដ្ឋ​ជន​ប្រើ​ប្រាស់​សម្រាប់​ការ​លាង​លុយ​កខ្វក់​។

លោក​ថ្លែង​ថា​៖ «ថ្មីៗនេះ យើង​ឃើញ​ហើយ សិង្ហបុរី​បាន​ធ្វើ​ការ​ បោសសម្អាត​ និង​លាង​ជម្រះ​ ទៅលើ​ជនឧក្រិដ្ឋ​ផ្នែក​ខាង​ហិរញ្ញវត្ថុ​ ច្រើន​ ក្នុង​នោះ​មាន​ជន​ជាតិ​ចិន​ច្រើន​ដែរ​ ដែល​កាន់​សញ្ជាតិ​កម្ពុជា​ ហើយ​ក៏ដូច​ជា​ជន​ជាតិ​ចិន​ដែល​កាន់​សញ្ជាតិ​ប្រទេស​ដទៃ​។ ក៏ប៉ុន្តែ​ចំណុច​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុងប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​ ប្រទេស​ដែល​រង​គ្រោះ​ដោយសារតែ​ការ​លាង​លុយ​ ឬក៏អា​ការរក​ស៊ី​ខុសច្បាប់​ លាង​លុយ​កខ្វក់​ ឬក៏ការ​រៀប​ចំ​អា​ហិរញ្ញវត្ថុ​អត់​មាន​តម្លាភាព​ហ្នឹង​គឺ​ មក​ពី​កម្ពុជា​ ឡាវ​ ហើយ​និង​មីយ៉ាន់​ម៉ា ហើយ​បើ​យើង​និយាយ​អំពី​អា call center [មណ្ឌលភ្ជាប់​បណ្តាញទូរស័ព្ទ] ហើយ​ក៏ដូច​ជា​ អា cybercrime [ឧក្រិដ្ឋ​កម្មអ៊ិនធឺណិត] ក៏ដូច​ជា​ការ​ជួញដូរ​មនុស្ស​ ក៏​ល្បី​បំផុត​មក​ពី​តំបន់​ហ្នឹង​ដែរ​ មក​ពី​កម្ពុជា​ ម​ក​ពី​ ឡាវ ​ហើយ​និង​មក​ពី​មីយ៉ាន់​ម៉ា»។

បើតាម​លោក សេង វណ្ណលី​ មេដឹកនាំ​សិង្ហ​បុរី​នឹង​ផ្តោត​លើ​ការពង្រឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ទាំងបី​ ដើម្បីកាត់​បន្ថយ ឬ​លុប​បំបាត់​ចោល​សកម្មភាព​លាងលុយកខ្វក់​តាម​ប្រព័ន្ធធនាគារ​ដោយក្រុមឧក្រិដ្ឋ​ជន​ឆ្លងដែន។

លោក​ថ្លែង​ថា​៖ «​ចំណុច​ដំបូង​ដែលសិង្ហបុរី​គាត់​ចង់​ពង្រឹង​ហ្នឹង​គឺ​ប្រទេស​ដែល​មានកេរ្តិ៍​ឈ្មោះ​មិនសូវល្អ​ ដូច​ជា​កម្ពុជា​ និង​ឡាវ។ យើង​ឃើញ​ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​ហ្នឹង​ មាន​ការ​លើក​ឡើង​ពាក់​ព័ន្ធ​អារឿង ​transparency financial system [តម្លាភាព​ប្រព័ន្ធ​ហិរញ្ញវត្ថុ] ធ្វើឡើង​ដំបូង៣ប្រទេស​សិន​ កម្ពុជា​ សិង្ហបុរី​ និងឡាវ។ ខ្ញុំគិត​ថា រឿង​នេះជារឿង​ឈឺ​ក្បាល​មិន​ត្រឹម​សម្រាប់​រដ្ឋាភិបាល​សិង្ហបុរី​ទេ រដ្ឋាភិបាល​កម្ពុជា​ក៏ឈឺ​ក្បាល​ដែរ ដោយ​សារ​តែ​វាជារូប​ភាព​មួយ​ដ៏​អាក្រក់ និងវា​ធ្វើ​ឱ្យ​បាត់​បង់​ដល់​ទំនុក​ចិត្ត​ដល់​អ្នក​វិនិយោគ»។

បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​មួយចំនួន​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុកផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ាណែត រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ និង​សិង្ហបុរី​បានចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពីកិច្ច​សហប្រតិបត្តិ​ការ​លើ​រដ្ឋាភិបាល​ឌីជីថល។ សមភាគី​ទាំងពីរ​ក៏បាន​ព្រមព្រៀង​គ្នា​លើ​ការ​បន្ត​«កិច្ចសហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ធនាគារ និង​ហិរ​ញ្ញវត្ថុ និងវិស័យ​ឌីជីថល» និង​បាន​ចូលរួមក្នុង​ពិធីប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការ​នូវ​គម្រោង​ថ្នាលច្រក​របៀប​តម្លាភាព​ហិរញ្ញវត្ថុ​ (Fanancial Transparency Corridor)។

វីអូអេ​មិន​ទាន់​អាច​ទាក់ទង​សុំការ​អត្ថាធិប្បាយ​ពី​អ្នកនាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ លោក មាស សុខសេនសាន បាន​ទេ។

គួររំឭក​ថា​ការ​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​របស់​លោក ហ៊ុន ម៉ាណែត ទៅកាន់​ប្រទេស​សិង្ហបុរី​ កើតឡើង​នៅចំពេល​ប្រទេស​ទាំង​ពីរគ្រោង​នឹង​រៀបចំខួប​លើក​ទី​៦០ឆ្នាំ​នៃ​ទំនាក់​ទំនង​ការទូត​កម្ពុជា-សិង្ហបុរី ហើយ​ប្រទេស​ទាំង​ពីរ​នឹងស្វែង​រក​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ស្តីពី​ការ​អភិវឌ្ឍ​លើ​គ្រប់​ទំនាក់ទំ​នង​ ដូចជា​ទំនាក់​ទំនង​ធុរកិច្ច ​វិស័យ​ឯកជន រដ្ឋា​ភិបាល​ និង​រដ្ឋាភិបាល ក៏ដូចជា​ទំនាក់ទំនង​ក្នុង​ទិដ្ឋភាព​ផ្សេង​ទៀត។

ប្រធានា​ធិបតី​សិង្ហបុរី លោក​ Tharman Shanmugaratnam បាន​លើកឡើង​នៅចំពោះ​មុខ​លោក ហ៊ុន ម៉ាណែត និង​ប្រតិភូនៃ​រដ្ឋាភិបាល​កម្ពុជា​ថា សក្ដានុពល​នៃ​ធន​ធាន​មនុស្ស​វ័យ​ក្មេង និង​វឌ្ឍន​ភាព​រីក​ចម្រើន​នៃការ​បណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ​នៅ​កម្ពុជា នឹង​ក្លាយជាកម្លាំង​ចលករ​នៃការ​ទាក់ទាញ​ការវិនិយោគ និង​ការជំរុញ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជា​ពិសេស​លើ​វិស័យ​ថាមពល ឧស្សាហកម្ម កម្មន្ត​សាល និងវិស័យសក្ដា​នុពលផ្សេងៗ​ទៀត​។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន ម៉ាណែត៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG