ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធី​បុណ្យ​បែប​ពុទ្ធសាសនា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​គុកទួលស្លែង​ដើម្បី​រំឮក​ដល់​ជនរង​គ្រោះ​​ក្នុង​របប​ខ្មែរ​ក្រហម


គុក​ទួល​ស្លែង​ ​ឬ​មន្ទីរ​ស-២១ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​កន្លែង​ដាក់​អ្នកទោស​និង​ធ្វើ​ទារុណកម្ម​ដ៏​សាហាវ​មួយ​ក្នុង​របប​ដ៏​ខ្មៅ​ងងឹត​នោះ។​ ​យ៉ាងហោច​ណាស់​មាន​អ្នក​ទោស​ជាង​១២ពាន់​នាក់​ត្រូវ​បាន​គេនាំ​មក​ធ្វើ​ទារុណ​កម្ម​នៅ​ ​ស-២១​ ​និង​ក្រោយ​មក​យក​ទៅ​សម្លាប់។​ ​

​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​ញ្ញាតិមិត្ត​របស់​ជន​រងគ្រោះ​ ​និង​អតីត​ ​ជនរងគ្រោះ​ក្នុង​មន្ទីរ​ ​ស-២១​ ​ឬ​គុកទួលស្លែង​ ​បាន​រៀបចំពិធី​បង្សុកូល​រាប់​បាត្រ​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ ​និង​រំឮក​ដល់ជន​រង​គ្រោះ​ដែលបាន​បាត់បង់​ជីវិត​ក្នុង​របប​កម្ពុជា​ប្រជាធិប​តេយ្យ​ ​ឬ​ខ្មែរ​ក្រហម។​

ថ្លែង​ប្រាប់​ ​VOA​ ​ក្រោយ​ពិធី​ពុទ្ធ​សាសនា​ក្នុង​សារ​មន្ទីរ​ទួលស្លែង​ដែល​មាន​អ្នកចូល​រួម​ជិត​២០០នាក់​ ​អ្នកស្រី​ ​ភឿង សកុណា​ ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ ​និង​វិចិត្រសិល្បៈ​ ​បាន​និយាយ​ថា​ ​ពិធី​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ​នៅ​គុក​ទួល​ស្លែង​ ​ឬ​ ​ស-២១​ ​គឺ​ប្រព្រឹត្ត​ឡើង​ជា​រៀងរាល់​ឆ្នាំ​និង​បើក​ឲ្យ​សាធារណ​ជន​ចូលរួម ​ជាពិសេស​គឺ​រដូវ​បុណ្យកាន់​បិណ្ឌ​និង​ភ្ជុំបិណ្ឌ។​

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា៖​

«ថ្ងៃ​បុណ្យ​បង្សុល​ហ្នឹង​ ​យើង​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​ ​បំណង​សំខាន់​ហ្នឹង​គឺ​ ​យើង​ចង់​ឧទ្ទិស​កុសល​ផល​បុណ្យ​ទាំងអស់​ចំពោះ​បងប្អូន​ជន​រួម​ជាតិ​ខ្មែរ​យើង​ ​ដែល​ស្លាប់​ទី​មួយ​ ​នៅ​កន្លែង​ហ្នឹង​តែ​ម្តង​ ​នៅ​គុក​ទួល​ស្លែង​ដោយ​អំពើ​អយុត្តិធម៌​ក្នុង​សម័យ​ ​ប៉ុល ពត»។​

​របប​ខ្មែរ​ក្រហមកាន់​អំណាច​នៅ​កម្ពុជា​ចាប់​ពី​ឆ្នាំ​ ​១៩៧៥​ ​ដល់​ឆ្នាំ​១៩៧៩ក្រោម​ការ​ដឹកនាំ​របស់​ប៉ុល ពត។​ របប​ដឹកនាំ​បែប​កុម្មុយនិស្ត​នេះ​ ​ត្រូវបាន​គេ​ស្តី​បន្ទោស​ថា​ បាន​ធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​ជិត​ពីរ​លាន​នាក់​បាន​បាត់បង់​ជីវិត​ ​ដោយ​សារ​ការ​កាប់​សម្លាប់​ ​ការធ្វើ​ទារុណកម្ម​ ​ការ​ប្រើ​ហួស​កម្លាំង​ ការ​បង្អត់​អាហារ​ ​និង​ការ​ឆ្លង​ជំងឺ​ជា​ដើម។​

​គុក​ទួល​ស្លែង​ ​ឬ​មន្ទីរ​ស-២១ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​កន្លែង​ដាក់​អ្នកទោស​និង​ធ្វើ​ទារុណកម្ម​ដ៏​សាហាវ​មួយ​ក្នុង​របប​ដ៏​ខ្មៅ​ងងឹត​នោះ។​ ​យ៉ាងហោច​ណាស់​មាន​អ្នក​ទោស​ជាង​១២ពាន់​នាក់​ត្រូវ​បាន​គេនាំ​មក​ធ្វើ​ទារុណ​កម្ម​ ​នៅ​ ​ស-២១​ ​និង​ក្រោយ​មក​យក​ទៅ​សម្លាប់។​ ​អតីត​ប្រធាន​គុក​ទួលស្លែង​ឈ្មោះ​ ​កាំង ហ្គេចអ៊ាវ​ ​ហៅ​ ​ឌុច​ ​ត្រូវ​បាន​តុលាការ​កាត់ទោស​មេដឹក​មេដឹក​នាំ​ខ្មែរ​ក្រហម​ (ឬ​ ​ECCC)​ ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ​ក្នុង​សំណុំ​រឿង​០០១​ ​នៅ​ក្នុង​ឆ្នាំ​២០១២។

នៅ​ឆ្នាំ​បន្តបន្ទាប់​មកទៀត ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​ក៏​បាន​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​កំពូលៗ​ចំនួន​ពីរ​រួប​ ​គឺ​លោក​នួន ជា​ ​និង​លោក​ ​ខៀវ សំផន​ ​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ផង​ដែរ។​

​រដ្ឋមន្ត្រី​នៃក្រសួង​វប្បធម៌​ ​អ្នកស្រី​ ​ភឿង សកុណា​ ដែល​ចូល​រួមក្នុង​ពិធី​ពុទ្ធសាសនា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក៏​បាន​ចង្អុល​បង្ហាញ​ពី​តួនាទី​របស់​តុលាការ​ខ្មែរ​ក្រហម​នៅ​ក្នុង​ការ​ស្វែង​រក​ការ​ពិត​ ​និង​យុត្តិធម៌​ដល់​ពល​រដ្ឋ​កម្ពុជា​ និង​គ្រួសារ​ជន​រងគ្រោះ។

អ្នកស្រី​បាន​បន្ត​ថា៖​

«ឥឡូវ​ហ្នឹង​តាមរយៈ​ ​ពេល​វេលា​កន្លង​មក​ហ្នឹង​ ​ឯកសារ​ជា​ច្រើន​បាន​បង្ហាញ​ ​ការ​កាត់ទោស​ហ្នឹង​បាន​បង្ហាញ។​ ​យើង​សង្ឃឹម​ថា​ ​យើង​អាច​រក​យុត្តិធម៌​ជូន​អ្នក​ដែល​បាន​ស្លាប់​ចែកឋាន​ទៅ»។​

យ៉ាងណា​ក៏​ដោយ ​អ្នកស្រី​ ​ភឿង សកុណា​ ​ក៏​បាន​លើកឡើង​ពី​សារៈសំខាន់​របស់​គុកទួលស្លែង​ ​និង​កម្មវិធី​សិក្សា​តាម​សាលារៀន​នា​ពេល​បច្ចុប្បន្ននៅ​ក្នុង​ការ​លើក​កម្ពស់​ចំណេះដឹង​របស់​យុវជន​ខ្មែរ​អំពី​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ក្រហម​នឹង​ទប់ស្កាត់​មិន​ឱ្យ​មាន​របប​ដ៏​ខ្មៅ​ងងឹត​នេះ​កើត​ឡើងសាជាថ្មីនៅ​កម្ពុជា។​

​កញ្ញា​ ​ហេង សុផារ៉ា​ ​ប្រធាន​ផ្នែក​អប់រំ​ផ្សព្វផ្សាយ​របស់​សារមន្ទីរ​ទួលស្លែង​ ​បាន​បង្ហាញ​អារម្មណ៍​ជ្រះថ្លា​នៅ​ក្នុង​ការ​ចូលរួម​ពិធី​បង្សកុល​ហើយ​កញ្ញា​សង្កេតឃើញ​ថា​ចំនួន​អ្នក​ចូលរួម​ក្នុង​ពិធី​នេះ​កើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ផង​ដែរ។​ ​កញ្ញា​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ការ​កាត់ទោស​មេដឹក​នាំ​ខ្មែរ​ក្រហម​នា​ពេល​កន្លង​មក​បាន​ជះ​ឥទ្ធិពលវិជ្ជមាន​ជាច្រើន​ទៅ​លើ​ផ្លូវ​ចិត្ត​របស់​ជនរងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ ​និង​ធ្វើ​ឱ្យ​មាន​ការ​យល់​ដឹង​យា៉ង​ច្រើន​ចំពោះ​របប​ដ៏​ប្រល័យ​នេះ។​

កញ្ញាហេង សុផារ៉ា​ ​បាន​ប្រាប់​ ​VOA​ ​យ៉ាង​ដូច្នេះ​ថា៖​

«តាម​គំនិត​ខ្ញុំ​ ​ខ្ញុំ​ឃើញ​ថា​ ​ជនរងគ្រោះ​ដែល​គាត់​បាន​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​ហ្នឹង​ ​ក្រោយ​ពី​ដំណើរ​ការ​កាត់​ទោស​ឌុច​ ​និង​មេដឹកនាំខ្មែរ​ក្រហម​ពីរ​រូប​ផ្សេង​ទៀត​ហ្នឹង​បាន​បញ្ចប់​ទៅ​ហ្នឹង​ ​ឃើញ​ថា​គាត់​ភាគច្រើន​គឺ​ ​ទទួល​យក​សាលក្រម​ទាំងអស់​ហ្នឹង​ចាស។​ ​ទោះបី​វា​មិនមែន​ជា​សំណង​ទឹក​ប្រាក់​ក៏​ដោយ​ ក៏​ប៉ុន្តែ​វា​ជា​សំណង​ផ្លូវ​ចិត្ត​មួយ​ដែល​គាត់​ទទួល​បាន។​ ​យ៉ាង​ហោច​ណាស់​ ​អ្នក​ដែល​ប្រព្រឹត្ត​ហ្នឹង​គាត់​ទទួល​ទោស​តាម​ហ្នឹង​ដែរ​ចាស»។​

លើស​ពី​នេះ​ ​កញ្ញា​ ​សុផារ៉ា​ ​ក៏​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​យល់ដឹង​ពី​សំណាក់​យុវជន​អំពី​ខ្មែរ​ក្រហម​ ផង​ដែរ។​

កញ្ញា​បាន​និយាយ​ថា៖​

​«ឃើញ​ថាក្មេងៗ​ស្រករ​ក្រោយ​ ​ឥឡូវហ្នឹង​តាមរយៈ​ការ​រៀន​ពី​សាលាផង​ ក៏​ដូចជា​គាត់​មក​ទស្សនកិច្ច​សិក្សា​នៅ​ទី​នេះ​ផង​ ​ជា​កម្មវិធី​ខាង​សារមន្ទីរ​ទួលស្លែង​រៀប​ចំ​ផង​ ឃើញ​ថា​ ​គាត់​យល់់​ដឹង​ពី​ ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ក្រហម​ហ្នឹង​បាន​ច្រើន​ជាង​មុន»។

លោកតា​ ​ជុំ ម៉ី​ ​អតីត​អ្នកទោស​ក្នុងមន្ទីរ​ ​ស-២១​ ​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថាលោក​មាន​សេចក្តី​សោមនស្ស​រីករាយ​នៅ​ក្នុង​ការ​ចូល​រួម​ឧទ្ទិស​កុសល​ដល់​ជន​រងគ្រោះ​នៅ​គុក​ស-២១​ជា​កន្លែង​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​មួយម៉ឺន​នាក់​បាន​បាត់បង់​ជីវិត​ ​ដោយសារ​ការ​ធ្វើ​ទារុណកម្ម​ ​និង​ការ​សម្លាប់។​ ​លោក​ក៏បាន​អំពាវនាវ​ឲ្យ​ជន​ជំនាន់​ក្រោយ​យល់ដឹង​ពីមេរៀន​អំ​ពី​របប​ខ្មែរ​ក្រហម។​ ​

ក្នុង​វ័យ​ ​៨៧​ ​ឆ្នាំ​ ​លោកតា​ ​ជុំ ម៉ី​ ​បាន​ថ្លែង​យ៉ាង​ដូច្នេះ៖

«ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ​ដើម្បី​ឧទ្ទិស​ផល​បុណ្យ​នេះ​ទៅ​ដល់​អ្នក​បាត់បង់​ជីវិត។​ ​អារម្មណ៍​ពេលហ្នឹង​ យើងគ្រាន់​តែ​សុំ​ផ្តាំផ្ញើ​ ​ក្មេងៗ​ជំនាន់​ក្រោយ​ ​កុំ​ឲ្យ​វា​រៀន​សូត្រ​តាម​អា ៣​ឆ្នាំ ៨ខែ​ ២០​ថ្ងៃ​ អញ្ចឹង​ណា​ក្មួយ»។​

ពាក់ព័ន្ធ​នឹងយុត្តិធម៌​ពី​ការ​ជំនុំជម្រះ​របស់​តុលាការ​ខ្មែរ​ក្រហម​ ​លោក​ ​ជុំ ម៉ី​ ​ដែល​ជា​អតីត​ទណ្ឌិត​នៅ​គុក​ស-២១​ ​អស់​រយៈពេល​ជាង​បួន​ខែ​ ​មុនពេល​ត្រូវ​បាន​រំដោះ​ ​បាន​និយាយ​ថា​យុត្តិធម៌​នៅ​មិន​ទាន់​ទទួល​បាន​ពេញលេញ​នៅ​ឡើយ​ទេ​ ​ស្រប​ពេល​លោក​ក៏​បាន​ជំរុញឲ្យ​តុលាការ​ខ្មែរ​ក្រហម​ពន្លឿន​ការ​កាត់​ទោសអតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ឲ្យ​បាន​ចប់​សព្វ​គ្រប់​ផង​ដែរ។​

លោក ជុំ ម៉ី​បាន​មាន​ប្រសាសន៍​ថា៖​

«យើង​មិន​បាន​ ​១០០​ភាគរយ​មែន​ ​ក៏​ប៉ុន្តែ​យើង​ត្រូវ​បាន​កាត់​ទោស​វា​បី​នាក់​ ​នួន ជា​ ​ខៀវ សំផន​ ​និង​ឌុច»។​ ​កន្លងមក​ ​ខ្ញុំ​ចេះ​ជំរុញ​តុលាការ​ហ្នឹង​ឲ្យ​ជួយ​ធ្វើ​ម៉េច​ ពន្លឿន​ឲ្យ​ទាន់​ខ្លាច​ ​ពួក​អស់​ហ្នឹង​ស្លាប់​អស់​ទៅ វា​អត់​បាន​កាត់​ទោស​ដូច អៀង​ សារី ប្រពន្ធ​អៀង សារី​អី​អត់​បាន​កាត់​ទោស​ទេ។​ ​អញ្ចឹង​ប៉ុល​ពត​ហ្នឹង​ក៏​អត់​បាន​កាត់​ទោស​ដែរ អញ្ចឹង​សាលាក្តី​ហ្នឹង​វា​ស្ទើ​នឹងសូន្យ»។

មកទល់​ពេល​នេះ​មាន​តែ​មេដឹកនាំ​ខ្មែរ​ក្រហមធំៗ​ពីរ​រូប​ ​តែ​ប៉ុណ្ណោះ​ដែល​ទទួល​ការ​កាត់​ទោស​ក្នុង​សាលា​ក្តី​ខ្មែរ​ក្រហម​ ​គឺនួន ជា​ ​បងធំ​ទី​២​ ​និង​ជា​អតីត​ប្រធាន​រដ្ឋ​សភា​ ​និង​ ​ខៀវ សំផន​ ​អតីត​ប្រមុខ​រដ្ឋ​ ខណៈ​មេដឹក​នាំ​ផ្សេង​ទៀត​ត្រូវ​បាន​ស្លាប់​មុនការ​កាត់ទោស។​ ​នួន ជា​ ​និង​ ​ខៀវ សំផនត្រូវបាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ក្នុង​សំណុំ​រឿង​០០២​ ​វគ្គ​១ ​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ​និង​សម្លាប់​អ្នក​សាធារណរដ្ឋ។​ ​សាលាក្តី​កូនកាត់​មួយ​នេះ​ក៏​កំពុង​តែ​ចាត់​ការ​កាត់​ក្តី​សំណុំ​រឿង​០០៣​ ​និង​០០៤​ ​ប្រឆាំង​នឹង​មេ​ដឹកនាំ​ថ្នាក់​ក្រោម​ ​ឬ​ថ្នាក់​តំបន់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផង​ដែរ។

យ៉ាងណាក្តី​ ​លោក​ ​ជុំ ម៉ី​ ​បាន​លើក​ឡើង​ថា​ ​លោក​មិន​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រឿង​សំណុំ​រឿង ០០៣​ ​និង​ ​០០៤ទេ​ ​ពីព្រោះ​លោក​មើលមិន​ឃើញ​ពីដំណើ​ការទៅ​មុខ​ជាមួយ​នឹង​រឿងក្តី​ទាំង​ពីរ​នេះ​សោះ។

អស់​រយៈ​ពេល​ជិត​ ​៤០​ឆ្នាំ​បន្ទាប់​ពី​ការ​ដួល​រលំ​របប​ខ្មៅ​ងងឹត​ខ្មែរ​ក្រហម​នៅ​កម្ពុជា​ ​មន្ទិល​សង្ស័យ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​របប​ខ្មែរ​ក្រហម​ ​ត្រូវ​បាន​លុបបំបាត់តាមរយៈ​សាលាក្តីខ្មែរ​ក្រហម​ ​ស្រប​ពេល​ដែល​មាន​មតិសាធារណៈ​មួយ​ចំនួន​ចង់ឲ្យ​មាន​ការ​ស្រាវជ្រាវ​បន្ថែម​ទៅ​លើ​ឬសគល់​នៃ​បញ្ហា​ជា​ប្រព័ន្ធ​ ដែល​បាន​បង្ក​ឲ្យមាន​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ជាតិសាសន៍​ដូចគ្នា​នៅ​កម្ពុជា៕​

XS
SM
MD
LG