មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានថ្លែងជាសាធារណៈដែលមិនធ្លាប់មាន សរសើររដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាមួយរូប។
លោកស្រី មួរ សុខហួរ តំណាងរាស្ត្រប្រចាំខេត្តបាត់ដំបងរបស់គណបក្សជំទាស់បានលើកពីគុណសម្បត្តិលោក ហង្សជួន ណារ៉ុន រដ្ឋមន្ត្រីអប់រំបន្ទាប់ពីមានការកែទម្រង់ដ៏ស៊ីជម្រៅមួយក្នុងការប្រឡងបញ្ចប់ការសិក្សាទុតិយភូមិថ្មីៗនេះ។ លោកស្រី មួរ សុខហួរ បានលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពីអំពើពុករលួយនៅកម្ពុជាកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីអប់រំបានបង្ហាញឆន្ទៈនៅក្នុងការកែទម្រង់ប្រព័ន្ធអប់រំកម្ពុជា។
«សរសើរមែនទែន។ ហើយត្រូវតែគាំទ្រឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ។ គាត់មានឆន្ទៈ។ គាត់ចាប់ផ្តើមគិតស៊ីជម្រៅ»។
កាលពីដើមខែ មេសា ក្រសួងអប់រំបានរៀបចំឲ្យមានការប្រឡងបញ្ចប់ការសិក្សាថ្នាក់ទី១២ឬប្រឡងសញ្ញាបត្រទុតិយភូមិ ដែលជាការប្រឡងដ៏តឹងរឹងដោយគ្មានការសូកប៉ាន់និងការបន្លំឬលួចមើល។
ជាលទ្ធផល ក្នុងចំណោមបេក្ខជនប្រឡងសរុបជាង៩ម៉ឺននាក់នៅទូទាំងប្រទេសមានតែសិស្សានុសិស្សចំនួន២៣.១២៦ នាក់តែប៉ុណ្ណោះដែលប្រឡងជាប់ឬស្មើនឹង ២៥,៧២ភាគរយនៃចំនួនបេក្ខជនសរុប។
ក៏ប៉ុន្តែក្រសួងអប់រំ យុវជន និងកីឡាគ្រោងនឹងរៀបចំឲ្យបេក្ខជនដែលបរាជ័យមានឱកាសចូលប្រឡងយកសញ្ញាបត្រជាលើកទី២នៅថ្ងៃទី១៣ ខែតុលាខាងមុខ។
លោកស្រី មួ សុខហួរ បានស្តីបន្ទោសថា អត្រាដែលមានបេក្ខជនជាប់តិចតួចបានបង្ហាញថា កម្រិតនៃការអប់រំនៅកម្ពុជានៅមានគុណភាពខ្សោយ ប៉ុន្តែលោកស្រីនៅតែសរសើរថា រដ្ឋមន្ត្រីអប់រំបានធ្វើការសម្រាប់ប្រទេសជាតិហើយការសរសើរបស់លោកស្រីចំពោះឆន្ទៈបែបនេះដោយមិនប្រកាន់លើនិន្នាការនយោបាយ។
«ខ្ញុំមិនមែនលើកសរសើខ្លួនគាត់ជាបុគ្គលប៉ុន្តែសរសើរអ្វីដែលជាការខិតខំប្រឹងប្រែង អ្វីដែលជាគោលការណ៍ អ្វីដែលជាវិធានការរបស់គាត់។ ជាការភ្ញាក់រលឹកទៅដល់អ្នកដឹកនាំប្រទេសថា គុណភាពនៃការអប់រំយើងធ្លាក់ដល់បាតរបៀបនេះ និទ្ទេសA មានតែចំនួន១១នាក់នៅទូទាំងប្រទេស។ តើយើងឃើញថា អនាគតនៃយុវជនយើង អនាគតរបស់ជាតិយើង អនាគតនៃសេដ្ឋកិច្ចជាតិយើងនៅឯណា?»
លោកស្រីធិតា ឃឹះ នាយិការនៃអង្គការសីលការក៏បានសរសើរការកែសម្រួលក្នុងការប្រឡងនេះដូចគ្នាដែរ។
លោកស្រី មួរ សុខហួរ បញ្ជាក់ថា ក្រុមតំណាងរាស្ដ្រនឹងជួយលើកទឹកចិត្តក្រសួងអប់រំបន្ថែមទៀតហើយក្រុមតំណាងរាស្ដ្រនឹងជួយទាមទារថវិកាជាតិបន្ថែមសម្រាប់វិស័យអប់រំឲ្យកើនពី២០ទៅ២៥ភាគរយនៃថវិកាជាតិសរុប។ ថវិកាសម្រាប់ក្រសួងអប់រំក្នុងពេលនេះមានចំនួនប្រមាណជា១៦ភាគរយ។ ប៉ុន្តែគឺជាចំនួនថវិកាខ្ពស់ជាងគេក្នុងចំណោមក្រសួងនានារបស់រដ្ឋាភិបាល។
រដ្ឋាភិបាលនឹងបញ្ជូនគម្រោងថវិកាថ្មីទៅកាន់រដ្ឋសភាសម្រាប់បែងចែកដល់ក្រសួងនានាសម្រាប់ឆ្នាំ២០១៥នៅក្នុងអំឡុងចុងឆ្នាំ២០១៤។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថាក្រសួងកំពុងតែរៀបចំសំណើសម្រាប់គម្រោងថវិកាឆ្នាំ២០១៥។ ថវិកាថ្មីគួរតែឡើងខ្ពស់ដល់កម្រិតជិត២០ភាគរយនៃថវិកាជាតិ។
«ការប្រឡងមធ្យមសិក្សាទុតិយភូមិកន្លងមកនេះ យើងបានរៀបចំហ្មត់ចត់ណាស់ដែលលទ្ធផលបង្ហាញថា យើងទទួលបានដូចក្រសួងបានកំណត់ទុកគឺយុត្តិធម៌និងតម្លាភាពដែលលទ្ធផលមកយើងទទួលយកបាន ដែលលទ្ធផលនេះឆ្លុះបញ្ចាំងថាតើសិស្សរបស់យើងដែលបានបញ្ចប់ការសិក្សាមធ្យមសិក្សាថ្នាក់ទី១២នេះតើចំណុចណាខ្លះដែលយើងត្រូវកែលម្អ»។
ចំណុចដែលត្រូវរកឃើញថា ជាចំណុចខ្សោយរបស់សិស្សានុសិស្សកម្ពុជាមានជាទូទៅក្នុងពេលប្រឡងនោះគឺផ្នែកវិទ្យាសាស្រ្តពិតទាក់ទងនឹងការគណនានិងរូបមន្តជាក់ស្តែងដូចជា ខ្សោយផ្នែកគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ជាដើម។
លោក រស់ សាលីន បញ្ជាក់ថា ក្រសួងអប់រំត្រូវការពង្រឹងការអប់រំវិស័យទាំងនេះបន្ថែមទៀត។
«ទាមទារឲ្យយើងពង្រឹងបន្ថែមទៀតក្នុងពេលខាងមុខ។ ភ្លាមៗនេះដែរគឺក្រសួងបានចាត់វិធានការគឺក្រសួងបានធ្វើការសង្ខេបមេរៀនទាំងបួនមុខវិជ្ជានេះមានន័យថាសង្ខេបចំណុចនីមួយៗនៃមុខវិជ្ជា ការបង្ហាញទ្រឹស្តីបទដែលប្រើ រូបមន្តនិងវិធីសាស្ដ្រជាគោលដែលអាចឲ្យរយៈពេលខ្លីយើងអាចយល់បាន»។
លោក រស់ សាលីន ជឿថា ការតម្លើងថវិកាសម្រាប់វិស័យអប់រំនឹងជួយពង្រឹងចំណុចខ្សោយរបស់សិស្សានុសិស្សកម្ពុជាឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀតសម្រាប់កម្រិតប្រកួតប្រជែងក្នុងតំបន់ និងនៅក្នុងពិភពលោក៕