ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ដំណើរ​និង​នាវិក​ជាង​១៤០នាក់​បាន​ទៅ​ដល់​សិង្ហបុរី​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ជើង​ហោះហើរ​មាន​បញ្ហា​អាកាសធាតុ​មិន​ល្អ


អ្នកធ្វើដំណើរតាមជើងហោះហើរ SQ321 របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដែលចុះចតអាសន្ននៅប្រទេសថៃ បានជួបជុំគ្រួសារ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Changi ក្នុងប្រទេសសិង្ហបុរី នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។
អ្នកធ្វើដំណើរតាមជើងហោះហើរ SQ321 របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដែលចុះចតអាសន្ននៅប្រទេសថៃ បានជួបជុំគ្រួសារ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Changi ក្នុងប្រទេសសិង្ហបុរី នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

យន្តហោះជំនួស​មួយគ្រឿងបានចុះចត​នៅសិង្ហបុរីកាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ ​ដោយ​ដឹក​អ្នក​ដំណើរ​និង​នាវិក​ភាគ​ច្រើនដែល​បានជិះក្នុង​អាកាសយានប្រតិកម្ម​មួយ​គ្រឿង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ ​Singapore Airlines ​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ចុះចតក្នុង​គ្រា​អាសន្ន​នៅ​ក្រុង​បាងកកកាលពី​ថ្ងៃអង្គារ ក្រោយមាន​បញ្ហាអាកាសធាតុ​មិន​ល្អ។

បុរស​អង់គ្លេស​ម្នាក់​អាយុ ៧៣ ឆ្នាំ បានស្លាប់​ដោយ​សង្ស័យ​ថា​គាំងបេះដូង ​នៅក្នុង​ឧប្បត្តិហេតុ​នោះ ​ហើយ​មាន​មនុស្សតិចណាស់​ ៧១ ​នាក់​ទៀត​បាន​រង​របួស។

ក្រុមហ៊ុន​អាកាសចរណ៍​ Singapore Airlines ​និយាយថា ​យន្តហោះខ្លួន​ជើង​ហោះ​លេខ SQ321បានហោះ​លើប្រទេស​មីយ៉ាន់ម៉ា នៅពេល​ធ្វើ​ដំណើរបាន​ ១០​ម៉ោង​ ពី​ក្រុងឡុងដ៍ ទៅកាន់​ក្រុង​ជា​រដ្ឋ​នេះ នៅពេល​វាជួប​បញ្ហា​ធាតុអាកាស​មិនល្អភ្លាមៗ។​ យន្តហោះធុន Boeing 777 បានធ្លាក់​កម្ពស់​ហោះ​ប្រមាណ​ ១ម៉ឺន ១ពាន់ ៣រយ​ម៉ែត្រ​ មក​នៅ​ត្រឹម​ ៩ពាន់ ៤រយ​ម៉ែត្រ ​ក្នុង​ពេលពី​ ៣ទៅ​៥​នាទី​ នៅ​មុន​ចុះចត​នៅ​បាងកក។

អ្នកឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់បានពណ៌នា​ស្ថានការណ៍នៅក្នុង​យន្តហោះនោះ​នៅពេលមាន​ធាតុ​អាកាស​អាក្រក់ ​ដោយអ្នកដំណើរបានខ្ទាតពី​កៅអី ហើយ​ប៉ះក្បាល​នឹង​កន្លែង​ដាក់វត្ថុ​នៅខាងលើ​កៅអី​អ្នក​ដំណើរ ​ដោយ​អ្នកខ្លះ​មាន​ការប៉ះទង្គិច​ខ្លាំងនាំ​ឱ្យ​របើកបន្ទះកន្លែង​ដាក់ឥវ៉ាន់​ បណ្តាល​ឱ្យធ្លាក់​ម៉ាស់ oxygen ​សម្រាប់​ពេល​មាន​អាសន្ន។

មនុស្ស​ជាង​ ១៤០ ​នាក់​ក្នុងបណ្តាអ្នកដំណើរ​និង​នាវិក ២១១ ​នាក់​នៃជើងហោះ​លេខ SQ321 ត្រូវបាន​ស្វាគមន៍​ដោយប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines លោក Goh Choon Phong ​និង​សមាជិក​គ្រួសារ​ពួកគេ ​នៅពេល​ពួកគេ​បាន​ទៅ​ដល់​អាកាសយានដ្ឋាន ​Changi នៃ​ក្រុង​ជារដ្ឋ​នេះ។​ អ្នក​ដំណើរប្រមាណ​ ៧៩ ​នាក់និង​នាវិក​ ៦ នាក់ស្ថិតនៅក្រុងបាងកក ​មាន​រួមទាំង​មនុស្ស​ ៧១ ​នាក់​បាន​ទទួល​ការ​ព្យាបាល​ក្នុងមន្ទីរ​ពេទ្យ។

បណ្តាញ​ទូរទស្សន៍ BBC និងបណ្តាញ​ព័ត៌មាន​ឯទៀតៗផ្សាយ​ថា ​ជនជាតិ​អង់គ្លេស​ដែល​បានស្លាប់​មាន​ឈ្មោះ Geoff Kitchen មាន​ទាក់ទិននឹងក្រុម​ល្ខោនមិន​អាជីពក្នុង​មូល​ដ្ឋាន។ លោកធ្វើ​ដំណើរទៅ​សិង្ហបុរី​ដើម្បី​វិស្សមកាល​យូរ​ជា​មួយ​ប្រពន្ធលោក៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP , AFP និង​ Reuters

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG