ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​បោះឆ្នោត​ជ្រើស​តាំង​លោក ហ៊ុន ម៉ានី ជា​ឧបនាយក​រដ្ឋមន្ត្រី


រូបឯកសារ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្លែងទៅកាន់អ្នកកាសែតនៅក្នុងសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី ២៦ ខែមករា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្លែងទៅកាន់អ្នកកាសែតនៅក្នុងសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី ២៦ ខែមករា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

លោក ​ហ៊ុន ម៉ានី​ ដែល​ជាកូន​ប្រុស​ពៅ​របស់​អតីត​នាយក​រដ្ឋមន្ត្រីលោក ​ហ៊ុន សែន នឹង​ក្លាយ​ជា​ឧបនាយក​រដ្ឋ​មន្ត្រី​របស់​កម្ពុជា​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ប្រសិន​បើ​លោក​ទទួល​បាន​ការ​ផ្តល់​សេចក្តី​ទុក​ចិត្ត​ពី​សមាជិក​សភាដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​កម្ពុជា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​សភា​នឹង​បើក​កិច្ច​ប្រជុំ​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​លោក ​ហ៊ុន ម៉ានី​ នៅ​ថ្ងៃ​ទី​ ២១ ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០២៤ ​ខាង​មុខ​នេះ។​ ក្នុង​កិច្ច​ប្រជុំ​ដដែល​នោះ​ សភា​ក៏នឹង​បោះឆ្នោត​ជ្រើស​តាំង​ឥស្សរជន​ពីរ​រូប​ទៀត​គឺ​លោក​ ស្រ៊ី ថាមរុង្គ ​និង​លោក ​ប៉ែន វិបុល ​ជា​ទេស​រដ្ឋ​មន្រ្តី។ ​បើ​សិន​ទទួល​បាន​ការ​តែង​តាំង​ពី​សភា​ នោះ​លោក​ ហ៊ុន ម៉ានី​ នឹង​ក្លាយ​ជា​ឧប​នាយក​រដ្ឋមន្ត្រី​ទី ​១១ ​របស់​កម្ពុជា។​ ​

លោក​ ហ៊ុន ម៉ានី ​ដែលជា​អតីត​តំណាង​រាស្ត្រ​ខេត្ត​កំពង់ស្ពឺ​ កំពុង​បំពេញ​តួនាទីជា​រដ្ឋ​មន្ត្រី​ក្រសួង​មុខងារ​សាធារណៈ។ ​គិត​ចាប់​តាំង​ពី​ការ​ឡើង​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ លោក​ត្រូវ​គេ​សង្កេត​ឃើញ​ថា​ ជា​រឿយៗ​ប្រកាស​ប្តេជ្ញា​ចិត្តធ្វើ​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​ ក្រោម​ការ​ចង្អុល​បង្ហាញ​របស់នាយក​រដ្ឋមន្ត្រី​លោក ​ហ៊ុន ម៉ាណែត​ ​ដែល​ជា​បង​ប្រុស​បង្កើត​របស់​លោក។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ​លោក ​ប៉ែន បូណា​ ប្រាប់​វីអូអេ​ថា ​ការ​ចាត់​ចែង ​ឬ​ការ​ផ្ដល់​តួនាទី​ដល់​មន្រ្ដី​ក្នុង​ជួរ​រដ្ឋាភិបាល ​គឺ​ជា​សិទិ្ធ​របស់​រាជ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយគណបក្ស​កាន់​អំណាច​ ដើម្បី​ធ្វើ​ឲ្យ​ការងារ​រដ្ឋបាល​សាធារណៈ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​បម្រើ​ប្រជា​ពលរដ្ឋ។​

លោកថ្លែង​ថា៖​ «ការ​ផ្ដល់​ឋានៈ ​តួនាទី​ឧប​នាយក​រដ្ឋមន្រ្ដី​ដល់​ឯក​ឧត្តម ​ហ៊ុន ម៉ានី ​គឺ​ជា​រឿង​ស័ក្តិសម​បំផុត ​ដែល​សម្ដេច​ធិបតី​លោក​សម្រេច​ចិត្ត​នេះ​ត្រឹម​ត្រូវ ​ដើម្បី​ធ្វើ​ម្ដេច​ឱ្យ​ការងារ​ដឹកនាំ​ការ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​នេះ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ថែម​ទៀត»។​

វីអូអេ​ពុំទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា ​លោក​ ឡេង ប៉េងឡុង​ បាន​នៅ​ឡើយ​ទេ។​

លោក ​អ៊ូ ច័ន្ទរ័ត្ន ​ប្រធាន​គណ​បក្ស​កែ​ទម្រង់​កម្ពុជា​ យល់​ឃើញ​ថា ​ការ​បោះ​ឆ្នោត​តែង​តាំង​លោក​ ហ៊ុន ម៉ានី ​ជា​ឧប​នាយក​រដ្ឋ​មន្រ្តី​នា​ពេល​ខាង​មុខ​នេះ ​គឺ​មិន​មាន​អ្វីប្លែក​នោះ​ទេ ​ពី​ព្រោះ​វា​ជា​រឿង​ធម្មតា​ក្នុង​ដំណើរ​ការ​ដឹក​នាំ​រដ្ឋតាំង​ពីអាណត្តិ​មុនៗ។​

លោក​ថ្លែង​ថា៖ ​«វា​ជា​ទម្លាប់​ដឹកនាំ​របស់​ប្រទេស​យើង​កន្លង​មក។​ យើង​ឃើញ​ឧប​នាយក​រដ្ឋ​មន្រ្តី​នេះ​ច្រើន​ តាំង​ពី​អាណត្តិ​មុនៗ​មក។ ​តាម​ខេត្ត​ក៏​ដូច​គ្នា​ដែរ។​ អភិបាល​រង​ក៏​រាប់​មិន​អស់។​ ស្នងការ​ដូច​គ្នា។ ​ស្នងការ​រង​ហ្នឹង​លែង​ស្គាល់​ទៅ​ហើយ ​មិន​ដឹង​ប៉ុន្មាន។ ​ដូច្នេះ​ការ​តែងតាំង​បែប​នេះ​មិន​មាន​ប្រសិទ្ធ​ភាព​អី​ទេ។ អ្វី​ដែល​សំខាន់​គឺ​បំពេញ​តួនាទី​ បំពេញ​ភារ​កិច្ច​ទៅ​តាម​តួនាទី​របស់​ខ្លួន​ដែល​មាន​ហ្នឹង»។​

ទោះជា​យ៉ាង​ណា​ក្តី​ ប្រធាន​គណ​បក្ស​ក្រៅ​រដ្ឋាភិបាលរូប​នេះ​មិន​ចង់​ឃើញ​មាន​ការ​តែងតាំង​តួនាទី​ឧប​នាយក​រដ្ឋ​មន្រ្តី​ច្រើន​បែប​នេះ​ទេ។​

លោក​បន្ថែមថា៖​ «ខ្ញុំ​មិន​ចង់​ឃើញ​វប្បធម៌​តែងតាំង​ច្រើន​ពេក ​ហើយ​តាំង​ពី​លើ​ដល់​ក្រោម​ យើង​ឃើញ​ហើយ​ថ្នាក់​ខេត្ត​ ថ្នាក់​ស្រុក ​ស្នងការ ​ក្រសួង​មួយៗ ​រដ្ឋ​លេខាធិការ​មិន​ដឹង​យក​ទៅ​ណា​អស់។​ វា​ជា​វប្បធម៌​មួយ​មិន​ប្រសើរ​ទេ។ ​ការ​តែងតាំង​ច្រើន​ហើយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​តួនាទី​របស់​ខ្លួន​ វា​ជា​ការ​ខាត​បង់​របស់​ប្រជា​ពលរដ្ឋ​ទេ ​ព្រោះ​ត្រូវ​ចំណាយ​ថវិកា​រដ្ឋ​ដែល​ជា​ពន្ធ​របស់ប្រជា​ពលរដ្ឋ»។​

អ្នក​វិភាគ​នយោបាយ​លោក សេង សារី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​តែង​តាំង​លោក​ ហ៊ុន ម៉ានី ​ជា​ឧប​នាយក​រដ្ឋមន្រ្ដី ​មិនមាន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ​ព្រោះគ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​ពង្រឹង​អំណាច​បន្ថែម​ទៀត​របស់​ក្រុម​គ្រួសារ​អតីត​នាយក​រដ្ឋមន្ត្រី​លោក ​ហ៊ុន សែន។ ​លោក​ជឿ​ថា ​នៅ​ពេល​អនាគត​ សាច់ញាតិ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​នឹង​ឡើង​មក​កាន់​តំណែង​រដ្ឋ​ធំៗ​បន្ត​ទៀត។ ​

លោក​ថ្លែងថា៖ ​«ដូច្នេះ​ហើយ​អនាគត ​យើង​នឹង​ឃើញ​សាច់ញាតិ​ ឬ​ក៏​សមាជិក​សមាជិកា​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​នឹង​កាន់​តួនាទី​ធំៗ​នៅ​ក្នុង​រដ្ឋាភិបាល​កាន់​តែ​ច្រើន​ឡើង​បន្ត​ទៅ​ទៀត ​ហើយ​ការ​តែង​តាំង​លោក​ ហ៊ុន ម៉ានី ​ជា​ឧប​នាយក​រដ្ឋមន្រ្ដីនេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ»។​

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ហ៊ុន ម៉ានី​ បាន​នៅ​ឡើយ។​

លោក​ ហ៊ុន ម៉ានី​ បាន​បញ្ចប់​បរិញ្ញា​បត្រ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកល​វិទ្យា​ល័យ​ Hofstra ទីក្រុង​ Long Island ​ពី​ឆ្នាំ​ ២០០២-២០០៦។ ហើយ​ពី​ឆ្នាំ​ ២០០៦-២០០៨​ លោក​បាន​បញ្ចប់​សញ្ញា​បត្រ​អនុ​បណ្ឌិត​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​ នៅ​សាកល​វិទ្យាល័យ​មែលប៊ឺន ​Melbourne ​ប្រទេស​អូស្ត្រាលី។​ នេះ​បើ​តាម​សៀវ​ភៅ​មាន​ចំណង​ជើង​ថា៖ ​«បង​ប្អូន​ប្រុស​ទាំង ៣៖ ​ឈាម​ថ្មី​ក្នុង​ចំណោម​អ្នក​បន្តវេន» ​សរសេរ​ដោយរដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​លោក​ ឆាយ សុផល។​

បើ​តាម​សៀវភៅ​ដដែល​ ក្នុង​ឆ្នាំ​ ២០០៩-២០១០ ​បន្ទាប់​ពី​បំពេញ​ការងារ​ជា​ជំនួយ​ការ​ផ្ទាល់​របស់​ឪពុក​ លោក​ ហ៊ុន ម៉ានី ​បាន​ទៅ​រៀន​បន្ត​នៅ​សាកល​វិទ្យាល័យ​ការពារជាតិ ​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន ​ហើយ​ទទួល​បាន​សញ្ញា​បត្រ​អនុ​បណ្ឌិត​ផ្នែក​សន្តិសុខ​ជា​យុទ្ធ​សាស្រ្ត​ផ្តោត​លើ​ការ​ប្រឆាំង​ភេរវ​កម្ម។​

បន្ថែម​លើ​មុខ​ងារ​ក្នុង​ស្ថាប័ន​ជាតិ ​លោក​ ហ៊ុន ម៉ានី ​ក៏​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដែល​បាន​ផ្ដល់​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ច្រើន​ជាង​អង្គការ​ស្ថាប័ន​ និង​គណបក្ស​នយោបាយ ​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៧ ​មក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG