ល្ខោនខោល ដែលជាទម្រង់ល្ខោនពាក់របាំងមុខ ត្រូវបានដាក់សម្ដែងជាសាធារណៈជាលើកដំបូងក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុងមហោស្រពវប្បធម៌ខ្មែរប្រចាំឆ្នាំ២០១៩ កាលពីថ្ងៃអាទិត្យ នៅឯវត្តពុទ្ធិការាម ក្នុងទីក្រុង Silver Spring រដ្ឋ Maryland។
អ្នកស្រី ជូ គឹមហុង ស្ថាបនិកក្រុមសិល្បៈ «ខេមរសាមគ្គី» នៅទីក្រុង Seattle រដ្ឋ Washington បានធ្វើដំណើរមកទស្សនា ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើការសម្ដែងល្ខោនខោលរឿងរាមកេរ្ត៍នេះ។ អ្នកស្រី ជូ គឹមហុង និយាយថា៖
«តាមដែលខ្ញុំដឹង ទើបតែលើកទីមួយទេ ដែលល្ខោនខោលបានសម្ដែងនៅសហរដ្ឋអាមេរិក នៅនេះគេរក្សានូវវប្បធម៌ខ្មែរ អរិយធម៌ខ្មែរ លើកតម្កើងសិល្បៈខ្មែរ ទៅដល់ប្រទេសណាក៏គេលើកតម្កើងសិល្បៈខ្មែរ ខ្ញុំសប្បាយចិត្តណាស់»។
លោក បាវ បេន ប្រធាននៃសមាគម «ទិវាសហគមន៍ខ្មែរ ឬ Cambodian Community Day» ដែលរៀបចំព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំដោយមានការសម្ដែងល្ខោនខោលនេះនិយាយថា នេះជាមោទនភាពដ៏ធំមួយ ពីព្រោះល្ខោនខោលរបស់ខ្មែរស្ទើរតែបាត់បង់ទៅហើយ។ លោក បាវ បេន ថ្លែងថា៖
«ល្ខោនខោលជាសិល្បៈម្យ៉ាងដែលហាក់ដូចជាបាត់បង់ទៅហើយ ទើបតែថ្មីៗនេះ UNESCO គេបានដាក់ចូលបញ្ជីមួយដែលថាយើងត្រូវតែការពារ លើកយកមកឲ្យវាមានជីវិតឡើងវិញ។ នេះគឺជាផលិតកម្មធំបំផុតមួយដែលសមាគមទិវាសហគមន៍ខ្មែរបានធ្វើក្នុងរយៈពេល ១៩ឆ្នាំមកនេះ។
អង្គការ UNESCO បានដាក់ល្ខោនខោលរបស់ខ្មែរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការការពារជាបន្ទាន់ នៅខែវិច្ឆិកា ឆ្នាំ២០១៨។ ពាក្យ (ខោល) គឺបំលែងចេញពីពាក្យ (ខែល) ដែលមានន័យថា របាំងការពារអាវុធ។ ដូច្នេះ ល្ខោនខោល ដែល វិវត្តចេញពីល្ខោនស្បែកធំនៅសតវត្សទី៩ ក្នុងសម័យអង្គរនេះ គឺសំដៅលើទម្រង់ល្ខោនខ្មែរ ដែលអ្នកសម្ដែងទាំងអស់សុទ្ធតែជាបុរសត្រូវពាក់របាំងមុខ។
លោក ម៉ន សាមឿក វ័យ៦៤ឆ្នាំ ដើមកំណើតពីខេត្តបាត់ដំបង ដែលសម្ដែងជាតួយក្សពន្យល់ថា ការសម្ដែងល្ខោនខោលគឺមានលក្ខណៈខុសគ្នាពីទម្រង់ល្ខោនផ្សេងៗ ដូចជាល្ខោនយីកេ និងល្ខោនបាសាក់ជាដើម។ លោក ម៉ន សាមឿក ថ្លែងថា៖
«ការសម្ដែងហ្នឹង តួអង្គនីមួយៗមិនបាននិយាយខ្លួនឯងទេ គេបញ្ចូលសំឡេងឲ្យ ឬក៏គេពោលនៅនឹងកន្លែងតែម្ដង។ ល្ខោនខោលនេះ កាយវិការគឺមិនដូចជាមនុស្សសាមញ្ញទេ ដូច្នេះគេបង្ហាញតាមកាយវិការ តាំងខឹងតាំងពីស្រលាញ់។ បើល្ខោនយីកេ ល្ខោនបាសាក់ គេបង្ហាញដោយកាយវិការដែរ តែបញ្ចូលជាមួយពាក្យសម្ដីដែលយើងអាចនិយាយបានដោយខ្លួនឯង»។
គ្រូរបាំដែលដឹកនាំការសម្ដែងល្ខោនខោលនេះ គឺលោក អ៊ឹង សុជាតា វ័យ៦៦ឆ្នាំ ដែលlលោកមានដើមកំណើតមកពីខេត្តបាត់ដំបង ហើយបានមករស់នៅសហរដ្ឋអាមេរិកជាង៤០ឆ្នាំមកហើយ។ លោកមានប្រសាសន៍ថា ការរៀបចំជួបប្រទះការលំបាកជាច្រើន រាប់បញ្ចូលតាំងពីការទិញសំលៀកបំពាក់និងគ្រឿងអលង្ការពីប្រទេសកម្ពុជា ការដំឡើងភ្លេងបុរាណ និងជាពិសេសការបង្ហាត់ក្បាច់របាំដល់ក្រុមអ្នកសម្ដែងស្ម័គ្រចិត្តជា៣០នាក់ ដែលភាគច្រើនមិនមែនជាអ្នករាំឬសិល្បករអាជីព។
«នៅស្រុកនេះបើយើងចង់បានអ្នកចេះរាំមែនទែន គឺពិបាករក។ អ្នកខ្លះគេអត់ចង់មកធ្វើជាល្ខោនខោល។ ដូច្នេះខ្ញុំត្រូវការតែមនុស្សណាដែលគេចូលចិត្ត។ ដូច្នេះ គេចេះមិនចេះក៏ដោយ ខ្ញុំសុខចិត្តបង្ហាត់គេ ចំណាយពេលវេលាដើម្បីបង្ហាត់ឲ្យគេចេះ។ បើថាក្បាច់យើងណាពិបាក យើងរកក្បាច់ណាដែលស្រួលបន្តិចដើម្បីឲ្យគេយល់»។
យ៉ាងណាក្តី លោកគ្រូ អ៊ឹង សុជាតា ពេញចិត្តនឹងការសម្ដែងយ៉ាងខ្លាំង។ លោកថ្លែងបន្តថា៖
«ខ្ញុំសប្បាយចិត្តពីព្រោះកូនសិស្សទាំងអស់សម្ដែងបានល្អ ហើយខ្ញុំអរគុណដែលមានកូនសិស្ស ៥នាក់ មកពីស្រុកក្រៅ គឺបីនាក់មកពីទីក្រុង Lowell រដ្ឋ Massachusetts ម្នាក់មកពីទីក្រុង Atlanta រដ្ឋ Georgia និងម្នាក់ទៀតមកពីទីក្រុង Seattleរដ្ឋ Washington។
ហើយប្រជាជនដែលមកចូលទស្សនាក៏ពេញចិត្តនឹងការសម្ដែងល្ខោនខោលនេះផងដែរ។ លោក អែម ចំណាន អាយុ ២៤ឆ្នំា ដែលមានដើមកំណើតមកពីទីក្រុងភ្នំពេញនិយាយថា៖
«ខ្ញុំមានមោទនភាពខ្លាំងដែលជនជាតិខ្មែរនៅនេះ (សហរដ្ឋអាមេរិក) អាចបង្កើតល្ខោនខោលនេះបាន»។