នៅថ្ងៃពុធនេះ ពលរដ្ឋខ្មែរអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានរំឭកខួប៤៤ឆ្នាំនៃការចូលកាន់អំណាចរបស់ក្រុមខ្មែរក្រហម ដែលបាននាំដល់ការកាប់សម្លាប់ និងបង្ខំឱ្យពលរដ្ឋជាច្រើននាក់ធ្វើការជាទម្ងន់។
កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខោអាវខ្មៅខ្មែរក្រហមបានឡើងកាន់អំណាចនិងជម្លៀសប្រជាជនកម្ពុជាទាំងអស់ចេញពីទីក្រុង និងទីប្រជុំជននានា ទៅកាន់តំបន់វាលស្រែជនបទ។ ៤៤ឆ្នាំមុន ពួកកុម្មុយនិស្តបានបង្កើតរបបដឹកនាំផ្តាច់ការមួយឈ្មោះថា «កម្ពុជាប្រជាធិបតេយ្យ» ដែលមានមេដឹកនាំកំពូលៗដូចជា ប៉ុល ពត នួន ជា ខៀវ សំផន និងអៀង សារី ជាដើម។ ក្រោមការគ្រប់គ្រងនៃមេដឹកនាំខ្មែរក្រហមអស់ជាង៣ឆ្នាំ ប្រជាជនទាំងក្មេង ចាស់ ប្រុសស្រី យ៉ាងហោចណាស់ ១,៧លាននាក់បានស្លាប់ ដោយសារការកាប់សម្លាប់ក្រៅច្បាប់ ការធ្វើទារុណកម្ម ដោយការបង្អត់អាហារ និងការធ្វើការដោយបង្ខំ។
ខួបនៃការឡើងកាន់អំណាច របស់ក្រុមខ្មែរក្រហម ត្រូវបានពលរដ្ឋកម្ពុជានិងថ្នាក់ដឹកនាំមួយចំនួនប្រារព្ធពិធីផ្សេងៗដើម្បីរំឭកអំពីថ្ងៃដែលឈឺចាប់នេះរហូតដល់ប៉ុន្មានឆ្នាំចុងក្រោយ។ ប៉ុន្តែនៅឆ្នាំ២០១៩នេះ គេសង្កេតឃើញថា មិនមានការប្រារព្ធពិធីណាមួយដើម្បីរំឭកអំពីថ្ងៃដែលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនេះនៅតាមទីសាធារណៈណាមួយនោះទេ។
យ៉ាងណាក្តី ថ្ងៃ១៧ ខែមេសា ឆ្នាំ២០១៩ នេះ គេនៅតែឃើញថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរមួយចំនួន បានប្រើប្រាស់បណ្តាញសង្គមដើម្បីរំឭកពីថ្ងៃដ៏សោកសៅនេះផងដែរ។ ពួកគេមួយចំនួនបានរៀបរាប់អំពីព្រឹត្តិការណ៍ដែលពួកគេបានឆ្លងកាត់នាពេលនោះ និងខ្លះបានបង្ហាញពីភាពសោកសៅរបស់ខ្លួន ដែលត្រូវរងនូវការព្រាត់ប្រាស់គ្នាពីសាច់ញាតិជាដើម។
លោក ឆាំង សុង អតីតរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនិងព័ត៌មាន នៃរបបសាធារណរដ្ឋខ្មែរ ដែលឥឡូវនេះកំពុងរស់នៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក បានបង្ហោះសារលើគណនីហ្វេសប៊ុករបស់លោកអំពីថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដែលរៀបរាប់អំពីរយៈពេលចុងក្រោយនៃការដួលរលំរបបសាធារណរដ្ឋ។
ក្នុងកថាខណ្ឌនៃការចាប់ផ្តើមសំណេរជាភាសាអង់គ្លេសយ៉ាងវែងរបស់លោកនោះ លោកបានបញ្ជាក់តាមន័យដើមថា៖
«សែសិបបួនឆ្នាំមុននៅថ្ងៃនេះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរបានដួលរលំនៅរាជធានីភ្នំពេញ។ ខ្ញុំជារដ្ឋមន្ត្រីព័ត៌មានចុងក្រោយរបស់របប លន់ នល់។ បន្ទាប់ពីការស្រាវជ្រាវ និងការសម្ភាសន៍ជាច្រើនឆ្នាំ ខ្ញុំបានសរសេរអត្ថបទនេះដែលមិនធ្លាប់មានពីមុនមក ដែលបានបោះពុម្ពផ្សាយចុងក្រោយ មុនពេលវាំងននខ្មែរក្រហមធ្លាក់គ្របមកលើប្រទេសកម្ពុជា»។
ចំណែកលោក ហ៊ុន ម៉ានី តំណាងរាស្ត្រគណបក្សកាន់អំណាចមួយរូប និងជាកូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារយ៉ាងខ្លីលើគណនីហ្វេសប៊ុករបស់លោក អមជាមួយរូបថត៤សន្លឹកអំពីការជម្លៀសចេញ តាមន័យដើមថា៖
«ថ្ងៃទី១៧ មេសា ១៩៧៥ ជាថ្ងៃដែលយើងមិនអាចបំភ្លេចបាន។ ការចាប់ផ្តើមនៃជំពូកដ៏ខ្មៅងងឹតបំផុត ដែលកើតមានលើជាតិរបស់យើង និងប្រជាជនរបស់យើង»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អតីតកម្មាភិបាលខ្មែរក្រហមមួយរូបផងនោះ ប្រាប់អ្នកសារព័ត៌មានក្នុងបណ្តាញសង្គមតេឡេក្រាមថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ គឺជាខួបលើកទី៤៤នៃថ្ងៃជ័យជម្នះរបស់រណសិរ្សរួបរួមជាតិកម្ពុជាដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ លើរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ តែត្រូវបានខ្មែរក្រហមប្រែក្លាយទៅជាវាលពិឃាត។ លោកបន្ថែមថា ក្រោយខ្មែរក្រហមកាប់សម្លាប់ជាតិសាសន៍ខ្លួន រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបង្កើតឡើងដោយអ្នកដែលចេញពីគណបក្សប្រជាជនកម្ពុជា ជាអ្នករំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
លោកបញ្ជាក់ថា៖
«បើកុំតែបានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបង្កើតឡើងដោយអ្នកស្នេហាជាតិចេញពីគណបក្សប្រជាជនកម្ពុជាចូលមកជួយទាន់ពេលវេលា កុំអីប្រជាជនកម្ពុជានឹងត្រូវស្លាប់អស់ជាមិនខាន»។
របបកម្ពុជាប្រជាធិបតេយ្យអាវខ្មៅខ្មែរក្រហម ជារបបដែលកើតឡើងដោយមានការគាំទ្រពីប្រទេសកុម្មុយនិស្តធំៗមួយចំនួននាពេលនោះ ដូចជាចិន និងរុស្ស៊ី ជាដើម។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយមួយរូបដែលតែងតាមដានព្រឹត្តិការណ៍ផ្សេងៗដែលមានពាក់ព័ន្ធនឹងរបបខ្មែរក្រហម ក៏បានបង្ហោះសារលើគណនីហ្វេសប៊ុករបស់លោកអំពីការជម្លៀសប្រជាជនចេញពីភ្នំពេញ ក្នុងរបបខ្មែរក្រហមនោះផងដែរ។ លោកបានលើកឡើងអំពីការដឹកនាំរបស់ខ្មែរក្រហមថា ក្នុងការច្បាំងយកអំណាច ខ្មែរក្រហមអនុវត្តយុទ្ធសាស្ត្ររណសិរ្សបង្រួបបង្រួម របស់ឡេនីន និងថាខ្មែរក្រហមអនុវត្តទ្រឹស្តី និងយុទ្ធសាស្ត្រ ម៉ៅ សេទុង គឺអំណាចបានមកពីចុងកាំភ្លើង និងយកជនបទហ៊ុំព័ទ្ធក្រុង ព្រមទាំងគំនិតកសាងជាតិដោយខ្លួនឯង មិនពឹងផ្អែកលើប្រទេសដទៃ។
លោកបានសរសេរថា៖
«ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរស្លាប់ និងខ្ទេចខ្ទាំដោយសារលទ្ធិកុម្មុយនិស្តរបស់ កាលម៉ាក ឡេនីន ម៉ៅ សេទុង និងហូជីមិញ និងដោយសារមហិច្ឆតា និងផលប្រយោជន៍របស់ប្រទេសកុម្មុយនិស្ត។ ប៉ុល ពត និងខ្មែរក្រហមឯទៀត គ្រាន់តែជាអ្នកដៃដល់កាប់សម្លាប់ខ្មែរ និងកម្ទេចសង្គមខ្មែរ ដើម្បីបម្រើមហិច្ឆិតា និងអំណាចរបស់ខ្លួន និងអនុវត្តមនោគមវិជ្ជាកុម្មុយនិស្ត កសាងសង្គមថ្មីស្រឡាងមួយនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ទៅតាមគំនិត និងយុទ្ធសាស្ត្ររបស់អ្នកមេគំនិតទាំងបួននាក់នោះ តាំងពីការច្បាំងយកអំណាចរហូតដល់ធ្វើឲ្យសម្រេចបាននូវសង្គមថ្មីនោះ»។
កាលពីខែសីហា ឆ្នាំ២០១៤ អង្គជំនុំជម្រះវិសាមញ្ញនៃសាលាក្តីខ្មែរក្រហមបានកាត់ទោស អតីតមេដឹកនាំរបបខ្មែរក្រហម នួន ជា និង ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលបានប្រព្រឹត្តឡើងក្នុងអំឡុងពេលជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងការផ្លាស់ទីដោយបង្ខំ រួមទាំងការកាប់សម្លាប់អតីតមន្ត្រីរដ្ឋការក្នុងសម័យ លន់ នល់។
ការកាត់ទោសអតីតមេដឹកនាំកំពូលៗនៃរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមនេះ ចាប់ផ្តើមឡើង បន្ទាប់ពីមានការបង្កើតសាលាក្តីខ្មែរក្រហម តាំងពីឆ្នាំ២០០៦មក។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានកាត់ទោសអតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជាគឺលោក នួន ជា និងលោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ជាលើកទី២ ក្នុងសំណុំរឿង០០២/០២ ចំពោះអំពើប្រល័យពូជសាសន៍ទៅលើជនជាតិចាម និងវៀតណាម ពុទ្ធសាសនិកជនក្នុងរបបដ៏ខ្មៅងងឹតនោះ។
អំឡុងពេលដំណើរការចាប់តាំងពីឆ្នាំ២០០៦មកនោះ ក្រៅពីលោក នួន ជា និងលោក ខៀវ សំផន តុលាការនេះបានឃុំខ្លួនអតីតមេដឹកនាំខ្មែរក្រហមផ្សេងទៀតគឺ កាំង ហ្គេចអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរស២១ ដែលត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង០០១។ ចំណែកលោក អៀង សារី និងអ្នកស្រី អៀង ធីរិទ្ធ បានស្លាប់ក្នុងពេលដំណើរការកាត់ទោសក្នុងឆ្នាំ២០១៥។
សាលាក្តីខ្មែរក្រហមដែលមានការចូលរួមសវនាការពីចៅក្រមអន្តរជាតិផងនោះ បានគ្រោងចាត់ការកាត់ក្តីសំណុំរឿង០០៣ និង០០៤ ប្រឆាំងនឹងមេដឹកនាំថ្នាក់ក្រោម ឬថ្នាក់តំបន់នៃរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុន្តែដំណើរការនេះហាក់មានភាពចម្រូងចម្រាស ដោយសារមានការខ្វែងគំនិតគ្នារវាងចៅក្រមជាតិ និងចៅក្រមអន្តរជាតិ៕